កូដករណាហ្គាវើលដ៍លើកឡើងថា កូដកម្មអហិង្សានឹងបន្តធ្វើឡើងវិញក្នុងសប្តា​​ហ៍នេះ ពាក់ព័ន្ធនឹងការប​ញ្ឈ​​​ប់មេ​ដឹកនាំសហជី​​ពរា​​ប់រយនា​​​​​​ក់ ដ៏ចម្រូងចម្រាស ដើម្បីទម្លាយភា​ព​ទា​​ល់​ច្រកដែលបានអូសបន្លាយជិ​ត២ឆ្នាំ ​​​ដោយសង្ឃឹមថាឈាមថ្មីបក្សកាន់អំណាចដែលនឹងឡេីងមកដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ នឹ​ងស្តារបញ្ហានេះ​ ដេីម្បីការពារសិទ្ធិសហជីពដែលកំពុងរងការរំលោភបំពាន។

កូដករម្នាក់គឺអ្នកស្រី ​​ម៉ម សុវឌ្ឍិ​ន និយាយកាលពីថ្ងៃទី២៩ខែកក្កដាថា ជិត២ឆ្នាំទៅនេះដំណោះស្រាយ និងបញ្ហានានានៅឈរទ្រឹងមួយកន្លែង គ្មានភាគីរដ្ឋាភិបាល ឬក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខមកដោះស្រាយនៅឡើយទេ។

 អ្នកស្រីថា បញ្ហានេះកម្មករនឹងចេញធ្វើកូដកម្មបន្តទៀត ទោះប្រឈមនឹងបញ្ហា​​ជី​វិភាព​ ក៏ត្រូវបង្ខំចិត្ត រកការងារក្រៅ​​ម៉ោងធ្វើ ហើយត្រូវផ្លាស់ប្តូរគ្នាមកធ្វើកូដកម្មក្តី ។

អ្នកស្រីថា៖ “ប្រហែលជា២​ ទៅ៣ថ្ងៃទៀតអីហ្នឹង។ ពួកយើងអត់មានជម្រើសអីផ្សេងក្រៅពីហ្នឹង ព្រោះ​​​​​យើងមានវិវាទនៅកន្លែងហ្នឹង ចឹងកន្លែងដែលយើងត្រូវធ្វើ នៅហ្នឹង”។

អ្នកស្រី ម៉ម សុវឌ្ឍិ​ន បន្តថា ក្រុមកម្មករ ក៏មានគម្រោងដាក់ញាត្តិទៅបណ្តាស្ថានទូតនានា រួមទាំងស្ថានទូតម៉ាឡេស៊ីជាដើម ខណៈថៅកែល្បែងណាហ្គាវើលដ៍ត្រូវគេដឹងថាជាជនជាតិម៉ាឡេស៊ី ។

គាត់ថា ជម្រើសនេះ មានគោលបំណង ទាមទារឱ្យទម្លាក់បទចោទលើតំណាងនិងសមាជិកសហជីព ទទួ​ល​​​​​​​​យ​ក​អ្នកដែលនៅសេសសល់រួមទាំងសមាជិកទាំ​​ង​អស់ ចូលធ្វើការវិញដោយគ្មានការរើសអើង។យ៉ាងគាស្ត្រី​រូបនេះនិយាយទាំងបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងដឹងអំពីសុខទុក្ខរប​ស់​​ក​​ម្មករ និងប្រជាពលរដ្ឋ។

លោកស្រីថា៖ “[រដ្ឋាភិបាលថ្មី]នឹងផ្តល់ភាពយុត្តិធម៌ឱ្យកម្មករបាន នេះជាអ្វីដែលកម្មករចង់ឃើញ ព្រោះពួកយើងជាពលរដ្ឋបានបំពេញកាតព្វកិច្ចជាពលរដ្ឋរួចហើយ អញ្ចឹងឥឡូវនេះជាកាតព្វកិច្ចរបស់តំណាងរាស្ត្រ ក៏ដូចជាអ្នកបម្រើសរាស្ត្រ ត្រូវបង្ហាញស្នាដៃ បង្ហាញថាខ្លួនឯងមានសមត្ថភាពកម្រិតណា”។

​ដោយឡែកអ្នកស្រី ឈឹម សុខន  គឺជា​ស្ត្រី​មួយ​រូប​ក្នុង​ចំណោម​ស្ត្រីច្រើន​នាក់ ដែល​សកម្មតវ៉ា​ប្រឆាំងនឹងការរំលោភសិទ្ធិសហជីព ​សិទ្ធិ​ការងារ ចង់ឱ្យរដ្ឋាភិបាលថ្មី​ផ្ដល់​យុត្តិធម៌​ជូន​ក្រុម​កូដករ​ណាហ្គាវើលដ៍។

 នាងនិយាយថា នឹងបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ ដោយ​មិន​ខ្លាច​នឿយហត់ និង​ការ​គំរាមកំហែង​ឡើយ ទោះបីពួកគាត់មិនបានធ្វើរាល់ថ្ងៃ ដោយប្រឈមជីវភាពក៏ដោយ។

អ្នកស្រីថា៖ “ចំពោះ ខ្ញុំយល់ឃើញថារដ្ឋាភិបាលថ្មី គួតែដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃមួយនេះទៅ ដើម្បីលើកមុ​ខ​មាត់ប្រទេសឡើងវិញ”។

ភាពចម្រូងចម្រាសនៃវិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំកណ្តាលរាជធានីភ្នំពេញមួយនេះ កើតឡើង ក្រោ​យ​ពេ​​​​លថៅកែក្រុមហ៊ុន បញ្ឈប់បុគ្គលិកចំនួន ១ ៣២៩នាក់ កាលពីចុងខែមេសា ឆ្នាំ២០២១។ ក្នុងចំ​ណោ​​ម​​​អ្នកដែលត្រូវបានកាត់ឈ្មោះចេញពីការងារមាន មេដឹកនាំសហជីពចំនួន ៣​​៦​៥នាក់ ។

ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះ ភាគីក្រុមហ៊ុនសំអាងថា ជួបវិបត្តិហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែក្រុមសហជីពចាត់ទុកវិធានេះជាចេតនារបស់ថៅកែ ដើម្បីបំបិទសំឡេងសហជីពឯករាជ្យដែលតែ​ង​​តែទាមទារអត្ថប្រយោជន៍ជូនបុគ្គលិក និងការពារបុគ្គលិកមិនឱ្យភ្ញៀវរំលោភបំពាន ។

​អ្នក​ស្រី ឈឹម សុខន  និយាយទៀតថា ពួកគេនូវតែមានឆន្ទៈបន្តធ្វើកូដកម្មដូចពេលកន្លងទៅ ដើម្បីទាម​ទា​​រសិ​ទ្ធិសហជីព សិទ្ធិការងារទោះ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​បែបយ៉ាង និង​ការ​ចោទ​ប្រកាន់​ធ្ងន់ៗយ៉ាងណាក្តី។

អ្នកស្រីថា៖​ “អ្វីដែលខ្ញុំចង់បានពីរដ្ឋាភិបាលថ្មី គឺដោះស្រាយឱ្យពួកខ្ញុំ ដែលកំពុងតវ៉ាអស់រយះពេលជិត២ឆ្នាំ មកនេះ ឱ្យបានចូលធ្វើការវិញ និងដោះលែងថ្នាក់ដឹកនាំសហជីព ដែលជាប់ក្នុងពន្ធនាគា ហើយលើកលែងបទចោទ ដល់សកម្មជនសមាជិកសហជីព ១៩នាក់ផ្សេងទៀត”។

ចំណែក លោក ហេង សួរ អ្នកនាំពាក្យក្រសួងក្រសួងការងារ​ Newsroom Cambodiaបានទាក់ទងច្រេីនដង ប៉ុន្តែមិនមានការឆ្លើយតប។

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) លើកឡើងថា ការដែលកម្ពុជាបាត់បង់ប្រព័ន្ធអនុ​គ្រោះ​​ពន្ធ(EBA)២០ភាគរយរបស់សហភាពអឺរ៉ុបមុនកាលកំណត់ និងការដែលសហរដ្ឋអាមេរិកមិនទា​ន់ផ្ត​ល់​​ឡើងវិញប្រព័ន្ធអនុគ្រោះពន្ធGSP ជាផ្នែកមួយដែលគេមើលឃើញពីចន្លោះប្រហោងនៃការអនវត្តច្បាប់ដែលជំរុញឱ្យមានកា​ររំ​លោភបំពានសិទ្ធិសហជីព និងសិទ្ធិការងារនៅកម្ពុជា។

លោក អាត់ ធន់​បញ្ជាក់ថា៖ ដោយសារភាព​ធូររលុង​នៃ​ច្បាប់​ ហើយ​ថា​ក្រុម​ហ៊ុន​បាន​ព្យាយាម​រក​វិធី​គេចវេស​ពីការ​ទទួល​ខុស​ត្រូវ​សម្រាប់​កម្មករ ​ដែល​បាន​ធ្វើ​ការ​យូរ​ឆ្នាំ”។

លោក អាត់ ធន់ គិតថា ដើម្បីទាញយកប្រយោជន៍ជាតិឡើងវិញ វាចាំ​បាច់ណាស់ដែលភាគីពាក់ព័ន្ធត្រូវពិនិត្យឡើងវិញលើបញ្ហានេះ ហើយរួមគ្នារកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ គិតថា រដ្ឋាភិបាលថ្មី គួរបង្ហាញឆន្ទៈដោះស្រាយបញ្ចប់វិវាទណាហ្កាវើលដ៍ ឈរលើស្មារតីច្បាប់មិនលម្អៀង ដោយលោកសង្កេតឃើញថា ការអូ​ស​​បន្លាយវិវាទជិត២ឆ្នាំមកនេះ បានប៉ះពាល់មុខមាត់រដ្ឋាភិបាល ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។

លោកបន្តថា៖ “ខ្ញុំនៅតែយល់ថាបញ្ហាវិវាទការងារក្រុមហ៊ុនណាហ្កាវើលដ៍ជាមួយនឹងអតីតបុគ្គល ដែលបន្តធ្វើកូដកម្មនេះ វាគួរតែបញ្ចប់នៅត្រឹមរាជរដ្ឋាភិបាលថ្មី ដែលបានកើតរូបរាងនៅពេលខាងមុខហ្នឹង  ហើយអាចនឹងធ្វើការដោះស្រាយ”។

ទន្ទឹងនឹងនេះលោកអំ សំអាត យល់ឃើញថាការបញ្ចប់វិវាទបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺវាមិនពិបាកទេ ព្រោះកម្ពុជាមានច្បាប់ការងារ មានអនុសញ្ញាអង្គការអន្តរជាតិការងារ (International Labour Organization-ILO)។ តាមលោកសំអាត អ្វីដែលសំខាន់គឺឆន្ទៈនៅក្នុងការដោះស្រាយបញ្ចប់វិវាទនេះ។

លោកបន្ថែមថា៖ “អញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវតែលុបបំបាត់ចោល អាការលាបពណ៌ដាក់គ្នាទៅវិញទៅមកទៅ យើងស្វែងរកឬសគល់ពិតនូវបញ្ហា ហើយដោះស្រាយបញ្ហាហ្នឹងបញ្ចប់ទៅ អាហ្នឹងវាមិនមានរឿងអ្វីកើតឡើងទៀតទេ”។

កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូល៨។​​ ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។​​

ចំពោះអនុសញ្ញាលេខ ៨៧ របស់ILO មានគោលបំណង ដើម្បីធានាថា កម្មករ និងនិយោជិតទាំងអស់ មិនមាន​ការបែងចែកអ្វីទាំងអស់ មានសិទិ្ធបង្កើតសមាគម លើកលែង តែការគោរពបទបញ្ជាផ្ទៃក្នុងនៃអង្គការសា​​មីចេញ ក៏មានសិទិ្ធចូលរួមក្នុងសមាគមតាមការជ្រើសរបស់ខ្លួន និងដោយមិនបាច់មានការសុំអនុញ្ញាតជាមុន ឡើយ។ អនុសញ្ញានេះចូលជាធរមានក្នុងឆ្នាំ១៩៥០ ហើយកម្ពុជាចូលជាសមាជិកក្នុងឆ្នាំ២០០០។