អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញការសោកស្តាយចំពោះ អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលសម្រេចហាមឃាត់មិនឱ្យប្រជាពលរដ្ឋដើរកំសាន្តនៅរម្មណីយដា្ឋននៅលើភ្នំខ្នងផ្សារ ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយថា នេះគឺចេតនានយោបាយរបស់បក្សកាន់អំណាចដើម្បីបង្ខំឱ្យពលរដ្ឋចេញទៅបោះឆ្នោត។
សកម្មជនបរិស្ថាន និងសិទ្ធមនុស្ស លោក ម៉ា ចិត្រា យល់ឃើញថា ការបោះឆ្នោតគឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូបដែលមិនមែនជាកាព្វកិច្ចនោះទេ។លោក ចាត់ទុកថា ការហាមឃាត់របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនេះ គឺជារឿងនយោបាយរបស់គណបក្សកាន់អំណាច ដោយបារម្ភខ្លាចបាត់សន្លឹកឆ្នោតទើបសម្រេចបិទបែបនេះ។
លោកបន្តថា៖ «យើងមើលឃើញថា នេះជាចេតនានយោបាយសុទ្ធសាតវាមិនមែនជាចេតនាកិច្ចការពារធនធានធម្មជាតិទេ។មានន័យថា ខាងមន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺនេះ ការចេញសេចក្តីប្រកាសជួនដំណឺងនេះ វាស្ថិតនៅក្រោមរូបភាពនយោបាយ ជាជាងស្ថិតនៅក្រោមរូបភាពគេហៅថាកាតព្វកិច្ចមន្ទីរបរិសា្ថន អាហ្នឹងយើងមើលឃើញអ៊ីចឹង»។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរបរិសា្ថនខេត្តកំពង់ស្ពឺបានចេញសេចក្តីជូនដំណឹងមួយ ដោយហាមឃាត់ប្រជាពលរដ្ឋមិនឱ្យដើរកំសាន្តនៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ រយៈពេល ៣ថ្ងៃ ចាប់ពីទីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ក្នុងសេចក្តីជូនដំណឹងដដែលបានព្រមានចាត់វិធានការច្បាប់ ក្នុងករណីដែលប្រជាពលរដ្ឋណាម្នាក់ល្មើសទៅនឹងបំរាមនេះដោយមិនលើកលើកឡើយ។
សម្រាប់អ្នកការពារសិទ្ធិមនុស្ស លោក ម៉ា ចិត្រា យល់ឃើញថា ការហាមឃាត់បែបនេះគឺបានប៉ះពាល់ដល់សិទ្ធិក្នុងការដើរហើរ របស់ប្រជាពលរដ្ឋ និងសិទ្ធិសេដ្ឋកិច្ច របស់ប្រជាសហគមន៍មូលដ្ឋានដែលបានរកចំណូលពីភ្ញៀវទេសចរណ៍នៅតំបន់នោះ។លោកថា ថ្ងៃបោះឆ្នោតជាពេលវេលាដែលរដ្ឋាភិបាលបានកំណត់ឱ្យមានការឈប់សម្រាក ដូចនេះលោកថាពលរដ្ឋអាចទៅលេងកំសាន្តដោយសេរី ដោយមិនគួរមានការរិតត្បិតបែបនេះឡើយ។
លោកបន្តថា៖ «ប្រទេសកម្ពុជាយើងអត់មានដាក់ប្រទេសក្នុងភាពអាសន្នទេ អ៊ីចឹងថ្ងៃបោះឆ្នោតនេះ គឺប្រជាពលរដ្ឋមានសិទ្ធិក្នុងការទៅដំណើរកំសាន្តគ្រប់កន្លែងបានអត់ត្រូវការហាមឃាត់ប្រជាពលរដ្ឋបែបនេះទេ។ អាហ្នឹងយើងត្រូវពិនិត្យមើលត្រង់ហ្នឹងឡើងវិញ»។
ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិមអេង ចាត់ទុកថា ការហាមឃាត់មិនពលរដ្ឋដើរកំសាន្តលើភ្នំខ្នងផ្សារនេះ វាជារឿងខុសឆ្គងមួយ។លោកបង្ហាញការខកចិត្តក្រោយពេលដែលទទួលបានដំណឹងពីការហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់តំបន់រម្មណីយដ្ឋានភ្នំខ្នងផ្សារ ក្នុងអំឡុងថ្ងៃបោះឆ្នោតបែបនេះ។
លោកបន្តថា៖ «ខ្ញុំមានការសោកស្តាយដែរចំពោះព័ត៌មានហ្នឹង ធម្មតាប្រជាជនខ្លះដែលគ្នាបោះឆ្នោត មិនដឹងទៅណា គេទៅដើរលេងដើរអីខ្លះទៅបាទ! បិទវាអត់សមរម្យ។ហេតុអីបានចាំបាច់បិទ! ខ្នងភ្នំផ្សារមានមនុស្សឯណាទៅឡើងរាប់ម៉ឺន រាប់ពាន់នាក់អី»។
ជុំវិញករណីនេះ ប្រធានមន្ទីរបរិសា្ថន ខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី បានឆ្លើយថា ការហាមឃាត់នេះមិនមែនជាចេតនានយោបាយអ្វីនោះទេ។លោកថា បម្រាមនេះ គឺដើម្បីគិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលបានឡើងទៅកំសាន្តនៅទីនោះ ដោយថា ក្នុងថ្ងៃបោះឆ្នោតមិនមានមន្ត្រីប្រចាំការដើម្បីការពាររប្រជាពលរដ្ឋដែលទៅកំសាន្តនោះទេ។
លោកបន្តថា៖ «បង! មកសួរខ្ញុំអ៊ីចឹង ការងាររៀងខ្លួន ការងារររបស់រដ្ឋ! រដ្ឋឱ្យបិទ ហើយម៉េច?មានសិទ្ធិអីធំជាងរដ្ឋព្រោះមនុស្សរវល់បោះឆ្នោត ហើយមានពេលណាជូនគាត់ទៅលើកន្លែងហ្នឹង បោះឆ្នោតហើយឡើងទៅវិញទៅមានបញ្ហាអី»។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយចំនួន១៨ នឹងចូលរួមប្រកួតប្រជែងដណ្តើមកៅអីនៅក្នុងរដ្ឋសភា។ អំឡុងពេលនៃការឃោសនាស្វែងរកសំឡេងឆ្នោតនេះ គេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា គឺមានធនធានច្រើនជាងបក្សនយោបាយផ្សេងទៀត ក្រោយពេលគណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប បិទផ្លូវមិនឱ្យចូលរួមប្រកួតប្រជែងនៅក្នុងអាណត្តិនេះ ក្រោមហេតុផលខុសនីតិវិធី៕