កូនៗរបស់សកម្មជនដីធ្លីដែលត្រូវតុលាការខេត្តកោះកុងឃុំខ្លួនពីបទ «ញុះញង់»កំពុងប្រឈមបោះបង់ការសិក្សាទាំងវ័យកុមារភាព ដោយសារមិនមានអ្នកថែទាំដិតដល់ ក្រោយពេលម្តាយរបស់ពួកគេជាប់ពន្ធនាគារ អស់រយៈពេល ជិត១ខែមកនេះ។
ជាស្វាមីរបស់អ្នកស្រី យឿន ខ្មៅ លោក សួស ធែត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង ប្រាប់ Newsroom Cambodiaថាក្នុងពេលបច្ចុប្បន្ននេះកូនៗរបស់លោក មិនសូវបានទៅរៀនជាប់លាប់ដូចមុននោះទេ និងតែងយំសួររកម្តាយជាប្រចាំ ក្រោយពេលភរិយារបស់លោកជាប់ពន្ធនាគារ។ លោកបង្ហាញក្តីបាម្ភថា កូនៗរបស់លោកនឹងប្រឈមបោះបង់ការសិក្សាទាំងនៅវ័យក្មេង ដោយសារ លោកកំពុងប្រឈមបញ្ហាជីវភាព ខណៈ ការថែទាំកូនៗវិញ មិនសូវបានដិតដល់ ដូចពេលភរិយារបស់លោកនៅមើលថែក្រុមគ្រួសារឡើយ។
លោកបន្តថា៖ «ខ្ញុំបារម្ភ [កូនបោះបង់ចោលការសិក្សា] ដែរ ព្រោះអីជាពិសេសអាមួយរៀនថ្នាក់ទី៨ ដោយសារវានៅច្រើនថ្នាក់ទៀត។យើងបារម្ភ វាប្រុសទៀត ហើយវាត្រូវការចាយវាយច្រើន ហើយខ្ញុំមិនបានទៅរកលុយឯណាផ្គត់ផ្គង់វា ណាមួយសាំងម៉ូតូផង ណាមួយចាយប្រចាំថ្ងៃ ហើយកូនក្នុងបន្ទុកតូចៗនេះទៀត» ។
ជាពលរដ្ឋរស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល លោក សួស ធែតឱ្យដឹងថា លោកមានកូនចំនួន ៥នាក់នៅក្នុងបន្ទុកក្នុងនោះ កំពុងសិក្សាចំនួន៣នាក់ រួមមាន កូនស្រីច្បងអាយុ ១៦ឆ្នាំ កំពុងសិក្សាថ្នាក់ទី១២ និងកូនប្រុសម្នាក់រៀនថ្នាក់ទី៨។ចំណែកកូនប្រុសម្នាក់ទៀតរៀនថ្នាក់ទី១។
ប្រភពដដែលនិយាយថា លោកត្រូវចំណាយប្រចាំថ្ងៃ ២០ ០០០រៀល ដើម្បីដោះស្រាយជីវភាព រួមមានថ្លៃអាហារ ថវិកាឱ្យកូនទៅសិក្សា និងថ្លៃទឹកដោះគោសម្រាប់កូនតូច ២នាក់ទៀត ដែលលោកត្រូវថែទាំបន្ទាប់ពីភរិយាជាប់ពន្ធនាគារ។
បើតាមលោក សួស ធែត ប្រាប់ថា នៅចំពោះមុខនេះ លោកមិនអាចចេញរកចំណូលទ្រទ្រង់ជីវភាពបានដូចមុននោះទេ ដោយលោកបានបង្ខំចិត្តចាយវាយថវិកាដែលសន្សំទុក និងលក់មាន់ដែលលោកបានចិញ្ចឹមដើម្បីដោះសា្រយជីវភាពប្រចាំថ្ងៃ។
យ៉ាងនេះក្តីលោកថាទោះជាស្ថានភាពលំបាកបែបនេះក្តីលោកតែងជំរុញឱ្យកូនៗរបស់លោកទៅសិក្សា ដោយមិនចង់ឱ្យពួកគេបោះបង់ចោលការសិក្សាទាំងនៅវ័យកុមារភាពបែបនេះឡើយ។
លោកបន្តថា៖ «កូន៣នាក់នោះគាត់ទៅរៀន! ប៉ុន្តែ គ្រាន់ថា គាត់អត់ចង់ទៅរៀនដែរ ព្រោះថា គាត់ចេះតែបារម្ភពីម្តាយ។ខ្ញុំចេះតែជំរុញឱ្យគាត់ទៅរៀន កូនមួយរៀនថ្នាក់ទី១២ ជិតប្រឡងផង ខំលើកទឹកចិត្តឱ្យវារៀន ខ្លាចប៉ះពាល់ដល់ការប្រឡង»។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដីធ្លីប្រមាណ ១៥នាក់ ត្រូវបានអាជ្ញាធររារាំងរថយន្ដរបស់ពួកគេនៅក្នុងស្រុកស្រែអំបិល បន្ទាប់ពីពួកគេធ្វើដំណើរឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់។
ក្នុងថ្ងៃដដែលនោះ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់សកម្មជនដីធ្លីចំនួន១០នាក់ ក្នុងនោះឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ ក្រោមបទចោទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សកម្មជនដីធ្លីដែលកំពុងឃុំខ្លួននៅពន្ធនាគារក្នុងខេត្តកោះកុងទាំង៩នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ។
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ មានរយៈពេល ២៨ថ្ងៃហើយ ដែលអាជ្ញាធរបានឃុំខ្លួនបណ្តោះអាសន្ន សកម្មដីធ្លីទាំង៩នាក់ នៅពន្ធនាគារខេត្តកោះកុង។ក្រុមសាច់ញាតិបានអះអាងថា ការឃុំខ្លួននេះ បានបន្សល់ទុកសម្ពាធផ្លូវចិត្តសម្រាប់ពួកគេ ជាពិសេស កូនៗសកម្មជនដីធ្លីទាំង៩នាក់នោះ មិនអាចទទួលបានការថែទាំដិតដល់ ដោយសារបាត់បង់បង្គោលក្នុងគ្រួសារ។
ចំណែក លោក សេង ចាន់ចំរើន វ័យ ២២ឆ្នាំ ជាកូនប្រុសបង្កើតរបស់ អ្នកស្រី សេង លីន ដែលកំពុងជាប់ឃុំដែរនោះ បានឱ្យដឹងថា លោកមានប្អូនប្រុសពៅម្នាក់ អាយុ១១ឆ្នាំ កំពុងរៀនថ្នាក់ទី៥។ប្រភពបន្តថា ប្អូនរបស់លោកមិនបានទៅរៀនជាប់លាប់ទេ ដោយសារ មិនមានអ្នកទំនុកបម្រុងមើលថែទាំ ខណៈ ម្តាយរបស់លោកកំពុងជាប់ឃុំ។
បើតាមលោក ចំរើនក្រុមគ្រួសាររបស់លោកជាកសិករ ហើយឪពុករបស់លោក មានវ័យកាន់តែចាស់ ទើបជីវភាពរបស់លោកប្រឈមនឹងភាពលំបាកបែបនេះ។លោកបន្ថែមទៀតថាក្រោយពេលម្តាយរបស់លោកជាប់ពន្ធនាគារ បន្ទុកក្នុងក្រុមគ្រួសារបានធ្លាប់មកលើរូបលោកដោយលោកត្រូវចំណាយពេលមើលថែទាំប្អូនផង និងទំនុកបម្រុងអារហារសម្រាប់ឪពុកចាស់ជរា ថែមទៀត។
លោកបន្តថា៖ «គាត់ខាន [ទៅរៀន] ដែរបង ខានដែរ ជួនណាខ្ញុំរវល់ទៅនេះ ទៅនោះទៅ គាត់អត់បានរៀនទៅ។ទាល់មកមើលវិញបាន បានប្អូនរៀនវិញអ៊ីចឹងទៅ»។
សម្រាប់ លោក សេង ចាន់ចំរើន ចាត់ទុកថា ការឃុំខ្លួនម្តាយរបស់លោក និងសកម្មជនដីធ្លីផ្សេងទៀត ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» គឺជារឿងដែលមិនសមហេតុផល និងអយុត្តិធម៌សម្រាប់សហគមន៍ទាំងមូល។ជាមួយគ្នានេះ លោកបានស្នើឱ្យតុលាការដោះលែងម្តាយរបស់លោក ដើម្បីបានមកជួបជុំក្រុមគ្រួសារឡើងវិញ។
លោកបន្តថា៖ «ខ្ញុំអំពាវនាវឱ្យតុលាការទម្លាក់ការចោតប្រកាន់គាត់ ឱ្យដោះលែងគាត់មកវិញព្រោះគាត់អត់មានធ្វើអីខុសផង»។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិលចំនួន៥១ ស្ថាប័ន រួមមាន មជ្ឈមណ្ឌលសិទ្ធិកម្ពុជា និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការរួមមួយ ដោយចាត់ទុក ការឃុំខ្លួនសកម្មជនដីធ្លីនេះថា គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋដើម្បីមិនឱ្យពួកគេចេញមុខតវ៉ា និងទាមទាររកយុត្តិធម៌។សេចក្តីថ្លែងការដដែល បានស្នើឱ្យអាជ្ញាធរទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីទាំងនេះជាបន្ទាន់។
ជាមួយគ្នានេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកថា ការចោទប្រកាន់មកលើសកម្មជនដីធ្លីទាំង ៩នាក់នៅក្នុងខេត្តកោះកុងនេះ គឺជាសោកនាដកម្មមួយដែលកើតមានក្នុងសង្គមកម្ពុជា។
លោកបន្ថែមថា អាជ្ញាធរបានអនុវត្តន៍ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ដែលធានាឱ្យដោះស្រាយរាប់បញ្ហារបស់ប្រជាពលរដ្ឋ ប៉ុន្តែតុលាការបែរជាឃុំខ្លួនសកម្មជនដីធ្លីទាំងនោះទៅវិញ។បន្ថែមពីលើនេះ លោកជំរុញឱ្យតុលាការពិចារណាដោះលែង ពួកគេទាំងនោះឱ្យមានសេរីភាពឡើងវិញ ដោយថាការបន្តឃុំខ្លួនបែបនេះ បានបន្សល់ទុកនូវអំពើអយុត្តិធម៌ក្នុងសង្គម និងការឈឺចាប់ដល់ជនរងគ្រោះ។
លោកបន្តថា៖ «បើនៅតែមិនព្រមដោះលែងគាត់ខ្ញុំគិតថា អំពើអយុត្តិធម៌ក្នុងសង្គមកាន់តែកើតមាន ច្រើនឡើងៗហើយអត់មានអំពើអយុត្តិធម៌ណាមួយដែលល្អទេ គឺក្រៅតែពីធ្វើឱ្យមនុស្សហ្នឹង កាន់តែមានការឈឺចាប់ខ្លាំងឡើងៗ»។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយដោយហ្មត់ចត់ពីអង្គការរដ្ឋ។
ជុំវិញករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ប្រាប់ Newsroom Cambodia តាមប្រព័ន្ធតេលេក្រាមថា សកម្មជនដីធ្លីទាំងនោះ អាចប្រើប្រាស់សិទ្ធិ តវ៉ាតាមផ្លូវតុលាការដើម្បីរូចផុតពីការឃុំខ្លួននេះ។
លោកបន្តថា៖ «ខ្ញុំសូមជម្រាបថា គាត់ទាំងអស់គ្នា មានមេធាវីការពារសិទ្ធិរួចហើយ ដូច្នេះ គាត់អាចធ្វើការជាមួយមេធាវីរបស់គាត់ ក្នុងការបង្ហាញនូវមធ្យោបាយការពារខ្លួន ឬ ភស្តុតាងដោះបន្ទុក ចំពោះការចោទប្រកាន់»។
បើទោះជាបែបណា គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងនេះ បានបន្តអូសបន្លាយជិត ២០ ឆ្នាំមកហើយតាំងពីឆ្នាំ២០០៦ នៅតែដោះស្រាយមិនចេញ។ពលរដ្ឋជិត ២០០គ្រួសារ(១៩៧) ដែលមានទំនាស់ដីធ្លីចំនួន ១ ២០០ ហិកតារ ជាមួយក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគមន៍ នៅមិនទាន់អាចរកច្រកចេញបានមកដល់សព្វថ្ងៃនេះ។
ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធតែងបដិសេធជារឿយៗ ពីការចោទប្រកាន់របស់ពលរដ្ឋ ដែលលើកឡើងថាការតស៊ូមតិរបស់ពួកគេ មិនដែលទទួលបានការពារ និងដោះស្រាយដោយអង្គការរដ្ឋម្តងណាឡើយ។ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលការពារដីធ្លី តែងត្រូវទទួលរងការធ្វើធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់៕