លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់តំណែងនេះជិត៤០ឆ្នាំ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ ពីផែនការផ្ទេរតំណែងឱ្យទៅកូនប្រុសច្បងគឺ លោក ហ៊ុន ម៉ាណែត តាមការគ្រោងទុក ដើម្បីបើកផ្លូវឱ្យធ្វើជាមេដឹកនាំរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី ដោយសំអាងថា ដើម្បីរក្សាស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
ការប្រកាសនេះ ក៏ចំពេលកម្ពុជាកំពុងរងសម្ពាធពីប្រទេសលោកខាងលិចដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លើវិធានបង្កកទ្រព្យសម្បត្តិមន្ត្រី បិទទិដ្ឋាការ និងកាត់ផ្តាច់ជំនួយជាដើម ក្នុងការទាមទារឱ្យស្តារប្រជាធិបតេយ្យឡើងវិញ ក្រោយពីមានយុទ្ធនាការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រំលាយបក្សប្រឆាំងនិងប្រើប្រព័ន្ធតុលាការបិទខ្ទប់មេដឹកនាំបក្សនេះចេញពីទីលានប្រកួតនយោបាយចាប់ពីចុងឆ្នាំ២០១៧មក។
តាមរយៈសារសំឡេង នៅថ្ងៃទី២៦ខែកក្កដានេះ លោក ហ៊ុន សែន បានបញ្ជាក់ថា លោកមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលលោកធ្លាប់កាន់ជិត៤០ឆ្នាំទៀតនោះទេ ហើយថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងនេះជំនួសលោកវិញ។
បើតាមសារនេះ លោក ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧នេះ នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ ចំណែកលោក ហ៊ុន សែន នឹងនៅកាន់តំណែងកំពូលៗក្នុងជួររដ្ឋាភិបាល ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាជំនួស លោក សាយ ឈុំ និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
លោក ហ៊ុន សែន និយាយថា៖ «បើសិនជាខ្ញុំបន្តធ្វើរយៈពេល១ឆ្នាំឬ២ឆ្នាំរួចលាលែងចេញពីតំណែង សភាពការណ៍នឹងមានការអស្ថេរភាពក្នុងមួយរយៈកាល។ដូច្នេះវាមានការចាំបាច់ណាស់ដើម្បីឱ្យគណរដ្ឋមន្រ្តីថ្មីមួយដែលភាគច្រើនជាមនុស្សវ័យក្មេងទទួលបាននូវកិច្ចដែលពួកគេត្រូវទទួលខុសត្រូវសម្រាប់ទៅថ្ងៃអនាគត»។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តីជាច្រើនដែលមិនបន្តដឹកនាំក្រសួងរបស់ខ្លួន នឹងក្លាយជាសមាជិកសភា ព្រឹទ្ធសភា និងទីប្រឹក្សារដ្ឋាភិបាល លោកបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់មួយចំនួនទាំងនោះ មានលោក ហេង សំរិន លោកស្រី ម៉ែន សំអន លោក ទៀ បាញ់ និង លោក ស ខេង នឹងក្លាយជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន មើលឃើញថា របត់នយោបាយនៅតែដើរលើគន្លងចាស់ដដែលទេ បើទោះបីមានការប្តូរមេដឹកនាំថ្មី ដោយសំអាងថា មេដឹកនាំថ្មីនឹងបន្តដើរតាមការចង្អុលបង្ហាញរបស់ក្បាល់ម៉ាស៊ីនបក្សកាន់អំណាចមួយនេះ ដោយសារគណបក្សមានគោលនយោបាយក្នុងការដាក់ឱ្យអនុវត្ត។
លោក រ៉ុង ឈុន បញ្ជាក់ថា៖ «អ្នកបន្តវេន អ្នកនយោបាយថ្មី តែយើងមើលទៅគោលនយោបាយចាស់។ ហើយអ្នកបន្តវេននៅក្នុងគណបក្សកាន់អំណាច វាត្រូវតែដើរបន្ទាត់តាមគោលនយាយរបស់គណបក្ស បើទោះបីអ្នកនោះមានឆន្ទៈបែបណាក៏ដោយ ចង់កែលម្អបែបណាក៏ដោយវាត្រូវតែដើរតាមគោលនយោបាយឥស្សរជនឬក៏ក្បាលម៉ាស៊ីនបក្សចង្អុលបង្ហាញ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា បើទោះបីជាកម្ពុជា មាននាយករដ្ឋមន្ត្ថ្មី តពីឱពុក ស្ថានភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានការប្រែប្រួលទេ។
អ្នកជំនាញរូបនេះសំអាងថា មេដឹកនាំជំនាន់ថ្មី នឹងនៅតែដើរតាមកន្លងអ្នកនយោបាយជំនាន់មុន ដើម្បីរក្សាបាននូវស្ថេរភាពនយោបាយបន្ត។
លោក សុវណ្ណរ៉ា កត់សម្គាល់ថា កន្លងទៅអ្នកនយោបាយមកពីគណបក្សកាន់អំណាច គ្មាននរណាម្នាក់លើកឡើងពីការធ្វើកំណែទម្រង់ជាតិដ៏គួរឱ្យចាប់អារម្មទេ។
លោកថា៖ «ព្រោះកន្លងមកការឃោសនានិងការបញ្ចេញទស្សនៈ មិនមានការប្រែប្រួលឬផ្លាស់ប្ដូរអីមានការកត់សម្គាល់ទេ[… ]យើងអត់ឃើញការឃោសនាអី»។
សកម្មជនដីធ្លីនៃសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន អះអាងថា លោកគ្មានសង្ឃឹមថា មេដឹកនាំថ្មីនឹងដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃក្នុងសហគមន៍របស់លោកបានទេ ដោយសំអាងថា កន្លងទៅប្រជាពលរដ្ឋរងផលប៉ះពាល់ពីការរំលោភបំពានដីធ្លី និងព្រៃឈើបានស្រែកតវ៉ា រួមទាំងលើកបដាទាមទារឱ្យលោក ហ៊ុន ម៉ាណែត រកយុត្តិធម៌ជូនពួកគេ ប៉ុន្តែថានៅតែគ្មានការឆ្លើយតប។
លោកថា៖ «ខ្ញុំតាមដានរឿងរហូតតាំងដើមកដូច លោកពូ ហ៊ុន ម៉ាណែត អត់សូវគិតរាស្រ្តទុក្ខលំបាកគេស្រែកលើកបដា ឱ្យគាត់ជួយតែអត់ដែលចេញមុខជួយផង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកមិនទាន់អាចវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅឡើយទេ ដោយរងចាំមើលស្ថានការណ៍ជាក់ស្ដែង។
យ៉ាងណា លោក បញ្ជាក់ថា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា វាអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយថាតើពួកគេចង់ឃើញប្រទេសមួយនេះមានការគោរពសិទ្ធិមនុស្សពេញលេញក្នុងកម្រិតណា។
លោក សំអាត និយាយថា៖ «វាឆន្ទៈនយោបាយក្នុងការកែលម្អទេ ថាតើអ្នកនយោបាយមានចិត្តចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានការគោរពសិទ្ធិមនុស្សពេញលេញ ហើយមានលទ្ធិប្រធិបតេយ្យពេញលេញដែរឬទេ អាហ្នឹងរឿងសំខាន់»។
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅអាណត្តិទី៦ បានរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
ជាក់ស្ដែងថ្មីៗនេះ បន្ទាប់ពីកម្ពុជាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិទី៧រួមមួយថ្ងៃ សហរដ្ឋអាមេរិក បានប្រកាសភ្លាមៗ ពីការផ្ដាច់ជំនួយមួយចំនួននិងរឹតបន្តឹងទិដ្ឋាការដល់មនុស្សមួយចំនួន ដោយអាមេរិក ចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជា គឺគ្នានភាពសេរីនិងយុត្តិធម៌។
អាមេរិក បន្តថា នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជា បានយាយីដល់អ្នកនយោបាយគណបក្សប្រឆាំង ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជានិងកាតព្វកិច្ចអន្តរជាតិ។
អាមេរិកថា ទង្វើទាំងអស់នេះបានរារាំងដល់ប្រជាជនកម្ពុជាក្នុងការមានជម្រើសសម្រាប់កំណត់អនាគតរបស់ប្រទេសពួកគេ។
កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដោយការរឹតបន្តឹងការលក់អាវុធនិងសម្ភារៈយោធាដល់កម្ពុជា ក្រោមហេតុផលថា កម្ពុជាបានរំលោភលើសិទ្ធិមនុស្សនិងប្រព្រឹត្តិអំពើពុករលួយ។
ការដាក់ទណ្ឌកម្មនេះរបស់អាមេរិកនេះ ដើម្បីជំរុញឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលុបបំបាត់អំពើពុករលួយ។
ក្នុងឆ្នាំ២០២១ អាមេរិក ក៏បានដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់ពីររូបបន្ថែមទៀត គឺ លោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ដោយពុំអនុញ្ញាឱ្យមន្រ្តីយោធាកម្ពុជាទាំង២នាក់ជាន់ដីអាមេរិកនិងបង្កកទ្រព្យសម្បត្តិរបស់ពួកគេប្រសិនបើរក្សាទុកនៅអាមេរិក ក្រោយអាមេរិកចោទប្រកាន់ពួកគេថា បានប្រព្រឹត្តអំពើពុករលួយក្នុងការកសាងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
នៅឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏បានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយលើប្រទេសកម្ពុជា ដើម្បីជំរុញឱ្យមានការស្ដារនូវប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។