កម្ពុជា​បាន​ធ្វើ​សច្ចាប័ន​ និង​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​នូវ​សន្ធិ​សញ្ញា​នានា​ដែល​គាំពារ​ដល់​ស្ត្រី ​និង​ក្មេង​ស្រី​ ហើយ​មាន​ទាំង​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ។​​ ជាក់​ស្ដែង​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី CEDAW គឺ​ជា​សន្ធិ​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ផ្ដោត​លើ​សិទ្ធិ​ស្ត្រី​ និង​បញ្ហា​ស្ត្រី​។​ តែ​​​យ៉ាងណា​មិញ ​សម្រាប់​ផ្នត់​គំនិត​សង្គម​គឺ​នៅ​តែ​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​។ ហើយ​ផ្នត់​​គំនិត​ទាំង​នោះ​ ផ្នត់​គំនិត​ខ្លះ​ហាក់​​ដូច​ជា​កំពុង​តែ​រារាំង​ភាព​លូត​លាស់​របស់​​ស្ត្រី​ ​ដែល​ជា​កត្តា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​រីក​ចម្រើន​ទៅ​មុខ​ផង​​ដែរ ។

ខាងក្រោម​នេះ​ជាកិច្ច​សម្ភាសន៍​រវាង​អ្នកគ្រូ សាយ ពុទ្ធី ជា​គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លើ​មុខ​​វិទ្យាពង្រឹង​សិទ្ធិ​អំណាចយេនឌ័រ ​និងអំពើហិង្សា​ (Gender Power and Violence) ជាមួយ​​​​កញ្ញា គង់ ស្រីរ័ត្ន ជា​សិក្ខាកាម​របស់ Newsroom Cambodia៖

Q: ជម្រាបសួរ​អ្នកគ្រូ!

A: ចាស ជម្រាបសួរ!

Q: តើ​ផ្នត់​គំនិត​សង្គម​សំ​ដៅ​ទៅ​លើ​អ្វី​ដែរ?

A: ចាស! ​សម្រាប់​ផ្នត់គំនិត​សង្គម បើ​យើង​និយាយ​នៅ​ក្នុង​ន័យ​យេនឌ័រ សំ​ដៅ​ទៅ​លើ អ្វី​ដែល​មនុស្ស​ម្នាក់ៗ​គិត ហើយ​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​គិត​វា​អាស្រ័យ​ទៅ​លើ​សង្គម​ បើ​ខ្មែរ​យើង​សង្គម​កំណត់​ថា​ស្ត្រី​មិន​ត្រូវ​ជក់បារី ស្ត្រី​ត្រូវ​តែ​ចេះ​ធ្វើម្ហូប ត្រូវ​តែ​ចេះ​ស្លរ តែ​វា​មិន​កំណត់​ថា​ត្រូវ ឬខុស ល្អ​ឬ​អាក្រក់​នោះ​ទេ ព្រោះ​វា​កំណត់​ទៅ​តាម​សង្គម​ខុសៗគ្នា។​

Q: តើ​អ្នកគ្រូ​យល់​យ៉ាង​ណា​ដែរ​ទៅ​លើ​ផ្នត់​គំនិត​មួយ «ស្ត្រី​ខ្លាំង គឺ​ខ្លាំង​ទាំង​ការងារ​ក្រៅ​ផ្ទះ និង​ការងារ​ក្នុង​ផ្ទះ»?
A: សម្រាប់​អ្នកគ្រូ​ផ្ទាល់​យល់​ថា ស្ត្រី​ខ្លាំង គឺ​មិន​តម្រូវ​ឱ្យ​ខ្លាំង​ទាំង​ការងារ​ក្រៅ​ផ្ទះ និង​ការងារ​ក្នុង​ផ្ទះ​នោះ​ទេ ស្ត្រី​ត្រូវ​កំណត់​ចំណុច​អាទិភាព​របស់​ខ្លួន​ថា​គួរ​តែ​ខ្លាំង​ការងារ​ខាង​ក្រៅ​ផ្ទះ ​រក​ប្រាក់​កម្រៃ ឬ​ក៏​ការងារ​ក្នុង​ផ្ទះ​ មើល​កូន​ជាដើម។

តែ​យ៉ាង​ណា​មិញ សម្រាប់​ស្ត្រី​មិន​គួរ​រវល់​តែ​មើល​កូន​ និង​ថែ​ទាំ​ផ្ទះ​នោះ​ទេ​ ហើយ​មិន​ខិត​ខំ​អភិវឌ្ឍ​សមត្ថភាព​ និង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ចូលរួម​សកម្មភាព​សង្គម​នោះ​ទេ ជាពិសេស​ស្ត្រី​ដែល​រៀបការ​ហើយ​គួរ​ចេញ​ធ្វើ​ការងារ​ខាង​ក្រៅ​​ឱ្យ​បាន​ច្រើន ព្រោះ​ស្ត្រី​ខ្លួន​ឯង​ផ្ទាល់​អាច​យល់​ដឹង​ពី​បរិបទ​សង្គម មាន​ការ​គិត​ទូលំទូលាយ អាច​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ដែល​អាច​កើត​មាន​ក្នុងរង្វង់​គ្រួសារ និង​អាច​អប់រំ​កូន​បាន​ល្អ។

តែ​យ៉ាង​ណា​បើ​សិន​ស្ត្រី​ចេះ​ការងារ​ផ្ទះ ចេះ​ធ្វើម្ហូប​ ក៏​កាន់​តែ​ល្អ​សម្រាប់​​ខ្លួន​ស្ត្រី​ផ្ទាល់​ដែរ ព្រោះ​អាច​មើល​ថែ​ទាំ​សុខភាព​ខ្លួនឯង ធ្វើ​ម្ហូប​សម្រាប់​ខ្លួន​ឯង តែ​សូម​លើក​ទឹក​ចិត្ត​​ឱ្យ​​ស្ត្រី ផ្ដោត​លើ​ការ​សិក្សា​ជា​ចម្បង​ រៀន​​ឱ្យ​​បាន​ច្រើន យល់​ដឹង​ពី​សង្គម​ឲ្យ​បាន​ច្រើន​ ទើប​វា​ប្រសើរ​កុំ​គិត​ កុំ​ខ្លាច​ពី​ផ្នត់គំនិត​សង្គម​ថា ស្ត្រី​រៀន​ច្រើន​អត់​ប្ដី ត្រូវ​តែ​យល់​ថា​ស្ត្រី​រៀន​ច្រើន នឹង​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន។

Q: តើ​ស្ត្រី​ជួប​បញ្ហា​ប្រឈម​អ្វី​ខ្លះ​ពី​ផ្នត់គំនិត​សង្គម?

A: កត្តា​ប្រឈម​ នៃ​ផ្នត់​គំនិត​សង្គម​វា​ទៅ​តាម​សម័យ​កាល បើ​សម័យ​កាល​ពីមុន ម្ដាយ​ឪពុក​មិន​អនុញ្ញាត​​ឱ្យ​​ស្ត្រី​រៀន​បាន​ខ្ពស់​នោះ​ទេ ព្រោះ​ខ្លាច​អត់​ប្ដី ហើយ​គង់​តែ​នៅ​ផ្ទះ​ថែ​ទាំ​កូន​នៅ​ផ្ទះ​ដដែល បើ​យើង​សង្កេត​លើ​ផ្នត់គំនិត​នេះ ​វា​រារាំង​ស្ត្រី​មិន​ឲ្យ​ទទួល​បាន​ការសិក្សា​អប់រំ​បាន​ខ្ពស់ មិន​អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ​ហើយ​កត្តា​ផ្នត់គំនិត​សង្គម​នេះ​វា​ក៏​បណ្ដាល​មក​ពី​ខ្លួន​ស្ត្រី​ផ្ទាល់​ថា ​ហ៊ាន​ និង​ក្លាហាន​ ក្នុង​ការ​ពុះ​ពារ​ចេញ​ពី​បញ្ហា​ផ្នត់គំនិត​សង្គម​នេះ​ដែរ​ទេ ជាក់​ស្ដែង​ខ្លួន​ខ្ញុំ​ផ្ទាល់​កាល​​ពី​សម័យ​មុន​ គេ​មិន​សូវ​​ឱ្យ​តម្លៃ​ទៅ​លើ​ស្រ្តី ដែល​មាន​ការ​សិក្សា​ខ្ពស់​នោះ​តែ តែ​ខ្ញុំ​ជម្នះ​ផ្នត់គំនិត​នេះ ហើយ​បាន​ឡើង​មក​​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា​ និង​ធ្វើ​ជា​គ្រូ​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ផង​ដែរ។

Q: បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្នត់គំនិត​របស់​លោក​ខាងលិច​ទៅ​​​លើ​ស្ត្រី តើ​ល្អ​ដែរ​ទេ​សម្រាប់​ស្ត្រី​ខ្មែរ​ក្នុង​បរិបទ​សង្គម​ខ្មែរ?

A: ធម្មតា​ប្រទេស​នីមួយៗ​មាន​វប្បធម៌​របស់​គេ ដូច​នេះ​វប្បធម៌​ខ្លះ​យើង​រៀន​ពី​គេ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង តែ​វប្ប​ធម៌​ខ្លះ​​មិន​គួរ​ប៉ះពាល់​នោះ​ទេ ជាក់​ស្ដែង​ វប្បធម៌​បរទេស​របស់​លោក​ខាងលិច​ក្នុង​ការ​រៀប​ការ មាន​ន័យ​ថា​បើ​យើង​បាត់​​បង់​ព្រហ្មចារី ​វា​មិន​មាន​បញ្ហា​​អ្វី​នោះ​ទេ តែ​បើ​វប្បធម៌​របស់​ខ្មែរ​កាល​ណា​យើង​បាត់​បង់​ព្រហ្មចារី ​យើង​​គេង​ជា​មួយ​មនុស្ស​ប្រុស​ច្រើន គឺ​ជា​ស្ត្រី​អត់​ល្អ។ ​កន្លែង​នេះ​សម្រាប់​ខ្ញុំ បើ​និយាយ​ពី​រឿង​រ៉ាវ​របស់​ ព្រះ​នាង​លាវ យី ទោះ​បី​ជា​ព្រះ​នាង​ធ្វើ​សង្គ្រាម​ចាញ់​ព្រះ​បាទ​ហ៊ុន ទាន​ក៏ដោយ​​ ហើយ​ព្រះ​បាទ​ហ៊ុន ទាន ​នោះ​ជា​បរទេស​ជនជាតិ​ឥណ្ឌា​ តែ​ព្រះ​នាង​ លាវ យី ទ្រង់​មិន​បាន​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​នោះ​ទេ តែ​ព្រះ​នាង​លាវ យី ​តម្រូវឲ្យ​ ហ៊ុន ទាន ត្រូវ​ធ្វើ​តាម​វប្បធម៌​ប្រពៃណី​របស់​សម័យ​កាល​ព្រះ​នាង​​ លាវ យី នោះ​ឯង។​

ត្រឡប់​មក​វិញ​និយាយ​ពី​ផ្នត់គំនិត ​បរទេស​លោក​ខាងលិច​ មាន​ចំណុច​ខ្លះ​យើង​គួរ​តែ​មាន​ដូច​ជា​ការ​បើក​ចិត្ត​​ឱ្យ​​ទូលាយ​ ហ៊ាន​និយាយ ​ដូច​យើង​ស្ត្រី​ ពេល​ប្ដី​វាយ​យើង​ ជា​ស្ត្រី​ខ្មែរ នៅ​ក្នុង​ច្បាប់​​ប្រុស​ច្បាប់​ស្រី យើង​ត្រូវ​អត់​ធ្មត់ តែ​​ការ​អត់​ធ្មត់​នោះ​មិន​ត្រូវ​ទេ អត់​ធ្មត់​ពេក​ប្រុស​បាន​ដៃ​ និង​មិន​គោរព​ច្បាប់​នោះ​ទេ ហើយ​យើង​មិន​បាន​យក​ច្បាប់​ដែល​អាច​ការពារ​​យើង​មក​ប្រើ ​ដូច​ជា​ អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី (CEDAW) ដែល​រដ្ឋ​ខិត​ខំ​ធ្វើ​ការ​​និង​យក​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​យើង។ អញ្ចឹង​ដូច​ផ្នត់​គំនិត​បរទេស​ដែល​​ឱ្យ​​បើក​ចិត្ត​ ហ៊ាន​និយាយ ហ៊ាន​តស៊ូ​ដើម្បី​ខ្លួន​យើង​។ ហើយ​​ការ​រស់​នៅ​ជា​​មួយ​គ្នា​មុន​​រៀប​ការ គឺ​​មិន​កំណត់​ថា​ត្រូវ​ឬ​ខុស​​នោះ​ទេ​ គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល​ខ្លួន​ឯង​ផ្ទាល់​។​

Q: តើ​អ្នក​គ្រូ​យល់​យ៉ាង​ណា​អំពី ​ផ្នត់គំនិត​សង្គម​ខ្មែរ​ទៅ​លើ​ស្ត្រី​​ខ្មែរ ពី​​ពេល​មុន និង​ពេល​បច្ចុប្បន្ន?

A: បើ​ជំនាន់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ហៅ​មនុស្ស​ប្រុសៗ​ថា បង​ គឺ​មានន័យ​ថា​ជា​សង្សារ ជា​មនុស្ស​ដែល​យើង​ស្រលាញ់​ តែ​បើ​សម័យ​ឥឡូវ ស្ត្រី​អាច​ហៅ​ប្រុសៗ​ថា​ បង គឺ​ជា​រឿង​ធម្មតា សម្រាប់​មិត្តភ័ក្រ្ត​​ប្រុស​ ឬ​​មិត្ត​ជិត​ស្និទ្ធ​ជា​ភេទ​ប្រុស ហើយ​​មួយ​ទៀត​​ជំនាន់​ខ្ញុំ​ស្រីៗ​រៀង​អៀន​ច្រើន អត់​ក្លាហាន​ទេ ហើយ​ប្រុសៗ​រៀង​​ក្លាហាន​ខ្លាំង ​មាន​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់  តែ​បើ​ឥឡូវ​នេះ ខ្ញុំ​ជា​​គ្រូ​បង្រៀន​ក្នុង​សាកល​វិទ្យាល័យ​មាន​បុរស​និង​ស្ត្រី  ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ត្រី​ហាក់​ដូច​ជា​មាន​ភាព​ក្លាហាន​ជាង​បុរស ហើយ​​បុរស​ហាក់​ដូច​​ជា​រៀង​អៀន​ជាង​ស្ត្រី ហើយ​ភាព​ក្លាហាន​ និង​ការ​ចូលរួម​វា​ធ្លាក់​ចុះ​​អត់​ដូច​​ស្ត្រី​នោះ​ទេ។​

ហើយ​ភាព​ខុស​គ្នា​មួយ​ទៀត ​នៅ​សម័យ​នេះ​ឃើញ​មាន​មនុស្ស​ប្រុស​មើល​កូន ស្ពាយ​កាបូប​ប្រពន្ធ​ តែ​ជំនាន់​ខ្ញុំ​មិន​ដែល​​ឃើញ​ប្រុសៗ​មាន​គ្រួសារ​ មើល​កូន​នោះ​ទេ គឺ​មាន​ភាគ​រយ​​តិច​ណាស់​ ព្រោះ​គេ​គិត​ថា​នេះ​ជា​តួនាទី​របស់​ស្ត្រី អញ្ចឹង​វា​មាន​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​កន្លែង​ខ្លះ​ល្អ​អញ្ចឹង​ដែរ​ ប្ដី​ខ្លះ​​ធ្វើ​ម្ហូប​សម្រាប់​ប្រពន្ធ​គាត់​ញ៉ាំ តែ​ភាគ​រយ​មិន​សូវ​ច្រើន​នោះ​ទេ អញ្ចឹង​ខ្ញុំ​ឃើញ​បែប​នឹង ខ្ញុំ​សង្ឃឹម​ថា​ទៅ​មុខ​ទៅ ​បុរស​អាច​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ ប្រុស​​ក៏​អាច​ធ្វើ​ម្ហូប​​ឱ្យ​​ប្រពន្ធ​ញ៉ាំ​បាន ចាំ​​បាច់​អី​តែ​ប្រពន្ធ​អ្នក​ធ្វើ​ម្ហូប​​ឱ្យ​​ប្ដី។​ ហើយ​សម្រាប់​ផ្នត់​គំនិត​ជំនាន់​​​ថ្មី ​ការ​រស់​នៅ​ជា​មួយ​គ្នា​មុន មុន​នឹង​រៀប​ការ​ក៏​បាន​ ដូច​ជា​មិន​មាន​ផល​ប៉ះពាល់​អី​នោះ​ទេ ​តែ​ខ្ញុំ​មិន​បាន​សិក្សា​ស៊ី​ជម្រៅ​លើ​រឿង​នឹង​នោះ​ទេ​ ​ដូច​ជា​​ពួក​គាត់​រួម​រស់​នៅ​ជា​មួយ​គ្នា​មុន​មាន​កូន​ហើយ​ចាំ​រៀប​ការ​ក៏​បាន​ ដោយ​សារ​តែ​វា​មាន​ បណ្ដាញ​សង្គម​ ​បុគ្គល​ល្បី ​តារា ​ជា​ច្រើន ​ឧកញ៉ា​ និង​អ្នក​មាន​ មាន​កូន​ហើយ​បាន​រៀប​ការ ហើយ​មើល​ទៅ​វា​ដូច​អស្ចារ្យ ហើយ​ជា​ធម្មតា​ ពេល​ឃើញ​អញ្ចឹង​ទៅ​ធ្វើ​ឲ្យ​អា​ផ្នត់គំនិត​មាន​ការ​ផ្លាស់​ប្ដូរ​តាម​នឹង​ទៅ។​

សម្រាប់​ខ្ញុំ​គឺ​​នេះ ​ពី​សមភាព​ និង​សមធម៌​យេនឌ័រ​ ហើយ​នេះ​ជា​សិទ្ធិ​របស់​យើង។ ការ​រស់​នៅ​ជា​មួយ​គ្នា​ គឺ​វា​មិន​ទាស់​អី​ទេ​ ព្រោះ​វា​ជា​សិទ្ធិ​បុគ្គល តែ​​បើ​ការ​ស្រលាញ់​ហេតុ​អ្វី​ចាំ​បាច់​តែ​ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​ការ​ ហេតុ​អ្វី​មិន​មែន​ជា​ការ​ស្រលាញ់​ចិត្ត​ដោយ​ចិត្ត​ ស្រលាញ់​អត្តចរិត​គ្នា​នឹង​គ្នា​ បុរស​មិន​គួរ​គិត​តែ​ពី​ការ​រួម​ភេទ​នៅ​ជា​មួយ​គ្នា​ទើប​បញ្ជាក់​ថា​ស្រលាញ់​នោះ​ទេ​ ទោះ​បី​វា​ជា​ធម្មជាតិ​ពិត​មែន​តែ​មិន​គួរ​ផ្ដោត​លើ​រឿង​នោះ​ពេក​ទេ​។

Q: ជា​ចុង​ក្រោយ ​តើ​អ្នក​គ្រូ​មាន​អនុសាសន៍​ ឬ​សំណូមពរ​អ្វី​ដែរទេ​?

A: ចង់​ឲ្យ​បុរស​ផ្លាស់​ប្ដូរ​គំនិត​ ហើយ​យក​ផ្នត់​គំនិត​បរទេស​មក​សិក្សា​ស្វែង​យល់​ ​ហើយ​យក​ចំណុច​ល្អ​មក​អនុវត្ត​ទៅ​តាម​ភាព​ជាក់​ស្ដែង​ ដើម្បី​ឲ្យ​យើង​កាន់​តែ​រីក​ចម្រើន​ ហើយ​ធ្វើ​ឲ្យ​ប្រទេស​កាន់​តែ​​រីក​ចម្រើន​ដែរ។ កាល​ណា​ស្ត្រី​មាន​ចំណេះ​ដឹង​ ស្ត្រី​បង្រៀន​កូន​ល្អ​ គ្រួសារ​ល្អ​ សង្គម​ល្អ​ ​នឹង​ហើយ​ជា​សសរ​ទ្រូង​របស់​គ្រួសារ​ ​របស់​រដ្ឋ ​របស់​ប្រទេស​។ សម្រាប់​ផ្នត់​គំនិត​ដែល​ចាស់​គំរឹល​ ​ហើយ​មិន​បាន​ផ្ដល់​ផល​ល្អ​សម្រាប់​យើង​ទេ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ ​ហើយ​រក្សា​នូវ​ផ្នត់​គំនិត​របស់​យើង​ពី​មុន​មួយ​ចំនួន​ដែល​មាន​ផល​ល្អ​ផង​ដែរ​។

Q: ចា៎! ​អរគុណ​ច្រើន ​សាស្ត្រាចារ្យ​ សម្រាប់​ការ​ផ្ដល់​បទ​សម្ភាសន៍!

A: ចាស! ​អរគុណ​ច្រើន៕