ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា អ៊ីចប្រេស ចេញមុខដោះស្រាយបំណុលពន្ធរដ្ឋ ខណៈប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយនេះ រងការព្រមានផ្លូវច្បាប់ប្រសិនបើបន្តគេចវេះមិនទទួលខុសត្រូវចំពោះភាពយឺតយ៉ាវនេះ។
ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីប្រកាសរបស់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ហើយ Newsroom Cambodia ទើបទទួលបាននៅថ្ងៃនេះ បង្ហាញថា ដោយផ្អែកលើច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប។
លិខិតជូនដំណឹងនេះ ឱ្យដឹងទៀតថា កន្លងទៅក្រសួងសេដ្ឋកិច្ច បានតម្រូវឱ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា នេះអនុវត្តតួនាទីរបស់ខ្លួន ដូចដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធដែរ។ ប៉ុន្តែភាគីក្រុមហ៊ុន មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់ឡើយ។
ក្រៅពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទុកពេលឱ្យម្ចាស់ក្រុមហ៊ុន ចេញមុខដោះស្រាយក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះប្រសិនបើភាគីក្រុមហ៊ុននៅបន្តគេចវេសទៀត ក្រសួងព្រមានចាត់វិធានច្បាប់ប្តឹងទៅតុលាការ ប្រឆាំងភាពយឺយ៉ាវនេះ។
បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ប្រាប់ Newsroom Cambodia តាមសារអេឡិចត្រូនិច នៅថ្ងៃទី ៣ ខែ សីហា នេះថា ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា នេះនៅមិនទាន់ចេញមុខមកដោះស្រាយបំណុលនៅឡើយទេ ក្រោយពីក្រសួងចេញសេចក្តីព្រមានរួចមក។
បើទោះបែបណា អ្នកនាំពាក្យរូបនេះ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ទាក់ទងទំហំទឹកប្រាក់ដែលក្រុមហ៊ុន ត្រូវទូទាត់ក្នុងនាមជាអ្នកជាប់ពន្ធ ដោយចាត់ទុកថានេះជាកិច្ចការសម្ងាត់។បន្ថែមពីលើនេះ ក្នុងករណីម្ចាស់សហគ្រាសគេចវេសមិនបង់ពន្ធ គឺត្រូវតែទទួលរងនូវទោសប្បញ្ញត្តិ ដូចមានបញ្ញត្តិនៅក្នុងច្បាប់ស្តីពីសារពើពន្ធ។
លោកបន្តថា«ចាប់ពីថ្ងៃចុះផ្សាយមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស មិនទាន់អញ្ជើញមកទូទាត់បំណុលពន្ធនៅឡើយទេ។ផ្អែកលើច្បាប់ស្តីពីសារពើពន្ធព័ត៌មានស្តីពីអ្នកជាប់ពន្ធត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់។ដូចនេះ អគ្គនាយកដ្ឋានពន្ធដារ មិនអាចផ្តល់ព័ត៌មាននេះបានទេ។ដូចបានជម្រាបជូនព័ត៌មានក្នុងចម្លើយទី២ខាងលើ ព័ត៌មានអ្នកជាប់ពន្ធត្រូវបានចាត់ទុកជាព័ត៌មានសម្ងាត់។ដោយឡែកក្នុងករណីសហគ្រាសមិនគោរពតាមបទប្បញ្ញត្តិស្តីពីពន្ធដារ សហគ្រាសត្រូវទទួលរងនូវទោសប្បញ្ញត្តិដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ ត្រង់ជំពូកទី១៨ ស្តីពីទោសប្បញ្ញត្តិ »។
គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបបានភ្លាមៗទេពីលោកស្រី រស់ ដារ៉ា អគ្គនាយិកានៃក្រុមហ៊ុន ឡារីតា នៅថ្ងៃនេះ។
យ៉ាងនេះក្តី បុគ្គលិកដែលបម្រើការផ្នែកលក់សំបុត្រ របស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានព្យាយាមបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ទាក់ទងជាប់បំណុលពន្ធរដ្ឋនេះ។
លោកបន្តថា«បើបងចប់បានព័ត៌មានអញ្ចឹងបងអាចឆាតចូលទៅក្នុងផេកខាងខ្ញុំបានណាបង។ផេក ឡារីតា អ៊ិចប្រេស អាចផ្តល់ព័ត៌មានជូនទៅបងវិញបាន។ខ្ញុំនឹងឆ្លើយតបទៅខាងបងវិញ។ខាងខ្ញុំអត់ដឹងប្បាស់ទេ។ខាងខ្ញុំខាងកក់សំបុត្រទេ »។
ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា អ៊ិចប្រេស នេះត្រូវបានចុះបញ្ជីជាផ្លូវការ នៅក្នុងក្រសួងពាណិជ្ជកម្ម ដើម្បីប្រតិបត្តិការផ្តល់សេវាកម្មលើការដឹកជញ្ជូន កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។ក្នុងទុនរួមគ្នា ក្រុមហ៊ុននេះ មានក្រុមប្រឹក្សាភិបាលពីរ ដែលត្រូវទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន គឺលោកស្រី រស់ ដារ៉ា និងហាក់ វ៉ាន់ឈឿម។
ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។គិតមកដល់ពេលនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានព្យាយាមបដិសេធក្នុងការផ្តល់ចម្លើយ ទាក់ទងរយៈពេល និងចំនួនទឹកប្រាក់ដែលក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរនេះត្រូវទូទាត់ថ្លៃបំណុល។
បើទោះជាបែបណា សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៣ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹម៦ខែដើមឆ្នាំ២០២៣នេះ អគ្គនាយកពន្ធដារប្រមូលពន្ធបាន ២ ០៧២ លានដុល្លារ ស្មើប្រមាណ ៥៨ ភាគរយ។
យ៉ាងនេះក្តី សម្រាប់អ្នកជំនាញផ្នែកអភិបាលកិច្ច ចាត់ទុកថា កម្ពុជាបើទោះជាប្រមូលពន្ធបានលើសផែនការរំពឹងទុកបែបនេះក្តី ចំណុចសំខាន់គឺនៅត្រង់ថាតើការចាត់ចែងនៃការចាយវាយថវិកាជាតិនេះ មានតម្លាភាពកម្រិតណា។
ច្បាប់ស្តីពីសារពើពន្ធ បញ្ញត្តិមាត្រា ២៤២ កំណត់ថា បទល្មើសគេចវេសពន្ធ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត សហគ្រាស ឬបុគ្គលដែលគេចវេសមិនបង់ពន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ១រយលាន ទៅ ២រយលានរៀល៕