ក្រុ​មគ្រួសា​រ​អ្នកស្លាប់អំឡុងពេលឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ជំរុញឱ្យក្រ​​សួ​ង​មហា​ផ្ទៃ​ព​ន្លឿ​​​​​​ន​នីតិ​វិធីស៊ើបអង្កេ​តសំណុំរឿង​មួ​យ​នេះ​ឡើងវិញ​ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលបានស្លាប់ ក្រោយ​​ដា​​​ក់​​​ពាក្យ​​បណ្តឹ​​​​​ង​​ជាង​មួយខែ ​មិនទ​ទួលបាន​ការឆ្លើ​យតបពីមន្ត្រីជំនាញថ្នាក់ជាតិ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ មានករណីបុរសម្នាក់ឈ្មោះ មន មឿន បានស្លាប់ពេលជាប់​ពន្ធនាគារខេត្តកំពង់ស្ពឺ។

ក្រុមគ្រួសារសពបានចោទថា អាជ្ញាធរបានប្រើហិង្សាធ្ងន់ធ្ងរទើបបណ្តាលឱ្យបុរសរូបនោះបាត់បងជីវិត ខណៈ មន្រ្តីជំនាញបានបំភ្លឺថា ជនដែលជាប់ឃុំស្លាប់ដោយសារជំងឺគាំងបេះដូង ។

អ្នកស្រី មន សុខគា អាយុ៤០ឆ្នាំ ជាប្អូនស្រីបង្កេីតសពប្រាប់ Newsroom Cambodia នៅថ្ងៃទី១ខែសីហានេះថា គាត់បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរកកិច្ចអន្ត​រា​គ​មន៍ជុំវិញករណីស្លាប់បងប្រុសរបស់ខ្លួន។

អ្ន​​កស្រីឱ្យដឹងថា ពេលដាក់បណ្តឺងដោយផ្ទាល់នៅក្រសួងមហាផ្ទៃ មានមន្រ្តីបម្រើការក្នុងក្រសួងមួយនេះ ចេញមកទទួលពាក្យបណ្តឹង ដោយប្រាប់ថានឹងពិនិត្យបន្ថែម។

យ៉ា​​ងណាក្តី ប្រភពដដែលបន្តថា ជាងមួយខែមកនេះ គាត់មិនទទួលបានដំណឹងអ្វីឡើយ នៃការស៊ើបអ​ង្កេ​​ត​រឿងក្តីមួយនេះ ចាប់តាំងពីបានដាក់ពាក្យបណ្តឹងនោះមក។

អ្នកស្រីថា៖ «និយាយទៅគឺស្ងាត់ឈឹងអត់មានដូចថា តម្រុយអីមួយសោះ​ អត់មានឃើញថា តម្រុយអីមួយផ្តល់ឱ្យខ្ញុំបានស្តាប់អី អត់អាលីងហ្មង ខ្ញុំចាំស្តាប់មើលអត់មានឃើញអីទេ»។

បើតាមអ្នកស្រី សុខគា ក្រៅពីការដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃរួចហើយនោះ ក្រុមគ្រួសាររបស់គាត់នៅមិ​នទាន់រកការអន្តរាគមន៍ពីភាគីណានៅឡើយទេ ដោយរំពឹងថាស្ថាប័នជាតិមួយនេះ នឹងអាចរកយុត្តិ​ធម៌ឱ្យ​​បងប្រុសរបស់គាត់បាន។

ជាមួយគ្នានេះ អ្នកស្រីបានស្នើឱ្យមន្រ្តីជំនាញនៃក្រសួងមហាផ្ទៃពន្លឿនការស្រាវជ្រាវរកមូលហេតុពិតជុំវិញករណីស្លាប់នេះ ដើម្បីឱ្យសាច់ញាតិស្ងប់ចិត្ត ដោយគាត់ថា បងប្រុសរបស់គាត់បានស្លាប់ទាំងអយុត្តិធម៌។

អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យសម្តេច ស ខេង ជួយដោះស្រាយឱ្យខ្ញុំ ដោយសារបងខ្ញុំស្លាប់នេះ ចាំមើល [មន្រ្តីជំនាញ] គាត់ដោះស្រាយម៉េចឱ្យខ្ញុំ។និយាយទៅខ្ញុំអត់ទាន់នឹងថាម៉េចទេ តែគ្រាន់តែខ្ញុំសង្ឃឹមថា គាត់ [លោកស ខេង] អាចជួយខ្ញុំបាន ព្រោះអីបងខ្ញុំស្លាប់ដោយអយុត្តិធម៌សម្បើមណាស់»

មុនការដាក់ពាក្យបណ្តឹងនេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធ្លាប់បានចេញសេចក្តីបំភ្លឺលើទំព័រហ្វេសប៊ុកផ្លូវការបស់ខ្លួន ដោយសំអាងថា ជនជាប់ចោទឈ្មោះ មន មឿន វ័យ ៤២ឆ្នាំ បានបាត់បង់ជីវិតនៅលើឡានសង្រ្គោះបន្ទាន់ ដោយសារគាំងបេះដូង បន្ទាប់ពីរអិលដួលក្នុងបន្ទប់ទឹកក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។

ប្រភពដដែលឱ្យដឹងថា លោក មន មឿន មានទីលំនៅក្នុងភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរងពាក្យបណ្តឹង ប៉ុនប៉ងរំលោភ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយមក លោក មន មឿន ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក លឹម មករន្ទ បានចេ​​ញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២​០​២៣។

ភរិយាលោក មន មឿន គឺអ្នកស្រី សុខ ស្រីមុំ  អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧ​ត្តុងម៉ែជ័យប្រាប់ Newsroom Cambodia ថា នៅពេលដែលគាត់បានពិនិត្យសាកសពប្តីរបស់គាត់ ឃើ​ញ​ថា មានបន្សល់ទុកស្នាមជាំជាច្រើនកន្លែងលើដងខ្លួន ស្នាមបែកមាត់ និងមានរបួសលើផ្ទៃមុខសាកសពថែ​មទៀតផង។

អ្នកស្រីថា គាត់មិនអាចទទួលការបិទបញ្ជប់រឿងក្តីនេះ ពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានទេ ទើបសម្រេចចិត្តរកការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដោយចង់ឃើញមន្ត្រីជំនាញថ្នាក់ជាតិ បើកស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកការពិតឈានទៅរកយុត្តិធម៌ករណីស្លាប់នេះ។

អ្នកស្រីបន្តថា៖«ខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃជួយខ្ញុំ ជួយរកយុត្តិធម៌ឱ្យប្តីខ្ញុំអ្នកស្លាប់ហ្នឹង»

មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ត្រូវហាមឃាត់ និងត្រូវផ្ដ​ន្ទាទោ​​សតាមច្បាប់។ ចំណែកមាត្រា២១០ នៃក្រមព្រហ្មទណ្ឌ ចែងថា ទារុណកម្ម ឬអំពើឃោរឃៅដែលប្រ​ព្រឹ​ត្តទៅ​លើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។

ជុំវិញករណីនេះ លោក ម៉ែន ប៊ុនរិទ្ធ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងមហាផ្ទៃបានប្រាប់ Newsroom Cambodia ថា លោកមិនទាន់បានទទួលពាក្យបណ្តឹងណាមួយជុំវិញករណីស្លាប់ជនជាប់ចោទឈ្មោះ មន មឿន នៅឡើយទេ។ លោកបានប្រាប់ឱ្យសាកសួរពត៌មានបន្ថែមពីមន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃវិញ។

លោកថា៖ «ខ្ញុំអត់បានទទួល [ពាក្យបណ្ដឹង]។ទោះបីយ៉ាងម៉េច ក៏ [ពាក្យបណ្ដឹង] ជូនទៅអគ្គស្នងការ[ ពន្ធនាការ] ហ្នឹងដែរទេ។អញ្ជឹងសូមសួរទៅគាត់តែម្តងទៅ អ្នកនាំពាក្យអគ្គពន្ធនាគារ! គេហ្នឹងឆ្លើយជូនបងហើយ!»

ចំណែកលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឆ្លើយតបខ្លីថា លោកមិនទាន់បានទទួលសំណុំរឿងក្តីនេះទេ ហើយថា លោកនឹងសួរទៅមន្រ្តីពាក់ព័ន្ធបន្តទៀតជុំវិញករណីនេះ។

លោកបន្តថា៖« អត់អីទេចាំមើលខ្ញុំស្រាវជ្រាវមើលសិន ព្រោះខ្ញុំអត់បានដឹងរឿងហ្នឹងដែរ»

យ៉ាងណាក្តី នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានជំរុញឱ្យស្ថាប័នថ្នាក់ជាតិ បើកការស៊ើបរឿងក្តីនេះឱ្យបានឆាប់​ ដើម្បីបញ្ជប់ភាពមន្ទិលសង្ស័យចំពោះភាពស្អាតស្អំរបស់មន្រ្តីពាក់ព័ន្ធ។

មួយវិញទៀត លោកថាបើសិនជាហេតុផល នៃការបញ្ជាក់របស់មន្រ្តីជំនាញមិនសមរម្យជុំវិញករណីស្លាប់នេះ ដែលមិនអាចឱ្យក្រុមគ្រួសារជនរងគ្រោះទទួលយកបានទេ នឹងនាំឱ្យពលរដ្ឋកាន់តែអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។

លោកថា៖ «រឿងហ្នឹងត្រូវតែមានការស៊ើបអង្កេតឱ្យបានមហ្មត់ចត់ តម្លាភាព យុត្តិធម៌ដើម្បីស្វែងរកការពិត ហើយក៏ជាការទប់ស្តាត់ដើម្បីកុំឱ្យមានការកើតឡើងនូវអំពើទារុណកម្ម ណាមួយបន្តទៅទៀត»

កាលពីឆ្នាំ២០១៤ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយស្តីពី «អំពើទារុណកម្ម និងការធ្វើបាប ការផ្តល់ចម្លើយពីខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាលរបស់កម្ពុជា» ដែលបានសម្ភាសអ្នកជាប់ឃុំ និងអ្នកដែលទើបដោះលែងជាង១១០០០នាក់ក្នុងនោះមាន ៥០០នាក់ ប្រាប់ថា ពួកគេទទួលរងការធ្វើទារុណ​ក​​ម្មក្នុ​​ងពេលឃុំឃាំង។

 ប្រភពបន្តថា អំពើហិង្សានៅពេលជាប់ឃុំ បង្កឡើងដោយមន្ត្រីរដ្ឋាភិបាល ហើយករណីខ្លះបង្កដោយការបំ​​ពា​​នពីអ្នកជាប់ឃុំដូចគ្នា នៅក្រោមការបញ្ជាផ្ទាល់ពីអាជ្ញាធរ ប៉ុន្តែគ្មានសកម្មភាពទប់ស្កាត់ និងស៊ើប​អ​ង្កេ​​តឱ្យ​​បាន​​ច្បាស់ទេ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៤ អង្គការលីកាដូ បានទទួ​​ល​​សំ​ណុំរឿងជាង ៥០០ករណី នៃការអះអាងយ៉ាងលម្អិតអំពីការធ្វើទារុណកម្ម បង្កដោយមន្ដ្រីនៅក្នុងប៉ុស្តិ៍នគរបាល និងពន្ធនាគារកម្ពុជា រួមមាន ការប្រើអំពើហិង្សាលើអ្នកទោស​ជា​ស្រ្តី អនីតិជន និងអ្នកដែលធ្លាប់មានបញ្ហាផ្លូវចិត្តជាដើម។

​ក្នុងនោះនៅ៤ខែដំបូងនៃឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលលិខិតចោទប្រកាន់ចំនួន ៤៩​ករណី អំពីការធ្វើទារុណ​កម្ម ឬការធ្វើបាប ក្នុងអំឡុងពេលចាប់ខ្លួន ឬនៅក្នុងការឃុំឃាំងរបស់នគរបាល។

ទិន្នន័យរបស់អង្គការលីកាដូ បង្ហាញថា មនុស្សភាគច្រើនបានរាយការណ៍ពីអំពើព្រៃផ្សៃដោយនគរបាល ឬមន្ត្រីពន្ធនាគារ តាំងពីឆ្នាំ២០០៨មក រៀបរាប់ថា ពួកគេត្រូវបានវាយ ទាត់ ទះ ឬ​ដាល់ រហូត​ដល់​ហូរ​ឈាម ហើយ​បាត់​បង់​ស្មារតី ក្នុងនោះមានមនុស្ស​ជាច្រើន ត្រូវ​បាន​វាយគ្រប់​កន្លែង​លើខ្លួន​របស់ពួកគាត់ ព្រមទាំងក្បាល និងក ហើយ អ្នកខ្លះត្រូវបានគេយកក្បាលរបស់គាត់ទៅជល់ជាមួយនឹងជញ្ជាំង ជាដើម៕