ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ បានបើកផ្លូវឱ្យអតីតស​​មាជិកបក្សភ្លើង​​ទៀ​​នមួយរូប ដែលធ្លាប់ផ្តាច់ខ្លនចេញពីគណបក្សជំទាស់នេះ បានចាក​ចេញពីទ្រនំថ្មីដែល​​ខ្លួនទើប​​​​​​ចុះ​​ចូ​​ល​​​ក្នុងរយៈពេលខ្លី ទៅតាមការស្នើសុំ។

កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៣ លោក គង់ រ៉ៃយ៉ា សុំលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជាក្រោ​​យលោកបានចុះចូលកាលពី ខែមិថុនា។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការ​​កណ្តាល​​គណ​​ប​ក្សប្រជាជនកម្ពុជា លើកឡើងថា លោកគោរពតាមការសម្រេចចិត្តរបស់សាមីខ្លួន ដោយសារប្រទេសកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ក្នុងន័យនេះ លោកថា ការចូលរួម ឬការចា​​ក​​ចេ​​ញរបស់ពលរដ្ឋទៅកាន់គណបក្សនយោបាយណាមួយ វាគឺជាដំណើរការធម្មតានៅក្នុងប្រទេសប្រជាធិបតេយ្យ។

លោកបន្តថា៖ «បើគេសូមហើយទោះយើងមិនអនុញ្ញាតក៏គេចេញដែរ។យើងមិនឃាំងគេ ឱ្យធ្វើការគាំទ្រគ​ណ​បក្សនយោបាយណាដែលគេមិនពេញចិត្តនោះទេ»

នៅថ្ងៃទី ២១ ខែ កក្កដា នេះ លោក គង់ រ៉ៃយ៉ា ដែលកំពុងនិរទេសខ្លួនដោយសារបារម្ភពីសុវត្ថិភាពក្រោយចា​​កចេញពីបក្សកាន់អំណាច បានបដិសេធ ក្នុងការអត្ថាធិប្បាយជាមួយ Newsroom Cambodia ក្រោមហេ​​តុផលថា លោ​​កកំពុងជាប់មានធុរៈចាំបាច់។ប៉ុន្តែតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃពុធ លោក រ៉ៃយ៉ា ថ្លែងថា​ ការចុះចូលជាមួយគណបក្សកាន់អំណាច គឺដើម្បីការពារសុវត្ថិភាពផ្ទា​​ល់​​ខ្លួន។

ម្យ៉ាងវិញទៀត អ្វីដែលជំរុញឱ្យលោកត្រូវបង្ខំចិត្តចុះចូលនេះ ដោយសារមានសម្ពាធជុំវិញការបែកធ្លាយសារឆ្លើយឆ្លងគ្នាក្នុងតេឡេក្រាម(Telegram) រវាងលោក និងសមាជិកបក្សភ្លើងទៀនរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការត្រៀមបាតុកម្មប្រឆាំងនឹង គ.ជ.ប ដែលរារាំងមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនៅអា​​ណ​​ត្តិទី៧នេះ។

លោកបន្តថា៖«ជាការពិត​​ណាស់​​គោ​​លបំ​​ណ​​ង​​ដែល​​ចូលដើម្បីសុវត្ថិភាពមិនមែនចូលបម្រើការងារឱ្យគ​​ណ​​បក្សប្រជាជនកម្ពុជានោះទេ»

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសវាសវាសនានយោបាយរបស់លោ​​ក រ៉ៃយ៉ា ថា បានស្លាប់បាត់រួចទៅហើយ ក្រោយបោះបង់ចោលគណបក្សកាន់អំណាច។លោក ជឿជាក់ថា ឥ​​រិយាបទនយោបាយងាករេឥតឈប់ឈររបស់លោក រ៉ៃយ៉ា នឹងគ្មានគណបក្សនយោបាយណាហ៊ានទទួ​​ល​​យកទៀតនោះឡើយ។

លោកបន្តថា៖ «អាហ្នឹងរឿងសិទ្ធិសេរីភាពរបស់គាត់ទេ បាច់យាយអីទេ​មនុស្សចឹង មនុស្សអត់មានជំហរច្បាស់​​លាស់បានការអី។ អាហ្នឹងគាត់សម្លាប់នយោបាយរបស់គាត់ដោយខ្លួនឯងតើ»។


ឆ្លើយ​​ត​​បទៅ​​​​នឹ​​ងការភៀ​​សខ្លួនរបស់លោក គង់ រ៉ៃយ៉ា ដែលចាកចេញពីកម្ពុជា ដើម្បីស្វែងរកសិទ្ធិ​​​ជ្រក​កោ​​ន​​នេះ ត្រូវបាន លោក ឥសាន ពេបជ្រាយថាវត្តមានរបស់អ្នកនយោបាយមិនប្រាកដនិយមរូបនេះ នៅក​​​ម្ពុ​ជា​​គ្មានផ្តល់ផលចំណេញអ្វីសម្រាប់កម្ពុជាឡើយ។

លោកបន្តថា៖«ទៅរឿងគាត់ ទៅចិត្តគាត់ សេរីភាពរបស់គាត់តើ ចង់ទៅណាទៅៗ។…មែនទែនទៅទោះគា​​ត់​នៅក៏នាំធ្ងន់ផែនដីស្រុកខ្មែរដែរ »។


បើទោះជាបែបណា លោក សុខ ឥសាន បានសារភាពថាកន្លងមកក៏ធ្លាប់មានសមាជិកគណបក្សប្រជាជនកម្ពុជា បាន​​​ចា​​ក​​ចេញពីក្នុងបក្សដែរ ប៉ុន្តែចំនួនមិនច្រើនប៉ុន្មានទេ។

​​ចំណែកលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បដិសេធក្នុងការអត្ថាធិប្បាយជុំវិញការសុំលាឈប់របស់លោក រ៉ៃយ៉ា ដែលជាអតីតសកម្មជនបក្សនេះពីគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា មកដល់ថ្ងៃនេះ លោក គង់ រ៉ៃយ៉ា មិនទាន់បង្ហាញសកម្មភាពណាមួយថានឹងវិលត្រលប់មករកគណបក្សភ្លើងទៀនវិញនោះទេ។បន្ថែមពីលើនេះ លោក អះអាងថា គណបក្សភ្លើងទៀននឹងពិចារណាតាមស្ថានភាពជាក់ស្ដែង ប្រសិនបើយុវជនរូបនេះសុំចូលរួមជាមួយគណបក្សភ្លើងទៀនសាជាថ្មី។

លោកបន្តថា៖ «ខ្ញុំអត់ធ្វើអត្ថាធិប្បាយអីទេ ទាក់ទងគង់ រ៉ៃយ៉ា»

នៅក្នុងថ្ងៃតែមួយនៃការចាកចេញពីគណបក្សប្រជាជនកម្ពុជា អតីតយុវជន​​ដែលជាប់ពន្ធនាគារ លោក គង់ រ៉ៃយា ក៏បានសុំលាលែងពីតួនាទីជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ក្រោមហេតុផលគ្មាន​​សមត្ថភា​​​ព​បំ​ពេញការងារ។

មុនពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា គឺជាជំទប់ឃុំទី២កូតាមក​ពីគណបក្សភ្លើង​​ទៀន​ នៅឃុំស្ដៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ក៏ប៉ុន្តែនៅក្នុងលិខិតលាឈប់ពីគណបក្សជំទាស់នេះ កាលណោះ គឺដោយសារកត្តាជីវភាព និង​​សុវត្ថិភាពផ្ទាល់​ខ្លួន​។

លោក គង់ រ៉ៃយ៉ា ក៏ធ្លាប់ជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជាមួយរូប ដោយមិនសំចៃមាត់ នៅក្រោយ​​គណ​​ប​ក្ស​​ជំ​​ទា​ស់​ពីរ ប្រចាំបាច់បញ្ចូលគ្នាទៅជាគណបក្សសង្រ្គោះជាតិ ក្រោយឆ្នាំ២០១២។ អ្នកនយោបាយវ័យក្មេងរូបនេះ ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទញុះញង់នៅពេលរូបគេនៅជានិ​​ស្សិ​​​​​​​​តសាកលវិទ្យាល័យមួយ កាលពីឆ្នាំ ២០១៥ បន្ទាប់ពីលោក អំពាវនាវឱ្យមាន “បដិវត្តពណ៌” នៅ​​លើប​​ណ្តា​​​​​​​​​​​ញ​​សង្គមហ្វេសប៊ុក (Fa​​ce​book) មុនតុលាការដោះលែងវិញ នៅឆ្នាំ២០១៧។លោក គង់ រ៉ៃយ៉ា បាន​​ភៀ​​ស​​ខ្លួនទៅប្រទេសថៃមួយរយៈពេល ដើម្បី​​ស្វែ​​​​ងរកទីសុវត្ថិភាព ក្រោយពីតុលាការចោទប្រកាន់ កាលពីឆ្នាំ២​​០​​២​​០​​​ ពីប​​ទញុះញង់៕