បើ​ទោះបី​​​​ជា​​​ច្រើនឆ្នាំ​កន្លងទៅនេះ ​លោក​​នាយករ​ដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែ​ន បានប្រ​​កា​ស​ឱ្យ​ប្រើអាវុធស្វ័យប្រវត្តិ​ រ​​ហូតប្រើ​​ឧ​​​​ទ្ធម្ភាគ​​ច​ក្រ​ដើ​​​ម្បី​​​ទ​ប់ស្កាត់បទ​ល្មើសព្រៃ​ឈើយ៉ាងណាក្តី​​ តែ​សក​ម្មជ​ន​​ព្រៃឈើនៅ​តែប្រាប់​​មកថា ស​​​កម្មភាពលួចដឹកឈើក្នុងតំបន់ការពារព្រៃឡង់ នៅតែបន្តកើតមានដោយគ្រាន់តែបង់លុយឱ្យទៅមន្ត្រី​​​​​ប្រ​​ចាំ​​កា​រនៅទីនោះ ។

តាមអនុក្រឹត្ររបស់រដ្ឋាភិបាល ព្រៃឡង់លាតសន្ធឹងលើផ្ទៃដីជាង៤៣ម៉ឺនហិកតា តែរបាយការណ៍ខ្លះបង្ហាញថា ព្រៃឡង់​មានទំ​ហំជា​ង៦​១ម៉ឺន​ហិកតា​ ផ្តល់អ​ត្ថ​ប្រយោជ​ន៍ដល់​​ពលរ​ដ្ឋ​ជាង២​៥ម៉ឺននាក់​ ភា​គច្រើន​ជា​​ជនជា​តិដើ​មភាគតិច​កួយ ។​

​​ព្រៃឡ​​ង់​លាតស​ន្ទឹង​លើខេ​ត្ត​ចំនួ​ន៤ ​គឺខេត្តកំពង់ធំ​ ព្រះវិហារ ស្ទឹ​ងត្រែង និងខេត្តក្រចេះ ព្រៃ​ស្រោងដ៏ធំ​មួ​​យ​​​​នេះ ត្រូវ​រដ្ឋាភិបាល​​ដាក់ជាតំ​បន់​ព្រៃការពា​រនៅ​ឆ្នាំ​២០​១៦​។

វិធាននេះ ​ក្រោ​យពីក្រុម​អង្គកា​រសង្គមស៊ី​វិល ស​ក​​ម្ម​​​ជ​នការពារ​ព្រៃឈើ និ​ងបរិស្ថាន​ បានរិះ​គន់បន្តប​ន្ទាប់ថា ​ការដែ​លរ​ដ្ឋាភិបា​លផ្តល់ដី​ សម្បទានដី​សេដ្ឋកិច្ចទំហំ​ជាង២៣ម៉ឺនហិកតា(២៣៤ ៧៨៤.០៨​ ) សម្បទាន​រ៉ែ​លើទំហំដី ជាង២៦ម៉ឺនហិកតា(២៦៤ ៦៩៣.២៣​ )​ និង​ សម្បទាន​ព្រៃឈើ​ ៨៨៤ ២០​ ហិ​កតា​​ គ្រប់គ្រងដោយ​​​​​​​ក្រុមហ៊ុនឯកជនចំនួ​​​​ន​​៥៣ ជំរុញឱ្យមានបទល្មើសព្រៃឈើ​​យ៉ាងគំហុក។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ រៀបរាប់ប្រាប់នៅថ្ងៃទី២៦ ខែកក្កដាថា បទល្មើសក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន ដោយជនល្មើសបង់លុយឱ្យមន្រ្តីឧទ្យានុរក្សដែលឈរជើងនៅតំបន់ការពារព្រៃឡង់។

 លោកនិយាយទៀតថា អ្នកលួចចូលកាប់ឈើបានបង់ប្រាក់១០ម៉ឺនរៀលក្នុងមួយគោយន្ត ឱ្យទៅមន្ត្រីជាថ្នូរនឹងបានដឹកឈេីចេញ​ មិនចាត់វិធានការច្បាប់។

«ខ្ញុំបានសាកសួរជនល្មើសថាបងឯងកាប់បំផ្លាញព្រៃឈើនឹងដឹកឈើអ៊ីចឹងមិនខ្លាចទេអី! ហើយគេថាខ្លាចអី! គេបានបង់ថិវកាឱ្យមន្រ្តីបរិស្ថានរួចហើយក្នុងមួយគោយន្តតម្លៃ១០ម៉ឺនរៀលជាថ្នូរនៃការដឹកឈើ»

លោក ខេង ខូ បញ្ជាក់ថាការដែលលោកដឹងរឿងនេះ ដោយសារតែក្រុមលោកបានឆ្មក់ចូលល្បាតព្រៃឡង់ថ្មី​ៗ​នេះ បានជួបអ្នកដឹកឈើចេញពីព្រៃឡង់ចំនួន ៤ គោយន្ត មានប្រភេទឈើដួងចែម និងក្តារកកោះ ដែ​ល​មានប្រវែងចាប់ពី ៥ម៉ែត្រ ទៅ ៦ ម៉ែត្រ ដែលពួកគេប្រាប់ថាបានបង់លុយឱ្យមន្ត្រីប្រចាំការ ជាថ្នូរនឹងបើកផ្លូវឱ្យ​ដឹកចេញ។

បើតាមសកម្មជនរូបនោះ ឈើដែលគេលួចដឹកចេញ តាមច្រកភូមិកេស ឃុំកាំងចាម ឆ្លងកាត់ស្នាក់ការប៊ុស្តិ៍ដូង ក្នុងឃុំកាំងចាម ឆ្ពោះទៅស្រុកសៀមបូក ដឹកបន្តតាមទូក យកទៅលក់នៅឯខេត្តក្រចេះ។

លោកថាពេលសាកសួរអ្នកចូលលួចដឹកឈើទាំងនោះថា លោកមិនខ្លាចមន្រ្តីបរិស្ថាន និងមន្រ្តីប៊ុស្តិ៍នគរ​បាល​​គេចាប់ខ្លួនដាក់ពន្ធនាគារ ឬធ្វើបាបទេអី ព្រោះសកម្មភាពបែបនេះ ជាការរំលោភច្បាប់ព្រៃឈើ។

លោក ខេង ខូ អាយុ៥០ឆ្នាំ បានចាត់ទុកសកម្មភាពបើកដៃរបស់មន្ត្រីនេះ ជាការបំផ្លាញធនធានធម្មជាតិក្នុងព្រៃការពារ ផ្ទុយទៅនឹងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលបានដាក់ព្រៃនេះជាតំបន់ការពារ ។

លោក ខេង ខូ និយាយថា៖«មន្រ្តីបរិស្ថាននៅតែប្រើអំពើពុករលួយឃុបឃុតគ្នាដើម្បីលក់ឈើរកផលចំណេ​ញ នឹ​ងរកប្រាក់ដាក់ហោប៉ៅរៀងៗខ្លួន មិនគិតពីផលប៉ះពាល់នៃបរិស្ថានទេ»

តំណាងសហគមន៍មួយរូបទៀតគឺ លោក កែវ ប៊ុននី បាននិយាយថា អ្នកបញ្ជាគោយន្តដឹកឈើម្នាក់ទៀតប្រាប់ថា រូបគេក៏បានបង់លុយ១០ម៉ឺនរៀលឱ្យមន្រ្តីបរិស្ថានប្រចាំច្រកភូមិកេស ឃុំកាំងចាមទើបអាចដឹកឈើចេញបាន។

លោកថា៖«ជនល្មើសបានប្រាប់ខ្ញុំផ្ទាល់ថាគេបង់ឱ្យបរិស្ថានហ្នឹងមួយគោយន្ត១០ម៉ឺនរៀលថ្នូរនឹងថ្លៃបាយនិងថ្លៃម្ហូបរបស់គេ(មន្រ្តីបរិស្ថាន) គេយកទុកទិញម្ហូបទិញអីហូប»

បុរសអាយុ៣០ឆ្នាំរូបនេះ និយាយទៀតថា គាត់សោកស្តាយចំពោះទង្វើមន្ត្រីដែលបណ្តែតបណ្តោយឱ្យមានកា​​របំផ្លាញធនធានធម្មជាតិតាមរយៈទទួលសំណូក តែបែជាបិទខ្ទប់សហគមន៍ដែលស្រឡាញ់ធនធានធម្មជាតិ មិនឱ្យចូ​​ល​​ល្បាតព្រៃ ដើម្បីទប់ស្កាត់បទល្មើសទៅវិញ ។

លោកថា៖«មន្រ្តីបរិស្ថាន មន្រ្តីប៉ូលីសប៊ុស្តិ៍បែរជាមិនជួយការពារបរិស្ថានទេបែរជាទៅការពារជនល្មើសឬ​ប​ទ​ល្មើ​សទៅវិញហើយព្យាយាមទប់ស្កាត់ពួកខ្ញុំមិនឱ្យចុះល្បាត។ ឃើញចឹងមានតែពាក្យថាសោកស្តាយដែ​លមន្រ្តី​របស់រដ្ឋគាត់មិនសូវមានចិត្តការពារធនធានធម្មជាតិរបស់រដ្ឋ»

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង បដិសេធឆ្លើយនឹងសំណួរ ជុំវិញការដែលបណ្តាញសហកមន៍ការពារព្រៃឡង់រកឃើញភស្តុតាងនៃបទល្មើសក្នុងព្រៃការពារព្រៃឡង់នេះ។

លោកឆ្លើយយ៉ាងខ្លីថា«ខ្ញុំអត់មានពេលវេលាឆ្លើយទេ»

ជុំវិញបញ្ហានេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​លោក អេង ហ៊ី ឱ្យNewsroom Cambodia ទាក់ទងទៅមន្ត្រីមូលដ្ឋានវិញ «ប្អូនទាក់ទងទៅមន្រ្តីមូលដ្ឋានទៅ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នាំជ្រើសតាំងតំណាងារាស្ត្រីនីតិកាលទី៧នេះបានលើកឡើងថា ឱ្យជិតដល់ថ្ងៃបោះឆ្នោតបទល្មើសព្រៃឈើតែងតែកើតមាន ដែលបញ្ហានេះលោ​កបញ្ជា​ផ្ទាល់មានទៅក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវពង្រាយកងកម្លាំងចូលព្រៃដើម្បីទប់ស្កាត់។

ប៉ុន្មានថ្ងៃក្រោយមក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រ​ធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានបង្ហាញការតាំងចិត្តជាថ្មីទៀត ក្នុង​ការទប់ស្កាត់បទល្មើសព្រៃឈើនេះឱ្យមានប្រសិទ្ធភាព ។

លោក សុខា អះអាងថានឹងចាត់វិធានការឱ្យមើលបើសង្គមស៊ីវិល និងសកម្មជនសកម្មជនសង្គមដទៃទៀត រក​ឃើញអ្នកនៅពីក្រោយបទល្មើសព្រៃឈើ។

លោកថា៖«តើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញ​ព្រៃឈើ​នេះ។ ក្នុងប្រតិបត្តិការ​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ ក្នុងរយៈពេលចុងក្រោយនេះសមត្ថកិច្ច​នៅមិនទាន់​ចាប់​បាន​ជនល្មើសណាម្នាក់នៅឡើយ»

ប្រធានសម្របសម្រួលកម្មវិធីរបស់អង្គការពន្លកខ្មែរ លោក តែម វ៉ែន និយាយថា សហគមន៍រស់នៅតាមជុំវិញតំបន់ព្រៃឡង់ភាគច្រើនពឹងអាស្រ័យរកផល្លានុផលព្រៃឈើ ដូចជាបោចវល្លិ៍ ដកផ្សិត ជីកដំឡូង បេះផ្លែឈើលក់ និងដងជ័រច្បោះជាដើម។

 លោកបន្តថាបើរដ្ឋាភិបាលមិនអាចទប់ស្កាត់បទល្មើសក្នុងព្រៃការពារនេះបាន វានឹងប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងប្រពៃណី វប្បធម៌ជនជាតិដើម ដែលសិទ្ធិនេះត្រូវបានការពារដោយច្បាប់។

លោកថា៖«និយាយទៅវាប៉ះពាល់ច្រើនប្រសិនបើបាត់បង់ព្រៃ ទាំងនេះហើយជាកង្វល់របស់សហគមន៍ហើ​យដែ​លពួកគាត់តែងតែទទួលស្នើចង់ល្បាតការពារនិងទប់ស្កាត់ព្រៃឈើរបស់គាត់»

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេ​ញរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់»និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួ​​យ​របស់អាជ្ញាធរពាក់ព័ន្ធ។

ទំ​ហំ​នៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំ​​ហំស្មើនឹងជិត១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

លើ​សពីនេះ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថា​ន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈស​កម្មភា​​ព​ចុះទៅស៊ើបអង្កេតខ្លះមន្ត្រីក្រសួង ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។

ត្រឡប់មកកាន់បណ្តាញសហគមន៍ព្រៃឡង់ លោក ខេង ខូ វិញ ចង់ឃើញរដ្ឋាភិបាលចាត់វិធានការលើមន្ត្រីខិ​​លខូចធ្វើយ៉ាងណាឱ្យពួកគេគិតពីប្រយោជន៍ជាតិជាធំចូលរួមការពារធនធានធម្មជាតិដូចការប្តេជ្ញាចិត្តរប​ស់​រដ្ឋាភិបាល សម្រាប់ជាមរតកសម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយ។

លោកថា៖«អារឿងស៊ីសំណូកសូកប៉ាន់ បង់ប្រាក់អីហ្នឹងល្មមឈប់ហើយ ធនធានធម្មជាតិយើងទាំងអស់គ្នា វាប៉ះពាល់ដល់យើងទាំងអស់គ្នា»