នាយករដ្ឋមន្រ្តីចាំផ្ទះប្រកាសនៅថ្ងៃសៅរ៍នេះថាមុននឹងក្លាយ​​ជាប្រធានព្រឹទ្ធសភាក្នុង​​រយៈពេ​​ល​​​​៦ខែ​​ខាងមុខនេះ លោកធ្វើជាតំណាងរាស្រ្តនៅក្នុងរដ្ឋសភាជាមុនសិន ក្រោយចុះចេញ​ពីតួនា​ទី​កំ​ពូ​​​ល​​ជានាយករដ្ឋមន្រ្តី ស្រ​បពេលគណៈរដ្ឋមន្រ្តីចាស់របស់លោកគឺនៅរក្សាទុកដូចដើម មិន​មា​ន​កា​​រផ្លាស់​​ប្តូរ​អ្វី​​ទេ​។

ការថ្លែងដូចនេះរបស់លោក ហ៊ុន សែន តាមរយៈឃ្លីប វីដេអូ ដែលត្រូវបានផ្សព្វផ្សាយដោ​​យ​​​ប​​ណ្តា​​ញសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៣នេះ។

ក្នុងនាមជារដ្ឋាភិបាលចាំផ្ទះ លោក ហ៊ុន សែន អះអាងថា ក្រោយចុះចេញពីអំណាច​​លោកមិ​ន​ទា​​ន់​​ទៅកាន់តួនាទីជាក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាភ្លាមៗទេ ពោលលោកនៅជា​​សមាជិក​​​ស​​ភា​នៅឡើយ។

ធ្លាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីជិត ៤០ ឆ្នាំ លោក ហ៊ុន សែន ថ្លែងទៀតថាលោក និង រដ្ឋមន្រ្តីនានា​ដែលមិនបន្តកាន់មុខតំណែង នឹងក្លាយជាសមាជិករដ្ឋសភានៅចុងខែសីហា ឆ្នាំ២​០​​​២៣​ខាងមុខទៀតនេះ។

លោក​បន្តថា៖«រដ្ឋមន្រ្តីនានាដែលមិនធ្វើជារដ្ឋមន្រ្តីតទៅទៀត ត្រូវធ្វើជាសមាជិកសភា រាប់ទាំ​ង​​ខ្លួនខ្ញុំព្រះករុណាខ្ញុំ។ មុនពេលទៅកាន់ប្រធានព្រឹទ្ធសភានៅឆ្នាំក្រោយ គឺត្រូវអង្គុយនៅធ្វើជាសមាជិករដ្ឋសភា»

បើតាមលោក ហ៊ុន សែន គណៈរដ្ឋមន្រ្តីថ្មីក្រោមការដឹកនាំកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត នឹងមិនរុះរើមន្រ្តីណាមួយចេញពីប្រអប់ចាស់នោះទេ រាប់ទាំងមន្រ្តីនយោបាយ មន្រី្តរាជការស៊ីវិល និងកងកម្លាំប្រដាប់អាវុធគ្រប់ជាន់ថ្នាក់។

ដោយឡែក ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ យល់ឃើញថា ការកាន់កាប់មុខតំណែងរបស់លោក ហ៊ុន សែន ក្នុងស្ថាបនជាតិជាបន្តបន្ទាប់មកនេះ គឺជាការចាត់ចែងរបស់គណបក្សប្រជាជនកម្ពុជាក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតដែលកំណត់ដោយច្បាប់។

បើតាមលោក អ៊ិត សារម្យ ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល ប្រសិនបើស្ថាន​​ភាពមាន​​ការបត់​​បែ​ន ​លោកចង់កែច្បាប់មួយចំនួនពាក់ព័ន្ធនឹងការរៀបចំរដ្ឋាភិបាល ក្រោមហេតុផលថា ច្បាប់ខ្លះ​បង្កើតឡើងមិនបានបម្រើសេចក្តីត្រូវការ​ផល​ប្រយោជន៍រួមទេ។បើទោះជាបែបណា លោកមិនបញ្ជាក់ត្រង់មាត្រាណាមួយនៃច្បាប់ដែលលោកសំដៅថាចង់កែប្រែនោះ​ទេ។

លោក​បន្តថា៖ «ច្បាប់ខ្លះ មាត្រាខ្លះ វាមិនបានទៅបម្រើប្រជាពលរដ្ឋ គ្រាន់តែជាច្បាប់ការរៀ​ប​ចំ​​ផលប្រយោជន៍តួនាទីផ្នែកណាមួយអាហ្នឹងច្បាប់បែបហ្នឹងវាពិបាកដែរ​។សម្រាប់ ពូ ថ្ងៃអ​នា​គតនឹងពិនិត្យមើលច្បាប់យើងក្នុងប្រទេសយើងមួយចំនួន។ ច្បាប់ស្ដីពីដំណើរការស្ថាប័នរដ្ឋមួយចំ​នួនត្រូវពិនិត្យមើលឡើងវិញ »។

លោកនាយករដ្ឋមន្រ្តី ឱ្យដឹងថា រដ្ឋសភានីតិកាលទី៧ នឹងកោះប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។

បើតាមលោក ហ៊ុន សែន កូនប្រុសច្បងរបស់លោកនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អា​​ណ​​​ត្តិទី៧នេះ នៅថ្ងៃទី២២ ខែសី​​ហា ឆ្នាំ២០២៣។ជាមួយគ្នានេះ ក្នុងនាមជាមេ​​ដឹកនាំ​ធ្លាប់​កាន់​​តួ​​​នាទីកំពូលនេះ នឹងចូលទៅដឹកនាំស្ថាបន​ព្រឹ​ទ្ធ​ស​ភាជំ​​នួ​ស លោក សាយ​ ឈុំ និងជាប្រធាន​​ឧ​​ត្ត​​មក្រុមប្រឹក្សាព្រះមហាក្សត្រ។

តួនាទីដែលលោក ហ៊ុន សែន ធ្លាប់រងការរិះគន់ថាជាមេដឹកនាំដែលក្រាញអំណាចនេះ នៅ​​មិន​​ទាន់គិតដល់លោកជាប្រធានគណបក្សកាន់អំណាច និងជាអគ្គមេ​​បញ្ជាយោធាផុត​​លេខ​​ថែម​​​ទៀ​​​ត​​នៅ​​ឡើ​យផង។

ជាងនេះទៀត លោកនាយករដ្ឋមន្រ្តី លើកឡើងថា រដ្ឋមន្រ្តីជាច្រើនដែលមិនបន្តដឹកនាំក្រសួងរបស់ខ្លួន នឹងក្លាយជាសមាជិកសភា ព្រឹទ្ធសភា និងទីប្រឹក្សារដ្ឋាភិបាល។ដោយឡែក លោក ហេ​ង សំរិន លោកស្រី ម៉ែន សំអន លោក ទៀ បាញ់ និងលោក ស ខេង នឹងក្លាយជាសាម​ជិ​ក​​ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

រដ្ឋាភិបាលកម្ពុជា​ បានកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥៕