លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់តំណែងនេះជិត៤០ឆ្នាំ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ ពីផែ​​​​នការផ្ទេរតំណែងឱ្យទៅកូនប្រុសច្បងគឺ លោក ហ៊ុន ម៉ាណែត តាមការគ្រោងទុក ដើម្បីបើកផ្លូវឱ្យធ្វើជាមេដឹ​​ក​​នាំរដ្ឋាភិបាលសម្រាប់អា​ណត្តិ​ថ្មី ដោ​​យសំអាងថា ដើម្បីរក្សាស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។

ការប្រកាសនេះ ក៏ចំពេលកម្ពុជាកំពុងរងសម្ពាធពីប្រទេសលោកខាងលិចដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លើវិធានបង្កកទ្រព្យសម្បត្តិមន្ត្រី បិទទិដ្ឋាការ និងកាត់ផ្តាច់ជំនួយជាដើម ក្នុងការទាមទារឱ្យស្តារប្រជាធិបតេ​​យ្យឡើងវិញ ក្រោយពីមានយុទ្ធនាការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ​​រំលាយបក្សប្រឆាំងនិងប្រើប្រព័ន្ធតុលាការបិទខ្ទប់មេ​ដឹកនាំបក្សនេះចេញពីទីលានប្រកួតនយោបាយចាប់ពីចុងឆ្នាំ២​០១៧មក។

តាមរយៈសារសំឡេង នៅថ្ងៃទី២៦ខែកក្កដានេះ លោក ហ៊ុន សែន បានបញ្ជាក់ថា លោកមិនបន្តកាន់តំណែ​ង​​ជានាយករដ្ឋមន្ត្រី ដែលលោកធ្លាប់កាន់ជិត៤០ឆ្នាំទៀតនោះទេ ហើយថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងនេះជំនួសលោកវិញ។

បើតាមសារនេះ លោក ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧នេះ នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ ចំណែកលោក ហ៊ុន សែន នឹងនៅកាន់តំណែងកំពូលៗក្នុងជួររដ្ឋាភិបាល ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាជំនួស លោក សាយ​ ឈុំ និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

លោក ហ៊ុន សែន និយាយថា៖ «បើសិនជាខ្ញុំបន្តធ្វើរយៈពេល១ឆ្នាំឬ២ឆ្នាំរួចលាលែងចេញពីតំណែង សភាពការណ៍នឹងមានការអស្ថេរភាពក្នុងមួយរយៈកាល។ដូច្នេះវាមានការចាំបាច់ណាស់ដើម្បីឱ្យគណរដ្ឋមន្រ្តីថ្មីមួយដែលភាគច្រើនជាមនុស្សវ័យក្មេងទទួលបាននូវកិច្ចដែលពួកគេត្រូវទទួលខុសត្រូវសម្រាប់ទៅថ្ងៃអនាគត»

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន​​ សែន រដ្ឋមន្រ្តីជាច្រើនដែលមិនបន្តដឹកនាំក្រសួងរបស់ខ្លួន នឹងក្លាយជាសមាជិកសភា ព្រឹទ្ធសភា និងទីប្រឹក្សារដ្ឋាភិបាល លោកបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់មួយចំនួនទាំងនោះ មានលោក ហេង សំរិន លោកស្រី ម៉ែន សំអន លោក ទៀ បាញ់ និង លោក ស ខេង នឹងក្លាយជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន មើលឃើញថា របត់នយោបាយនៅតែដើរលើគន្លងចាស់ដដែលទេ បើទោះបីមានការប្តូរមេដឹកនាំថ្មី ដោយសំអាងថា មេដឹកនាំថ្មីនឹងបន្តដើរតាមការចង្អុលបង្ហាញរបស់ក្បាល់ម៉ាស៊ីនបក្សកាន់អំណាចមួយនេះ ដោយសារគណបក្សមានគោលនយោបាយក្នុងការដាក់ឱ្យអនុវត្ត។

លោក រ៉ុង ឈុន បញ្ជាក់ថា៖ «អ្នកបន្តវេន អ្នកនយោបាយថ្មី តែយើងមើលទៅគោលនយោបាយចាស់។ ហើយអ្នកបន្តវេននៅក្នុងគណបក្សកាន់អំណាច វាត្រូវតែដើរបន្ទាត់តាមគោលនយាយរបស់គណបក្ស បើទោះបីអ្នកនោះមានឆន្ទៈបែបណាក៏ដោយ ចង់កែលម្អបែបណាក៏ដោយវាត្រូវតែដើរតាមគោលនយោបាយឥស្សរជនឬក៏ក្បាលម៉ាស៊ីនបក្សចង្អុលបង្ហាញ»។

​សាស្ត្រាចារ្យ​​វិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា បើទោះបីជាកម្ពុជា មាននាយករដ្ឋមន្ត្ថ្មី តពីឱពុក ស្ថានភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានការប្រែប្រួលទេ។

អ្នកជំនាញរូបនេះសំអាងថា មេដឹកនាំជំនាន់ថ្មី នឹងនៅតែដើរតាមកន្លងអ្នកនយោបាយជំនាន់មុន ដើម្បីរក្សាបាននូវស្ថេរភាពនយោបាយបន្ត។

លោក សុវណ្ណរ៉ា កត់សម្គាល់ថា កន្លងទៅអ្នកនយោបាយមកពីគណបក្សកាន់អំណាច គ្មាននរណាម្នាក់លើកឡើងពីការធ្វើកំណែទម្រង់ជាតិដ៏គួរឱ្យចាប់អារម្មទេ។

លោកថា៖ «ព្រោះកន្លងមកការឃោសនានិងការបញ្ចេញទស្សនៈ មិនមានការប្រែប្រួលឬផ្លាស់ប្ដូរអីមានការកត់សម្គាល់ទេ[ ]យើងអត់ឃើញការឃោសនាអី»

សកម្មជនដីធ្លីនៃសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន អះអាងថា លោកគ្មានសង្ឃឹមថា មេដឹកនាំថ្មីនឹងដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃក្នុងសហគមន៍របស់លោកបានទេ ដោយសំអាងថា កន្លងទៅប្រជាពលរដ្ឋរងផលប៉ះពាល់ពីការរំលោភបំពានដីធ្លី និងព្រៃឈើបានស្រែកតវ៉ា រួមទាំងលើកបដាទាមទារឱ្យលោក ហ៊ុន ម៉ាណែត រកយុត្តិធម៌ជូនពួកគេ ប៉ុន្តែថានៅតែគ្មានការឆ្លើយតប។

លោកថា៖ «ខ្ញុំតាមដានរឿងរហូតតាំងដើមកដូច លោកពូ ហ៊ុន ម៉ាណែត អត់សូវគិតរាស្រ្តទុក្ខលំបាកគេស្រែកលើកបដា ឱ្យគាត់ជួយតែអត់ដែលចេញមុខជួយផង»

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត មានប្រសាសន៍ថា លោកមិនទាន់អាចវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅឡើយទេ ដោយរងចាំមើលស្ថានការណ៍ជាក់ស្ដែង។

យ៉ាងណា លោក បញ្ជាក់ថា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា វាអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយថាតើពួកគេចង់ឃើញប្រទេសមួយនេះមានការគោរពសិទ្ធិមនុស្សពេញលេញក្នុងកម្រិតណា។

លោក សំអាត និយាយថា៖ «វាឆន្ទៈនយោបាយក្នុងការកែលម្អទេ ថាតើអ្នកនយោបាយមានចិត្តចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានការគោរពសិទ្ធិមនុស្សពេញលេញ ហើយមានលទ្ធិប្រធិបតេយ្យពេញលេញដែរឬទេ អាហ្នឹងរឿងសំខាន់»

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅអាណត្តិទី៦ បានរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។

ជាក់ស្ដែងថ្មីៗនេះ បន្ទាប់ពីកម្ពុជាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិទី៧រួមមួយថ្ងៃ សហរដ្ឋអាមេរិក បានប្រកាសភ្លាមៗ ពីការផ្ដាច់ជំនួយមួយចំនួននិងរឹតបន្តឹងទិដ្ឋាការដល់មនុស្សមួយចំនួន ដោយអាមេរិក ​ចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជា គឺគ្នានភាពសេរីនិងយុត្តិធម៌។

អាមេរិក បន្តថា នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជា បានយាយីដល់អ្នកនយោបាយគណបក្សប្រឆាំង ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជានិងកាតព្វកិច្ចអន្តរជាតិ។

អាមេរិកថា ទង្វើទាំងអស់នេះបានរារាំងដល់ប្រជាជនកម្ពុជាក្នុងការមានជម្រើសសម្រាប់កំណត់អនាគតរបស់ប្រទេសពួកគេ។

កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដោយការរឹតបន្តឹងការលក់អាវុធនិងសម្ភារៈយោ​ធាដ​​ល់កម្ពុជា ក្រោមហេតុផលថា កម្ពុជាបានរំលោភលើសិទ្ធិមនុស្សនិងប្រព្រឹត្តិអំពើពុករលួយ។

ការដាក់ទណ្ឌកម្មនេះរបស់អាមេរិកនេះ ដើម្បីជំរុញឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលុបបំបាត់អំពើពុករលួយ។

ក្នុងឆ្នាំ២០២១ អាមេរិក ក៏បានដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់ពីររូបបន្ថែមទៀត គឺ លោក​ ចៅ ភិរុណ​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​នៃក្រសួង​ការពារជាតិ​ និង​លោក ទៀ វិញ​ មេបញ្ជាការ​ក​ង​ទ័ពជើងទឹក​កម្ពុជា ដោយពុំអនុញ្ញាឱ្យមន្រ្តីយោធាកម្ពុជាទាំង២នាក់ជាន់ដីអាមេរិកនិងបង្កកទ្រព្យសម្ប​ត្តិ​របស់ពួកគេប្រសិនបើរក្សាទុកនៅអាមេរិក ក្រោយអាមេរិកចោទប្រកាន់ពួកគេថា បានប្រព្រឹត្ត​អំពើពុករលួ​យ​ក្នុងការកសាង​មូលដ្ឋាន​កងទ័ពជើង​ទឹករាម​របស់កម្ពុជា។

នៅឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏បានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយលើប្រទេសកម្ពុជា ដើ​ម្បី​ជំ​រុញឱ្យមានការស្ដារនូវប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។