កើតក្នុងគ្រួសារដែលមានជីវភាពក្រីក្រ​ យុវតី ធឿន ស្រីនី ​ដែល​មាន​​វ័យ​១៦​ឆ្នាំ បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី៦ ហើយទៅ​ធ្វើការ​នៅ​រោងចក្រ​ដើម្បី​ទទួល​បាន​ចំណូល​ខ្លះ​ដើម្បី​ជួយ​ដោះ​បំណុលឪពុកម្តាយ និងជួយសម្រាលបន្ទុក​គ្រួសារ។

យកអាវជូតទឹកភ្នែកដែលកំពុងតែស្រក់បណ្តើរ ស្រីនី​ រៀបរាប់ថា៖ «​ខ្ញុំរៀន ខ្ញុំត្រូវការចំណាយ ត្រូវការទិញសៀវភៅអីច្រើន ហើយណាមួយកូវីដទៀត ខ្ញុំក៏ប្រាប់ប៉ាថារៀនអត់ចូលទេ ម៉ែ​ជំពាក់​លុយគេ អ៊ី​ចឹងខ្ញុំចង់ជួយគ្រួសារ»។

បោះបង់ការ​សិក្សា​នៅ​ឆ្នាំ២០២០ មកធ្វើ​ជាកម្មការិនី​​រោងចក្រដើម្បីជួយផ្គត់ផ្គង់គ្រួសារ​ ស្រីនី​​មានក្តីស្រមៃ​ចង់​ក្លាយ​ជា​កីឡា​​ការិនី​ប្រដាល់​គុន​ខ្មែរ​អាជីព​ បន្ទាប់​ពីបាន​ឃើញ​កីឡា​ការិនី​​​ម្នាក់​ឡើង​​ប្រកួត​នៅ​​លើ​​កញ្ចក់​ទូរទស្សន៍​​។ ទោះបីជា​ធ្វើការ​ហត់​នឿយ​រាល់​ថ្ងៃ ស្រីនី នៅតែ​ឆ្លៀត​ខិតខំ​ហាត់គុ​ន​ខ្មែរដល់​យប់​ដោយ​មិនមាន​ពាក្យ​ថាចង់បោះបង់ ឬ​រា​ថយ​ឡើយ។

រស់នៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្រីនី ជាកូនទីពីរនៅក្នុងគ្រួសារ ដែល​​មាន​បង​ប្រុសជាអ្នកប្រដាល់។​ យុវតីរូបនេះតែងតែមកមើលបងប្រុសរបស់ខ្លួនហាត់ប្រដាល់ និងលួចធ្វើត្រាប់តាមខ្លះៗ។

កីឡាការិនី ធឿន ស្រីនី នៅក្លិបប្រដាល់ចក្រវាឡគុនខ្មែរ (រូបភាព: គ្រួសារគុនខ្មែរ)

ស្រីនីចាប់ផ្តើមហាត់គុនខ្មែរ​ដំបូងក្នុងខែមីនា ឆ្នាំ២០២៣ មុនចូលឆ្នាំខ្មែរ ក្នុង​ក្លឹប​ប្រដាល់​ចក្រវាឡ​គុនខ្មែរ។​ នៅពេល​នោះ ស្រីនី ហាត់ដើម្បីតែប្រកួតពេលចូលឆ្នាំក្នុងវត្តតាម​ភូមិ​ប៉ុណ្ណោះ។

នៅពេលដែលសួរថា តើឪពុកម្តាយ​គាំទ្រពេល​ស្រីនី​សុំ​ហាត់គុន​ដែរ​ ឬទេ ស្រីនីឆ្លើយថា៖ «ប៉ាខ្ញុំគាត់ជំរុញ តែម៉ាក់ខ្ញុំគាត់អត់ជំរុញទេ គាត់សួរថាហាត់ធ្វើអ្វី? ធ្វើការផងហាត់​ផង​ខ្លាច​ខ្ញុំ​ពិបាក គាត់ខ្លាចខ្ញុំឈឺ ដោយសារចូលធ្វើការម៉ោង៧ព្រឹកចេញម៉ោង៧យប់ ខ្ញុំឆ្លៀត​ពេល​ហាត់​​ផង។​ និយាយរួមខ្ញុំគេងបានតិចខ្លាំងណាស់​»។

មុនពេលចូលធ្វើការរោងចក្រ យុវតីរូបនេះធ្លាប់ដើររើសកំប៉ុងអេតចាយជាមួយបងប្រុស ​និង​ធ្លាប់ធ្វើជាអ្នករត់តុនៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែជា​អកុសល​ បងប្រុស​តែ​ម្នាក់​គត់​របស់​ស្រីនី​បាន​ជួប​ឧបទ្ទវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពេល​រាតត្បាត​​នៃ​ជំងឺ​កូវីដ​១៩។​ ពេលនោះ​ហើយ​ដែល​ស្រីនី​សម្រេច​ចិត្ត​ថា​ឈប់​រៀន​ដើម្បី​មក​ជួយ​រក​ចំណូល​ផ្គត់ផ្គង់គ្រួសារវិញ។

ជំងឺកូវីដ១៩ ផ្ទុះឡើងដំបូងនៅចុងឆ្នាំ២០១៩ និងរាតត្បាត​ជុំវិញ​ពិភពលោក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សាកល។ កម្ពុជា​ក៏​រង​នូវ​ផល​ប៉ះពាល់ពី​ជំងឺ​រាតត្បាត​នេះ​ មិន​ខុស​ពី​ប្រទេស​ផ្សេងៗដែរ ដែលបង្ខំឱ្យអាជីវកម្ម និងកន្លែងជួបជុំសាធារណៈនានាត្រូវបិទទ្វារ ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ចំណូល។

ស្លៀកខោគុនខ្មែរ មានរាងតូចច្រឡឹង ស្រីនី រៀបរាប់​អំពី​ជីវិត​កាល​វ័យ​កុមារ​ ​ទឹកភ្នែក​កំពុង​ហូរថា៖ «ពេលខ្ញុំនៅតូចគ្រួសារខ្ញុំអត់ ខ្ញុំដើររើសកំប៉ុងអេតចាយតាម [រោង] ការ​គេ​ជាមួយ​បង​ខ្ញុំ។ ពេលខ្លះក៏គេវាយ»។

ងាកមកអ្នកស្រី ជន ដារី ដែលជាម្តាយរបស់ ស្រីនី វិញបានប្រាប់ថា​ គាត់មានកូន ៤នាក់ ហើយ​ស្រីនី​ជាកូនទីពីរ។​ សព្វថ្ងៃពួកគាត់រស់នៅ​ជុំគ្នា​ក្នុង​ផ្ទះតូ​ច​មួយ​ដែល​សង់​នៅ​មាត់​ស្ទឹង​ក្នុង​ស្រុក​កណ្តាលស្ទឹង ដែលមានដាំបន្លែបៃតងបន្តិចបន្តួចជុំវិញផ្ទះគ្រាន់​ចម្អិនម្ហូប។

ស្រ្តី​មាន​មុខរបរ​ជាអ្នករើស​អេតចាយ​រូប​​នេះ​បញ្ជាក់ថា ដោយសារ​តែ​ជីវភាព​លំបាក​ពេក សូម្បី​តែ​ផ្ទះ​ខ្ទម​ដែល​អ្នកស្រី​កំពុង​តែ​នៅ ក៏​ខ្ចី​លុយ​គេយកមកសាងសង់ដែរ។

អ្នកស្រី ដារី បន្ថែមថា ដំបូងឡើយអ្នកស្រី​មិនអនុញ្ញាត​ឱ្យ​កូនហាត់​ប្រដាល់​ទេ ដោយ​បារម្ភ​ពី​កូនស្រី​ខ្លាច​ចូល​ប្រកួតមានបញ្ហា។​ ប៉ុន្តែកូនស្រីគាត់​នៅ​តែ​ជម្នះ​សុំ​​ទៅ​ហាត់​ព្រោះ​តែ​ស្រឡាញ់​វិស័យ​មួយ​នេះ។

ដោយឃើញការតាំងចិត្តរបស់កូនព្យាយាមហាត់ ហើយ​ប្រកួត​ឈ្នះបា​ន​មេដាយ​មាស​ទៀត​នោះ អ្នកស្រី​គ្មាន​អ្វី​ជំទាស់​ទៀត​ឡើយ មានតែជំរុញកូនបន្ថែម។

អ្នកស្រី​​៖ «​​ខ្ញុំជូនកូនមកហាត់រាល់ថ្ងៃហ្នឹង ពេលកូនខ្ញុំចេញម៉ោង៧ ខ្ញុំ​មក​អង្គុយ​ចាំកូន​ខ្ញុំ​ដល់​ម៉ោង​៩​បាន​ខ្ញុំទៅផ្ទះ។​ ពេលហាត់ចប់លោកគ្រូគាត់ទុកពេលកន្លះម៉ោងបង្រៀនអក្សរថែម»។

អ្នកស្រីបានរំឮក​​ពី​អតីតកា​ល​ទាំ​ង​ទឹក​ភ្នែក​រលីង​រលោង​ថា​ គាត់​អាណិត​កូន​ខ្លាំង​ណាស់​ដោយ​មិន​ដឹង​ជា​មាន​អ្វី​ទៅ​និយាយជាមួយកូនទេ ព្រោះ​តែ​ចង់​ជួយ​គ្រួសារ​កូន​របស់​អ្នកស្រី​ហត់​ខ្លាំង​ណាស់ តស៊ូជម្នះនូវភាពខ្មាស់អៀន មិន​ដែល​ខ្វល់​ថា​មាន​អ្នកណា​និយាយ​អ្វី​មិន​ល្អ​ពី​ខ្លួន​នោះ​ទេ។

លោក ធៀន ថាមុត វ័យ៤២​ឆ្នាំ ​ជាឪពុករបស់ស្រីនី និង​មាន​មុខរបរ​ជាសន្តិសុខ​ លើកឡើងថា ដោយសារ​តែ​ជីវភាព​គ្រួសារ​របស់​គាត់​នៅ​លំបាកនៅឡើយ ​​លោក​មិន​អាច​ឱ្យ​ស្រីនី​​បោះបង់​អាជីព​ជា​កម្មការិនី​មក​ហាត់​ប្រដាល់​ពេញលេញ​នោះ​ទេ។

លោកថា ស្រីនីអាចឈប់ពីការងាររោងចក្រមកហាត់ប្រដាល់ដើម្បីក្តីសុបិនរបស់ខ្លួន ប្រសិមន​បើ​ស្ថានភាព​គ្រួសារ​បាន​ប្រសើរ​ជាង​នេះ។

អង្គុយលើកៅអីក្រោមសំយ៉ាបស័ង្កសី លោកថាមុត បន្ថែមថា៖«​ គាត់ [ស្រីនី] រាល់ថ្ងៃហត់ [មាន] ផលលំបាកខ្លាំងបំផុតនិយាយឱ្យត្រង់គាត់ជួយខ្ញុំហ្មង បើគាត់អត់មានជួយគ្រួសារ គាត់អត់មានអ្វីត្រូវពិបាកទេគាត់ហាត់ពេញលេញគាត់មានបច្ចេកទេសរឹតតែល្អជាងហ្នឹងទៀត រាល់ថ្ងៃខ្ញុំអាណិតកូនដែរតែធ្វើម៉េចយើងជីវភាពកំពុងតែទាល់»។

និយាយដោយក្តីជឿជាក់ លោកស​ង្ឃឹ​ម​ថា ថ្ងៃណាមួ​យ​កូនស្រី​​របស់លោកនឹង​មាន​ឱកាស​អាច​ឈរ​ជើង​នៅ​ក្នុង​វិស័​យប្រដាល់ ក្នុងនាមជាកីឡាការិនីគុនខ្មែរជម្រើសជាតិ។

ងាកមកលោក រស់ សុជា ដែលជាគ្រូនៅក្លឹបប្រដាល់ចក្រវាឡគុនខ្មែរ​ដែល​បង្ហាត់​ស្រីនី​ដោយ​ផ្ទាល់​នោះលើ​ក​ឡើងថា ស្រីនីគឺជាក្មេងស្រីឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ក្នុងការហាត់ ប៉ុន្តែ​អ្វីដែលជាបញ្ហានោះគឺគាត់មិនសូវមានពេលហាត់ដិតដល់។

ពាក់អាវសហព័ន្ធគុនខ្មែរអង្គុយក្រោមសំយ៉ាបក្លិបប្រដាល់របស់ខ្លួន លោកសុជាបន្ថែមថា៖ «ស្រីនី អាវុធគាត់ចេញធ្ងន់ ដៃជើងគាត់ដូចមនុស្សប្រុសអ៊ីចឹង ប៉ុន្តែ​គាត់​អត់​មាន​ពេល​ហាត់​គ្រប់គ្រាន់ អ៊ីចឹង​វា​ស្ទើរ​ស៊ូស [កម្លាំង]​»។

ដោយឡែកយុវជនម្នាក់ទៀតឈ្មោះ វៃ វឌ្ឍនា អាយុ១៩ឆ្នាំ ដែលជាសិស្សរួមគ្រូជាមួយស្រីនី ក៏កំពុងតែហាត់ប្រដាល់ត្រៀមប្រកូតក្នុងពេលប៉ុន្មានថ្ងៃខាងមុខដែរនោះបានប្រាប់ថា ការហាត់របស់ស្រីនីមានការលះបង់ខ្ពស់ ប៉ុន្តែស្រីនីភាគច្រើនហាត់ជង្គង់ជាមួយបាវសាក់ ដោយសារតែមិនមានយុវតីផ្សេងហាត់ជាមួយ។

កំពុង​អង្គុយ​នៅ​​ខាងមុខ​សំយ៉ាប​ក្លឹប​ប្រដាល់​ ស្រីនី និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា៖ «ក្តីស្រមៃ​របស់​ខ្ញុំៗ​ចង់​ក្លាយ​ជា​កីឡាការិនី​ម្នាក់​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដោយសារ​កម្ពុជា​យើង​ខ្វះ​កីឡាការិនី​ច្រើន​ណាស់។​ ខ្ញុំមាន​ចំណាប់​អារម្មណ៍​ថា ចង់​ក្លាយ​ជា​កីឡាការិនី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូល​ជ​ម្រើសជាតិដែរ»៕