សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹង​បើកការជំនុំជម្រះសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន ក្នុងពេ​​ល​​​ឆាប់​ៗខាងមុខនេះខណៈមេធាវីការពារចុងចោទទាមទារឱ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួនឱ្យមានសេ​​រីភាពឡើងវិញ ក្រោមហេតុផលថាការឃុំខ្លួនក្នុងដំណាក់ការស៊ើបអង្កេតរបស់តុលាការត្រូវបានបិទប​​ញ្ច​​​​ប់​ទៅហើយ។

លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា ចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងក្ដីរបស់ លោក ថាច់ សេដ្ឋា នឹងកំណត់ថ្ងៃបើកសវនាការក្នុងពេលឆាប់ៗនេះ។ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិ​​នបានបញ្ជាក់កាលបរិច្ចេទឱ្យបានប្រាកដ អំពីថ្ងៃជំនុំជម្រះនេះនៅឡើយទេ ដោយបានអះអាងថា ចៅ​​ក្រ​ម​​ជំនុំជម្រះ កំពុងពិនិត្យលទ្ធភាពដើម្បីដំណើរការក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ឱ្យបានឆាប់។

ស្របពេលតុលាការ មិនទាន់មានភាពជាក់លាក់ សម្រាប់ថថ្ងៃជំនុំជម្រះ លោក អ៊ី រិន្ទ ក៏បញ្ជាក់ដែរថា នៅចំ​​ពោះ​​​មុខនេះ ខាងតុលាការបានទទួលលិខិតស្នើសុំឱ្យដោះលែងជនជាប់ចោទ ពីមេធាវីការពារក្តីរួចហើយ​​ដែ​​រ។

លោកបន្តថា៖«ខាងលោកស្រី ចៅក្រម គាត់ទទួលបន្ទុកសំណុំរឿងហ្នឹងគាត់បានទទួលឯកសារពាក្យសុំ​​[​​ដោះលែង]ហ្នឹងហើយ។ ហើយលោកស្រីចៅក្រមកំពុងតែពិនិត្យហើយគាត់នឹងដាក់កម្មវិធីសវនាការមួយនឹ​​ង​សម្រេចនៅពេលឆាប់ៗហ្នឹង»

កាលពីថ្ងៃទី ២៥ ខែកក្កដា មេធាវីការពារក្ដី លោក ថាច់​ សេដ្ឋា គឺ លោក ជូង ជូងីបានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញដោយស្នើសុំដោះលែងកូនក្ដីខ្លួនឱ្យមានសេរីភាពវិញ។ក្នុងលិខិតស្នើសុំនោះ លើ​​កឡើ​​ង​​ថា តុលាការបានបិទបញ្ចប់នីតិវិធីក្នុងការស៊ើបអង្កេតលើលោក ថាច់​ សេដ្ឋា ក្រោមបទចោទ «មិន​បាន​បំ​​ពេ​​ញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន » ចប់សព្វគ្រប់អស់ហើយ។ ហេតុនេះការឃុំខ្លួនប្រឆាំ​​​​ងលោក ថាច់ សេដ្ឋា ជាបណ្ដោះអាសន្នអំឡុងពេលតុលាការបើកការស៊ើបអង្កេតនេះ វាគួរត្រូវបានដោះលែ​ង​​វិញ​។

បន្ថែមលើលិខិតស្នើសុំនេះ លោក ជូង ជូងី បញ្ជាក់ថា ប្រសិនបើតុលាការបន្តការឃុំខ្លួនលោក ថាច់ សេដ្ឋា ទៀ​​ត ហើ​​យ​​​ក្រោយពេលតុលាការសម្រេចក្តី ដោយរកមិនឃើញពីបទល្មើស ដូចការចោទប្រកាន់ នោះនឹងរឹ​​តតែធ្វើឱ្យប៉ះពាល់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក។

លោកបន្តថា៖«ពេលតុលាការឃុំខ្លួនកន្លងមកគេហៅថាឃុំខ្លួនបណ្ដោះអាសន្នដើម្បីធានាការស៊ើបអង្កេត។ឥឡូវនេះ ការស៊ើបអង្កេតចប់សព្វគ្រប់អស់ហើយ។ ដូច្នេះអត់មានភាពចាំបាច់ត្រូវរក្សាខ្លួនគាត់នៅក្នុងពន្ធ​​នា​​គារទៀតទេ»។

តាមរយៈលិខិតរបស់មេធាវីការពារក្ដីដែលស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញ ដោះ​​លែ​​ង​​កូនក្តី​​របស់​​ខ្លួ​​ន​​បា​​​ននៅក្រៅបណ្តោះអាសន្ននេះ និយាយថា រស់នៅក្នុងពន្ធនាគារ លោក សេដ្ឋា កំពុងប្រឈមមុខនឹងជំងឺជាច្រើន មានដូចជា   ខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ និងឡើងជាតិអាស៊ីត ដែលតម្រូវឱ្យមានការព្យា​​បាលជាប់ជាប្រចាំ។

គិតមកដល់ពេលនេះលោក​ ថាច់ សេដ្ឋា​ ត្រូវឃុំខ្លួននៅក្នុង​ពន្ធនាគារព្រៃស​ប្រហែលកន្លះឆ្នាំមកហើយ​ ក្រោ​​​​យ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់ កាល​ពី​ដើម​ឆ្នាំ​២០​​២៣​កន្លងទៅនេះ ។​ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ទិត ដាលីន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក ថាច់ សេដ្ឋា ក្រោមបទចោទ​«មិន​បាន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន »

ការចោទប្រកាន់នេះ រកឃើញថា អនុប្រធានគណបក្សជំទាស់រូបនេះ បានប្រព្រឹត្តបទល្មើស នៅអំឡុង​​ឆ្នាំ​​២​​០​១៩ ដែលចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ឬហៅថា សែកស្អុយជាង ៣ម៉ឺនដុល្លារអាមេរិក ឱ្យទៅ​​ម្ចា​​ស់​បំណូលលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនសប និងជាម្ចាស់ក្រុមហ៊ុន Dynith Co​​mmercial ដែលមានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មេធាវីតំណាងក្រុមហ៊ុន រិន ឆាយ ផនសប គឺលោក លី ទិត្យបូនាមី ធ្លាប់ប្រាប់ក្រុមអ្នកកាសែតថា លោក ថា​​ច់ សេដ្ឋា ពិតជាបានជំពាក់លុយកូនក្តីរបស់ខ្លួនបែបនេះមែន ប៉ុន្តែលោកសុំមិនផ្តល់ការលម្អិត​​អំពីចំនួនទឹ​​កប្រា​​ក់​ ដែលនាំឱ្យមានការរំខាន់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ។

បើទោះជាបែបនេះក្តី លោក ថាច់ សេដ្ឋា បានបដិសេធនៅចំពោះមុខមេធាវីរបស់លោក អំឡុងពេលជួប​​ស​​ន្ទ​​​​នាដោយផ្ទាល់ នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៣។

លោក សឺន ជុំជួន ដែលអះអាងថាបានទៅជួបកូនក្តី នៅក្នុងមន្ទីរឃុំឃាំងព្រៃស ធ្លាប់ប្រាប់អ្នកកាសែត​​ថា លោក ថាច់ សេដ្ឋា មិនបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ ដូចការចោទប្រ​​កាន់ទេ។​​ម្យ៉ា​ង​​វិញទៀត លុយដែលជនសង្ស័យជំពាក់ម្ចាស់បំណុល គឺបង់រំលល់អស់ហើយ នៅសល់ប្រមា​​ណ​​ប្រ​​​​ហែ​ល ១​ដុ​​ល្លា​​​​​​​រអា​​មេរិក។លោក ថាច់ សេដ្ឋា ប្រាប់លោកក្នុងនាមជាមេធាវីថា បំណុលដែលនៅ​​សល់​នេះ​គឺ​​លោ​​កមិន​​​បា​គេ​​ចវេសទៅណាទេ។ក៏ប៉ុន្តែដែលនាំទៅដល់ការចាប់ខ្លួននេះ អាចមកពីហេ​​តុផលអ្វីផ្សេ​ងពី​​នេះ​​។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់ស្របតាម​​មេធាវីជ​នត្រូវចោទ ដោយចាត់ទុកថា តុលាការគួរដោះលែងលោក ថាច់ សេដ្ឋា បាននៅក្រៅ​​ឃុំបណ្តោះ​​អា​​ស​​​ន្ន ប្រយោជន៍ដើម្បីបើកផ្លូវឱ្យជនត្រូវចោទ ទទួលបានសេវាព្យាបាលគ្រប់គ្រាន់ ខណៈលោក ថាច់ សេដ្ឋា កំពុងមានជំងឺប្រចាំកាយស្រាប់ផង។

លោកបន្តថា៖«ក្រោយចៅក្រមស៊ើបសួរបិទការស៊ើបអង្កេត ការឃុំខ្លួនបណ្តោះអាសន្នដូចមិនចាំ​​បាច់ថាត្រូ​​​វ​​ឃុំ​ខ្លួនបន្តដើម្បីរក្សាទុកជនជាប់ចោទដើម្បីជំនុំជម្រះ។ប្រសិនបើជនត្រូវចោទមានលក្ខខណ្ឌគ្រប់ និងធានា​ស​​ហ​​ការគ្រប់នីតិវិធីរបស់តុលាការ ព្រោះវាជាប្រយោជន៍សម្រាប់ជនត្រូវចោទក្នុងការព្យាបាលជំងឺ និងថែ​ទាំ​​​សុ​​​​ខភាព បើសិនជំងឺរបស់គាត់ត្រូវការព្យាបាល »។

 ​អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្រៅពីត្រូវហ៊ុំព័ទ្ធទៅដោយបណ្តឹងចេញសែកស្អុយដោ​​យ​​គ្មានសាច់ប្រាក់ ដោះមិនទាន់ចេញនៅឡើយផង លោកត្រូវជាប់បណ្តឹងថ្មីមួយផ្សេងទៀត។

កាលពីដើម ឆ្នាំ២០២៣នេះ លោកត្រូវរងការចោទប្រកាន់បទចោទចំនួន២ទៀត ក្នុងពេលដែលលោកជួប​​ជាមួយពលករនៅប្រទេសកូរ៉េខាងត្បូងគឺ «ញុះញង់ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម» ​និង«ញុះ​​ញង់​ឱ្យមាន​ការ​រើសអើង »  

តារមយៈបទចោទនេះ លោក ថាច់ សេដ្ឋា ធ្លាប់ប្រាប់​ក្រុមបណ្តា​ញព័ត៌មា​នថាអ្វី​ដែលលោ​កសន្ទនា​ជាមួយ​​ពលករនៅពេលនោះ វាគ្រាន់តែជាសារ ដែលផ្តោតលើនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជាទេ គឺគ្មាន​គោ​​ល​​បំ​​​ណ​ងណាមួយញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមឬនាំឱ្យមានការរើសអើងខាង​​នយោ​​បា​​យ ដូចការចោ​ទប្រកាន់​​របស់តុ​លាកា​រឡើ​យ​៕