ព​លរដ្ឋ​នៅក្រុង​តាខ្មៅអះអា​ងថា​ អាជ្ញា​ធ​រ​ដែ​នដី​បា​នជួ​សជុ​លផ្លូវ​ឡើង​វិញ​​ក្រោយ​ពួ​ក​គេដា​ក់​ពា​ក្យ​ប្តឹង​ទៅ​​​​​​​ក្រ​​​​​​សួ​​​​ង​មហា​ផ្ទៃ ទារ​សំណង និងស្នើឱ្យដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដឹកខ្សាច់ដែលបានបង្កការលំបាកដល់ជីវ​​​​ភា​ពប្រ​​​ចាំថ្ងៃរបស់ពួកគេ និងធ្វើឱ្យខូចផ្លូវសាធារណៈ។

លោក ចិន សុវណ្ណារិន រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ ខេត្តកណ្ដាល និយាយនៅថ្ងៃអង្គារនេះថា ផ្លូវមួយខ្សែប្រវែងជិត៣គីឡូម៉ែត្រដែលពួកគាត់ប្តឹងទៅក្រសួងមហាផ្ទៃនោះ អាជ្ញាធរពាក់ព័ន្ធបានកែលម្អរួចហើយ និងមិនរំខានដោយរថយន្តដឹកធំៗទៀតទេ ពោលគឺមានតែរថយន្តដឹកដីតូចៗ ដែលមិនរំខានខ្លាំងដល់ជីវភាពរស់នៅដូចពេលមុន ។

លោក ថា៖«ខ្ញុំសប្បាយចិត្តនៅពេលគេធ្វើផ្លូវឱ្យយើងស្អាតលែងហុយលែងអីចឹង»

ប្រហាក់ប្រហែលគ្នានេះដែរ លោក អ៊ុន រ៉ាវុទ្ធ បាននិយាយថា គាត់រីករាយ ពេលឃើញមានដំណោះស្រាយ តែលោកនៅតែបារម្ភខ្លាចថ្ងៃក្រោយ រថយន្តដឹកដីធំៗរបស់ក្រុមហ៊ុន បង្កបញ្ហាជាថ្មីទៀ​ត​បើអាជ្ញាធរខ្វះឆន្ទៈទប់ស្កាត់។

លោកថា៖ «តែបារម្ភបំផុតអនាគតឡានដឹកខ្សាច់នៅតែបន្តផ្លូវហ្នឹងនៅខូចដដែល ឡានដឹកខ្សាច់ធំៗហើ​យលឿ​នៗណាស់» 

ចៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ លោក ឈឿង ឆូ មានប្រសាសន៍ថា ផ្លូវខូចខាតនេះត្រូវបានកែលម្អឡើងវិញហើយ តែលោកមិនបានដឹងថា តើការចំណាយក្នុងការជួសជុលផ្លូវ ជាថវិការដ្ឋ ឬក្រុមហ៊ុនដឹកខ្សាច់ជាអ្នករ៉ា​ប់រងចំណាយនោះទេ ។

លោកថា៖ « ខ្ញុំអត់បានដឹងដែរ ខាងឯកឧត្តមក្រុមការងារ ប្រហែលសហការគ្នាតាមមើល។ យើងអត់បានស៊ីជម្រៅដែរ។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក គង់ សោភ័ណ្ឌ   អភិបាលខេត្តកណ្ដាល និងលោក គ្រួយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាលបាននោះទេ ដោយខលចូលពុំមានអ្នកទទួលទូរសព្ទ។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន៨៨នាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ និងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានប្រមូលស្នាមមេដៃដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដោយទាមទារឱ្យដកហូតអាជ្ញាបណ្ណរ៉ែ ​និងបញ្ឈប់ប្រតិបត្តិការបូមខ្សាច់ទាំងអស់នៅតាមបណ្ដោយទន្លេបាសាក់ ត្រង់ផ្លូវជាតិលេខ២១A ។

ក្នុងពាក្យបណ្តឹងពេលនោះ សំអាងថា រថយន្តដឹងខ្សាច់បានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង១០០គ្រួសារដែលបានរស់នៅតាមដងផ្លូវ ដូចជាបើកបរក្នុងល្បឿនលឿនបង្កឱ្យដីហុយ មានអាការរក្អក និងផ្សាសាយញឹកញាប់ ពិបាកធ្វើដំណើរនិងខូចផ្លូវជាដើម។

បញ្ហានេះបង្កឱ្យពួកគេមានអាការក្អក និងផ្ដាសាយជាញឹកញាប់ ហើយការលក់ដូរអីវ៉ាន់ចាប់ហួយនៅខាងមុខផ្ទះ ក៏មានការធ្លាក់ចុះ ដោយសារមិនសូវមានពលរដ្ឋចូលទិញដូចមុន។

ពួក​​គេបានស្នើឱ្យលោក ស ខេង ដកអាជ្ញាប័ណ្ណក្រុមហ៊ុនដឹកខ្សាច់ ទារសំណងពីក្រុមហ៊ុង និងចាត់វិធានកា​រទប់ស្កាត់កុំឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូចករណីកើតឡើងនៅផ្សារស្អាងព្រែកតូច ដោយសារតែការធ្វើប្រតិបត្តិការបូមខ្សាច់។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា បញ្ហាដែលកើ​​​ត​​មា​​ននៅមូលដ្ឋាដូចជា ការលម្អផ្លូវ ប្រព័ន្ធទឹកស្អាត រួមទាំងវិធានដើម្បីសុខភាពសាធារណៈជាកា​​តព្វ​​​​កិ​​​ច្ច​​​រ​បស់អាជ្ញាធរក្នុងការចាត់វិធានការរកដំណោះស្រាយដោយមិនត្រូវរងចាំរហូតទាល់តែពលរដ្ឋសុំអន្ត​​រាគមន៍ដល់ថ្នាក់ដឹកនាំនោះទេ។

លោកថា៖ «គាត់ត្រូវមានកាតព្វកិច្ចរាយការណ៍របាយការណ៍ទៅថាតើតំបន់គាត់ហ្នឹងមានបញ្ហាអ្វីខ្លះ ពាក់ព័ន្ធនឹងរឿងផ្លូវរបស់គាត់ មិនចាំបាច់ទាល់តែពលរដ្ឋរត់ទៅប្ដឹងផ្ដល់ដល់ថ្នាក់លើចឹងទេ។ គាត់ខ្លួនឯងនៅមូលដ្ឋានត្រូវមានតួនាទីពិនិត្យមើល ទាល់អាជ្ញាធរមូលដ្ឋានពីថ្នាក់មូលដ្ឋានដល់ខេត្តគួរតែមើលឃើញត្រង់ចំណុចហ្នឹង ហើយយើងអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវជារឿងល្អ»។