អង្គការសង្គមស៊ីវិលជំរុញឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត(គជប)ចាត់វិធានការច្បាប់ដោយស្មើភាពគ្នា​​​ចំ​ពោះ​​​អ្នក​​ដែ​ល​ធ្វើ​ឱ្យបែកធ្លាយការសម្ងាត់នៃការបោះឆ្នោតមិនថាអ្នកគាំទ្រគណបក្សប្រឆាំង ឬគណបក្សកា​​​​​​ន់​អំ​ណាចទេ ប៉ុន្តែ គ.ជ.ប លើកឡើងថា ចំណាត់ការអាចធ្វើទៅបានលុះត្រាមានដើមបណ្តឹងទើបអា​​ច​ប​ន្ត​​​​​​នីតិវិធីប្រឆាំងការដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការសម្ងាត់ គ.ជ.ប។

ការទាមទារឱ្យមានវិធានការច្បាប់នេះ ក្រោយមានការឃាត់ខ្លួនសកម្មបក្សប្រឆាំងជាច្រើននាក់ក្នុងថ្ងៃបោះឆ្នោតទាក់ទិននឹងការបោះឆ្នោត ខណៈអ្នកគាំទ្របក្សកាន់អំណាចមួយរូបបានបង្ហោះឃ្លីប វីដេអូ ក្នុងបណ្ដា​​ញ​​សង្គ​​​​ម ដែលគេមើលឃើញថា នាំឱ្យប៉ះពាល់ដល់កិច្ចការសម្ងាត់សម្រាប់ការ​បោះឆ្នោតហាក់ពុំទាន់ឃើ​​ញមានវិធានការច្បាប់ប្រឆាំងទង្វើរនេះនៅឡើយ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា ការអនុវត្តច្បាប់ខុសគ្នាលើក្រុមប្រឆាំង និងអ្នកគាំទ្របក្សកាន់អំណាចនេះ នឹងជំរុញឱ្យស្ថាប័នជាតិ​រៀបចំការបោះឆ្នោត រងនូវការរិះគន់ឥតសំចៃមាត់ពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។

លោកបន្តថា៖«ការអនុវត្តរបស់ គ.ជ.ប​ នឹងការចាត់វិធានការផ្សេងៗលើពាក្យបណ្ដឹង ក៏ដូចជាការចាត់វិធានការផ្សេងៗ ត្រូវតែឈរលើគោលការណ៍ស្មើភាពនេះសំខាន់»

លោក គិមអេង បន្តថា ក្នុងករណីមានការអនុវត្តច្បាប់បែបលម្អៀង នឹងបណ្ដាលឱ្យមហាជនបាត់ទំនុកចិត្តលើស្ថាប័ន គ.ជ.ប ហើយបរិយាកាសក្នុងការបោះឆ្នោតនៅពេលខាងមុខរឹតតែមានការអួលអាប់។

លោក ​អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការការពារ​សិទ្ធិ​មនុស្ស​ លីកាដូ មានប្រសាសន៍ថា ការបណ្ដោយឱ្យបែកធ្លាយការសម្ងាត់នៃការបោះឆ្នោតគឺប្រឆាំងនឹងច្បាប់ក្នុងការរក្សាការសម្ងាត់របស់អ្នកបោះ​ឆ្នោត។

តាមលោក អំ សំអាត ហានិភ័យនៃការអនុវត្តច្បាប់ពុំស្មើភាពគ្នានេះនឹងបង្កឱ្យមានភាពអយុត្តិធម៌កើតមានឡើង ហើយវានឹងជំរុញឱ្យសង្គមជាតិអាចឈានទៅរកការបែកបាក់នៅថ្ងៃខាងមុខ។

លោកបន្តថា៖ «បន្ទប់សម្ងាត់ ហើយការបោះឆ្នោតវាអត់មាននរណាមួយដឹង។ ពាក្យថាសម្ងាត់បើសិនជាជនណាមួយគាត់បោះហើយគាត់បង្ហោះជាសាធារណៈអាហ្នឹងប៉ះពាល់ដល់ការសម្ងាត់នៅក្នុងបន្ទប់សម្ងាត់នៃការរៀបចំការបោះឆ្នោត។ អាហ្នឹងវាខុស ព្រោះច្បាប់គេហាម ព្រោះអាហ្នឹងវាបន្ទប់សម្ងាត់ »។

ក្នុងវិសោធនកម្មច្បាប់បោះឆ្នោតថ្មីស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែ កក្កដា នេះ កំណត់ថា ជនណាធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោ​​ត ត្រូវផាកពិន័យចំនួន ៥លានរៀល ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ហើយ គ.ជ.ប ដកសិទ្ធិមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល៥ឆ្នាំ។

នៅក្នុងថ្ងៃបោះឆ្នោត គេសង្កេតឃើញថា មានហ្វេសបុកមួយឈ្មោះ «Khun Paly» បានបង្ហោះឃ្លីប វីដេអូមានរយៈពេល២៦វិនាទី ដោយបង្ហាញសកម្មភាពរបស់ម្ចាស់គណនេយ្យ ហ្វេសបុក នេះគូសធិកក្នុងប្រអប់លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជាព្រមទាំងថើបសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។

ជុំវិញករណីបែកធ្លាយការសម្ងាត់នៃការបោះឆ្នោតនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ទទួលស្គាល់​ថា ការបង្ហោះរូបភាព ឬឃ្លី វីដេអូ ក្នុងបណ្ដាញសង្គមនេះ វាពិតជាធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោ​​ត​ ហើយក៏ជាសកម្មភាពប្រឆាំងនឹងច្បាប់បោះឆ្នោតដែរ។ប៉ុន្តែ លោកថា ស្ថាប័នជាតិរៀប​ចំការ​​បោះ​​ឆ្នោ​​ត​​(គ.ជ.ប) នៅតែមានភាពស្មុគស្មាញក្នុងការចាត់វិធានការច្បាប់ប្រឆាំងសកម្មភាពនេះ ដោយសារ គ​.​​ជ.​​ប​​ ធ្វើការដោយផ្អែកតែទៅលើពាក្យបណ្ដឹង។

ឆ្លើយតបនឹងចោទប្រកាន់ថា ស្ថាប័ន គ.ជ.ប អនុវត្តច្បាប់បានតែទៅលើអ្នកគាំទ្របក្សជំទាស់ ត្រូវបាន​​លោ​​ក ហង្ស ពុទ្ធា លើកឡើងថា អ្វីដែលគ.ជ.បធ្វើការនេះ ក៏ព្រោះតែមានមេធាវីពីខាងរដ្ឋាភិបាលគឺលោក គី តិច បានចេញមុខប្តឹង ដើម្បីទាមទារឱ្យគ.ជ.បចាត់វិធានការច្បាប់។

លោកបន្តថា៖ «ការថតបង្ហោះធ្វើឱ្យបាត់បង់នៃការសម្ងាត់សន្លឹកឆ្នោត។ ចឹង គ.ជ.ប អនុវត្តតួនាទីរបស់ខ្លួននៅក្នុងពេលមានពាក្យបណ្ដឹងនោះ គ.ជ.ប នឹងចាត់វិធានការ »។

ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ​ សុភ័គ មានប្រសាសន៍ថា ការបែកធ្លាយការសម្ងាត់ក្នុងបន្ទប់បោះឆ្នោតនេះអាជ្ញាធរអាចចាត់វិធានការបាន ក្រោយមានពាក្យបណ្ដឹងប្តឹងទៅគ.ជ.ប។

លោកបន្តថា៖ «បើមានគេប្ដឹងយើងធ្វើបាន តែអត់មានអ្នកណាគេប្ដឹងផង។បទល្មើសមិនបទល្មើសទាល់គេប្ដឹង។បើប្ដឹង ប្ដឹងទៅ គ.ជ.ប ទៀត មែនមកក្រសួងមហាផ្ទៃទេ»

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ អាជ្ញាធរបានការឃាត់ខ្លួនសមាជិកបក្សភ្លើងទៀនចំនួន៣​​នាក់។ការឃាត់ខ្លួនសកម្មជនបក្សប្រឆាំងនេះធ្វើឡើង ក្រោយ លោក សម​ រង្សី នៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសខ្វែងឱ្យធំលើសន្លឹកឆ្នោតឱ្យក្លាយជាសន្លឹកឆ្នោតឥតបានការ ជាអ្វីដែ​​ល​​​​លោក សម រង្សី ចាត់ទុកថា ដើម្បីការបង្រួបបង្រួមជាតិ និងការបោះឆ្នោតជូនលោកផ្ទាល់។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្សី នៅល្ងាចថ្ងៃអាទិត្យក្រោយការបោះឆ្នោតរួច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារមួយ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអ្នកគូសសន្លឹកឆ្នោតចោលហើយបង្ហោះចូលក្នុងគណនេយ្យ តេឡេក្រាម មួយឈ្មោះ «Sbai សប្បាយ» កុំរត់ចោលស្រុក ប៉ុន្តែត្រូវចេញមកសារភាពកំហុសចំពោះមុខអាជ្ញាធរដើម្បីទទួលបានការលើកលែងទោស។

លោក ហ៊ុន​ សែន បញ្ជាក់ថា សម្រាប់អ្នករស់នៅក្នុងប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងការបង្ហោះរូបភាពសន្លឹ​​ក​​ឆ្នោតគូសខ្វែងចូលក្នុងក្រុម តេឡេក្រាម នោះត្រូវបានអាជ្ញាធរកំណត់មុខបានហើយ។

លោកបន្តថា៖ «អ្នកអាចចេញមកសារភាពជាមួយអាជ្ញាធរជាមួយ គជប ជាពិសេសជាមួយអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោតជាបទល្មើសដែលត្រូវផ្ដន្ទាទោស»

លោក គីម សួរភារិទ្ធិ អ្នកនាំពាក្យគណបក្សភ្លើងទៀន ឱ្យដឹងថា នៅមុនថ្ងៃបោះឆ្នោត សមាជិកគណបក្សភ្លើងទៀនចំនួន ៥ នាក់ត្រូវបានចាប់ខ្លួន។ ក្នុងនោះមាន លោក លី រី សមាជិកគណៈកម្មាធិការនាយក​ និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ក្នុងថ្ងៃបោះឆ្នោតមានសមាជិកគណបក្សភ្លើងទៀនចំនួន៣នាក់ទៀត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបោះឆ្នោតនេះ ក្នុងនោះមានសមាជិកបក្សភ្លើងទៀនមួយរូបគឺ លោក ចៅ វាសនា ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន៕