អង្គការសង្គមស៊ីវិលជំរុញឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត(គជប)ចាត់វិធានការច្បាប់ដោយស្មើភាពគ្នាចំពោះអ្នកដែលធ្វើឱ្យបែកធ្លាយការសម្ងាត់នៃការបោះឆ្នោតមិនថាអ្នកគាំទ្រគណបក្សប្រឆាំង ឬគណបក្សកាន់អំណាចទេ ប៉ុន្តែ គ.ជ.ប លើកឡើងថា ចំណាត់ការអាចធ្វើទៅបានលុះត្រាមានដើមបណ្តឹងទើបអាចបន្តនីតិវិធីប្រឆាំងការដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការសម្ងាត់ គ.ជ.ប។
ការទាមទារឱ្យមានវិធានការច្បាប់នេះ ក្រោយមានការឃាត់ខ្លួនសកម្មបក្សប្រឆាំងជាច្រើននាក់ក្នុងថ្ងៃបោះឆ្នោតទាក់ទិននឹងការបោះឆ្នោត ខណៈអ្នកគាំទ្របក្សកាន់អំណាចមួយរូបបានបង្ហោះឃ្លីប វីដេអូ ក្នុងបណ្ដាញសង្គម ដែលគេមើលឃើញថា នាំឱ្យប៉ះពាល់ដល់កិច្ចការសម្ងាត់សម្រាប់ការបោះឆ្នោតហាក់ពុំទាន់ឃើញមានវិធានការច្បាប់ប្រឆាំងទង្វើរនេះនៅឡើយ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា ការអនុវត្តច្បាប់ខុសគ្នាលើក្រុមប្រឆាំង និងអ្នកគាំទ្របក្សកាន់អំណាចនេះ នឹងជំរុញឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត រងនូវការរិះគន់ឥតសំចៃមាត់ពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។
លោកបន្តថា៖«ការអនុវត្តរបស់ គ.ជ.ប នឹងការចាត់វិធានការផ្សេងៗលើពាក្យបណ្ដឹង ក៏ដូចជាការចាត់វិធានការផ្សេងៗ ត្រូវតែឈរលើគោលការណ៍ស្មើភាពនេះសំខាន់» ។
លោក គិមអេង បន្តថា ក្នុងករណីមានការអនុវត្តច្បាប់បែបលម្អៀង នឹងបណ្ដាលឱ្យមហាជនបាត់ទំនុកចិត្តលើស្ថាប័ន គ.ជ.ប ហើយបរិយាកាសក្នុងការបោះឆ្នោតនៅពេលខាងមុខរឹតតែមានការអួលអាប់។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ការបណ្ដោយឱ្យបែកធ្លាយការសម្ងាត់នៃការបោះឆ្នោតគឺប្រឆាំងនឹងច្បាប់ក្នុងការរក្សាការសម្ងាត់របស់អ្នកបោះឆ្នោត។
តាមលោក អំ សំអាត ហានិភ័យនៃការអនុវត្តច្បាប់ពុំស្មើភាពគ្នានេះនឹងបង្កឱ្យមានភាពអយុត្តិធម៌កើតមានឡើង ហើយវានឹងជំរុញឱ្យសង្គមជាតិអាចឈានទៅរកការបែកបាក់នៅថ្ងៃខាងមុខ។
លោកបន្តថា៖ «បន្ទប់សម្ងាត់ ហើយការបោះឆ្នោតវាអត់មាននរណាមួយដឹង។ ពាក្យថាសម្ងាត់បើសិនជាជនណាមួយគាត់បោះហើយគាត់បង្ហោះជាសាធារណៈអាហ្នឹងប៉ះពាល់ដល់ការសម្ងាត់នៅក្នុងបន្ទប់សម្ងាត់នៃការរៀបចំការបោះឆ្នោត។ អាហ្នឹងវាខុស ព្រោះច្បាប់គេហាម ព្រោះអាហ្នឹងវាបន្ទប់សម្ងាត់ »។
ក្នុងវិសោធនកម្មច្បាប់បោះឆ្នោតថ្មីស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែ កក្កដា នេះ កំណត់ថា ជនណាធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត ត្រូវផាកពិន័យចំនួន ៥លានរៀល ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ហើយ គ.ជ.ប ដកសិទ្ធិមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល៥ឆ្នាំ។
នៅក្នុងថ្ងៃបោះឆ្នោត គេសង្កេតឃើញថា មានហ្វេសបុកមួយឈ្មោះ «Khun Paly» បានបង្ហោះឃ្លីប វីដេអូមានរយៈពេល២៦វិនាទី ដោយបង្ហាញសកម្មភាពរបស់ម្ចាស់គណនេយ្យ ហ្វេសបុក នេះគូសធិកក្នុងប្រអប់លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជាព្រមទាំងថើបសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។
ជុំវិញករណីបែកធ្លាយការសម្ងាត់នៃការបោះឆ្នោតនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ទទួលស្គាល់ថា ការបង្ហោះរូបភាព ឬឃ្លី វីដេអូ ក្នុងបណ្ដាញសង្គមនេះ វាពិតជាធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ហើយក៏ជាសកម្មភាពប្រឆាំងនឹងច្បាប់បោះឆ្នោតដែរ។ប៉ុន្តែ លោកថា ស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅតែមានភាពស្មុគស្មាញក្នុងការចាត់វិធានការច្បាប់ប្រឆាំងសកម្មភាពនេះ ដោយសារ គ.ជ.ប ធ្វើការដោយផ្អែកតែទៅលើពាក្យបណ្ដឹង។
ឆ្លើយតបនឹងចោទប្រកាន់ថា ស្ថាប័ន គ.ជ.ប អនុវត្តច្បាប់បានតែទៅលើអ្នកគាំទ្របក្សជំទាស់ ត្រូវបានលោក ហង្ស ពុទ្ធា លើកឡើងថា អ្វីដែលគ.ជ.បធ្វើការនេះ ក៏ព្រោះតែមានមេធាវីពីខាងរដ្ឋាភិបាលគឺលោក គី តិច បានចេញមុខប្តឹង ដើម្បីទាមទារឱ្យគ.ជ.បចាត់វិធានការច្បាប់។
លោកបន្តថា៖ «ការថតបង្ហោះធ្វើឱ្យបាត់បង់នៃការសម្ងាត់សន្លឹកឆ្នោត។ ចឹង គ.ជ.ប អនុវត្តតួនាទីរបស់ខ្លួននៅក្នុងពេលមានពាក្យបណ្ដឹងនោះ គ.ជ.ប នឹងចាត់វិធានការ »។
ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការបែកធ្លាយការសម្ងាត់ក្នុងបន្ទប់បោះឆ្នោតនេះអាជ្ញាធរអាចចាត់វិធានការបាន ក្រោយមានពាក្យបណ្ដឹងប្តឹងទៅគ.ជ.ប។
លោកបន្តថា៖ «បើមានគេប្ដឹងយើងធ្វើបាន តែអត់មានអ្នកណាគេប្ដឹងផង។បទល្មើសមិនបទល្មើសទាល់គេប្ដឹង។បើប្ដឹង ប្ដឹងទៅ គ.ជ.ប ទៀត មែនមកក្រសួងមហាផ្ទៃទេ» ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ អាជ្ញាធរបានការឃាត់ខ្លួនសមាជិកបក្សភ្លើងទៀនចំនួន៣នាក់។ការឃាត់ខ្លួនសកម្មជនបក្សប្រឆាំងនេះធ្វើឡើង ក្រោយ លោក សម រង្សី នៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសខ្វែងឱ្យធំលើសន្លឹកឆ្នោតឱ្យក្លាយជាសន្លឹកឆ្នោតឥតបានការ ជាអ្វីដែលលោក សម រង្សី ចាត់ទុកថា ដើម្បីការបង្រួបបង្រួមជាតិ និងការបោះឆ្នោតជូនលោកផ្ទាល់។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្សី នៅល្ងាចថ្ងៃអាទិត្យក្រោយការបោះឆ្នោតរួច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារមួយ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអ្នកគូសសន្លឹកឆ្នោតចោលហើយបង្ហោះចូលក្នុងគណនេយ្យ តេឡេក្រាម មួយឈ្មោះ «Sbai សប្បាយ» កុំរត់ចោលស្រុក ប៉ុន្តែត្រូវចេញមកសារភាពកំហុសចំពោះមុខអាជ្ញាធរដើម្បីទទួលបានការលើកលែងទោស។
លោក ហ៊ុន សែន បញ្ជាក់ថា សម្រាប់អ្នករស់នៅក្នុងប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងការបង្ហោះរូបភាពសន្លឹកឆ្នោតគូសខ្វែងចូលក្នុងក្រុម តេឡេក្រាម នោះត្រូវបានអាជ្ញាធរកំណត់មុខបានហើយ។
លោកបន្តថា៖ «អ្នកអាចចេញមកសារភាពជាមួយអាជ្ញាធរជាមួយ គជប ជាពិសេសជាមួយអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោតជាបទល្មើសដែលត្រូវផ្ដន្ទាទោស»។
លោក គីម សួរភារិទ្ធិ អ្នកនាំពាក្យគណបក្សភ្លើងទៀន ឱ្យដឹងថា នៅមុនថ្ងៃបោះឆ្នោត សមាជិកគណបក្សភ្លើងទៀនចំនួន ៥ នាក់ត្រូវបានចាប់ខ្លួន។ ក្នុងនោះមាន លោក លី រី សមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ក្នុងថ្ងៃបោះឆ្នោតមានសមាជិកគណបក្សភ្លើងទៀនចំនួន៣នាក់ទៀត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបោះឆ្នោតនេះ ក្នុងនោះមានសមាជិកបក្សភ្លើងទៀនមួយរូបគឺ លោក ចៅ វាសនា ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន៕