កើតក្នុងគ្រួសារដែលមានជីវភាពក្រីក្រ យុវតី ធឿន ស្រីនី ដែលមានវ័យ១៦ឆ្នាំ បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ ហើយទៅធ្វើការនៅរោងចក្រដើម្បីទទួលបានចំណូលខ្លះដើម្បីជួយដោះបំណុលឪពុកម្តាយ និងជួយសម្រាលបន្ទុកគ្រួសារ។
យកអាវជូតទឹកភ្នែកដែលកំពុងតែស្រក់បណ្តើរ ស្រីនី រៀបរាប់ថា៖ «ខ្ញុំរៀន ខ្ញុំត្រូវការចំណាយ ត្រូវការទិញសៀវភៅអីច្រើន ហើយណាមួយកូវីដទៀត ខ្ញុំក៏ប្រាប់ប៉ាថារៀនអត់ចូលទេ ម៉ែជំពាក់លុយគេ អ៊ីចឹងខ្ញុំចង់ជួយគ្រួសារ»។
បោះបង់ការសិក្សានៅឆ្នាំ២០២០ មកធ្វើជាកម្មការិនីរោងចក្រដើម្បីជួយផ្គត់ផ្គង់គ្រួសារ ស្រីនីមានក្តីស្រមៃចង់ក្លាយជាកីឡាការិនីប្រដាល់គុនខ្មែរអាជីព បន្ទាប់ពីបានឃើញកីឡាការិនីម្នាក់ឡើងប្រកួតនៅលើកញ្ចក់ទូរទស្សន៍។ ទោះបីជាធ្វើការហត់នឿយរាល់ថ្ងៃ ស្រីនី នៅតែឆ្លៀតខិតខំហាត់គុនខ្មែរដល់យប់ដោយមិនមានពាក្យថាចង់បោះបង់ ឬរាថយឡើយ។
រស់នៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្រីនី ជាកូនទីពីរនៅក្នុងគ្រួសារ ដែលមានបងប្រុសជាអ្នកប្រដាល់។ យុវតីរូបនេះតែងតែមកមើលបងប្រុសរបស់ខ្លួនហាត់ប្រដាល់ និងលួចធ្វើត្រាប់តាមខ្លះៗ។
ស្រីនីចាប់ផ្តើមហាត់គុនខ្មែរដំបូងក្នុងខែមីនា ឆ្នាំ២០២៣ មុនចូលឆ្នាំខ្មែរ ក្នុងក្លឹបប្រដាល់ចក្រវាឡគុនខ្មែរ។ នៅពេលនោះ ស្រីនី ហាត់ដើម្បីតែប្រកួតពេលចូលឆ្នាំក្នុងវត្តតាមភូមិប៉ុណ្ណោះ។
នៅពេលដែលសួរថា តើឪពុកម្តាយគាំទ្រពេលស្រីនីសុំហាត់គុនដែរ ឬទេ ស្រីនីឆ្លើយថា៖ «ប៉ាខ្ញុំគាត់ជំរុញ តែម៉ាក់ខ្ញុំគាត់អត់ជំរុញទេ គាត់សួរថាហាត់ធ្វើអ្វី? ធ្វើការផងហាត់ផងខ្លាចខ្ញុំពិបាក គាត់ខ្លាចខ្ញុំឈឺ ដោយសារចូលធ្វើការម៉ោង៧ព្រឹកចេញម៉ោង៧យប់ ខ្ញុំឆ្លៀតពេលហាត់ផង។ និយាយរួមខ្ញុំគេងបានតិចខ្លាំងណាស់»។
មុនពេលចូលធ្វើការរោងចក្រ យុវតីរូបនេះធ្លាប់ដើររើសកំប៉ុងអេតចាយជាមួយបងប្រុស និងធ្លាប់ធ្វើជាអ្នករត់តុនៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែជាអកុសល បងប្រុសតែម្នាក់គត់របស់ស្រីនីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។ ពេលនោះហើយដែលស្រីនីសម្រេចចិត្តថាឈប់រៀនដើម្បីមកជួយរកចំណូលផ្គត់ផ្គង់គ្រួសារវិញ។
ជំងឺកូវីដ១៩ ផ្ទុះឡើងដំបូងនៅចុងឆ្នាំ២០១៩ និងរាតត្បាតជុំវិញពិភពលោក ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកល។ កម្ពុជាក៏រងនូវផលប៉ះពាល់ពីជំងឺរាតត្បាតនេះ មិនខុសពីប្រទេសផ្សេងៗដែរ ដែលបង្ខំឱ្យអាជីវកម្ម និងកន្លែងជួបជុំសាធារណៈនានាត្រូវបិទទ្វារ ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ចំណូល។
ស្លៀកខោគុនខ្មែរ មានរាងតូចច្រឡឹង ស្រីនី រៀបរាប់អំពីជីវិតកាលវ័យកុមារ ទឹកភ្នែកកំពុងហូរថា៖ «ពេលខ្ញុំនៅតូចគ្រួសារខ្ញុំអត់ ខ្ញុំដើររើសកំប៉ុងអេតចាយតាម [រោង] ការគេជាមួយបងខ្ញុំ។ ពេលខ្លះក៏គេវាយ»។
ងាកមកអ្នកស្រី ជន ដារី ដែលជាម្តាយរបស់ ស្រីនី វិញបានប្រាប់ថា គាត់មានកូន ៤នាក់ ហើយស្រីនីជាកូនទីពីរ។ សព្វថ្ងៃពួកគាត់រស់នៅជុំគ្នាក្នុងផ្ទះតូចមួយដែលសង់នៅមាត់ស្ទឹងក្នុងស្រុកកណ្តាលស្ទឹង ដែលមានដាំបន្លែបៃតងបន្តិចបន្តួចជុំវិញផ្ទះគ្រាន់ចម្អិនម្ហូប។
ស្រ្តីមានមុខរបរជាអ្នករើសអេតចាយរូបនេះបញ្ជាក់ថា ដោយសារតែជីវភាពលំបាកពេក សូម្បីតែផ្ទះខ្ទមដែលអ្នកស្រីកំពុងតែនៅ ក៏ខ្ចីលុយគេយកមកសាងសង់ដែរ។
អ្នកស្រី ដារី បន្ថែមថា ដំបូងឡើយអ្នកស្រីមិនអនុញ្ញាតឱ្យកូនហាត់ប្រដាល់ទេ ដោយបារម្ភពីកូនស្រីខ្លាចចូលប្រកួតមានបញ្ហា។ ប៉ុន្តែកូនស្រីគាត់នៅតែជម្នះសុំទៅហាត់ព្រោះតែស្រឡាញ់វិស័យមួយនេះ។
ដោយឃើញការតាំងចិត្តរបស់កូនព្យាយាមហាត់ ហើយប្រកួតឈ្នះបានមេដាយមាសទៀតនោះ អ្នកស្រីគ្មានអ្វីជំទាស់ទៀតឡើយ មានតែជំរុញកូនបន្ថែម។
អ្នកស្រី៖ «ខ្ញុំជូនកូនមកហាត់រាល់ថ្ងៃហ្នឹង ពេលកូនខ្ញុំចេញម៉ោង៧ ខ្ញុំមកអង្គុយចាំកូនខ្ញុំដល់ម៉ោង៩បានខ្ញុំទៅផ្ទះ។ ពេលហាត់ចប់លោកគ្រូគាត់ទុកពេលកន្លះម៉ោងបង្រៀនអក្សរថែម»។
អ្នកស្រីបានរំឮកពីអតីតកាលទាំងទឹកភ្នែករលីងរលោងថា គាត់អាណិតកូនខ្លាំងណាស់ដោយមិនដឹងជាមានអ្វីទៅនិយាយជាមួយកូនទេ ព្រោះតែចង់ជួយគ្រួសារកូនរបស់អ្នកស្រីហត់ខ្លាំងណាស់ តស៊ូជម្នះនូវភាពខ្មាស់អៀន មិនដែលខ្វល់ថាមានអ្នកណានិយាយអ្វីមិនល្អពីខ្លួននោះទេ។
លោក ធៀន ថាមុត វ័យ៤២ឆ្នាំ ជាឪពុករបស់ស្រីនី និងមានមុខរបរជាសន្តិសុខ លើកឡើងថា ដោយសារតែជីវភាពគ្រួសាររបស់គាត់នៅលំបាកនៅឡើយ លោកមិនអាចឱ្យស្រីនីបោះបង់អាជីពជាកម្មការិនីមកហាត់ប្រដាល់ពេញលេញនោះទេ។
លោកថា ស្រីនីអាចឈប់ពីការងាររោងចក្រមកហាត់ប្រដាល់ដើម្បីក្តីសុបិនរបស់ខ្លួន ប្រសិមនបើស្ថានភាពគ្រួសារបានប្រសើរជាងនេះ។
អង្គុយលើកៅអីក្រោមសំយ៉ាបស័ង្កសី លោកថាមុត បន្ថែមថា៖« គាត់ [ស្រីនី] រាល់ថ្ងៃហត់ [មាន] ផលលំបាកខ្លាំងបំផុតនិយាយឱ្យត្រង់គាត់ជួយខ្ញុំហ្មង បើគាត់អត់មានជួយគ្រួសារ គាត់អត់មានអ្វីត្រូវពិបាកទេគាត់ហាត់ពេញលេញគាត់មានបច្ចេកទេសរឹតតែល្អជាងហ្នឹងទៀត រាល់ថ្ងៃខ្ញុំអាណិតកូនដែរតែធ្វើម៉េចយើងជីវភាពកំពុងតែទាល់»។
និយាយដោយក្តីជឿជាក់ លោកសង្ឃឹមថា ថ្ងៃណាមួយកូនស្រីរបស់លោកនឹងមានឱកាសអាចឈរជើងនៅក្នុងវិស័យប្រដាល់ ក្នុងនាមជាកីឡាការិនីគុនខ្មែរជម្រើសជាតិ។
ងាកមកលោក រស់ សុជា ដែលជាគ្រូនៅក្លឹបប្រដាល់ចក្រវាឡគុនខ្មែរដែលបង្ហាត់ស្រីនីដោយផ្ទាល់នោះលើកឡើងថា ស្រីនីគឺជាក្មេងស្រីឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ក្នុងការហាត់ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺគាត់មិនសូវមានពេលហាត់ដិតដល់។
ពាក់អាវសហព័ន្ធគុនខ្មែរអង្គុយក្រោមសំយ៉ាបក្លិបប្រដាល់របស់ខ្លួន លោកសុជាបន្ថែមថា៖ «ស្រីនី អាវុធគាត់ចេញធ្ងន់ ដៃជើងគាត់ដូចមនុស្សប្រុសអ៊ីចឹង ប៉ុន្តែគាត់អត់មានពេលហាត់គ្រប់គ្រាន់ អ៊ីចឹងវាស្ទើរស៊ូស [កម្លាំង]»។
ដោយឡែកយុវជនម្នាក់ទៀតឈ្មោះ វៃ វឌ្ឍនា អាយុ១៩ឆ្នាំ ដែលជាសិស្សរួមគ្រូជាមួយស្រីនី ក៏កំពុងតែហាត់ប្រដាល់ត្រៀមប្រកូតក្នុងពេលប៉ុន្មានថ្ងៃខាងមុខដែរនោះបានប្រាប់ថា ការហាត់របស់ស្រីនីមានការលះបង់ខ្ពស់ ប៉ុន្តែស្រីនីភាគច្រើនហាត់ជង្គង់ជាមួយបាវសាក់ ដោយសារតែមិនមានយុវតីផ្សេងហាត់ជាមួយ។
កំពុងអង្គុយនៅខាងមុខសំយ៉ាបក្លឹបប្រដាល់ ស្រីនី និយាយទាំងទឹកមុខញញឹមថា៖ «ក្តីស្រមៃរបស់ខ្ញុំៗចង់ក្លាយជាកីឡាការិនីម្នាក់ដែលតំណាងឱ្យប្រទេសកម្ពុជាដោយសារកម្ពុជាយើងខ្វះកីឡាការិនីច្រើនណាស់។ ខ្ញុំមានចំណាប់អារម្មណ៍ថា ចង់ក្លាយជាកីឡាការិនីតំណាងឱ្យប្រទេសកម្ពុជាចូលជម្រើសជាតិដែរ»៕