នាយករដ្ឋមន្រ្តីចាំផ្ទះប្រកាសនៅថ្ងៃសៅរ៍នេះថាមុននឹងក្លាយជាប្រធានព្រឹទ្ធសភាក្នុងរយៈពេល៦ខែខាងមុខនេះ លោកធ្វើជាតំណាងរាស្រ្តនៅក្នុងរដ្ឋសភាជាមុនសិន ក្រោយចុះចេញពីតួនាទីកំពូលជានាយករដ្ឋមន្រ្តី ស្របពេលគណៈរដ្ឋមន្រ្តីចាស់របស់លោកគឺនៅរក្សាទុកដូចដើម មិនមានការផ្លាស់ប្តូរអ្វីទេ។
ការថ្លែងដូចនេះរបស់លោក ហ៊ុន សែន តាមរយៈឃ្លីប វីដេអូ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៣នេះ។
ក្នុងនាមជារដ្ឋាភិបាលចាំផ្ទះ លោក ហ៊ុន សែន អះអាងថា ក្រោយចុះចេញពីអំណាចលោកមិនទាន់ទៅកាន់តួនាទីជាក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាភ្លាមៗទេ ពោលលោកនៅជាសមាជិកសភានៅឡើយ។
ធ្លាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីជិត ៤០ ឆ្នាំ លោក ហ៊ុន សែន ថ្លែងទៀតថាលោក និង រដ្ឋមន្រ្តីនានាដែលមិនបន្តកាន់មុខតំណែង នឹងក្លាយជាសមាជិករដ្ឋសភានៅចុងខែសីហា ឆ្នាំ២០២៣ខាងមុខទៀតនេះ។
លោកបន្តថា៖«រដ្ឋមន្រ្តីនានាដែលមិនធ្វើជារដ្ឋមន្រ្តីតទៅទៀត ត្រូវធ្វើជាសមាជិកសភា រាប់ទាំងខ្លួនខ្ញុំព្រះករុណាខ្ញុំ។ មុនពេលទៅកាន់ប្រធានព្រឹទ្ធសភានៅឆ្នាំក្រោយ គឺត្រូវអង្គុយនៅធ្វើជាសមាជិករដ្ឋសភា»។
បើតាមលោក ហ៊ុន សែន គណៈរដ្ឋមន្រ្តីថ្មីក្រោមការដឹកនាំកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត នឹងមិនរុះរើមន្រ្តីណាមួយចេញពីប្រអប់ចាស់នោះទេ រាប់ទាំងមន្រ្តីនយោបាយ មន្រី្តរាជការស៊ីវិល និងកងកម្លាំប្រដាប់អាវុធគ្រប់ជាន់ថ្នាក់។
ដោយឡែក ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ យល់ឃើញថា ការកាន់កាប់មុខតំណែងរបស់លោក ហ៊ុន សែន ក្នុងស្ថាបនជាតិជាបន្តបន្ទាប់មកនេះ គឺជាការចាត់ចែងរបស់គណបក្សប្រជាជនកម្ពុជាក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតដែលកំណត់ដោយច្បាប់។
បើតាមលោក អ៊ិត សារម្យ ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល ប្រសិនបើស្ថានភាពមានការបត់បែន លោកចង់កែច្បាប់មួយចំនួនពាក់ព័ន្ធនឹងការរៀបចំរដ្ឋាភិបាល ក្រោមហេតុផលថា ច្បាប់ខ្លះបង្កើតឡើងមិនបានបម្រើសេចក្តីត្រូវការផលប្រយោជន៍រួមទេ។បើទោះជាបែបណា លោកមិនបញ្ជាក់ត្រង់មាត្រាណាមួយនៃច្បាប់ដែលលោកសំដៅថាចង់កែប្រែនោះទេ។
លោកបន្តថា៖ «ច្បាប់ខ្លះ មាត្រាខ្លះ វាមិនបានទៅបម្រើប្រជាពលរដ្ឋ គ្រាន់តែជាច្បាប់ការរៀបចំផលប្រយោជន៍តួនាទីផ្នែកណាមួយអាហ្នឹងច្បាប់បែបហ្នឹងវាពិបាកដែរ។សម្រាប់ ពូ ថ្ងៃអនាគតនឹងពិនិត្យមើលច្បាប់យើងក្នុងប្រទេសយើងមួយចំនួន។ ច្បាប់ស្ដីពីដំណើរការស្ថាប័នរដ្ឋមួយចំនួនត្រូវពិនិត្យមើលឡើងវិញ »។
លោកនាយករដ្ឋមន្រ្តី ឱ្យដឹងថា រដ្ឋសភានីតិកាលទី៧ នឹងកោះប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។
បើតាមលោក ហ៊ុន សែន កូនប្រុសច្បងរបស់លោកនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧នេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ជាមួយគ្នានេះ ក្នុងនាមជាមេដឹកនាំធ្លាប់កាន់តួនាទីកំពូលនេះ នឹងចូលទៅដឹកនាំស្ថាបនព្រឹទ្ធសភាជំនួស លោក សាយ ឈុំ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
តួនាទីដែលលោក ហ៊ុន សែន ធ្លាប់រងការរិះគន់ថាជាមេដឹកនាំដែលក្រាញអំណាចនេះ នៅមិនទាន់គិតដល់លោកជាប្រធានគណបក្សកាន់អំណាច និងជាអគ្គមេបញ្ជាយោធាផុតលេខថែមទៀតនៅឡើយផង។
ជាងនេះទៀត លោកនាយករដ្ឋមន្រ្តី លើកឡើងថា រដ្ឋមន្រ្តីជាច្រើនដែលមិនបន្តដឹកនាំក្រសួងរបស់ខ្លួន នឹងក្លាយជាសមាជិកសភា ព្រឹទ្ធសភា និងទីប្រឹក្សារដ្ឋាភិបាល។ដោយឡែក លោក ហេង សំរិន លោកស្រី ម៉ែន សំអន លោក ទៀ បាញ់ និងលោក ស ខេង នឹងក្លាយជាសាមជិកឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
រដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥៕