ក្រុមមគ្គុសទេសទេសចរណ៍នៅខេត្តសៀមរាប រិះគន់វិធានការថ្មីដែលចេញដោយអាជ្ញាធរជាតិ​​​អប្បរាថាជា​កា​​រ​ប​​ង្កភាពស្មុគ្រ​​ស្មាញ ដល់ភ្ញៀវទេសចរដែលមានបំណងឈ្វេងយល់ពីប្រាង្គប្រាសាទបុរាណខ្មែរ ខណៈ​អា​​ជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការសាកល្បងនូវជម្រើសថ្មីមួយ ដោយកំ​ណត់​ម៉ោងចូលទស្សនា ប្រា​​​​​សា​ទអង្គរវត្ត និងប្រសាទបន្ទាយស្រី ដែលនឹងចាប់អនុវត្តពីដើមខែសីហា ឆ្នាំ២០២៣ ត​ទៅ។

អ្នកនាំភ្ញៀវទេសចរប្រចាំខេត្តសៀមរាបម្នាក់ លោក ថាំង ឈុនឡេង ប្រាប់​ Newsroom Cambodia ថា លោ​​​កមិនគាំទ្រការបង្កើតវិធីកំណត់ម៉ោងសម្រា​​ប់ភ្ញៀវទេសចរដែលចូលទស្សនាប្រាសាទអង្គរវត្តនោះទេ។

បុរសដែលចាប់អាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ជាង ២០ឆ្នាំរូបនេះ សង្កេតឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ភ្ញៀវដែលមកលេងកម្សាន្តនៅរមណីយដ្ឋានអង្គរ មិនមានច្រើនលើសលប់ រហូតតម្រូវឱ្យបង្កើតរបៀបរបបថ្មីក្នុងការទស្សនាប្រាសាទអង្គរវត្ត នោះឡើយ។លោកចាត់ទុកថា ការបែងចែកម៉ោងរបៀបនេះ នឹងទា​​​ញឱ្យភ្ញៀវទេសចរមានការធ្លាក់ចុះ ហើយបានបង្កទៅជាភាពស្មុគ្រស្មាញដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តជាតិ ទៅវិញទេ។

លោកបន្តថា៖ «បើបន្ថែម [ខ្សែទស្សនាថ្មី] អញ្ជឹងដដែល ចាំបាច់បន្ថែមធ្វើអី! ឱ្យគាត់ [ភ្ញៀវទេសចរ] ដើរម៉ាសេរីដូចធម្មតាទៅ ធ្វើអញ្ចឹងធ្វើឱ្យវ៉ល់ភ្ញៀវទេសចរ ស្មុគ្រស្មាញទាំងការរៀបរបស់មន្រ្តីរបស់គាត់ វាស្មុគ្រស្មា​ញ​ យ៉ាប់ធ្វើការដែរ»

​ប្រតិកម្មនេះកើតឡើង នៅបន្ទាប់ពីអាជ្ញាធរជាតិអប្បរា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានចេញ​​គោ​​​​​​លការណ៍ កំណត់ម៉ោងទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី ដោយមិនបើកទូលា​​យដូ​​ចមុ​​ន​​​ទៀតនោះទេ។គោលការណ៍ថ្មីនេះ នឹងត្រូវចាប់អនុវត្តចាប់ពីចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខា​ង​​​​​មុខនេះតទៅ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ភ្ញៀវទេសចរ អាចជ្រើសរើសពេលវេលាដើម្បីទស្សនាប្រាសាទអង្គរវត្តមាន ៣ជម្រើស រួមមានកំណត់ត្រឹម ២ម៉ោងដែលហៅថា ទិសដៅទស្ស​​នាបែបទេសចរណ៍ និងកំណត់រយៈពេល ២ម៉ោង ៣០នាទី ហៅថា ទិសដៅទស្សនាបែបជំនឿ និងសាសនា។ ចំណែកជម្រើសចុងក្រោយ គឺកំណត់ត្រឹម ៣ម៉ោង ដែលមានឈ្មោះថា ទិសដៅទស្សនាបែបប្រវត្តិសាស្រ្ត។

ដោយឡែកសម្រាប់ការចូលទស្សនាប្រាសាទបន្ទាយស្រីវិញ អាជ្ញាធរជាតិអប្បរា បានកំណត់ម៉ោងទស្សនាមានចំនួន២ ជម្រើស ដោយជម្រើសទី១ មានរយៈពេល១ម៉ោង ២០នាទី និងជម្រើសចុងក្រោយកំណត់ ១ម៉ោង៤០នាទី។

បន្ថែមពីលើនេះ អាជ្ញាធរជាតិអប្បរា លើកឡើងថា ការដាក់សាកល្បងជម្រើសថ្មីនេះ នឹងអនុញ្ញាតិឱ្យភ្ញៀវទេ​​សចរបានឆ្លងកាត់ផ្នែកសំខាន់ៗ នៃប្រាសាទ​អង្គរវត្ត និងប្រសាទប​​ន្ទាយស្រី មានលក្ខណៈទូលំទូលាយជាងមុន។

បើទោះបែបណា វិធានការថ្មីដែលអាជ្ញាធរជាតិអប្សរាគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បង ក្នុងរយៈ​ពេ​​ល​​ប៉ុ​​​ន្មានថ្ងៃខាងមុខទៀតនេះ ត្រូវរងការរិះគន់ជាបន្តបន្ទាប់។

ក្រុមអ្នកនាំភ្ញៀវទេសចរណ៍ប្រចាំនៅសៀមរាបអង្គរ ប្រតិកម្មនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោ​​​យ​ចាត់​​​ទុ​ក​​ថា ការដាក់ចេញនូវផែនការថ្មីនេះ មិនបានផ្តល់ផលចំណេញដល់កម្ពុជាអ្វីឡើយ។

ហ្វេសបុកឈ្មោះ VIsal Phok បញ្ចេមតិថា៖«ក្នុងនាមខ្ញុំជា Tour guide ១ រូបខ្ញុំ មិនឯកភាពទេ ដោ​​យ​សា​រ វាពិបាកណាស់ក្នុងការជូនដោយកំណត់ពេលភ្ញៀវ ស្មើនឹងបង្ខំភ្ញៀវ ជាពិសេសភ្ញៀវចាស់តែម្តង»

ចំណែក គណនីហ្វេសបុកឈ្មោះ Sophan Angkor បានជំរុញទៅអាជ្ញាធរអប្បរា គប្បីគិតគូរ អភិរក្ស និងជួ​​លជុសជណ្តើរប្រាសាទឱ្យប្រសើរ ជាជាងបង្កើតជម្រើសកំណត់ម៉ោងចូលទស្សនា ដែលលោកហៅថា​ជារឿងដែលមិនចាំបាច់ដូច្នេះ។

ហ្វេសបុស Sophan Angkor សរសេរថា៖ «សូមលោកប្រធានទានជ្រាបបន្តិច ទាំងនេះមិនមែនជារឿងចាំ​​​​បាច់ទេទាន អ្វីដែលចាំបាច់នោះ គឺថាស្មើណាលោកប្រធានបើកភ្នែកមើលពីផលវិបាករបស់ភ្ញៀវអន្តរជា​តិ​ដែលពិបាកឡើងជណ្តើរជាន់ទីពីរដែលគ្មានបង្កាន់ដៃ?»

ជុំវិញការរិះគន់នេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្បរា លោក ឡុង កុសល ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ថា ជម្រើសកំណត់ម៉ោងក្នុងការទស្សនាប្រាសាទអង្គរវត្ត និងប្រសាទបន្ទា​យស្រី ក្នុងខេត្តសៀមរាបនេះ ក្នុងបំណងជំរុញឱ្យភ្ញៀវទេសចរចំណេញពេលវេលា និងមានវិធីច្រើន ដើ​ម្បី​​ឈ្វេងយល់ពីប្រាង្គប្រាសាទបុរាណខ្មែរទៅវិញទេ។

មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅតែអាចដើរទស្សនាប្រ​​សា​​ទអង្គរវត្តដោយសេរីដូចពីមុនបាន ដោយមិនមានការបង្ខិតបង្ខំណាមួយ ជុំវិញនីតិវិធីថ្មីរបស់អាជ្ញាធរជា​តិ​​​អប្បរាដែលបានដាក់ចេញនេះ​ទេ។

លោកបន្តថា៖ «គេគ្រាន់តែចង់និយាយថា គេរៀបចំវង់ខ្សែទស្សនា[ថ្មី]។ហើយ​អាហ្នឹង គឺយើងមិនកំណត់ថា តម្រូវតែអញ្ចឹងទេ យើងចង់និយាយថា ក្នុងលក្ខណៈនៃការរៀបចំ យើងរៀបចំឱ្យមានលំហូរភ្ញៀវទេ​សចរណ៍តាមប្រភេទៗនីមួយអញ្ចឹង។ប៉ុន្តែមិនមែនកំណត់ថា ត្រូវតែអញ្ចឹងទេ»

ឯកសារប្រវត្តិសាស្រ្ត ដែលស្រាវជ្រាវដោយអ្នកបុរាណវិទូជនជាតិបារាំងលោក ហ្សក-សឺដែស បញ្ជាក់ថា ប្រា​​​សាទអង្គរវត្ត ឬនគរវត្តនេះ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១២ ដោយព្រះបាទ សូរ្យវ័រ្មន​​ទី​​​២​។​​

ប្រា​​​សា​​​​ទដែលសាសង់លើផ្ទៃដីទំហំ ១៦២,៦ហិកតារនេះ គឺដើម្បីឧទ្ទិសថ្វាយដល់ ព្រះវិណ្ណុ  ហើយត្រូវបា​ន​​​​​​​គេ​​​​ចា​​ត់​​ទុកថា ជាស្ថាបត្យកម្មដ៏ល្អឯកក្នុងលោក។កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អង្គការយូណេស្គូ (U​​N​​ESCO) បានសម្រេចដាក់បញ្ជូលរមណីយដ្ឋានអង្គរនេះ ទៅជាសម្បត្តិបិតិកភណ្ឌពិភពលោក។

ចំណែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិមអេង ក៏មិនគាំទ្រយុទ្ធសាស្រ្តថ្មី ដែលអាជ្ញាធរអប្សរាដាក់ចេញ តាមរយៈការ​កំណត់ម៉ោងដល់ភ្ញៀវទេសចរបែបនេះដែរលោក​​ចា​​ត់​​ទុ​កថាវិធានថ្មីនេះបានបង្កើតឱ្យមានភាពរស៊ាំញ៉ាំដល់ភ្ញៀវទេសចរទៅវិញទេ។

មួយវិញទៀត លោ​​​​កថាជម្រើសកំណត់ម៉ោងទាំងនេះ នឹងទាញឱ្យពលរដ្ឋខ្មែរមួយចំនួនមានការយល់ច្រលំថាពួកគេរងការរិត​​ត្បឹតក្នុងការចូលទស្សនាប្រាសាទអង្គរវត្ត ដែលជាហេតុនាំឱ្យពលរដ្ឋលែងហ៊ានចូលទស្ស​​នាតំបន់អង្គរតែម្តង។

បើតាមលោក យង់ គិមអេង ស្ថាប័នដែលទទួលខុសត្រូវ ក្នុងការការពាររមណីយដ្ឋានអង្គរ គួរលុបចោលនូវគម្រោងដាក់ដំណើរការខ្សែទស្សនាថ្មីទាំងនោះព្រោះវាមិនបានជួយឱ្យមានផលចំណេញផ្នែកសេដ្ឋកិច្ចជា​តិ​​ទេ ផ្ទុយទៅវិញវានឹងធ្វើឱ្យភ្ញៀវបាត់ទំនុកចិត្ត ហើយក៏នាំឱ្យប៉ៈពាល់ដល់កំណើនភ្ញៀវទេសចរណ៍ដែរ។

លោកបន្តថា៖ «វាអត់ចាំបាច់នៅក្នុងការដែលបង្កើតជម្រើសថ្មីក្នុងកាលៈទេសៈដែលយើងអត់សូវមានភ្ញៀវទេសចរ។មែនទែនទៅ គួរតែលើកទឹកចិត្តគេឱ្យបានច្រើនជាង​ កុំធ្វើឱ្យគេមានការយល់ច្រលំពីបញ្ហាអស់ហ្នឹង។ហើយប្រជាពលរដ្ឋខ្មែរក៏ដូចគ្នាដែរ ជួនកាលចាស់ៗអី គាត់ទៅទស្សនាអង្គរវត្ត ជួនកាលគាត់ដើរយឺតណាស់ តិចទៅគាត់អង្គុយទៅ។ អ្នកខ្លះហ្នឹងមិនមែន២ម៉ោងទេ ៣ម៉ោង បានគាត់ចេញមកវិញ គាត់ចាស់ៗហើយ។បើកាលណាបង្កើតជម្រើស២ម៉ោង គាត់ថា​ ខ្លាចចូលទៅ ២ម៉ោងចេញអត់ទាន់គេផាកពិន័យអីហូរហែ ខ្លាចគាត់យល់អ៊ីចឹងឬក៏គេដេញគាត់មកវិញ អាហ្នឹងហើយអារម្មណ៍»

របាយការណ៍របស់គ្រឹះសា្ថនអង្គរ ដែលចេញផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៣ ឱ្យដឹងថា រយៈពេល៦ខែដំបូងក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មា​​ន​ចំនួនជិត ៤០ម៉ឺននាក់ (៣៨៥ ៧៦៩ នាក់)។តាមរយៈតួលេបានបង្ហាញថា តំបន់រម្មណីយដ្ឋានទេស​​ចរបែប​ប្រ​​វត្តិ​​​​​​សាស្រ្ត​​មួយនេះ អាចរកចំណូលសរុបបានជិត ១៨លានដុល្លារអាមេរិក (​​១​៧ ៨៧៧ ៤១៨ ដុល្លារ)។

ផ្អែកលើទិន្នន័យនេះ គឺភ្ញៀវទេសចរបរទេសម្នាក់ ត្រូវចំណាយលុយទិញសំបុត្រចូលទស្សនាតំបន់អង្គរ​​ចំ​​​នួ​ន ៣៧ដុល្លារអាមេរិក ហើយដើរកំសាន្តបានរយៈពេល១ថ្ងៃ។ក៏ប៉ុន្តែប្រសិនបើភ្ញៀវទេសច​​រចង់ធ្វើដំណើ​​រកំ​​សា​​​​ន្ត ក្នុងរយៈពេល៣ថ្ងៃ គឺភ្ញៀវម្នាក់ត្រូវចំណាយចំនួន៦២ដុល្លារអាមេរិក។

ទិន្នន័យដែលចេញដោយគ្រឹះស្ថានអង្គរ កាលពីឆ្នាំ ២០២២ បង្ហាញថា កម្ពុជាទទួលបានចំណូល​​​ពីការល​ក់​​​​សំ​​បុត្រសម្រាប់ភ្ញៀវចូលទស្សនាតំបន់អង្គរវត្តចំនួន ១១,៥លានដុល្លារអាមេរិក​​។តួលេខនេះមានការកើន​​ឡើ​​ង ២ ០០០ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

យ៉ាងនេះក្តី គណបក្សជំទាស់ធ្លាប់ប្រតិកម្មចំពោះប្រាក់ចំណូល ដែលបានមកពីវិស័យទេសចរបែប​​ប្រវត្តិ​​សា​​​​​​​ស្រ្តនេះ។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ធ្លាប់ប្រាប់ក្រុមអ្នកសែតថា ប្រាក់ដំណូលប្រមាណ ៤០ ទៅ ៥០លានដុល្លារអាមេរិក ដែលបានមកពីការល​​ក់​​សំ​​បុត្រចូលទស្សនាតំបន់អង្គរនេះ ត្រូវបាត់បង់ដោយអំពើពុករលួយ។ផ្ទុយទៅវិញ ចំណូលដែលបានម​​ក​​ពី​​វិស័​យមួយនេះ មានតែ២លានដុល្លារអាមេរិកទេ ត្រូវគេបង្ហាញឱ្យឃើញថាបាន​​បង់ចូលទៅក្នុងថវិ​​កាជា​​តិ​​ជា​​រៀងរាល់​ឆ្នាំ​។

បើទោះជាបែបណា លោក យឹម សុវណ្ណ ធ្លាប់បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់ថ្លែងការពារថា ក្រុ​​មហ៊ុនលោកឧកញ៉ា សុខ គង់ ដែលមានភារៈកិច្ចលក់សំបុត្រនេះ ប្រមូលចំណូលបានពីវិស័យទេ​​សច​​​​​រ​​នេះ​​​​​​​ចំនួន៤លានដុល្លារអាមេរិកទេ ដែលខុសពីការគណនាជាក់ស្តែងរបស់គណបក្សជំទាស់។

ក្រោយមានការរិះគន់ជាបន្តបន្ទាប់ ពីគណបក្សក្រៅរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី កា​​ល​​ពី​​ថ្ងៃ​ទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ុន សែន សម្រេចដកសិទ្ធិគ្រប់គ្រងសេវាកម្មលក់សំបុត្រ នៅតំ​​ប​​ន់​​​​​​​​​​អ​​ង្គ​​​​​​រ​​នេះ​​ពីក្រុមហ៊ុនហ៊ុន សុខា របស់លោកឧកញ៉ា សុខ គង់ ឱ្យមកគ្រឹះស្ថានអង្គរដែលស្ថិតនៅក្រោម​​ក្រ​​​​​​​​​សួ​​ង​​ទេសចរណ៍ ជាអ្នកចាត់ចែងវិញ ចាប់ពីឆ្នាំ២០១៦មក ៕