សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកការជំនុំជម្រះសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន ក្នុងពេលឆាប់ៗខាងមុខនេះខណៈមេធាវីការពារចុងចោទទាមទារឱ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ក្រោមហេតុផលថាការឃុំខ្លួនក្នុងដំណាក់ការស៊ើបអង្កេតរបស់តុលាការត្រូវបានបិទបញ្ចប់ទៅហើយ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា ចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងក្ដីរបស់ លោក ថាច់ សេដ្ឋា នឹងកំណត់ថ្ងៃបើកសវនាការក្នុងពេលឆាប់ៗនេះ។ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់កាលបរិច្ចេទឱ្យបានប្រាកដ អំពីថ្ងៃជំនុំជម្រះនេះនៅឡើយទេ ដោយបានអះអាងថា ចៅក្រមជំនុំជម្រះ កំពុងពិនិត្យលទ្ធភាពដើម្បីដំណើរការក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ឱ្យបានឆាប់។
ស្របពេលតុលាការ មិនទាន់មានភាពជាក់លាក់ សម្រាប់ថថ្ងៃជំនុំជម្រះ លោក អ៊ី រិន្ទ ក៏បញ្ជាក់ដែរថា នៅចំពោះមុខនេះ ខាងតុលាការបានទទួលលិខិតស្នើសុំឱ្យដោះលែងជនជាប់ចោទ ពីមេធាវីការពារក្តីរួចហើយដែរ។
លោកបន្តថា៖«ខាងលោកស្រី ចៅក្រម គាត់ទទួលបន្ទុកសំណុំរឿងហ្នឹងគាត់បានទទួលឯកសារពាក្យសុំ[ដោះលែង]ហ្នឹងហើយ។ ហើយលោកស្រីចៅក្រមកំពុងតែពិនិត្យហើយគាត់នឹងដាក់កម្មវិធីសវនាការមួយនឹងសម្រេចនៅពេលឆាប់ៗហ្នឹង» ។
កាលពីថ្ងៃទី ២៥ ខែកក្កដា មេធាវីការពារក្ដី លោក ថាច់ សេដ្ឋា គឺ លោក ជូង ជូងីបានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញដោយស្នើសុំដោះលែងកូនក្ដីខ្លួនឱ្យមានសេរីភាពវិញ។ក្នុងលិខិតស្នើសុំនោះ លើកឡើងថា តុលាការបានបិទបញ្ចប់នីតិវិធីក្នុងការស៊ើបអង្កេតលើលោក ថាច់ សេដ្ឋា ក្រោមបទចោទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » ចប់សព្វគ្រប់អស់ហើយ។ ហេតុនេះការឃុំខ្លួនប្រឆាំងលោក ថាច់ សេដ្ឋា ជាបណ្ដោះអាសន្នអំឡុងពេលតុលាការបើកការស៊ើបអង្កេតនេះ វាគួរត្រូវបានដោះលែងវិញ។
បន្ថែមលើលិខិតស្នើសុំនេះ លោក ជូង ជូងី បញ្ជាក់ថា ប្រសិនបើតុលាការបន្តការឃុំខ្លួនលោក ថាច់ សេដ្ឋា ទៀត ហើយក្រោយពេលតុលាការសម្រេចក្តី ដោយរកមិនឃើញពីបទល្មើស ដូចការចោទប្រកាន់ នោះនឹងរឹតតែធ្វើឱ្យប៉ះពាល់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក។
លោកបន្តថា៖«ពេលតុលាការឃុំខ្លួនកន្លងមកគេហៅថាឃុំខ្លួនបណ្ដោះអាសន្នដើម្បីធានាការស៊ើបអង្កេត។ឥឡូវនេះ ការស៊ើបអង្កេតចប់សព្វគ្រប់អស់ហើយ។ ដូច្នេះអត់មានភាពចាំបាច់ត្រូវរក្សាខ្លួនគាត់នៅក្នុងពន្ធនាគារទៀតទេ»។
តាមរយៈលិខិតរបស់មេធាវីការពារក្ដីដែលស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនក្តីរបស់ខ្លួនបាននៅក្រៅបណ្តោះអាសន្ននេះ និយាយថា រស់នៅក្នុងពន្ធនាគារ លោក សេដ្ឋា កំពុងប្រឈមមុខនឹងជំងឺជាច្រើន មានដូចជា ខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ និងឡើងជាតិអាស៊ីត ដែលតម្រូវឱ្យមានការព្យាបាលជាប់ជាប្រចាំ។
គិតមកដល់ពេលនេះលោក ថាច់ សេដ្ឋា ត្រូវឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសប្រហែលកន្លះឆ្នាំមកហើយ ក្រោយលោកត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់ កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះ ។ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ទិត ដាលីន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក ថាច់ សេដ្ឋា ក្រោមបទចោទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »។
ការចោទប្រកាន់នេះ រកឃើញថា អនុប្រធានគណបក្សជំទាស់រូបនេះ បានប្រព្រឹត្តបទល្មើស នៅអំឡុងឆ្នាំ២០១៩ ដែលចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ឬហៅថា សែកស្អុយជាង ៣ម៉ឺនដុល្លារអាមេរិក ឱ្យទៅម្ចាស់បំណូលលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនសប និងជាម្ចាស់ក្រុមហ៊ុន Dynith Commercial ដែលមានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
មេធាវីតំណាងក្រុមហ៊ុន រិន ឆាយ ផនសប គឺលោក លី ទិត្យបូនាមី ធ្លាប់ប្រាប់ក្រុមអ្នកកាសែតថា លោក ថាច់ សេដ្ឋា ពិតជាបានជំពាក់លុយកូនក្តីរបស់ខ្លួនបែបនេះមែន ប៉ុន្តែលោកសុំមិនផ្តល់ការលម្អិតអំពីចំនួនទឹកប្រាក់ ដែលនាំឱ្យមានការរំខាន់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ។
បើទោះជាបែបនេះក្តី លោក ថាច់ សេដ្ឋា បានបដិសេធនៅចំពោះមុខមេធាវីរបស់លោក អំឡុងពេលជួបសន្ទនាដោយផ្ទាល់ នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៣។
លោក សឺន ជុំជួន ដែលអះអាងថាបានទៅជួបកូនក្តី នៅក្នុងមន្ទីរឃុំឃាំងព្រៃស ធ្លាប់ប្រាប់អ្នកកាសែតថា លោក ថាច់ សេដ្ឋា មិនបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ ដូចការចោទប្រកាន់ទេ។ម្យ៉ាងវិញទៀត លុយដែលជនសង្ស័យជំពាក់ម្ចាស់បំណុល គឺបង់រំលល់អស់ហើយ នៅសល់ប្រមាណប្រហែល ១ដុល្លារអាមេរិក។លោក ថាច់ សេដ្ឋា ប្រាប់លោកក្នុងនាមជាមេធាវីថា បំណុលដែលនៅសល់នេះគឺលោកមិនបាគេចវេសទៅណាទេ។ក៏ប៉ុន្តែដែលនាំទៅដល់ការចាប់ខ្លួននេះ អាចមកពីហេតុផលអ្វីផ្សេងពីនេះ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់ស្របតាមមេធាវីជនត្រូវចោទ ដោយចាត់ទុកថា តុលាការគួរដោះលែងលោក ថាច់ សេដ្ឋា បាននៅក្រៅឃុំបណ្តោះអាសន្ន ប្រយោជន៍ដើម្បីបើកផ្លូវឱ្យជនត្រូវចោទ ទទួលបានសេវាព្យាបាលគ្រប់គ្រាន់ ខណៈលោក ថាច់ សេដ្ឋា កំពុងមានជំងឺប្រចាំកាយស្រាប់ផង។
លោកបន្តថា៖«ក្រោយចៅក្រមស៊ើបសួរបិទការស៊ើបអង្កេត ការឃុំខ្លួនបណ្តោះអាសន្នដូចមិនចាំបាច់ថាត្រូវឃុំខ្លួនបន្តដើម្បីរក្សាទុកជនជាប់ចោទដើម្បីជំនុំជម្រះ។ប្រសិនបើជនត្រូវចោទមានលក្ខខណ្ឌគ្រប់ និងធានាសហការគ្រប់នីតិវិធីរបស់តុលាការ ព្រោះវាជាប្រយោជន៍សម្រាប់ជនត្រូវចោទក្នុងការព្យាបាលជំងឺ និងថែទាំសុខភាព បើសិនជំងឺរបស់គាត់ត្រូវការព្យាបាល »។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្រៅពីត្រូវហ៊ុំព័ទ្ធទៅដោយបណ្តឹងចេញសែកស្អុយដោយគ្មានសាច់ប្រាក់ ដោះមិនទាន់ចេញនៅឡើយផង លោកត្រូវជាប់បណ្តឹងថ្មីមួយផ្សេងទៀត។
កាលពីដើម ឆ្នាំ២០២៣នេះ លោកត្រូវរងការចោទប្រកាន់បទចោទចំនួន២ទៀត ក្នុងពេលដែលលោកជួបជាមួយពលករនៅប្រទេសកូរ៉េខាងត្បូងគឺ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«ញុះញង់ឱ្យមានការរើសអើង »។
តារមយៈបទចោទនេះ លោក ថាច់ សេដ្ឋា ធ្លាប់ប្រាប់ក្រុមបណ្តាញព័ត៌មានថាអ្វីដែលលោកសន្ទនាជាមួយពលករនៅពេលនោះ វាគ្រាន់តែជាសារ ដែលផ្តោតលើនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជាទេ គឺគ្មានគោលបំណងណាមួយញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមឬនាំឱ្យមានការរើសអើងខាងនយោបាយ ដូចការចោទប្រកាន់របស់តុលាការឡើយ៕