សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បង្គាប់ឱ្យបន្តឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន លោក លី រី នៅពន្ធនាគារដោយច្រានចោលបណ្តឹងសុំនៅក្រៅឃុំ របស់មេធាវីដែលប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សាលដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីសកម្មភាពញុះញង់ធ្វើឱ្យខូចសន្លឹកឆ្នោត។
លោក លី រី ជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ ត្រូវអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោយចាប់ខ្លួន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារ ដោយពីបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ជាប់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែងលើសន្លឹកឆ្នោត។
ជុំវិញការឃុំខ្លួនបណ្ដោះអាសន្ន ក្នុងដំណាក់កាលនៃការស៊ើបអង្កេតនេះ លោក ជូង ជូងី ជាមេធាវីការពារក្ដី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ស្នើសុំឱ្យកូនក្តីបាននៅក្រៅឃុំ។
ក៏ប៉ុន្តែ ក្រោយចូលតតាំងក្តីនៅថ្ងៃទី៤ខែសីហានេះ លោកជូង ជូងី និយាយថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អិន វ៉ានវិបុល បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំ ដោយបង្គាប់ឱ្យបន្តឃុំខ្លួនកូនក្ដី លោក លី រី ដូចសេចក្តីសម្រេចរបស់ចៅក្រមស៊ើបនៅសាលាដំបូងរាជធានីភ្នំពេញដែរ។
តែយ៉ាងណា លោកសុំមិនអត្ថាធិប្បាយពីមូលហេតុ ដែលសភាស៊ើបសួរយកមកសំអាងលើការបង្គាប់ឱ្យបន្តឃុំខ្លួនកូនក្តីនេះទេ។
លោកថា៖«សវនាការលើពាក្យបណ្ដឹងឧទ្ធរណ៍និងដីកាសម្រេចឃុំខ្លួន ដើម្បីទាមទារដោះលែងគាត់វិញ ប៉ុន្តែសភាស៊ើបសួរសាលាឧទ្ធរណ៍បានច្រានពាក្យបណ្ដឹងឧទ្ធរណ៍ចោលហើយរក្សាការឃុំខ្លួនគាត់តទៅទៀត»។
ភរិយាលោក លី រី គឺអ្នកស្រី លី គីមហួង ចាត់ទុកការកាត់សេចក្តីនេះ ជារឿងអយុត្តិធម៌ ដោយសំអាងថា ប្ដីរបស់គាត់មិនបានធ្វើអ្វីខុស ដូចការចោទប្រកាន់របស់តុលាការជាន់ទាបទេ។
អ្នកស្រីថា៖ «ដោយសារតែឃើញគ្មានកំហុសអី រកកំហុសគាត់អត់ឃើញទេតែឃុំខ្លួន អត់មានភស្តុតាងថាគាត់ញុះញង់ហ្នឹងទេ។ ចង់ឱ្យគាត់ចេញមកនៅក្រៅឃុំ មានសេរីភាពឡើងវិញដោយសារគាត់មិនបានខុសអី»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង មានប្រសាសន៍ថា ការតម្កល់ដីកាឃុំខ្លួន លោក លី រី ក្រោមហេតុផលថា តុលាការទាមទារពេលវេលាបន្ថែមទៀតក្នុងការបើកការស៊ើបអង្កេតលើសំណុំរឿងនេះ ក្រោយជនត្រូវចោទ ច្រានចោលឃ្លីបសំឡេងចំនួន៤ ដែលសង្ស័យថាជាសំឡេងរបស់គេនិយាយពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។
លោកថា៖ «ការស៊ើបអង្កេតទើបចាប់ផ្ដើមទេ ចឹងសភាស៊ើបសួរ[សាលាឧទ្ធរណ៍]ទុកឱ្យសាលាដំបូង[រាជធានីភ្នំពេញ]ធ្វើការស៊ើបអង្កេតបន្ថែមតិចទៀតសិន»។
នាយកទទួលបន្ទុកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត និយាយថា គ្រប់សំណុំរឿងដែលសង្ស័យជាប់ទាក់ទិននឹងបញ្ហានយោបាយ តុលាការរមែងច្រានចោលការសុំនៅក្រៅឃុំ ឬទម្លាក់បទចោទប្រកាន់។
លោកថា៖«ពាក់ព័ន្ធករណីនេះយើងមានការសោកស្ដាយដែរ ដែលមិនអនុញ្ញាតឱ្យនៅក្រៅឃុំ។ ពីព្រោះបើសិនជាគាត់នៅក្រៅឃុំបាន ទី១ វាមិនសូវជាចំណាយលើថិវការដ្ឋនៅក្នុងការឃុំ ទី២ ក៏វាអាចជួយសម្រួលបន្ទុកក្រុមគ្រួសារគាត់ផងដែរ»។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) នៅឆ្នាំ២០២២ បន្តដាក់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជា ថាជាប្រទេសគោរពនីតិរដ្ឋទាបដូច២ឆ្នាំកន្លងទៅ។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានដាក់ចំណាត់ថ្នាក់កម្ពុជានៅជិតបាតតារាងដោយស្ថិតនៅលេខរៀង១៣៩ ក្នុងចំណោមប្រទេស១៤០ លើពិភពលោក ដែលបានធ្វើការវាយតម្លៃ។
បើតាមរបាយការណ៍ដដែល មូលហេតុចម្បងដែលទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យធ្លាក់ចុះដល់បាតតារាង ដោយសារតែអំណាចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជាតិ ដែលធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ កម្សោយលើការទប់ស្កាត់អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស រួមទាំងអយុត្តិធម៌សង្គម ជាដើម។