កម្ពុជាបានធ្វើសច្ចាប័ន និងអនុម័តឱ្យប្រើប្រាស់នូវសន្ធិសញ្ញានានាដែលគាំពារដល់ស្ត្រី និងក្មេងស្រី ហើយមានទាំងច្បាប់ជាតិ និងអន្តរជាតិ។ ជាក់ស្ដែងកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី CEDAW គឺជាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ដែលផ្ដោតលើសិទ្ធិស្ត្រី និងបញ្ហាស្ត្រី។ តែយ៉ាងណាមិញ សម្រាប់ផ្នត់គំនិតសង្គមគឺនៅតែចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ ហើយផ្នត់គំនិតទាំងនោះ ផ្នត់គំនិតខ្លះហាក់ដូចជាកំពុងតែរារាំងភាពលូតលាស់របស់ស្ត្រី ដែលជាកត្តាជះឥទ្ធិពលអាក្រក់ដល់ប្រទេសកម្ពុជាក្នុងការរីកចម្រើនទៅមុខផងដែរ ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងអ្នកគ្រូ សាយ ពុទ្ធី ជាគ្រូបង្រៀននៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លើមុខវិទ្យាពង្រឹងសិទ្ធិអំណាចយេនឌ័រ និងអំពើហិង្សា (Gender Power and Violence) ជាមួយកញ្ញា គង់ ស្រីរ័ត្ន ជាសិក្ខាកាមរបស់ Newsroom Cambodia៖
Q: ជម្រាបសួរអ្នកគ្រូ!
A: ចាស ជម្រាបសួរ!
Q: តើផ្នត់គំនិតសង្គមសំដៅទៅលើអ្វីដែរ?
A: ចាស! សម្រាប់ផ្នត់គំនិតសង្គម បើយើងនិយាយនៅក្នុងន័យយេនឌ័រ សំដៅទៅលើ អ្វីដែលមនុស្សម្នាក់ៗគិត ហើយអ្វីដែលមនុស្សម្នាក់ៗគិតវាអាស្រ័យទៅលើសង្គម បើខ្មែរយើងសង្គមកំណត់ថាស្ត្រីមិនត្រូវជក់បារី ស្ត្រីត្រូវតែចេះធ្វើម្ហូប ត្រូវតែចេះស្លរ តែវាមិនកំណត់ថាត្រូវ ឬខុស ល្អឬអាក្រក់នោះទេ ព្រោះវាកំណត់ទៅតាមសង្គមខុសៗគ្នា។
Q: តើអ្នកគ្រូយល់យ៉ាងណាដែរទៅលើផ្នត់គំនិតមួយ «ស្ត្រីខ្លាំង គឺខ្លាំងទាំងការងារក្រៅផ្ទះ និងការងារក្នុងផ្ទះ»?
A: សម្រាប់អ្នកគ្រូផ្ទាល់យល់ថា ស្ត្រីខ្លាំង គឺមិនតម្រូវឱ្យខ្លាំងទាំងការងារក្រៅផ្ទះ និងការងារក្នុងផ្ទះនោះទេ ស្ត្រីត្រូវកំណត់ចំណុចអាទិភាពរបស់ខ្លួនថាគួរតែខ្លាំងការងារខាងក្រៅផ្ទះ រកប្រាក់កម្រៃ ឬក៏ការងារក្នុងផ្ទះ មើលកូនជាដើម។
តែយ៉ាងណាមិញ សម្រាប់ស្ត្រីមិនគួររវល់តែមើលកូន និងថែទាំផ្ទះនោះទេ ហើយមិនខិតខំអភិវឌ្ឍសមត្ថភាព និងបញ្ចេញសមត្ថភាពរបស់ខ្លួន ចូលរួមសកម្មភាពសង្គមនោះទេ ជាពិសេសស្ត្រីដែលរៀបការហើយគួរចេញធ្វើការងារខាងក្រៅឱ្យបានច្រើន ព្រោះស្ត្រីខ្លួនឯងផ្ទាល់អាចយល់ដឹងពីបរិបទសង្គម មានការគិតទូលំទូលាយ អាចដោះស្រាយបញ្ហាផ្សេងដែលអាចកើតមានក្នុងរង្វង់គ្រួសារ និងអាចអប់រំកូនបានល្អ។
តែយ៉ាងណាបើសិនស្ត្រីចេះការងារផ្ទះ ចេះធ្វើម្ហូប ក៏កាន់តែល្អសម្រាប់ខ្លួនស្ត្រីផ្ទាល់ដែរ ព្រោះអាចមើលថែទាំសុខភាពខ្លួនឯង ធ្វើម្ហូបសម្រាប់ខ្លួនឯង តែសូមលើកទឹកចិត្តឱ្យស្ត្រី ផ្ដោតលើការសិក្សាជាចម្បង រៀនឱ្យបានច្រើន យល់ដឹងពីសង្គមឲ្យបានច្រើន ទើបវាប្រសើរកុំគិត កុំខ្លាចពីផ្នត់គំនិតសង្គមថា ស្ត្រីរៀនច្រើនអត់ប្ដី ត្រូវតែយល់ថាស្ត្រីរៀនច្រើន នឹងទទួលបានឱកាសកាន់តែច្រើន។
Q: តើស្ត្រីជួបបញ្ហាប្រឈមអ្វីខ្លះពីផ្នត់គំនិតសង្គម?
A: កត្តាប្រឈម នៃផ្នត់គំនិតសង្គមវាទៅតាមសម័យកាល បើសម័យកាលពីមុន ម្ដាយឪពុកមិនអនុញ្ញាតឱ្យស្ត្រីរៀនបានខ្ពស់នោះទេ ព្រោះខ្លាចអត់ប្ដី ហើយគង់តែនៅផ្ទះថែទាំកូននៅផ្ទះដដែល បើយើងសង្កេតលើផ្នត់គំនិតនេះ វារារាំងស្ត្រីមិនឲ្យទទួលបានការសិក្សាអប់រំបានខ្ពស់ មិនអាចបញ្ចេញសមត្ថភាពរបស់ខ្លួន ហើយកត្តាផ្នត់គំនិតសង្គមនេះវាក៏បណ្ដាលមកពីខ្លួនស្ត្រីផ្ទាល់ថា ហ៊ាន និងក្លាហាន ក្នុងការពុះពារចេញពីបញ្ហាផ្នត់គំនិតសង្គមនេះដែរទេ ជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់កាលពីសម័យមុន គេមិនសូវឱ្យតម្លៃទៅលើស្រ្តី ដែលមានការសិក្សាខ្ពស់នោះតែ តែខ្ញុំជម្នះផ្នត់គំនិតនេះ ហើយបានឡើងមកភ្នំពេញដើម្បីបន្តការសិក្សា និងធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរផងដែរ។
Q: បើប្រៀបធៀបទៅនឹងផ្នត់គំនិតរបស់លោកខាងលិចទៅលើស្ត្រី តើល្អដែរទេសម្រាប់ស្ត្រីខ្មែរក្នុងបរិបទសង្គមខ្មែរ?
A: ធម្មតាប្រទេសនីមួយៗមានវប្បធម៌របស់គេ ដូចនេះវប្បធម៌ខ្លះយើងរៀនពីគេដើម្បីអភិវឌ្ឍខ្លួនឯង តែវប្បធម៌ខ្លះមិនគួរប៉ះពាល់នោះទេ ជាក់ស្ដែង វប្បធម៌បរទេសរបស់លោកខាងលិចក្នុងការរៀបការ មានន័យថាបើយើងបាត់បង់ព្រហ្មចារី វាមិនមានបញ្ហាអ្វីនោះទេ តែបើវប្បធម៌របស់ខ្មែរកាលណាយើងបាត់បង់ព្រហ្មចារី យើងគេងជាមួយមនុស្សប្រុសច្រើន គឺជាស្ត្រីអត់ល្អ។ កន្លែងនេះសម្រាប់ខ្ញុំ បើនិយាយពីរឿងរ៉ាវរបស់ ព្រះនាងលាវ យី ទោះបីជាព្រះនាងធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុន ទានក៏ដោយ ហើយព្រះបាទហ៊ុន ទាន នោះជាបរទេសជនជាតិឥណ្ឌា តែព្រះនាង លាវ យី ទ្រង់មិនបាននៅជាមួយគ្នាមុនរៀបការនោះទេ តែព្រះនាងលាវ យី តម្រូវឲ្យ ហ៊ុន ទាន ត្រូវធ្វើតាមវប្បធម៌ប្រពៃណីរបស់សម័យកាលព្រះនាង លាវ យី នោះឯង។
ត្រឡប់មកវិញនិយាយពីផ្នត់គំនិត បរទេសលោកខាងលិច មានចំណុចខ្លះយើងគួរតែមានដូចជាការបើកចិត្តឱ្យទូលាយ ហ៊ាននិយាយ ដូចយើងស្ត្រី ពេលប្ដីវាយយើង ជាស្ត្រីខ្មែរ នៅក្នុងច្បាប់ប្រុសច្បាប់ស្រី យើងត្រូវអត់ធ្មត់ តែការអត់ធ្មត់នោះមិនត្រូវទេ អត់ធ្មត់ពេកប្រុសបានដៃ និងមិនគោរពច្បាប់នោះទេ ហើយយើងមិនបានយកច្បាប់ដែលអាចការពារយើងមកប្រើ ដូចជា អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ដែលរដ្ឋខិតខំធ្វើការនិងយកមកអនុវត្តនៅក្នុងប្រទេសយើង។ អញ្ចឹងដូចផ្នត់គំនិតបរទេសដែលឱ្យបើកចិត្ត ហ៊ាននិយាយ ហ៊ានតស៊ូដើម្បីខ្លួនយើង។ ហើយការរស់នៅជាមួយគ្នាមុនរៀបការ គឺមិនកំណត់ថាត្រូវឬខុសនោះទេ គឺអាស្រ័យទៅលើបុគ្គលខ្លួនឯងផ្ទាល់។
Q: តើអ្នកគ្រូយល់យ៉ាងណាអំពី ផ្នត់គំនិតសង្គមខ្មែរទៅលើស្ត្រីខ្មែរ ពីពេលមុន និងពេលបច្ចុប្បន្ន?
A: បើជំនាន់ខ្ញុំ បើកាលណាខ្ញុំហៅមនុស្សប្រុសៗថា បង គឺមានន័យថាជាសង្សារ ជាមនុស្សដែលយើងស្រលាញ់ តែបើសម័យឥឡូវ ស្ត្រីអាចហៅប្រុសៗថា បង គឺជារឿងធម្មតា សម្រាប់មិត្តភ័ក្រ្តប្រុស ឬមិត្តជិតស្និទ្ធជាភេទប្រុស ហើយមួយទៀតជំនាន់ខ្ញុំស្រីៗរៀងអៀនច្រើន អត់ក្លាហានទេ ហើយប្រុសៗរៀងក្លាហានខ្លាំង មានការទទួលខុសត្រូវខ្ពស់ តែបើឥឡូវនេះ ខ្ញុំជាគ្រូបង្រៀនក្នុងសាកលវិទ្យាល័យមានបុរសនិងស្ត្រី ខ្ញុំមានអារម្មណ៍ថាស្ត្រីហាក់ដូចជាមានភាពក្លាហានជាងបុរស ហើយបុរសហាក់ដូចជារៀងអៀនជាងស្ត្រី ហើយភាពក្លាហាន និងការចូលរួមវាធ្លាក់ចុះអត់ដូចស្ត្រីនោះទេ។
ហើយភាពខុសគ្នាមួយទៀត នៅសម័យនេះឃើញមានមនុស្សប្រុសមើលកូន ស្ពាយកាបូបប្រពន្ធ តែជំនាន់ខ្ញុំមិនដែលឃើញប្រុសៗមានគ្រួសារ មើលកូននោះទេ គឺមានភាគរយតិចណាស់ ព្រោះគេគិតថានេះជាតួនាទីរបស់ស្ត្រី អញ្ចឹងវាមានការផ្លាស់ប្ដូរផ្នត់គំនិតកន្លែងខ្លះល្អអញ្ចឹងដែរ ប្ដីខ្លះធ្វើម្ហូបសម្រាប់ប្រពន្ធគាត់ញ៉ាំ តែភាគរយមិនសូវច្រើននោះទេ អញ្ចឹងខ្ញុំឃើញបែបនឹង ខ្ញុំសង្ឃឹមថាទៅមុខទៅ បុរសអាចផ្លាស់ប្ដូរផ្នត់គំនិត ប្រុសក៏អាចធ្វើម្ហូបឱ្យប្រពន្ធញ៉ាំបាន ចាំបាច់អីតែប្រពន្ធអ្នកធ្វើម្ហូបឱ្យប្ដី។ ហើយសម្រាប់ផ្នត់គំនិតជំនាន់ថ្មី ការរស់នៅជាមួយគ្នាមុន មុននឹងរៀបការក៏បាន ដូចជាមិនមានផលប៉ះពាល់អីនោះទេ តែខ្ញុំមិនបានសិក្សាស៊ីជម្រៅលើរឿងនឹងនោះទេ ដូចជាពួកគាត់រួមរស់នៅជាមួយគ្នាមុនមានកូនហើយចាំរៀបការក៏បាន ដោយសារតែវាមាន បណ្ដាញសង្គម បុគ្គលល្បី តារា ជាច្រើន ឧកញ៉ា និងអ្នកមាន មានកូនហើយបានរៀបការ ហើយមើលទៅវាដូចអស្ចារ្យ ហើយជាធម្មតា ពេលឃើញអញ្ចឹងទៅធ្វើឲ្យអាផ្នត់គំនិតមានការផ្លាស់ប្ដូរតាមនឹងទៅ។
សម្រាប់ខ្ញុំគឺនេះ ពីសមភាព និងសមធម៌យេនឌ័រ ហើយនេះជាសិទ្ធិរបស់យើង។ ការរស់នៅជាមួយគ្នា គឺវាមិនទាស់អីទេ ព្រោះវាជាសិទ្ធិបុគ្គល តែបើការស្រលាញ់ហេតុអ្វីចាំបាច់តែការរស់នៅជាមួយគ្នាមុនរៀបការ ហេតុអ្វីមិនមែនជាការស្រលាញ់ចិត្តដោយចិត្ត ស្រលាញ់អត្តចរិតគ្នានឹងគ្នា បុរសមិនគួរគិតតែពីការរួមភេទនៅជាមួយគ្នាទើបបញ្ជាក់ថាស្រលាញ់នោះទេ ទោះបីវាជាធម្មជាតិពិតមែនតែមិនគួរផ្ដោតលើរឿងនោះពេកទេ។
Q: ជាចុងក្រោយ តើអ្នកគ្រូមានអនុសាសន៍ ឬសំណូមពរអ្វីដែរទេ?
A: ចង់ឲ្យបុរសផ្លាស់ប្ដូរគំនិត ហើយយកផ្នត់គំនិតបរទេសមកសិក្សាស្វែងយល់ ហើយយកចំណុចល្អមកអនុវត្តទៅតាមភាពជាក់ស្ដែង ដើម្បីឲ្យយើងកាន់តែរីកចម្រើន ហើយធ្វើឲ្យប្រទេសកាន់តែរីកចម្រើនដែរ។ កាលណាស្ត្រីមានចំណេះដឹង ស្ត្រីបង្រៀនកូនល្អ គ្រួសារល្អ សង្គមល្អ នឹងហើយជាសសរទ្រូងរបស់គ្រួសារ របស់រដ្ឋ របស់ប្រទេស។ សម្រាប់ផ្នត់គំនិតដែលចាស់គំរឹល ហើយមិនបានផ្ដល់ផលល្អសម្រាប់យើងទេត្រូវតែផ្លាស់ប្ដូរ ហើយរក្សានូវផ្នត់គំនិតរបស់យើងពីមុនមួយចំនួនដែលមានផលល្អផងដែរ។
Q: ចា៎! អរគុណច្រើន សាស្ត្រាចារ្យ សម្រាប់ការផ្ដល់បទសម្ភាសន៍!
A: ចាស! អរគុណច្រើន៕