នៅសល់ពេល១ថ្ងៃទៀតជាថ្ងៃដែលសាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ថ្ងៃសវនាការលើ​​​បណ្តឹងទាស់ដែ​​ល​​មេ​​ធាវីតំណាងដោយអាណត្តិរបស់មន្រ្តីគណបក្សជំទាស់ ប្តឹងទាមទាររកយុត្តិធម៌ប្រ​​ឆាំងដីកាសម្រេ​​​ចឱ្យ​ឃុំ​​ខ្លួ​ន​បណ្តោះអាសន្ន ក្នុងសំណុំរឿងព្រហ្មទណ្ឌក្រោមបទចោទ«ញុះញង់»។

លិខិតជូនដំណឹងដែលចេញកាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៣ ដោយមហាអយ្យ​​ការអមសា​​លា​​ឧទ្ធរ​​ណ៍ភ្នំពេញ ដែលគេហទំព័រ Newsroom Cambodia ទទួលបាននៅថ្ងៃទី៣ ខែសីហា នេះឱ្យដឹងថាតុលា​​កា​​រថ្នា​​ក់កណ្តាលនេះ នឹងកំណត់យកថ្ងៃទី ៤ ខែសីហា ជាថ្ងៃបើកការជំនុំជម្រះ ពិភាក្សាដេញដោល​​លើ​​ប​​ណ្តឹ​​ងទា​​ស់របស់​​លោ​​ក​ ជូង ជូងី ប្រឆាំងការឃុំខ្លួនបណ្តោះអាសន្នលើលោក លី រី។

ប្រភពដដែលបន្តថា សវនាការដែលនឹងចាប់ផ្តើមពីម៉ោង៨ព្រឹកនេះ គឺដឹកនាំការជំនុំជម្រះដោយលោក អិន វ៉ានវិបុល ប្រធានប្រឹក្សាជំនុំជម្រះ លោក ប៉ុល សំអឿន និងលោកស្រី យិច ឈាណាវី ជាសមាជិកប្រឹ​​ក្សាជំ​​នុំ​​​​ជម្រះ។

លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ កូ​​តា​មកពីគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២៣។

ក្រោយចាប់ខ្លួន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា មន្រ្តីបក្ស​​ជំ​​ទា​ស់ទាំងពីររូបនេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការ​​គូស​​ខ្វែ​ង​​​​​​​លើសន្លឹកឆ្នោត។ហើយចាប់ខ្លួននេះទៀតសោត គឺសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន ដែលចេញ​​ដោ​​​​យ​​ព្រះរាជអាជ្ញាអមតុលាលារភ្នំពេញលោក ច្រឹង ខ្មៅ។

លោក ជូង ជូងី មេធាវីតំណាងដោយអាណត្តិលោក លី រី នៃមេធាវីការិយាល័យច្បាប់សីលា កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៣ បានរៀបចំបណ្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួនបណ្តោះអាសន្ន ដោយព្រះរាជ​​អា​​ជ្ញា​​អ​​ម​​​តុលាការរាជធានីភ្នំពេញ។ការប្តឹងទាស់ប្រឆាំងដីកាឃុំខ្លួននេះ ធ្វើឡើងក្រោយពីលោក លី រី ប្រគល់​​សិទ្ធិ​​ឱ្យ​​​ធ្វើជាមេធាវីតំណាងដោយអាណត្តិ កាលពីថ្ងៃទី ១៧ កក្កដា។

មេធាវីតំណាងដោយអាណត្តិ នៃមេធាវីការិយាល័យច្បាប់សីលា លោក ជូង ជូងី បដិសេធក្នុងការផ្តល់ច​​ម្លើ​​យ​​ទាក់ទងថាតើលោកមានសង្ឃឹមបែបណា នៅពេលតុលាការសម្រេចសេចក្តី ក្រោយបើកការជំនុំជម្រះរួច​។

បើតាមមេធាវីរូបនេះ ការរៀបចំបណ្តឹងឧទ្ធរណ៍នេះឡើង គឺស្នើសុំឱ្យតុលាការផ្តល់សេរី​​ភាពឱ្យកូនក្តីរបស់​​ខ្លួ​ន​​បាននៅក្រៅឃុំវិញ ជាពិសេសទម្លាក់ចោលដីកាឃុំខ្លួនប្រឆាំងលោក លី រី ដោយតុលាការជាន់ទា​​បរា​​ជធា​​នី​​​ភ្នំពេញ។

លោកបន្តថា«គោលបំណងសុំឱ្យសាលាឧទ្ធរណ៍បដិសេធដីកាឃុំខ្លួនបណ្តោះអាសន្នលោក លី រី ហើយ​ដោះ​​​​​​​លែងគាត់ឱ្យមានសេរីភាពវិញ។ខ្ញុំមិនពិចារណាករណីនេះទេ »។​

នាយកទទួលបន្ទុកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា កា​​រ​​ចា​​​​ប់​ខ្លួនមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់នេះ ទាំងរដ្ឋាភិបាល និងសមត្ថកិច្ចត្រូវរងការរិះ​គន់ដោយចាត់ទុក​​នេះ​​​គឺ​ជាដាក់សម្ពាធ និងធ្វើទុក​​បុកម្នេញខាងនយោបាយ ប្រឆាំងគណបក្សក្រៅរដ្ឋាភិបាល។

បើតាមអ្នកជំនាញអ្នកការពារសិទ្ធិមនុស្សរូបនេះ ហាក់មិនមានជំនឿទាល់តែសោះថា ការស្នើសុំឱ្យទម្លា​​ក់​​ប​​ទ​​​​​​ចោ​​ទ និងដោះលែងជនត្រូវចោទបាននៅក្រៅឃុំនេះ ត្រូវបានតុលាការយ​​កទៅ​​ពិចា​​រណា​​​នោះឡើយ​។

លោកបន្តថា«ការចាប់ខ្លួន ចោទប្រកាន់និងការឃុំខ្លួនលោក លី រី ពីបទញុះញង់តាមមាត្រា ៤៩៤ និង ៤​​​​៥ នេះគឺមានការិះគន់ច្រើនទាំងក្នុងស្រុក និងសហគមន៍អន្តរជាតិ ថាករណីនេះជាប់ពាក់ព័ន្ធរឿងន​​យោ​​បាយ ច្រើនជាងការអនុវត្តច្បាប់តាមផ្លូវច្បាប់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ និងជនត្រូវចោទមានសិទ្ធិសុំឱ្យចៅក្រមដោះលែងជនត្រូវចោទនៅក្រៅឃុំបណ្តោះអាសន្ន និងទម្លាក់បទចោទប្រកាន់បើពួកគាត់​​​​ល់ថាជនត្រូវចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់ ឬមានភាពអយុត្តិធម៌សម្រាប់ជនត្រូវចោទ។ តាមការសង្កេតរបស់ខ្ញុំកន្លងមកករណីដែលមានការរិះគន់ថាជាប់ពាក់ព័ន្ធនយោបាយដូច្នេះការដាក់ឱ្យនៅក្រៅឃុំ ឬការសុំទម្លាក់បទចោទប្រកាន់ ភាគច្រើនមិនទទួលបានតាមការស្នើសុំទេ» ។

ការចាប់ខ្លួនក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់នេះ បានធ្វើឱ្យចំនួនអ្នកដែលត្រូវ​​ចាប់ខ្លួនបាន​បន្តកើ​ន​​​​ឡើ​ង​​​ជិត​១០នាក់ ទាំងមុន និងនៅក្រោយការបោះឆ្នោតបិទបញ្ចប់។ 

លោក ចៅ វាសនា ប្រធានគណ​​បក្ស​​ភ្លើង​ទៀនប្រចាំក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន នៅក្នុងថ្ងៃ​​បោះឆ្នោត ដោយចោទប្រកាន់ពីបទ គូ​​ស​​ខ្វែង​​សន្លឹកឆ្នោតនៅលើបណ្តាញសង្គម ហ្វេសប៊ុក។ក្នុងថ្ងៃ​​តែមួ​​យ​​​លោ​ក ជឹម សុជាតិ ក្រុមប្រឹក្សាឃុំ គ​​ណ​​​​​បក្ស​ភ្លើងទៀន ស្រុកចំការលើ ខេត្តកំពង់ចាម ក៏ត្រូវចាប់ខ្លួន ខ​ណៈ​ដែ​​​លលោកឈរថតរូប ពេលមន្រ្តី គ​​.​ជ​​​.​ប រាប់​​សន្លឹកឆ្នោត ប៉ុន្តែមិនបានប៉ុន្មា​​នម៉ោងក្រោ​យការចា​​ប់ខ្លួន ក៏​​ដោះ​​លែងវិញ។

ក្រៅពីនេះនៅមាន អ្នកស្រី វង រុន្នី ប្រធានចល​​នា​​ស្រ្តី​​​ថ្នាក់​​ជាតិ​រាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធា​​ន​គណៈ​​កម្មា​ធិការប្រតិបត្តិ​​គណបក្សភ្លើង​​​ទៀនខេ​ត្តត្បូ​ង​​ឃ្មុំ​​​។អ្នកទាំងពីរត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់​​ឱ្យ​​នាំខ្លួន ដោ​​យតុលាការរាជធានី​ភ្នំពេញ កាលពីថ្ងៃទី ១៧ កក្កដា នៅ​​​​អំឡុងពេលយុទ្ធ​​នាការឃោស​​នា​​ស្វែ​​ង​​​​រក​​សំ​​ឡេ​​​ង​ឆ្នោត​​។

ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិ​មក​​​ពី​គណបក្ស​ភ្លើង​ទៀន នៅ​រាជធានីភ្នំពេញ កា​​ល​​ពីរសៀលថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៣ ត្រូវកម្លាំង​​សមត្ថកិច្ច​​ចាប់​​ខ្លួន​​ និ​​ង​​​បញ្ជូនខ្លួនចូលរថយន្តភ្លាមៗដែរ។

ដោយឡែក លោក ខឹម មុនីកុសល ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន កំពុងនិរទេសខ្លួន បន្ទាប់ពីស្ថា​​ប័នជា​តិរៀ​​ប​ចំ​​ការបោះ​​ឆ្នោត(​​គ.ជ​​.ប​​)​​​​សម្រេចកាលពីថ្ងៃទី ១៧ កក្កដា ដោយលុបឈ្មោះ និងដកសិទ្ធិមិនឱ្យ​​​ឈរ​ឈ្មោះ​​​ឱ្យគេបោះឆ្នោតចំនួន ១០ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ១៥លានរៀលថែមទៀត៕