នៅសល់ពេល១ថ្ងៃទៀតជាថ្ងៃដែលសាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ថ្ងៃសវនាការលើបណ្តឹងទាស់ដែលមេធាវីតំណាងដោយអាណត្តិរបស់មន្រ្តីគណបក្សជំទាស់ ប្តឹងទាមទាររកយុត្តិធម៌ប្រឆាំងដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន ក្នុងសំណុំរឿងព្រហ្មទណ្ឌក្រោមបទចោទ«ញុះញង់»។
លិខិតជូនដំណឹងដែលចេញកាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៣ ដោយមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលគេហទំព័រ Newsroom Cambodia ទទួលបាននៅថ្ងៃទី៣ ខែសីហា នេះឱ្យដឹងថាតុលាការថ្នាក់កណ្តាលនេះ នឹងកំណត់យកថ្ងៃទី ៤ ខែសីហា ជាថ្ងៃបើកការជំនុំជម្រះ ពិភាក្សាដេញដោលលើបណ្តឹងទាស់របស់លោក ជូង ជូងី ប្រឆាំងការឃុំខ្លួនបណ្តោះអាសន្នលើលោក លី រី។
ប្រភពដដែលបន្តថា សវនាការដែលនឹងចាប់ផ្តើមពីម៉ោង៨ព្រឹកនេះ គឺដឹកនាំការជំនុំជម្រះដោយលោក អិន វ៉ានវិបុល ប្រធានប្រឹក្សាជំនុំជម្រះ លោក ប៉ុល សំអឿន និងលោកស្រី យិច ឈាណាវី ជាសមាជិកប្រឹក្សាជំនុំជម្រះ។
លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ កូតាមកពីគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២៣។
ក្រោយចាប់ខ្លួន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា មន្រ្តីបក្សជំទាស់ទាំងពីររូបនេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែងលើសន្លឹកឆ្នោត។ហើយចាប់ខ្លួននេះទៀតសោត គឺសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន ដែលចេញដោយព្រះរាជអាជ្ញាអមតុលាលារភ្នំពេញលោក ច្រឹង ខ្មៅ។
លោក ជូង ជូងី មេធាវីតំណាងដោយអាណត្តិលោក លី រី នៃមេធាវីការិយាល័យច្បាប់សីលា កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៣ បានរៀបចំបណ្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួនបណ្តោះអាសន្ន ដោយព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ។ការប្តឹងទាស់ប្រឆាំងដីកាឃុំខ្លួននេះ ធ្វើឡើងក្រោយពីលោក លី រី ប្រគល់សិទ្ធិឱ្យធ្វើជាមេធាវីតំណាងដោយអាណត្តិ កាលពីថ្ងៃទី ១៧ កក្កដា។
មេធាវីតំណាងដោយអាណត្តិ នៃមេធាវីការិយាល័យច្បាប់សីលា លោក ជូង ជូងី បដិសេធក្នុងការផ្តល់ចម្លើយទាក់ទងថាតើលោកមានសង្ឃឹមបែបណា នៅពេលតុលាការសម្រេចសេចក្តី ក្រោយបើកការជំនុំជម្រះរួច។
បើតាមមេធាវីរូបនេះ ការរៀបចំបណ្តឹងឧទ្ធរណ៍នេះឡើង គឺស្នើសុំឱ្យតុលាការផ្តល់សេរីភាពឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំវិញ ជាពិសេសទម្លាក់ចោលដីកាឃុំខ្លួនប្រឆាំងលោក លី រី ដោយតុលាការជាន់ទាបរាជធានីភ្នំពេញ។
លោកបន្តថា«គោលបំណងសុំឱ្យសាលាឧទ្ធរណ៍បដិសេធដីកាឃុំខ្លួនបណ្តោះអាសន្នលោក លី រី ហើយដោះលែងគាត់ឱ្យមានសេរីភាពវិញ។ខ្ញុំមិនពិចារណាករណីនេះទេ »។
នាយកទទួលបន្ទុកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា ការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់នេះ ទាំងរដ្ឋាភិបាល និងសមត្ថកិច្ចត្រូវរងការរិះគន់ដោយចាត់ទុកនេះគឺជាដាក់សម្ពាធ និងធ្វើទុកបុកម្នេញខាងនយោបាយ ប្រឆាំងគណបក្សក្រៅរដ្ឋាភិបាល។
បើតាមអ្នកជំនាញអ្នកការពារសិទ្ធិមនុស្សរូបនេះ ហាក់មិនមានជំនឿទាល់តែសោះថា ការស្នើសុំឱ្យទម្លាក់បទចោទ និងដោះលែងជនត្រូវចោទបាននៅក្រៅឃុំនេះ ត្រូវបានតុលាការយកទៅពិចារណានោះឡើយ។
លោកបន្តថា«ការចាប់ខ្លួន ចោទប្រកាន់និងការឃុំខ្លួនលោក លី រី ពីបទញុះញង់តាមមាត្រា ៤៩៤ និង ៤៩៥ នេះគឺមានការិះគន់ច្រើនទាំងក្នុងស្រុក និងសហគមន៍អន្តរជាតិ ថាករណីនេះជាប់ពាក់ព័ន្ធរឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។តាមផ្លូវច្បាប់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ និងជនត្រូវចោទមានសិទ្ធិសុំឱ្យចៅក្រមដោះលែងជនត្រូវចោទនៅក្រៅឃុំបណ្តោះអាសន្ន និងទម្លាក់បទចោទប្រកាន់បើពួកគាត់យល់ថាជនត្រូវចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់ ឬមានភាពអយុត្តិធម៌សម្រាប់ជនត្រូវចោទ។ តាមការសង្កេតរបស់ខ្ញុំកន្លងមកករណីដែលមានការរិះគន់ថាជាប់ពាក់ព័ន្ធនយោបាយដូច្នេះការដាក់ឱ្យនៅក្រៅឃុំ ឬការសុំទម្លាក់បទចោទប្រកាន់ ភាគច្រើនមិនទទួលបានតាមការស្នើសុំទេ» ។
ការចាប់ខ្លួនក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់នេះ បានធ្វើឱ្យចំនួនអ្នកដែលត្រូវចាប់ខ្លួនបានបន្តកើនឡើងជិត១០នាក់ ទាំងមុន និងនៅក្រោយការបោះឆ្នោតបិទបញ្ចប់។
លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀនប្រចាំក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងថ្ងៃបោះឆ្នោត ដោយចោទប្រកាន់ពីបទ គូសខ្វែងសន្លឹកឆ្នោតនៅលើបណ្តាញសង្គម ហ្វេសប៊ុក។ក្នុងថ្ងៃតែមួយលោក ជឹម សុជាតិ ក្រុមប្រឹក្សាឃុំ គណបក្សភ្លើងទៀន ស្រុកចំការលើ ខេត្តកំពង់ចាម ក៏ត្រូវចាប់ខ្លួន ខណៈដែលលោកឈរថតរូប ពេលមន្រ្តី គ.ជ.ប រាប់សន្លឹកឆ្នោត ប៉ុន្តែមិនបានប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន ក៏ដោះលែងវិញ។
ក្រៅពីនេះនៅមាន អ្នកស្រី វង រុន្នី ប្រធានចលនាស្រ្តីថ្នាក់ជាតិរាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ។អ្នកទាំងពីរត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួន ដោយតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ កក្កដា នៅអំឡុងពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត។
ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិមកពីគណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនខ្លួនចូលរថយន្តភ្លាមៗដែរ។
ដោយឡែក លោក ខឹម មុនីកុសល ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន កំពុងនិរទេសខ្លួន បន្ទាប់ពីស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សម្រេចកាលពីថ្ងៃទី ១៧ កក្កដា ដោយលុបឈ្មោះ និងដកសិទ្ធិមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន ១០ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ១៥លានរៀលថែមទៀត៕