លោកស្រី ប៉ិច ប៉ូឡែត អគ្គនាយិកានៃអង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា (Women’s Network for Unity) បានផ្តល់កិច្ចសម្ភាសន៍ជាមួយសិក្ខាកាមរបស់ Newsroom Cambodia គឺកញ្ញា ឆន ចន្ធី អំពីស្ថានភាពការងារ និងស្ថានភាពរស់នៅរបស់ស្ត្រីអ្នកប្រកបរបររកស៊ីផ្លូវភេទនៅកម្ពុជា។
Q៖ ជម្រាបសួរលោកស្រី!
A៖ ចាស ជម្រាបសួរ!
Q៖ តើស្ត្រីប្រកបរបរផ្តល់សេវាផ្លូវភេទនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញមានចំនួនប៉ុន្មានដែរ?
A៖ ចាស! បច្ចុប្បន្ននេះយើងឃើញថាសេវាកម្សាន្ត ដែលជាសមាជិករបស់យើងមានប្រហែលជា៥,៥០០នាក់ ដែលគាត់ចូលរួមជាសមាជិក។ ហើយបើថាទូទាំងប្រទេស តាមរបាយការណ៍របស់អង្គការផ្សេងៗខ្ទង់ប្រហែលជា៨០,០០០នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ហើយសម្រាប់អ្នកឯករាជ្យនៅភ្នំពេញ និងតាមបណ្ដាញតិចតួចនៅសៀមរាប បន្ទាយមានជ័យ បែបខ្ទង់ប្រហែល ១,០០០នាក់ បើចំនួនជាក់លាក់យើងមិនដឹងទេ ព្រោះអ្នកឯករាជ្យពួកគាត់លាក់មុខ។
Q៖ តើមូលហេតុអ្វីបានជាស្ត្រីសម្រេចចិត្តមកប្រកបរបនេះ?
A៖ ហេតុផលដែលគាត់មកប្រកបរបរហ្នឹងមានច្រើន ទៅតាមបទពិសោធន៍ដែលយើងធ្វើការងារជាមួយពួកគាត់ តាមដែលគាត់ចែករំលែកមក អ៊ីចឹងទៅវាជាការងារដែលគាត់ជ្រើសរើសទៅតាមលទ្ធភាពរបស់គាត់។ ការសម្រេចរបស់គាត់ គឺផ្អែកលើលទ្ធភាពគាត់ មានអ្នកខ្លះគាត់ដោយសារជីវភាព អ្នកខ្លះទៀតដោយសារហ្នឹងវាមានលក្ខខណ្ឌងាយស្រួលបត់បែនជាមួយនឹងម៉ោង បានន័យថាគាត់មិនចាំបាច់ធ្វើការពេញម៉ោង គាត់ធ្វើការម៉ោងណាក៏បានដែរ។ ឧទាហរណ៍ អ្នកខ្លះគាត់ថែទាំកូនផងគាត់អាចទៅការងារហ្នឹងផង គាត់មានការងាររវល់អីផ្សេងទៅគាត់អាចធ្វើការងារស្របពេលទន្ទឹមគ្នាតែមួយបាន ។ អ្នកខ្លះគាត់អាចទទួលបានប្រាក់ម៉ោងទៅតាមម៉ោងដែលគាត់ប្រកបការងារហ្នឹង គាត់មិនចាំបាច់ចាំជាប្រាក់អាទិត្យ ឬប្រាក់ខែទេ វាបានលុយភ្លាមៗ អ្នកខ្លះទៀតគាត់ធ្វើការងារហ្នឹងដោយសារតែគាត់មិនចង់មានថៅកែ បានន័យថាវាងាយស្រួលឯករាជ្យលើខ្លួនឯង ដោយមិនមានអ្នកណាគ្រប់គ្រងលើគាត់ទេ។ អ្នកខ្លះទៀតដោយសារគាត់រីករាយនឹងចំណងផ្លូវភេទរបស់គាត់ដែរ។
ហេតុផលផ្សេងទៀតក៏មានទាក់ទងទៅហ្នឹងបានលុយច្រើនដែរ។ អ្នកខ្លះទៅគាត់មានជំនាញផ្លូវភេទល្អសេវាកម្មល្អ សម្រស់គាត់បូករួមថែមទៀត អាចរកបានច្រើនជាងគាត់ធ្វើការពេញម៉ោង។ មានហេតុផលផ្សេងទៀត ជាពិសេសអ្នកប្រកបរបផ្លូវភេទឯករាជ្យ ដែលគាត់នៅតាមវត្តភ្នំ អ្នកខ្លះគាត់មិនមានលទ្ធភាពធ្វើការអីទេ បានន័យថា អត់មានជំនាញទៅធ្វើការមួយចំនួន ដូចការងារអ្នកម៉ាស្សា អ្នកកោសជប់ ឬគាត់អត់ធ្វើការងារនឹងដែរ ពាក់ព័ន្ធទៅនឹងសម្រស់ ទាក់ទងទៅនឹងអាយុ មិនអាចទៅនៅគ្រឹះស្ថានសេវាកម្សាន្តណាបាន ក៏គាត់ធ្វើឯករាជ្យនៅតាមវត្តភ្នំ នៅតាមទន្លេសាបអីចឹងទៅ វាហេតុផលច្រើនមែនទែនលើសហ្នឹង។ ហើយនេះជាអ្វីខ្ញុំលើកឡើងពីបទពិសោធន៍ដែលបានជួបជាមួយស្ត្រីអ្នកប្រកបរបនេះផ្ទាល់។
Q៖ តើសង្គមមានការទទួលស្គាល់ការងារប្រកបរបផ្លូវភេទនេះដែរឬទេ? ហេតុអ្វី ?
A៖ ពិបាកថាណាស់នៅនេះ យើងមិនបានធ្វើការស្រាវជ្រាវពេញផ្ទៃប្រទេសទេ ថាមានអ្នកទទួលស្គាល់ប៉ុន្មាន មិនទទួលស្គាល់ប៉ុន្មាន មានអ្នកខ្លះមិនបដិសេដហើយក៍មិនអើពើដែរ គ្រាន់តែគាត់មិនប្រឆាំងជាមួយការងារនេះ បានន័យថាគាត់មិនរវីរវល់អីទេ គាត់ក៏មិនមានយល់ឃើញអីដែរ ។ យ៉ាងណាមិញយើងឃើញមានចំនួនដែលមានការរើសអើងមានការមាក់ងាយទៅលើការងារហ្នឹងតាមរយៈបណ្ដាញសង្គម តាមរយៈការចែករំលែកមួយចំនួននៅទីសាធារណៈ ទាក់ទងទៅហ្នឹងការយល់របស់ពួកគេ ថាការងារហ្នឹងមិនថ្លៃថ្នូរ ថោកទាប។
ទាក់ទងទៅហ្នឹងគោលនយោបាយច្បាប់ជាតិមួយចំនួនដែលឲ្យតម្លៃថាការងារប្រកបរបរផ្លូវភេទហ្នឹងប៉ះពាល់ទៅដល់សេចក្ដីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ផ្សេងៗ ចឹងយើងឃើញថាការរើសអើងមានទាំងនៅសាធារណៈជនទូទៅ មានទាំងគ្រួសារ មានទាំងនៅកន្លែងការងារ មានពីអ្នកធ្វើគោលនយោបាយ។ ប៉ុន្តែយើងឃើញមានអ្នកដែលគាំទ្រដែរ តាមរយៈបណ្ដាញសង្គមដូចគ្នា ព្រោះគាត់មានការយល់ដឹង បានន័យថា ហ្នឹងក៏ជាការងារមួយដែរ គេគ្រាន់តែប្រើប្រាស់រាងកាយរបស់គេ នៅក្នុងការប្រកបរបរ វាជាការងារសុច្ចរិតមួយ វាអត់ប៉ះពាល់ដល់អ្នកដទៃផង វាអត់ហេតុផលត្រូវរើសអើង។
យើងក៏ឃើញមានគ្រួសារមួយចំនួនគាត់ទទួលស្គាល់ការងារហ្នឹង ព្រោះស្ត្រីដែលគាត់ធ្វើការហ្នឹង គាត់អាចរកចំណូលសម្រាប់ចិញ្ចឹមគ្រួសារ គាត់គោរពម្ដាយឪពុកគាត់ដូចគេដូចឯង គាត់រស់នៅក្នុងភាពជាមនុស្ស បានន័យថារស់នៅក្នុងសហគមន៍ រស់នៅក្នុងគ្រួសារ គោរពគេ ឲ្យតម្លៃ គេជួយគាំទ្រ ជួយរកចំណូលក្នុងគ្រួសារ វាជាការងារសុច្ចរិតមួយ ដោយគ្រួសារគាត់យល់ឃើញថាវាមិនមែនជាការងារដែលទៅប៉ះពាល់អ្នកដទៃ ហើយអាចជួយនៅក្នុងគ្រួសារបានច្រើន អីចឹងបានជាគ្រួសារគាត់មិនមានហេតុផលត្រូវរើសអើងកូនគាត់ទេ។
Q៖ តើស្ត្រីអ្នកប្រកបរបបម្រើសេវាផ្លូវភេទ ប្រឈមហ្នឹងបញ្ហារអ្វីខ្លះ?
A៖ មែនទែនទៅបញ្ហាប្រឈមរបស់គាត់វានៅជុំវិញ ការរើសអើងនឹងការមាក់ងាយនឹងឯង ការរើសអើងការមងាយហ្នឹង វារារាំងពួកគាត់ពីការអនុវត្ត ការទទួលបានសិទ្ធិ ដូច្នេះពួកគាត់ជួបបញ្ហាច្រើន ពាក់ព័ន្ធទៅហ្នឹងអសុវត្ថិភាព អសន្ដិសុខ ហើយនាំឱ្យមានការកេងប្រវ័ញ្ច នាំឱ្យមិនទទួលបានសេវាសាធារណៈផ្សេងៗ ដូចជាសេវាសុខាភិបាល សេវាអប់រំ ក៏ដូចជាសេវាច្បាប់ ហើយមួយទៀតនោះដែលប៉ះពាល់ធ្ងន់ធ្ងរ ដែលនិយាយពីការកេងប្រវ័ញ្ច ក៏មានប៉ះពាល់ជាមួយលុយដែរ។ បើអ្នកប្រកបរបផ្លូវភេទឯករាជ្យ ត្រូវបានគេចាប់ខ្លួនគាត់ចឹងទៅ នៅពេលដែលគាត់ប្រកបរបរនៅតាមសាធារណៈចឹងទៅ ពេលគេចាប់ខ្លួនវាមានបញ្ហាច្រើន ដូចជានៅពេលគាត់ប្រកបរបរហ្នឹង គាត់មិនបានលុយ ហើយនៅពេលមានការចាប់ខ្លួនគាត់ទៅវាមានការទាលុយពីសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គាត់ត្រូវអស់លុយ ដើម្បីដោះដូរជាមួយការរួចខ្លួនដែរ។ ហើយសម្រាប់ការបង់លុយទៅសន្ដិសុខសាធារណៈនេះ មិនមែនជាផ្លូវការទេ តែវាជាការដោះដូបែបក្រោមតុ ចឹងទៅវាមានការបញ្ជូនបន្តទៅដូចអ្នកឯករាជ្យចឹង ។
Q៖ តើស្ថានភាពការងារ និងការរស់នៅរបស់ស្ដ្រីដែលប្រកបរបរបម្រើសេវាផ្លូវភេទជួបប្រទះការរើសអើងបែបណាខ្លះ ?
A៖ បើនៅកន្លែងការងារ បើអ្នកនៅឯករាជ្យ នៅតាមសាធារណៈមានការចាប់ខ្លួន ចឹងពេលមានបញ្ហាទាំងខាងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ មានការចាប់ខ្លួន មានការប្រើពាក្យអសុរោះ មាក់ងាយ ជេរប្រមាថ មានការបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចដើម្បីសួរព័ត៌មាន នឹងក៏មានបញ្ជូនទៅមន្ទីរឃុំខ្លួនព្រៃស្ពឺ ដែលអត់មានជាក់លាក់ពេលវេលាក្នុងការឃុំឃាំងច្បាស់លាស់អីចឹងណា។ មែនទែនទៅមានការទារលុយគាត់ នៅពេលដែលគាត់ចេញមកវិញ អ្នកដែលគាត់ទុកចិត្តយើងគាត់មានការចែករំលែកពាក់ព័ន្ធ នឹងអំពើហិង្សានៅហ្នឹងដែរ នឹងមានការបៀតបៀនពីភ្ញៀវ បានន័យថាពេលគេយកទៅ ជួនគេឱ្យលុយ ជួនគេមិនឱ្យលុយ ជួនគេប្រើអំពើហិង្សាផ្សេងៗអីចឹងទៅ។
Q៖ ថ្មីៗនេះឃើញមានការលើកឡើងពីការផ្ដល់ប្រព័ន្ធការពារសន្តិសុខសង្គមដល់ស្ត្រីប្រកបរបរបម្រើសេវាផ្លូវភេទ តើដំណើរការដល់ណាដែរ?
A៖ ពួកយើងទើបតែទទួលបានការផ្សព្វផ្សាយពីក្រសួងស្ថាប័នពាក់ព័ន្ធ តាមពិតតាមប្រសាសន៍របស់សម្ដេច បានចេញយូរដែរហើយ។ ប៉ុន្តែមែនទែនទៅត្រូវមានសាមីក្រសួងដែលគាត់ត្រូវទទួលខុសត្រូវ អញ្ចឹងខាងក្រសួងសុខាភិបាល ក្រសួងផែនការ ខាងកិច្ចគាំពារសង្គម ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ម្សិលមិញនេះគាត់បានធ្វើការផ្សព្វផ្សាយពីសេចក្ដីប្រកាសរបស់អន្តរក្រសួង។ អញ្ចឹងសេចក្ដីប្រកាសរបស់អន្តរក្រសួង ដែលមានក្រសួងចូលរួមទទួលខុសត្រូវ គាត់មានប្រការមួយ ប្រការពី ប្រការបីនិយាយពីនិតិវិធីផ្សេងៗ អញ្ចឹងមែនទែនទៅវាទើបតែដំណាក់កាលផ្សព្វផ្សាយទេ មិនទាន់ចូលដល់ការអនុវត្តនៅឡើយទេ នៅត្រឹមការផ្សព្វផ្សាយដែលមានប្រការមួយប្រការពីរបស់គេហ្នឹង។
យើងមើលឃើញថានៅក្នុងហ្នឹង ពួកយើងអានទៅវានៅមានជាបញ្ហាសម្រាប់សហគមន៍យើងនៅឡើយទាក់ទងទៅហ្នឹងយន្តការ ទាក់ទងនឹងដំណើរការនិតិវិធីមួយចំនួនវានៅមិនទាន់ឆ្លើយតបជាមួយស្ថានភាពជាក់ស្ដែងរបស់អ្នកធ្វើការនៅសេវាកំសាន្ត និងអ្នកប្រកបរបរផ្លូវភេទឯករាជ្យនៅឡើយទេ។ ជាដំណើរការវានៅមានភាពស្មុគស្មាញ ព្រោះវានៅក្នុងដំណើរការផ្សព្វផ្សាយ មិនទាន់បានចាប់ផ្ដើមនៅឡើយទេ ព្រោះយើងត្រូវធ្វើការផ្សព្វផ្សាយបន្តទៅដល់សហគមន៍ ប៉ុន្តែមុនទៅដល់សហគមន៍ពួកយើងត្រូវយល់ដែរពីបច្ចេកទេសមួយចំនួន ក៏ដូចជានីតិវិធីមួយចំនួនដែរ។ យើងនៅដំណាក់កាលពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនៅឡើយ វាដំណើរការ ឬមិនដំណើរការ វាឆ្លើយតប ឬមិនឆ្លើយត ប ជាមួយហ្នឹ ង ស្ថានភាព ជាក់ស្ដែង របស់ អ្នក ប្រកបរបរផ្លូវភេទ។ អញ្ចឹងពួកយើងនៅសិក្សាបន្ថែមទៀតនៅក្នុងហ្នឹងថាតើដំណើរឬមិនដំណើរការ ការផ្ដល់ឱ្យវារឿងមួយ ការទទួលយកវារឿងមួយ តើវាបានជួបគ្នាហើយឬនៅ ? ព្រោះនៅមានភាពស្មុគស្មាញ។
Q៖ តើលោកស្រីមានជាអនុសាសន៍អ្វីបន្ថែមពាក់ព័ន្ធនឹងការងាររបស់ស្ត្រីអ្នកប្រកបរបរបម្រើសេវាផ្លូវភេទនៅកម្ពុជា?
A៖ ការពិតទៅដូចនិយាយចឹង យើងមានកម្មវិធីមួយចំនួន តែមែនទែនទៅយើងនៅតែជំរុញឱ្យសាធារណៈជនទូទៅបញ្ឈប់ការរើសអើង ការមាក់ងាយ មកលើអ្នកប្រកបរបផ្លូវភេទ ក្នុងនាមជាមនុស្សគាត់មានសិទ្ធិក្នុងការធ្វើការជ្រើសរើសប្រភេទការងារទៅតាមលទ្ធភាពរបស់គាត់ ឱ្យតែការងារហ្នឹងវាជាការងារសុច្ចរិត គាត់ប្រើប្រាស់រាងកាយរបស់គាត់ អញ្ចឹងសុំឱ្យទាំងអស់គ្នាយល់ហើយធ្វើការគាំទ្រ ដើម្បីម៉េចលុបបំបាត់អំពើហឹង្សា និងការរើសអើងមកលើស្ត្រី និងស្នើសុំឱ្យរដ្ឋាភិបាលបញ្ឈប់ការដាក់ទោសទាន់តាមរយៈច្បាប់គោលនយោបាយផ្សេងៗ ឧទាហរណ៍ដូចជាច្បាប់ជួញដូរគោលនយោបាយភូមិឃុំមានសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈអីហ្នឹង ព្រោះវាប៉ះពាល់ទៅដល់សិទ្ធិអ្នកប្រកបរបរផ្លូវភេទ វាប៉ះពាល់ទៅដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ការរស់នៅដោយសមរម្យនឹងថ្លៃថ្នូររបស់គាត់។
Q៖ អរគុណលោកស្រី ប៉ិច ប៉ូឡែត!