ប្រទេសប្រជាធិបតេយ្យធំៗបានរិះគន់ទៅលើដំណើរការបោះឆ្នោតនៅកម្ពុជាដែលមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏សំខាន់ថា មិនសេរី និងយុត្តិធម៌ដោយសារមានការគាបសង្កត់ គំរាមកំហែងប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងគណបក្សប្រឆាំង។
ប្រទេសប្រជាធិបតេយ្យធំៗដែលបានចេញសេចក្តីថ្លែងការណ៍នោះរួមមាន អូស្ត្រាលី អាមេរិក បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានបង្ហាញពីក្តីកង្វល់ស្រដៀងគ្នាអំពីដំណើរការបោះឆ្នោតនៅកម្ពុជាថាមិនសេរី និងយុត្តិធម៌ ដោយសារបានប្រព្រឹត្តទៅដោយគ្មានគណបក្សប្រឆាំង ដែលសំដៅលើគណបក្សភ្លើងទៀន និងមានការគាបសង្កត់ គំរាមកំហែងដល់អ្នកកាសែត សង្គមស៊ីវិល និងការកែប្រែច្បាប់នៅមុនពេលបោះឆ្នោត ដែលពួកគេលើកឡើងថា បានបង្កឲ្យមានបរិយាកាសនយោបាយមិនអំណោយផល។
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller ចេញនៅថ្ងៃទី២៣ ខែកក្កដានេះ បញ្ជាក់ថា កម្ពុជាបានបង្ហាញនូវគំរូមិនល្អនៅមុនការបោះឆ្នោត តាមរយៈការគំរាមកំហែង យាយីបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលធ្វើឲ្យប៉ះពាល់ដល់ស្មារតីនៃរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបញ្ជាក់តាមន័យដើមថា៖ «ជាការឆ្លើយតបនឹងទង្វើទាំងនេះ សហរដ្ឋអាមេរិកបានធ្វើការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួនដែល បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងធ្វើការផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន»។
ចំណែកសេចក្តីថ្លែងការណ៍មួយទៀតរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏បានបង្ហាញកង្វល់អំពីបរិយាកាសនយោបាយ និងមាគ៌ាប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ការដកសិទ្ធិចូលរួមឈរឈ្មោះរបស់គណបក្សប្រឆាំង ការបិទគេហទំព័រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការគំរាមកំហែងសង្គមស៊ីវិល បានធ្វើឲ្យប្រជាជនកម្ពុជាមិនអាចទទួលបានព័ត៌មានគ្រប់គ្រាន់ មិនមានសេរីភាពបញ្ចេញមតិជាសាធារណៈ និងមិនមានជម្រើសមេដឹកនាំដែលប្រជាជនចង់បាន។
កាលពីខែឧសភា ឆ្នាំ ២០២៣ គណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនឱ្យចុះឈ្មោះក្នុងបញ្ជី ក្រោមហេតុផលថា គណបក្សនេះមិនមានឯកសារដើមចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
កាលពីដើមខែមីនានេះ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាស្ថាប័នព័ត៌មានឯករាជ្យក្នុងស្រុកចុងក្រោយគេ ត្រូវបានបិទ។ ហើយនៅមុនការបោះឆ្នោតមួយសប្តាហ៍ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតរាំងខ្ទប់គេហទំព័រព័ត៌មានមួយចំនួន រួមមាន គេហទំព័រវិទ្យុអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាគេហទំព័រថ្មីរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ប្រាប់ Newsroom Cambodia ថា ប្រទេសណាដែលមិនបានចុះបញ្ជីក្រុមបេសកកម្មសម្រាប់ស៊ើបការណ៍អំពីដំណើរការបោះឆ្នោតនៅកម្ពុជាទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងមិនទទួលស្គាល់របាយការណ៍វាយតម្លៃរបស់ប្រទេសទាំងនោះទេ។
លោកថ្លែងថា៖ «គ.ជ.ប មានគោលការណ៍ ប្រទេសណាដែលចង់ដាក់បេសកកម្មសម្រាប់សង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាត្រូវមកចុះឈ្មោះនៅគ.ជ.ប។ ប្រទេសណាដែលអត់បានមកចុះបញ្ជីក្រុមបេសកកម្មសម្រាប់ស៊ើបការទេ ហើយវាយតម្លៃ អាហ្នឹង គ.ជ.ប មិនទទួលស្គាល់ថាជារបាយការណ៍បានការទេ»។
តាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា ២០២៣កន្លងទៅ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ ដែល៥អាសនៈទៀតគឺបានទៅលើគណបក្ស ហ្វ៊ុន ស៊ិនប៉ិច៕