ប្រជាពលរដ្ឋចំនួន១០០នាក់ផ្ទុះការតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២ សីហា ប្រឆាំងសា​​​​ល​​​​​ក្រ​​មរបស់សាលាដំបូងខេត្តបន្ទាយមានជ័យដោយបង្គាប់ឱ្យពួកគេរុះរើលំនៅឋានចេញទៅ​​តាំងទីលំ​​នៅ​ផ្សេ​ង ពីតាំងដែលពួកគេកំពុងរស់នៅបច្ចុប្បន្ន ដោយចោទប្រកាន់ថា ពលរដ្ឋទាំងជាង១០​​០គ្រួសារនេះរ​​ស់​​នៅ​​​​លើ​​​​ដីដែលមានម្ចាស់កម្មសិទ្ធិរួចទៅហើយ។

លោក សាំង សំណាង អាយុ៤៧ឆ្នាំ ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋសរុប១២៣គ្រួសារដែលប្រឈមការបណ្ដេញចេញពីលំនៅឋានដោយអំណាចតុលាការ និយាយថា លោកបានទិញដី និងរស់នៅលើដីកំ​​ពុ​​ង​​មានទំនាស់នេះជិត១០ឆ្នាំហើយ។ប៉ុន្តែ លោកថា រយៈពេល៣ឆ្នាំចុងក្រោយនេះ មានអ្នកដាក់ពាក្យប​​ណ្ដឹ​​ងទាមទារដីនេះពីម្ចាស់ដីមុន​ ហើយតុលាការបានចេញដីកាបង្គាប់ឱ្យលោក និងពលរដ្ឋផ្សេងទៀតរស់នៅ​​​លើដីមានវិវាទរុះរើលំនៅឋានដែលសុទ្ធសឹងជាសំណង់រឹងកាលពីសប្ដាហ៍មុន។

លោកបន្តថា៖ «ទិញជិត១០ឆ្នាំទើបមកវិវាទ៣ឆ្នាំមុននេះឯង។ បានគេប្ដឹងថាដីគេ តែអ្នកប្ដឹងអត់ឃើញឈ្មោះផងចេញតែឈ្មោះ វ៉ែន ខែមរិន្ទ តែម្នាក់ ហើយតុលាការចេញមក គេ ថា ភាគីខាងគេមាន២៥០គ្រួសារ។ តែដីហ្នឹងខ្ញុំស្គាល់ដំបូងសុទ្ធដីពីដើមព្រៃកប់សុទ្ធបឹង អត់មានមនុស្សនៅទេ។

បើតាម លោក សំណាង ដីមានវិវាទនេះមានទំហំ៣ហិកតា ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យ​ប៉ែត។ក្នុងឆ្នាំ២០១៤ លោកបានទិញដីនៅតំបន់នោះ ទទឹងទំហំ ៤ម៉ែត្រ និងបណ្ដោយ ១៦ម៉ែត្រ ក្នុងត​​ម្លៃ​សរុបជិត៦ពាន់ដុល្លារ ដោយកក់ប្រាក់៥០០ដុល្លារ និងបង់រំលោះ២២០ដុល្លារជារៀងរាល់ខែរហូតដល់២​​ឆ្នាំ ព្រមទាំងបានសាងសង់ជាផ្ទះល្វែងលើដីនោះថែមទៀតផង។

ក្នុងលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លីរបស់លោក សំណាង បាននិយាយថា ក្នុងឆ្នាំ២០១៤ លោក សំណាង បានទិញលំនៅឋាន ពីបុគ្គលម្នាក់ឈ្មោះ ង៉ោ ឆេង។ក្នុងលិខិតនោះ ក៏បានបង្ហាញពីការចុះហត្ថលេខាទ​​​ទួ​​ល​ស្គាល់ពីសំណាក់ លោក គង់ សុខ អតីតចៅសង្កាត់ប៉ោយប៉ែត និង លោក ង៉ោ ម៉េងជ្រួន អតីតអ​​ភិបាល​ក្រុ​ងប៉ោយប៉ែត និងបច្ចុប្បន្នជាអភិបាលរង​ខេត្ត​បន្ទាយ​មានជ័យដែលជាអាជ្ញាធរមូលដ្ឋានផងដែរ។

ពលរដ្ឋប្រឈមនឹងការបណ្ដេញចេញពីលំនៅឋានមួយរូបទៀតគឺ លោក សៅ ស្រឿន ជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ បានប្ដេជ្ញាថា​ លោកមិនព្រមរុះរើលំនៅឋានតាមការបញ្ជាពីតុលាការនោះទេ ដោយសំអាងថា លោកបានទិញដីនេះដោយស្របតាមច្បាប់។

លោកបន្តថា៖«យើងសោកស្ដាយ[តុលាការបង្គាប់រុះរើ] យើងទិញមានច្បាប់មានទម្លាប់មិនបានលួចគេផង»។

សាលាដំបូងខេត្តបន្ទាយមានជ័យ លោក ឡា ប៊ុនហួន មានប្រសាសន៍ថា ក្នុងសំណុំរឿងលើដីមានទំនាស់នេះ តុលាការបានចេញសាលក្រមរួចហើយ ដោយឱ្យដើមបណ្ដឹង លោក វ៉ែន ខែមរិន្ទ តំណាងពលរដ្ឋ២៥០គ្រួសារឈ្នះក្ដីលើ អ្នកស្រី ប៉ាង ក្រៃស៊ុន។

ប្រភពបន្តថា កន្លង​​មក លោក ង៉ោ ឆេង និងអ្នកស្រី ប៉ាង ក្រៃស៊ុន បានគប់គិតគ្នាបន្លំឯកសារក្នុងការល​​ក់ដីឱ្យប្រជាពលរដ្ឋជាង១០០គ្រួសារ ខណៈបច្ចុប្បន្នពួកគេកំពុងរស់នៅលើដីនេះ។បន្ថែមពីលើនេះ លោក ប៊ុនហួន ថា តុលាការបានចេញសាលក្រមលុបចោលប្លង់កម្មសិទ្ធិរបស់លោក ង៉ោ ឆេង និងអ្នកស្រី ប៉ាង ក្រៃស៊ិន ព្រមទាំងចេញដីកាតាមចាប់ខ្លួនពួកគេ និងប្រគល់ដីមានទំនាស់ទំហំ៣ហិកតានោះឱ្យ លោក វ៉ែន ខែមរិន ជាម្ចាស់កម្មសិទ្ធិវិញ។

លោកបន្តថា«១០០គ្រួសារដែលរស់នៅជាក់ស្ដែងសុទ្ធតែជាជនរងគ្រោះដែលគាត់ទិញពីគេ។…គាត់(​​លោ​​​​ក ង៉ោ ឆេង និងអ្នកស្រី ប៉ាង ក្រៃស៊ុន)ក្លែងយកដីប្រជាពលរដ្ឋ គេ(តុលាការ)ចេញដីកាតាមចាប់ខ្លួន…ប្លង់ដីគាត់ គេ(តុលាការ)លុបចោលអស់ហើយ»

ទាក់ទិននឹងការលើកឡើងនេះ សារព័ត៌មាន Newsroom Cambodia នៅពុំទាន់អាចសុំប្រតិកម្មពី លោក ង៉ោ ឆេង និងអ្នកស្រី ប៉ាង ក្រៃស៊ុន បានភ្លាមៗទេ នៅថ្ងៃនេះ។

សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ កក្កដា បានជូនដំណឹងឱ្យ អ្នកស្រី ប៉ាង ក្រៃស៊ុន ដែលតុ​​លាកា​​រ​អះអាងថា ជាកូនបំណុលនៅក្នុងសំណុំរឿង និងពលរដ្ឋកំពុងរស់នៅលើដីមានទំនាស់ ស្ថិតនៅភូ​មិ​​អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រុះរើផ្ទះសម្បែងចេញ ក្រោមហេតុផលថា ដើម្បីការពារផលប្រ​​យោ​​​​ជ​ន៍​​ឱ្យដើមបណ្ដឹង។លើសពីនេះទៀត ប្រសិនបើពលរដ្ឋពុំព្រមរុះរើលំនៅឋានចេញទេ នឹងតុលា​​កា​​រ​​នឹ​ង​​​​​​​អនុ​វត្ត​​វិធានការតាមផ្លូវច្បាប់។

ដោយឡែក លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យ មានប្រ​​សា​សន៍ថា រដ្ឋបាលខេត្តកំពុងបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយនៅលើដីទំនាស់នេះ។

លោកបន្តថា៖ «[មិនអាចនិយាយបានទេ]ព្រោះឥឡូវពុងតែប្រជុំរឿងហ្នឹង»

សម្រាប់មន្រ្តីអង្គការឃ្លាំមើលសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា តុលាការគួរមានការស៊ើបអង្កេតឱ្យបានល្អិតល្អន់មុនចេញសេចក្ដីសម្រេចបណ្ដេញប្រជាពលរដ្ឋពីកន្លែងពួកគេកំពុងរស់នៅ ទាំ​​ង​​ដែលមានឯកសារទិញលក់ដីធ្លីត្រឹមត្រូវ ហើយថែមទាំងមានការទទួលស្គាល់ពីអាជ្ញាធរថែមទៀត។

បន្ថែមពីលើនេះលោកជំរុញឱ្យមានការស្រាវជ្រាវលើភាគីពាក់ព័ន្ធដែលរួមចំណែកឱ្យប្រជាពលរដ្ឋចំណាយប្រាក់ក្នុងការទិញដីមានទំនាស់នោះដែរ។

លោកបន្តថា៖ «ខ្ញុំយល់ថាបញ្ហានេះគួរតែមានការស្រាវជ្រាវរឿងរ៉ាវនេះឱ្យបានច្បាស់លាស់ ហើយដំណោះស្រាយគួរតែមានការពិនិត្យអំពី អ្នកដែលធ្វើការខូចខាតនិងប៉ះពាល់ទៅដល់ អ្វីដែលគាត់[ពលរដ្ឋ]បានចំណាយថវិកាក្នុងការទិញដូរទាំងអស់ហ្នឹង»

ទាក់ទិនទំនាស់ដីធ្លី កាលពី៣ឆ្នាំមុន នៅក្នុងខេត្តបន្ទាយមានជ័យនេះដែរ នៅអំឡុងខែ មីនា ឆ្នាំ២០២០ លោក ទុយ ស្រស់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើ​​ទា​​រុ​​​​ណកម្មយកចម្លើយ នៅក្នុង​​មន្ទី​​រឃុំឃាំងនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត រហូតបាត់​​បង់ជីវិត​​។​​អំ​ពើ​​ទា​​​​រុណកម្មនេះ ផ្តើមចេញពី​​ទំ​​នា​​ស់​​​ដីធ្លីមួយកន្លែង​​ស្ថិតនៅ​​ក្នុ​ង​​ឃុំ​​​​ស្លក្រាម និងឃុំស្វាយចេកខេត្តបន្ទាយ​​មា​ន​​​​ជ័យ​ ដែលបណ្តាលឱ្យមនុស្ស​​​៤​​នាក់​​ផ្សេ​ង​​ទៀត ត្រូវចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ។

ដោយឡែក វិវាទដីធ្លី នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតឯណេះវិញ គេសង្កេតឃើញថា ស្ថានភាព​​នេះហា​​ក់​​មិនខុសគ្នា​​ប៉ុន្មា​​ន​​ដែ​រ។ពលរដ្ឋទាំង១០០គ្រួសារ ដែលកំពុងប្រឈមនឹងអំណាចសាល​​ក្រមដែលត្រូវ​​ប​ណ្តេ​​​​​​ញចេ​​ញ​​ នៅបន្ត​​​ប្តេ​ជ្ញា​​ថា នឹងមិនចាកចេញ​​ពីទីតាំងដែល​​​ធ្លាប់រស់​នៅ​​​ជិត១០ឆ្នាំកន្លងទៅ​​ហើយ​​នេះ​​ទេ​​៕