ក្រុមមគ្គុសទេសទេសចរណ៍នៅខេត្តសៀមរាប រិះគន់វិធានការថ្មីដែលចេញដោយអាជ្ញាធរជាតិអប្បរាថាជាការបង្កភាពស្មុគ្រស្មាញ ដល់ភ្ញៀវទេសចរដែលមានបំណងឈ្វេងយល់ពីប្រាង្គប្រាសាទបុរាណខ្មែរ ខណៈអាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការសាកល្បងនូវជម្រើសថ្មីមួយ ដោយកំណត់ម៉ោងចូលទស្សនា ប្រាសាទអង្គរវត្ត និងប្រសាទបន្ទាយស្រី ដែលនឹងចាប់អនុវត្តពីដើមខែសីហា ឆ្នាំ២០២៣ តទៅ។
អ្នកនាំភ្ញៀវទេសចរប្រចាំខេត្តសៀមរាបម្នាក់ លោក ថាំង ឈុនឡេង ប្រាប់ Newsroom Cambodia ថា លោកមិនគាំទ្រការបង្កើតវិធីកំណត់ម៉ោងសម្រាប់ភ្ញៀវទេសចរដែលចូលទស្សនាប្រាសាទអង្គរវត្តនោះទេ។
បុរសដែលចាប់អាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ជាង ២០ឆ្នាំរូបនេះ សង្កេតឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ភ្ញៀវដែលមកលេងកម្សាន្តនៅរមណីយដ្ឋានអង្គរ មិនមានច្រើនលើសលប់ រហូតតម្រូវឱ្យបង្កើតរបៀបរបបថ្មីក្នុងការទស្សនាប្រាសាទអង្គរវត្ត នោះឡើយ។លោកចាត់ទុកថា ការបែងចែកម៉ោងរបៀបនេះ នឹងទាញឱ្យភ្ញៀវទេសចរមានការធ្លាក់ចុះ ហើយបានបង្កទៅជាភាពស្មុគ្រស្មាញដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តជាតិ ទៅវិញទេ។
លោកបន្តថា៖ «បើបន្ថែម [ខ្សែទស្សនាថ្មី] អញ្ជឹងដដែល ចាំបាច់បន្ថែមធ្វើអី! ឱ្យគាត់ [ភ្ញៀវទេសចរ] ដើរម៉ាសេរីដូចធម្មតាទៅ ធ្វើអញ្ចឹងធ្វើឱ្យវ៉ល់ភ្ញៀវទេសចរ ស្មុគ្រស្មាញទាំងការរៀបរបស់មន្រ្តីរបស់គាត់ វាស្មុគ្រស្មាញ យ៉ាប់ធ្វើការដែរ»។
ប្រតិកម្មនេះកើតឡើង នៅបន្ទាប់ពីអាជ្ញាធរជាតិអប្បរា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានចេញគោលការណ៍ កំណត់ម៉ោងទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី ដោយមិនបើកទូលាយដូចមុនទៀតនោះទេ។គោលការណ៍ថ្មីនេះ នឹងត្រូវចាប់អនុវត្តចាប់ពីចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតទៅ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ភ្ញៀវទេសចរ អាចជ្រើសរើសពេលវេលាដើម្បីទស្សនាប្រាសាទអង្គរវត្តមាន ៣ជម្រើស រួមមានកំណត់ត្រឹម ២ម៉ោងដែលហៅថា ទិសដៅទស្សនាបែបទេសចរណ៍ និងកំណត់រយៈពេល ២ម៉ោង ៣០នាទី ហៅថា ទិសដៅទស្សនាបែបជំនឿ និងសាសនា។ ចំណែកជម្រើសចុងក្រោយ គឺកំណត់ត្រឹម ៣ម៉ោង ដែលមានឈ្មោះថា ទិសដៅទស្សនាបែបប្រវត្តិសាស្រ្ត។
ដោយឡែកសម្រាប់ការចូលទស្សនាប្រាសាទបន្ទាយស្រីវិញ អាជ្ញាធរជាតិអប្បរា បានកំណត់ម៉ោងទស្សនាមានចំនួន២ ជម្រើស ដោយជម្រើសទី១ មានរយៈពេល១ម៉ោង ២០នាទី និងជម្រើសចុងក្រោយកំណត់ ១ម៉ោង៤០នាទី។
បន្ថែមពីលើនេះ អាជ្ញាធរជាតិអប្បរា លើកឡើងថា ការដាក់សាកល្បងជម្រើសថ្មីនេះ នឹងអនុញ្ញាតិឱ្យភ្ញៀវទេសចរបានឆ្លងកាត់ផ្នែកសំខាន់ៗ នៃប្រាសាទអង្គរវត្ត និងប្រសាទបន្ទាយស្រី មានលក្ខណៈទូលំទូលាយជាងមុន។
បើទោះបែបណា វិធានការថ្មីដែលអាជ្ញាធរជាតិអប្សរាគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ត្រូវរងការរិះគន់ជាបន្តបន្ទាប់។
ក្រុមអ្នកនាំភ្ញៀវទេសចរណ៍ប្រចាំនៅសៀមរាបអង្គរ ប្រតិកម្មនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចាត់ទុកថា ការដាក់ចេញនូវផែនការថ្មីនេះ មិនបានផ្តល់ផលចំណេញដល់កម្ពុជាអ្វីឡើយ។
ហ្វេសបុកឈ្មោះ VIsal Phok បញ្ចេមតិថា៖«ក្នុងនាមខ្ញុំជា Tour guide ១ រូបខ្ញុំ មិនឯកភាពទេ ដោយសារ វាពិបាកណាស់ក្នុងការជូនដោយកំណត់ពេលភ្ញៀវ ស្មើនឹងបង្ខំភ្ញៀវ ជាពិសេសភ្ញៀវចាស់តែម្តង» ។
ចំណែក គណនីហ្វេសបុកឈ្មោះ Sophan Angkor បានជំរុញទៅអាជ្ញាធរអប្បរា គប្បីគិតគូរ អភិរក្ស និងជួលជុសជណ្តើរប្រាសាទឱ្យប្រសើរ ជាជាងបង្កើតជម្រើសកំណត់ម៉ោងចូលទស្សនា ដែលលោកហៅថាជារឿងដែលមិនចាំបាច់ដូច្នេះ។
ហ្វេសបុស Sophan Angkor សរសេរថា៖ «សូមលោកប្រធានទានជ្រាបបន្តិច ទាំងនេះមិនមែនជារឿងចាំបាច់ទេទាន អ្វីដែលចាំបាច់នោះ គឺថាស្មើណាលោកប្រធានបើកភ្នែកមើលពីផលវិបាករបស់ភ្ញៀវអន្តរជាតិដែលពិបាកឡើងជណ្តើរជាន់ទីពីរដែលគ្មានបង្កាន់ដៃ?» ។
ជុំវិញការរិះគន់នេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្បរា លោក ឡុង កុសល ប្រាប់ Newsroom Cambodia នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ថា ជម្រើសកំណត់ម៉ោងក្នុងការទស្សនាប្រាសាទអង្គរវត្ត និងប្រសាទបន្ទាយស្រី ក្នុងខេត្តសៀមរាបនេះ ក្នុងបំណងជំរុញឱ្យភ្ញៀវទេសចរចំណេញពេលវេលា និងមានវិធីច្រើន ដើម្បីឈ្វេងយល់ពីប្រាង្គប្រាសាទបុរាណខ្មែរទៅវិញទេ។
មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅតែអាចដើរទស្សនាប្រសាទអង្គរវត្តដោយសេរីដូចពីមុនបាន ដោយមិនមានការបង្ខិតបង្ខំណាមួយ ជុំវិញនីតិវិធីថ្មីរបស់អាជ្ញាធរជាតិអប្បរាដែលបានដាក់ចេញនេះទេ។
លោកបន្តថា៖ «គេគ្រាន់តែចង់និយាយថា គេរៀបចំវង់ខ្សែទស្សនា[ថ្មី]។ហើយអាហ្នឹង គឺយើងមិនកំណត់ថា តម្រូវតែអញ្ចឹងទេ យើងចង់និយាយថា ក្នុងលក្ខណៈនៃការរៀបចំ យើងរៀបចំឱ្យមានលំហូរភ្ញៀវទេសចរណ៍តាមប្រភេទៗនីមួយអញ្ចឹង។ប៉ុន្តែមិនមែនកំណត់ថា ត្រូវតែអញ្ចឹងទេ» ។
ឯកសារប្រវត្តិសាស្រ្ត ដែលស្រាវជ្រាវដោយអ្នកបុរាណវិទូជនជាតិបារាំងលោក ហ្សក-សឺដែស បញ្ជាក់ថា ប្រាសាទអង្គរវត្ត ឬនគរវត្តនេះ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១២ ដោយព្រះបាទ សូរ្យវ័រ្មនទី២។
ប្រាសាទដែលសាសង់លើផ្ទៃដីទំហំ ១៦២,៦ហិកតារនេះ គឺដើម្បីឧទ្ទិសថ្វាយដល់ ព្រះវិណ្ណុ ហើយត្រូវបានគេចាត់ទុកថា ជាស្ថាបត្យកម្មដ៏ល្អឯកក្នុងលោក។កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អង្គការយូណេស្គូ (UNESCO) បានសម្រេចដាក់បញ្ជូលរមណីយដ្ឋានអង្គរនេះ ទៅជាសម្បត្តិបិតិកភណ្ឌពិភពលោក។
ចំណែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិមអេង ក៏មិនគាំទ្រយុទ្ធសាស្រ្តថ្មី ដែលអាជ្ញាធរអប្សរាដាក់ចេញ តាមរយៈការកំណត់ម៉ោងដល់ភ្ញៀវទេសចរបែបនេះដែរលោកចាត់ទុកថាវិធានថ្មីនេះបានបង្កើតឱ្យមានភាពរស៊ាំញ៉ាំដល់ភ្ញៀវទេសចរទៅវិញទេ។
មួយវិញទៀត លោកថាជម្រើសកំណត់ម៉ោងទាំងនេះ នឹងទាញឱ្យពលរដ្ឋខ្មែរមួយចំនួនមានការយល់ច្រលំថាពួកគេរងការរិតត្បឹតក្នុងការចូលទស្សនាប្រាសាទអង្គរវត្ត ដែលជាហេតុនាំឱ្យពលរដ្ឋលែងហ៊ានចូលទស្សនាតំបន់អង្គរតែម្តង។
បើតាមលោក យង់ គិមអេង ស្ថាប័នដែលទទួលខុសត្រូវ ក្នុងការការពាររមណីយដ្ឋានអង្គរ គួរលុបចោលនូវគម្រោងដាក់ដំណើរការខ្សែទស្សនាថ្មីទាំងនោះព្រោះវាមិនបានជួយឱ្យមានផលចំណេញផ្នែកសេដ្ឋកិច្ចជាតិទេ ផ្ទុយទៅវិញវានឹងធ្វើឱ្យភ្ញៀវបាត់ទំនុកចិត្ត ហើយក៏នាំឱ្យប៉ៈពាល់ដល់កំណើនភ្ញៀវទេសចរណ៍ដែរ។
លោកបន្តថា៖ «វាអត់ចាំបាច់នៅក្នុងការដែលបង្កើតជម្រើសថ្មីក្នុងកាលៈទេសៈដែលយើងអត់សូវមានភ្ញៀវទេសចរ។មែនទែនទៅ គួរតែលើកទឹកចិត្តគេឱ្យបានច្រើនជាង កុំធ្វើឱ្យគេមានការយល់ច្រលំពីបញ្ហាអស់ហ្នឹង។ហើយប្រជាពលរដ្ឋខ្មែរក៏ដូចគ្នាដែរ ជួនកាលចាស់ៗអី គាត់ទៅទស្សនាអង្គរវត្ត ជួនកាលគាត់ដើរយឺតណាស់ តិចទៅគាត់អង្គុយទៅ។ អ្នកខ្លះហ្នឹងមិនមែន២ម៉ោងទេ ៣ម៉ោង បានគាត់ចេញមកវិញ គាត់ចាស់ៗហើយ។បើកាលណាបង្កើតជម្រើស២ម៉ោង គាត់ថា ខ្លាចចូលទៅ ២ម៉ោងចេញអត់ទាន់គេផាកពិន័យអីហូរហែ ខ្លាចគាត់យល់អ៊ីចឹងឬក៏គេដេញគាត់មកវិញ អាហ្នឹងហើយអារម្មណ៍» ។
របាយការណ៍របស់គ្រឹះសា្ថនអង្គរ ដែលចេញផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា រយៈពេល៦ខែដំបូងក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជិត ៤០ម៉ឺននាក់ (៣៨៥ ៧៦៩ នាក់)។តាមរយៈតួលេបានបង្ហាញថា តំបន់រម្មណីយដ្ឋានទេសចរបែបប្រវត្តិសាស្រ្តមួយនេះ អាចរកចំណូលសរុបបានជិត ១៨លានដុល្លារអាមេរិក (១៧ ៨៧៧ ៤១៨ ដុល្លារ)។
ផ្អែកលើទិន្នន័យនេះ គឺភ្ញៀវទេសចរបរទេសម្នាក់ ត្រូវចំណាយលុយទិញសំបុត្រចូលទស្សនាតំបន់អង្គរចំនួន ៣៧ដុល្លារអាមេរិក ហើយដើរកំសាន្តបានរយៈពេល១ថ្ងៃ។ក៏ប៉ុន្តែប្រសិនបើភ្ញៀវទេសចរចង់ធ្វើដំណើរកំសាន្ត ក្នុងរយៈពេល៣ថ្ងៃ គឺភ្ញៀវម្នាក់ត្រូវចំណាយចំនួន៦២ដុល្លារអាមេរិក។
ទិន្នន័យដែលចេញដោយគ្រឹះស្ថានអង្គរ កាលពីឆ្នាំ ២០២២ បង្ហាញថា កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រសម្រាប់ភ្ញៀវចូលទស្សនាតំបន់អង្គរវត្តចំនួន ១១,៥លានដុល្លារអាមេរិក។តួលេខនេះមានការកើនឡើង ២ ០០០ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
យ៉ាងនេះក្តី គណបក្សជំទាស់ធ្លាប់ប្រតិកម្មចំពោះប្រាក់ចំណូល ដែលបានមកពីវិស័យទេសចរបែបប្រវត្តិសាស្រ្តនេះ។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ធ្លាប់ប្រាប់ក្រុមអ្នកសែតថា ប្រាក់ដំណូលប្រមាណ ៤០ ទៅ ៥០លានដុល្លារអាមេរិក ដែលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរនេះ ត្រូវបាត់បង់ដោយអំពើពុករលួយ។ផ្ទុយទៅវិញ ចំណូលដែលបានមកពីវិស័យមួយនេះ មានតែ២លានដុល្លារអាមេរិកទេ ត្រូវគេបង្ហាញឱ្យឃើញថាបានបង់ចូលទៅក្នុងថវិកាជាតិជារៀងរាល់ឆ្នាំ។
បើទោះជាបែបណា លោក យឹម សុវណ្ណ ធ្លាប់បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់ថ្លែងការពារថា ក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ ដែលមានភារៈកិច្ចលក់សំបុត្រនេះ ប្រមូលចំណូលបានពីវិស័យទេសចរនេះចំនួន៤លានដុល្លារអាមេរិកទេ ដែលខុសពីការគណនាជាក់ស្តែងរបស់គណបក្សជំទាស់។
ក្រោយមានការរិះគន់ជាបន្តបន្ទាប់ ពីគណបក្សក្រៅរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ុន សែន សម្រេចដកសិទ្ធិគ្រប់គ្រងសេវាកម្មលក់សំបុត្រ នៅតំបន់អង្គរនេះពីក្រុមហ៊ុនហ៊ុន សុខា របស់លោកឧកញ៉ា សុខ គង់ ឱ្យមកគ្រឹះស្ថានអង្គរដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍ ជាអ្នកចាត់ចែងវិញ ចាប់ពីឆ្នាំ២០១៦មក ៕