រដ្ឋាភិបាលវៀតណាមបានឃុំខ្លួនបណ្តោះអាសន្នពលរដ្ឋខ្មែរក្រោមចំនួន ៥នាក់នៅក្នុងពន្ធនាគារ ក្រោយពួ​​ក​​គេធ្វើសកម្ម​ភា​​ព​​​​​លើកកម្ពស់សិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោមក្នុងទឹកដីកំណើតរបស់ខ្លួន។

ទំព័រហ្វេសបុក សំឡេងកម្ពុជាក្រោម(Voice of Kampuchea Krom – VOKK) ដែលសកម្មក្នុងការផ្ស​​ព្វ​​ផ្សា​​​យពីសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម ដែល Newsroom Cambodia ទទួលបាននៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា អាជ្ញាធរវៀតណាមប្រមាណ ១០0នាក់ បានចាប់ខ្លួនសកម្មជនខ្មែរក្រោម ២នា​​ក់​​រស់នៅខេត្តព្រះត្រពាំង និង៣នាក់ទៀតនៅខេត្តឃ្លាំង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ​​។

ប្រភពដដែល បញ្ជាក់ថា យុវជនការពារសិទ្ធិខ្មែរក្រោមដែលអាជ្ញាធរប្រទេសកម្មុយនីសមួយនេះចាប់ខ្លួនសរុបចំនួន ៥នាក់នោះ រួមមាន លោក យ័ញ សេត, លោក យ័ញ ម៉ិញក្វាង និងលោកតាំង ទ្វី ដែលកំពុងរស់​នៅខេត្តឃ្លាំង។ចំណែក២រូបទៀតគឺ លោក ថា​ច់ ​កឿង​ និង លោក តោ​ ​ហ្វា​ង​ចឿ​ង​ ​ជាពលរដ្ឋរស់នៅខេត្តព្រះត្រពាំង។

ដោយឡេក យុវជនទាំង ៣នាក់ ក្នុងចំណោមពួកគេ ត្រូវបានតុលាការប្រទេសវៀតណាមចោទពីបទ «កេ​​ង​​ចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភា​​ពស្រ​​បច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់រដ្ឋាភិបាលវៀត​​ណា​ម។ដោយឡែកយុវជនខ្មែរកម្ពុជាក្រោម២នាក់ផ្សេងទៀត មិនទាន់ដឹងថាតើពួកគេត្រូវនាំខ្លួនទៅទីណា និងរងការចោទប្រកាន់ពីបទអ្វី​នៅ​​ឡើយទេ។

ប្រភពពីហ្វេសបុក សំឡេងកម្ពុជាក្រោម ឱ្យដឹងទៀតថា ការចាប់ខ្លួននៅពេលនេះ បន្ទាប់ពី យុវជនទាំងនេះ​ធ្វើសកម្មភាពលើកកម្ពស់សិទ្ធិខ្មែរកម្ពុជាក្រោម។ប្រភពដដែល បញ្ជាក់ទៀតថា សកម្មភាពដែលពួកគេធ្វើរួមមាន ពាក់អាវរូបសញ្ញាសម្គា​​ល់​​អត្តសញ្ញាណជនជាតិដើមខ្មែរក្រោម ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជា​​ក្រោម និងឯកសារ ស្តីពី «សិទ្ធិជនជាតិដើម» របស់អង្គការសហប្រជាជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាដើម។

ជុំវិញករណីនេះ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បណ្ឌិត សឺន ជុំជួន បានប្រាប់ Newsroom Cambodia អះអាងថា ពិតជាមានការឃាត់ខ្លួនមនុស្សទាំង៥នាក់នេះពិតមែន។ជាមួយគ្នានេះ លោកចាត់ទុកថា ការចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមនេះ គឺជាសកម្មភាពបំពានលើសិទ្ធិរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។

យ៉ាងនេះក្តី លោកថា ស្ថានភាពនៅចំពោះមុននេះ មន្រ្តីនៃអង្គការសមាគមខ្មែរកម្ពុជាក្រោមកំពុងបើកកិច្ចប្រ​​ជុំបន្ទាន់មួយដើម្បីរកដំណោះស្រាយជុំវិញការឃាត់សកម្មជនខ្មែរកម្ពុជាក្រោមទាំង៥នាក់នេះ។

លោកបន្តថា៖ «ជាបឋមហ្នឹងយើងឃើញថា អ្វីដែលជាទង្វើចូលឆ្មក់ចាប់នេះ ជាទង្វើមួយ ដែលជាការគំរាមគំហែង ហើយយើងនឹងមិនអាចទទួលយកបានទេ យើងនឹងមានការប្រជុំជាបន្ទាន់ ទាក់ទងជាមួយក្រុមការងារនៃ អង្គការសមាគមខ្មែរកម្ពុជាក្រោមដើម្បីរកវិធី ស្វែងរកដំណោះស្រាយអំពីករណីដែលកើតឡើងហ្នឹង»

ចំណែកព្រះតេជព្រះគុណ យ័ញ ផល្លា ដែលត្រូវជាបងបង្កើតលោក យ័ញ សេត កំពុងគង់នៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាថា បងស្រីរបស់ព្រះអង្គដែលរស់នៅខេត្តព្រះត្រ​​​ពាំង​ប្រាប់ថា លោក យ័ញ សេតត្រូវបានអាជ្ញាធរវៀតណាមសំរុកចូលចាប់ខ្លួនទាំងកំរោលនៅព្រឹកនេះ។

ព្រះអង្គបន្តថា កន្លងមក លោក យ័ញ សេតត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនប្រមាណ ៦ដងរួចមកហើយ ក្រោយពេលលោកធ្វើសកម្មភាពផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុក ដើម្បីឱ្យមានការគោរពសិ​​ទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម។បន្ថែមលើនេះ ព្រះតេជព្រះគុណ យ័ញ ផល្លា ដែលមានសាច់ញាតិរស់នៅលើទឹកដីកម្ពុជាផងនោះ លើកឡើងថា អាជ្ញាធរវៀតណាមតែងធ្វើទុកបុកម្នេញពលរដ្ឋខ្មែរក្រោម​ជាបន្តបន្ទា​​ប់។

ព្រះអង្គមានសង្ឃដីការថា៖ «ពេលចាប់ម្តងៗ តែងតែធ្វើទុក្ខបុកម្និញគម្រាមគំហែង សំឡុត ប្រើកម្លាំងបា​​យ ​ដល់ពេលអញ្ជឹងទៅ ប្អូនអាត្មាមិនព្រមទៅ ចូលផ្ទះបិទទ្វា  ញោមស្រីនៅក្រៅនិយាយហេតុផលអី រារាំងអី វា [ អាជ្ញាធរវៀតណាម] មិនស្តាប់តាម។ ដល់ហើយហៅទៅ មិនទៅ វាប្រើកម្លាំងចូលផ្ទះម៉ង នាំគ្នាចូលផ្ទះចាប់»

ពាក់ព័ន្ធករណីនេះ ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា និង អ្នកនាំពាក្យក្រសួងការបរទេសលោក អា​​ន សុខខឿន មិនអាចសុំការឆ្លើយតបបានភ្លាមៗទេនៅថ្ងៃនេះ។

លោក ផៃ ស៊ីផាន ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ធ្លាប់ប្រាប់ Newsroom Cambodia ថា រដ្ឋា​​ភិបាលកម្ពុជា មិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាមនោះទេ ជុំវិញករណីដែលកើតមាននៅ​​លើទឹកដីកម្ពុជាក្រោម ដោយថាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋបាលនៃប្រទេសវៀតណាមទៅហើយ។

ជារឿយៗគេសង្កេតឃើញថា ពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀត​​ណា​​​​មធ្វើទុក្ខបុកម្នេញ ដោយពួកគេមិនអាចប្រើប្រាស់សិទ្ធិដូចទៅនឹងពលរដ្ឋវៀតណាមផ្សេងៗទៀតនោះទេ​។សកម្មភាពនៃការរឹតត្បិតទាំងនោះរួមមាន សិទ្ធិក្នុងការគោរពជំនឿសាសនា ការមិនឱ្យសិក្សាប្រវត្តិ​​សា​​ស្រ្ត​ខ្មែរ និងសិទ្ធិបញ្ចេញមតិជាដើម។

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ ឱ្យដឹងថា ជនជាតិដើម និងបុគ្គ​​លជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតា​​ម​ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើ​​ង​​ដោយសារការប្រើសិទ្ធិនេះឡើយ។

ទឹកដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួ​​ត​​ត្រាបន្តដែលខ្មែរក្រោមចាត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ទឹកដីកម្ពុជាក្រោមបានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។

ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូសាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមាណជាង ៧លាននាក់ ប៉ុន្តែរដ្ឋាភិបាលវៀត​​ណា​​ម​​ថាខ្មែរក្រោម​​មាន១លាន៣សែននាក់។

នៅទឹកដីកម្ពុជាក្រោម មានវត្តអារាមពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ក្នុងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១៤៣ វត្ត ហើយវត្តមានវ័យចំណាស់ជាងគេឈ្មោះថា សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។ នៅកម្ពុជាក្រោម វត្តអារាមត្រូវបានគេចាត់ទុកថាជាឃ្លាំងវប្បធម៌ និងជាទីកន្លែងថែរក្សាការពារអត្តសញ្ញាណរបស់ខ្មែរក្រោមទាំងមូល។

បើទោះបីជាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ចំណែកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ (១៩៧០ ដល់១៩៧៥) និងរដ្ឋាភិបាលរបស់ ប៉ុល ពត (១៩៧៥ ដល់១៩៧៩) គឺមិនទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ៕