កូដករណាហ្គាវើលដ៍លើកឡើងថា កូដកម្មអហិង្សានឹងបន្តធ្វើឡើងវិញក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងការបញ្ឈប់មេដឹកនាំសហជីពរាប់រយនាក់ ដ៏ចម្រូងចម្រាស ដើម្បីទម្លាយភាពទាល់ច្រកដែលបានអូសបន្លាយជិត២ឆ្នាំ ដោយសង្ឃឹមថាឈាមថ្មីបក្សកាន់អំណាចដែលនឹងឡេីងមកដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ នឹងស្តារបញ្ហានេះ ដេីម្បីការពារសិទ្ធិសហជីពដែលកំពុងរងការរំលោភបំពាន។
កូដករម្នាក់គឺអ្នកស្រី ម៉ម សុវឌ្ឍិន និយាយកាលពីថ្ងៃទី២៩ខែកក្កដាថា ជិត២ឆ្នាំទៅនេះដំណោះស្រាយ និងបញ្ហានានានៅឈរទ្រឹងមួយកន្លែង គ្មានភាគីរដ្ឋាភិបាល ឬក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខមកដោះស្រាយនៅឡើយទេ។
អ្នកស្រីថា បញ្ហានេះកម្មករនឹងចេញធ្វើកូដកម្មបន្តទៀត ទោះប្រឈមនឹងបញ្ហាជីវិភាព ក៏ត្រូវបង្ខំចិត្ត រកការងារក្រៅម៉ោងធ្វើ ហើយត្រូវផ្លាស់ប្តូរគ្នាមកធ្វើកូដកម្មក្តី ។
អ្នកស្រីថា៖ “ប្រហែលជា២ ទៅ៣ថ្ងៃទៀតអីហ្នឹង។ ពួកយើងអត់មានជម្រើសអីផ្សេងក្រៅពីហ្នឹង ព្រោះយើងមានវិវាទនៅកន្លែងហ្នឹង ចឹងកន្លែងដែលយើងត្រូវធ្វើ នៅហ្នឹង”។
អ្នកស្រី ម៉ម សុវឌ្ឍិន បន្តថា ក្រុមកម្មករ ក៏មានគម្រោងដាក់ញាត្តិទៅបណ្តាស្ថានទូតនានា រួមទាំងស្ថានទូតម៉ាឡេស៊ីជាដើម ខណៈថៅកែល្បែងណាហ្គាវើលដ៍ត្រូវគេដឹងថាជាជនជាតិម៉ាឡេស៊ី ។
គាត់ថា ជម្រើសនេះ មានគោលបំណង ទាមទារឱ្យទម្លាក់បទចោទលើតំណាងនិងសមាជិកសហជីព ទទួលយកអ្នកដែលនៅសេសសល់រួមទាំងសមាជិកទាំងអស់ ចូលធ្វើការវិញដោយគ្មានការរើសអើង។យ៉ាងគាស្ត្រីរូបនេះនិយាយទាំងបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងដឹងអំពីសុខទុក្ខរបស់កម្មករ និងប្រជាពលរដ្ឋ។
លោកស្រីថា៖ “[រដ្ឋាភិបាលថ្មី]នឹងផ្តល់ភាពយុត្តិធម៌ឱ្យកម្មករបាន នេះជាអ្វីដែលកម្មករចង់ឃើញ ព្រោះពួកយើងជាពលរដ្ឋបានបំពេញកាតព្វកិច្ចជាពលរដ្ឋរួចហើយ អញ្ចឹងឥឡូវនេះជាកាតព្វកិច្ចរបស់តំណាងរាស្ត្រ ក៏ដូចជាអ្នកបម្រើសរាស្ត្រ ត្រូវបង្ហាញស្នាដៃ បង្ហាញថាខ្លួនឯងមានសមត្ថភាពកម្រិតណា”។
ដោយឡែកអ្នកស្រី ឈឹម សុខន គឺជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីច្រើននាក់ ដែលសកម្មតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិសហជីព សិទ្ធិការងារ ចង់ឱ្យរដ្ឋាភិបាលថ្មីផ្ដល់យុត្តិធម៌ជូនក្រុមកូដករណាហ្គាវើលដ៍។
នាងនិយាយថា នឹងបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ ដោយមិនខ្លាចនឿយហត់ និងការគំរាមកំហែងឡើយ ទោះបីពួកគាត់មិនបានធ្វើរាល់ថ្ងៃ ដោយប្រឈមជីវភាពក៏ដោយ។
អ្នកស្រីថា៖ “ចំពោះ ខ្ញុំយល់ឃើញថារដ្ឋាភិបាលថ្មី គួតែដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃមួយនេះទៅ ដើម្បីលើកមុខមាត់ប្រទេសឡើងវិញ”។
ភាពចម្រូងចម្រាសនៃវិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំកណ្តាលរាជធានីភ្នំពេញមួយនេះ កើតឡើង ក្រោយពេលថៅកែក្រុមហ៊ុន បញ្ឈប់បុគ្គលិកចំនួន ១ ៣២៩នាក់ កាលពីចុងខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកដែលត្រូវបានកាត់ឈ្មោះចេញពីការងារមាន មេដឹកនាំសហជីពចំនួន ៣៦៥នាក់ ។
ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះ ភាគីក្រុមហ៊ុនសំអាងថា ជួបវិបត្តិហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែក្រុមសហជីពចាត់ទុកវិធានេះជាចេតនារបស់ថៅកែ ដើម្បីបំបិទសំឡេងសហជីពឯករាជ្យដែលតែងតែទាមទារអត្ថប្រយោជន៍ជូនបុគ្គលិក និងការពារបុគ្គលិកមិនឱ្យភ្ញៀវរំលោភបំពាន ។
អ្នកស្រី ឈឹម សុខន និយាយទៀតថា ពួកគេនូវតែមានឆន្ទៈបន្តធ្វើកូដកម្មដូចពេលកន្លងទៅ ដើម្បីទាមទារសិទ្ធិសហជីព សិទ្ធិការងារទោះប្រឈមមុខនឹងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង និងការចោទប្រកាន់ធ្ងន់ៗយ៉ាងណាក្តី។
អ្នកស្រីថា៖ “អ្វីដែលខ្ញុំចង់បានពីរដ្ឋាភិបាលថ្មី គឺដោះស្រាយឱ្យពួកខ្ញុំ ដែលកំពុងតវ៉ាអស់រយះពេលជិត២ឆ្នាំ មកនេះ ឱ្យបានចូលធ្វើការវិញ និងដោះលែងថ្នាក់ដឹកនាំសហជីព ដែលជាប់ក្នុងពន្ធនាគា ហើយលើកលែងបទចោទ ដល់សកម្មជនសមាជិកសហជីព ១៩នាក់ផ្សេងទៀត”។
ចំណែក លោក ហេង សួរ អ្នកនាំពាក្យក្រសួងក្រសួងការងារ Newsroom Cambodiaបានទាក់ទងច្រេីនដង ប៉ុន្តែមិនមានការឆ្លើយតប។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) លើកឡើងថា ការដែលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០ភាគរយរបស់សហភាពអឺរ៉ុបមុនកាលកំណត់ និងការដែលសហរដ្ឋអាមេរិកមិនទាន់ផ្តល់ឡើងវិញប្រព័ន្ធអនុគ្រោះពន្ធGSP ជាផ្នែកមួយដែលគេមើលឃើញពីចន្លោះប្រហោងនៃការអនវត្តច្បាប់ដែលជំរុញឱ្យមានការរំលោភបំពានសិទ្ធិសហជីព និងសិទ្ធិការងារនៅកម្ពុជា។
លោក អាត់ ធន់បញ្ជាក់ថា៖ “ដោយសារភាពធូររលុងនៃច្បាប់ ហើយថាក្រុមហ៊ុនបានព្យាយាមរកវិធីគេចវេសពីការទទួលខុសត្រូវសម្រាប់កម្មករ ដែលបានធ្វើការយូរឆ្នាំ”។
លោក អាត់ ធន់ គិតថា ដើម្បីទាញយកប្រយោជន៍ជាតិឡើងវិញ វាចាំបាច់ណាស់ដែលភាគីពាក់ព័ន្ធត្រូវពិនិត្យឡើងវិញលើបញ្ហានេះ ហើយរួមគ្នារកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ គិតថា រដ្ឋាភិបាលថ្មី គួរបង្ហាញឆន្ទៈដោះស្រាយបញ្ចប់វិវាទណាហ្កាវើលដ៍ ឈរលើស្មារតីច្បាប់មិនលម្អៀង ដោយលោកសង្កេតឃើញថា ការអូសបន្លាយវិវាទជិត២ឆ្នាំមកនេះ បានប៉ះពាល់មុខមាត់រដ្ឋាភិបាល ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។
លោកបន្តថា៖ “ខ្ញុំនៅតែយល់ថាបញ្ហាវិវាទការងារក្រុមហ៊ុនណាហ្កាវើលដ៍ជាមួយនឹងអតីតបុគ្គល ដែលបន្តធ្វើកូដកម្មនេះ វាគួរតែបញ្ចប់នៅត្រឹមរាជរដ្ឋាភិបាលថ្មី ដែលបានកើតរូបរាងនៅពេលខាងមុខហ្នឹង ហើយអាចនឹងធ្វើការដោះស្រាយ”។
ទន្ទឹងនឹងនេះលោកអំ សំអាត យល់ឃើញថាការបញ្ចប់វិវាទបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺវាមិនពិបាកទេ ព្រោះកម្ពុជាមានច្បាប់ការងារ មានអនុសញ្ញាអង្គការអន្តរជាតិការងារ (International Labour Organization-ILO)។ តាមលោកសំអាត អ្វីដែលសំខាន់គឺឆន្ទៈនៅក្នុងការដោះស្រាយបញ្ចប់វិវាទនេះ។
លោកបន្ថែមថា៖ “អញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវតែលុបបំបាត់ចោល អាការលាបពណ៌ដាក់គ្នាទៅវិញទៅមកទៅ យើងស្វែងរកឬសគល់ពិតនូវបញ្ហា ហើយដោះស្រាយបញ្ហាហ្នឹងបញ្ចប់ទៅ អាហ្នឹងវាមិនមានរឿងអ្វីកើតឡើងទៀតទេ”។
កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូល៨។ ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។
ចំពោះអនុសញ្ញាលេខ ៨៧ របស់ILO មានគោលបំណង ដើម្បីធានាថា កម្មករ និងនិយោជិតទាំងអស់ មិនមានការបែងចែកអ្វីទាំងអស់ មានសិទិ្ធបង្កើតសមាគម លើកលែង តែការគោរពបទបញ្ជាផ្ទៃក្នុងនៃអង្គការសាមីចេញ ក៏មានសិទិ្ធចូលរួមក្នុងសមាគមតាមការជ្រើសរបស់ខ្លួន និងដោយមិនបាច់មានការសុំអនុញ្ញាតជាមុន ឡើយ។ អនុសញ្ញានេះចូលជាធរមានក្នុងឆ្នាំ១៩៥០ ហើយកម្ពុជាចូលជាសមាជិកក្នុងឆ្នាំ២០០០។