មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន អំពាវនាវគណបក្សដែលជាប់ឆ្នោតនៅក្នុងអាណត្តិទី៧នេះ បើកលំហរសេរីភាពខាងនយោបាយឱ្យបានទូលំទូលាយ ដើម្បីបើកផ្លូវឱ្យពួកគេអាចបំពេញភារកិច្ចទៅតាមតួនាទី ដូចច្បាប់បានកំណត់ ខណៈសកម្មជន និងក្បាលម៉ាស៊ីនដឹកមួយចំនួនត្រូវបានចាប់ខ្លួនបន្តបន្ទាប់ ក្រោមហេតុផលផ្សេងៗទាំងមុន និងក្រោយការបោះឆ្នោតបានបិទបញ្ចប់។
លោក គីម សួរភារិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ក្នុងនាមជាអ្នកនយោបាយ លោកស្នើទៅដល់គណបក្សដែលនឹងឡើងកាន់អំណាច នៅក្នុងអាណត្តិថ្មីនេះ បញ្ឈប់ការចាប់ខ្លួន និងបើកលំហសេរីភាពខាងនយោបាយ ចំពោះបក្សជំទាស់ ឱ្យពួកគេអាចបំពេញកាងារដោយស្រួលបានផង។លោកបន្តថា ការបន្តយាយី និងធ្វើទុក្ខបុកម្នេញខាងនយោបាយ មកលើសកម្មជន និងក្បាល់ម៉ាស៊ីនដឹកនាំរបស់គណបក្សភ្លើងទៀននេះ បង្ហាញពីរូបភាពនៃបរិយាកាសនយោបាយ មិនល្អប្រសើរឡើយ។
លោកបន្តថា«យើងសូមអំពាវនាវថាឱ្យអាជ្ញាធរឈប់ការចាប់ខ្លួនទៅ ពីព្រោះការបោះឆ្នោតហ្នឹងរួចផុតទៅហើយ ធ្វើម៉េចឱ្យបរិយាកាសក្រោយការបោះឆ្នោត និងបរិយាកាសនយោបាយហ្នឹងវាល្អ។ហើយមានការអត់ឱនទៅដើម្បីធ្វើឱ្យអ្នកនយោបាយ និងសកម្មជននយោបាយគាត់អាចរស់នៅដោយសុខស្រួល និងមិនមានការភ័យខ្លាចខាងនយោបាយ។យើងមើលអត់ដឹងប៉ុន្តែគ្រាន់តែសំខាន់ថាតើលំហសេរីភាពចូលរួមធ្វើនយោបាយហ្នឹងវាកម្រិតណា អាស្រ័យលើរដ្ឋាភិបាលកើតចេញពីក្រោយពីការបោះឆ្នោតហ្នឹង »។
នៅក្រោយការបោះឆ្នោតបានបិទបញ្ចប់ទៅមួយថ្ងៃ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន លោក ឡោ ធន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។នៅក្នុងថ្ងៃតែមួយ ក្រោយពីរកមិនឃើញមានតម្រុយណាមួយ អំពីផែនការបំផ្លាញសន្លឹកឆ្នោត នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៣ លោកត្រូវបានដោះលែងវិញ។
ការចាប់ខ្លួនក្បាលម៉ាស៊ីនដឹកនាំនៅមូលដ្ឋានបន្ថែមទៀតនេះ បានធ្វើឱ្យចំនួនអ្នកដែលត្រូវចាប់ខ្លួនបន្តកើនឡើងជិត១០នាក់ ទាំងមុន និងនៅក្រោយការបោះឆ្នោតបិទបញ្ចប់។លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀនប្រចាំក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងថ្ងៃបោះឆ្នោត ដោយចោទប្រកាន់ពីបទ គូសខ្វែងសន្លឹកឆ្នោតនៅលើបណ្តាញសង្គម ហ្វេសប៊ុក។ក្នុងថ្ងៃតែមួយលោក ជឹម សុជាតិ ក្រុមប្រឹក្សាឃុំ គណបក្សភ្លើងទៀន ស្រុកចំការលើ ខេត្តកំពង់ចាម ក៏ត្រូវចាប់ខ្លួន ខណៈដែលលោកឈរថតរូប ពេលមន្រ្តី គ.ជ.ប រាប់សន្លឹកឆ្នោត ប៉ុន្តែមិនបានប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន ក៏ដោះលែងវិញ។
ក្រៅពីនេះនៅមាន អ្នកស្រី វង រុន្នី ប្រធានចលនាស្រ្តីថ្នាក់ជាតិរាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ។អ្នកទាំងពីរត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួន ដោយតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ កក្កដា នៅអំឡុងពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត។
ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិមកពីគណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនខ្លួនចូលរថយន្តភ្លាមៗដែរ។ ដោយឡែក លោក ខឹម មុនីកុសល ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន កំពុងនិរទេសខ្លួន បន្ទាប់ពីស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សម្រេចកាលពីថ្ងៃទី ១៧ កក្កដា ដោយលុបឈ្មោះ និងដកសិទ្ធិមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន ១០ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ១៥លានរៀលថែមទៀត។
គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានភ្លាៗទេ នៅថ្ងៃទី ២៩ ខែ កក្កដា។ប៉ុន្តែមន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លើយតបថា អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ ភាគច្រើនបានប្រព្រឹត្តបទល្មើស ដែលផ្ទុយពីច្បាប់កំណត់។
ការថ្លែងដូចនេះរបស់ លោក ខៀវ សុភ័គ គឺនៅក្រោយពេលដែលមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយសភាពការណ៍នយោបាយទៅលើក្រុមជំទាស់។បើតាមអ្នកនាំពាក្យរូបនេះ ការចាប់ខ្លួនមន្រ្តីគណបក្សភ្លើងទៀនកន្លងទៅ គឺសមត្ថកិច្ចអនុវត្តដោយផ្អែកទៅលើបទល្មើសជាក់ស្តែង។មួយវិញទៀត ពួកគេធ្វើសកម្មភាពញុះញង់ឱ្យពលរដ្ឋចូលរួមបំផ្លាញសន្លឹកឆ្នោត។
ប្រភពដដែលបន្តថា ការអនុវត្តវិធានការបែបនេះ របស់សមត្ថកិច្ចគឺជាការប្រឆាំងក្រុមបំពុលសង្គម ហើយក៏ជាការពង្រឹងច្បាប់ដែរ។ផ្ទុយទៅវិញ មិនមែនសុខៗកម្លាំងមានសមត្ថកិច្ចចុះអនុវត្តច្បាប់ ដោយគ្មានតម្រុយណាមួយនោះឡើយ។
លោកបន្តថា«ការចាប់ខ្លួនកន្លងមកហ្នឹងណា គឺអ្នកដែលញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែលគេចាប់បាននៅក្នុ្ងងការអំពាវនាវរបស់ខ្លួនក្តី ឬសកម្មភាពជាក់ស្តែងរបស់ខ្លួនក្តីគឺឱ្យបោះឆ្នោតខ្វែងចោល ដែលធ្វើឱ្យដំណើរការបោះឆ្នោតនៅកម្ពុជាហ្នឹងខូចការ។អាហ្នឹងវាគឺអញ្ចឹង »។
ចំណែក លោក សំ សុគង់ មេធាវីការពារក្តីឱ្យគណបក្សភ្លើងទៀន លើកឡើងថា អ្នកដែលត្រូវបានចាប់ខ្លួនភាគច្រើន គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស នៅតាមរាជធានី ខណ្ឌ និងរហូតប្រធានប្រតិបត្តិថែមទៀតផង។លោកបន្តថាបទល្មើសភាគច្រើន ប្រឆាំងមន្រ្តីគណបក្សភ្លើងទៀន រកឃើញមានបទចោទស្ទើរដូចគ្នា គឺបទចោទញុះញង់ អំពីដំណើរការបោះឆ្នោត និងគូសខ្វែងលើសន្លឹកឆ្នោត។ប៉ុន្តែក្នុងចំណោមពួកគេ ដែលត្រូវបានចាប់ខ្លួន នៅចំពោះមុខនេះ សុទ្ធតែទទួលបានមេធាវីការពាក្តីរួចរាល់ហើយ។
លោកបន្តថា«យើងឃើញកន្លងមកហ្នឹងក្រោមបទចោទពីបទញុះញង់បង្ករឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសង្គម..[…]ពួគាត់សុទ្ធតែជាថ្នាក់ដឹកនាំហើយនិងសមាជិកនៅមូលដ្ឋាន។ពួកគាត់សុទ្ធតែមានមេធាវីការពារ ប៉ុន្តែអ្នកចាប់ថ្មីៗមិនទាន់មានការពឹងពាក់ »។
ទាក់ទិនសំណុំរឿងបោះឆ្នោតនេះដែរ គិតត្រឹមពីថ្ងៃទី ២៣ ខែ កក្កដា អាជ្ញាធរបានកំណត់មុខសញ្ញា អ្នកសង្ស័យថាបានញុះញង់ពលរដ្ឋឱ្យគូសន្លឹកឆ្នោតខ្វែងចំនួន ៤៤នាក់។ក្នុងចំណោមពួកគេ អាជ្ញាធរចោទប្រកាន់ថា អ្នកទាំងនោះបានធ្វើសកម្មភាពតាមការអំពាវនាវរបស់លោក សម រង្ស៊ី។
សម្រាប់ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការបន្តចាប់ខ្លួន អ្នកនយោបាយគណបក្សដែលនៅក្រៅរដ្ឋាភិបាលដូចនេះ ជាសញ្ញាបង្ហាញពីភាពផុយស្រួលនៃការបែកបាក់សង្គម ព្រោះតែបង្កើតយុទ្ធសាស្រ្តបក្សពួកនិយមដូចនេះ។ជាងនេះទៀត ការបង្កើតភាពឈឺចាប់ ដោយប្រើវិធីយកឈ្នះតែម្នាក់ឯង វានឹងងាយធ្វើឱ្យមានការប្រេះឆាផ្ទៃក្នុង ហើយចៀសមិនផុតពីអំពើប្រទូសរ៉ាយកើតឡើងទេ។
បើតាមអ្នកវិភាគរូបនេះ ជាជម្រើសល្អគ្រប់តួអង្គដែលពាក់ព័ន្ធគួរអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ជាពិសេសផ្តល់ការអនុវត្តដោយស្មើភាពគ្នាខាងនយោបាយ និងសេរីភាពខាងការបញ្ចេញមតិ។
លោកបន្តថា«ចំពោះការចាប់ខ្លួនជាបន្តបន្ទាប់មកនេះ ទៅលើសកម្មជនគណបក្សភ្លើងទៀនគឺជាសញ្ញាអវិជ្ជមានមួយដែលបង្ហាញឱ្យដឹងថាស្ថានភាពនយោបាយ ក៏ដូចជាសន្តិសុខសង្គមកម្ពុជាមិនមានលក្ខណៈល្អប្រសើរទេ។បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្វើកិច្ចការងារសង្គមតែម្តង។ហើយបញ្ហានេះនឹងបន្តរីករាលដាលប្រសិនបើចំណាត់ការនេះនៅតែបន្តសញ្ញាបាក់បែកនយោបាយនៅក្នុងប្រទេសកម្ពុជានឹងកាន់តែរីកធំធាត់ និងធ្វើឱ្យសង្គមទាំងមូលនឹងឈានទៅរកភាពច្របូកច្របល់ »។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ១២០អាសនៈនៅក្នុងរដ្ឋសភា ក្នុងចំណោមគណបក្សនយោបាយទាំង ១៨គណបក្ស។ដោយឡែកគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ដែលធ្លាប់តែសូន្យកៅអី ក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០០៨មក នៅពេលនេះ ហ្វ៊ុនស៊ិនប៉ិច អាចរកសំឡេងគាំទ្របានចំនួន ៥អាសនៈឡើងវិញ នៅក្នុងអាណត្តិទី៧នេះ។
បើទោះបែបណា ការបោះឆ្នោតលើកនេះ កម្ពុជាត្រូវរងការរិះគន់ពីបណ្តាប្រទេសលោកសេរី ហើយមិនទទួលយកលទ្ធផល នៃការបោះឆ្នោតនេះថែមទៀតផង។សហរដ្ឋអាមេរិកដែលគេដឹងថាជាប្រទេសចាស់ទុំខាងប្រជាធិបតេយ្យ ចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតដែលមិនសេរី និងយុត្តិធម៌ទេ។ក្រៅពីសហរដ្ឋអាមេរិក នៅមានប្រទេសអាល្លឺម៉ង់ និងជប៉ុនជាដើម ក៏ប្រតិកម្មចំពោះដំណើរការបោះឆ្នោតនេះដូចគ្នាដែរ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន មួយថ្ងៃក្រោយបិទបញ្ចប់ការបោះឆ្នោត ប្រទេសដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យទាំងនោះ មានទុទិដ្ឋិនិយមថា ការបោះឆ្នោតដែលផាត់ចេញសំឡេងប្រឆាំង បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត និងគំរាមកំហែងអង្គការសង្គមស៊ីវិល គឺជាការបោះឆ្នោតដែលមិនបានឆ្លុះបញ្ចាំងពីឯករាជ្យនោះឡើយ៕