មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លើកឡើងថា គណបក្សជំទាស់មួយនេះពុំស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ពី លោក សម រង្សីនោះទេ និងបានចាត់ទុកថា ការព្រមានរំលាយបក្សភ្លើងទៀនសាជាថ្មីម្តងទៀត របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជាការគំរាមគំហែងខាងនយោបាយ។
ការលើកឡើងនេះ ក្រោយពេលលោក ហ៊ុន សែន បានព្រមានសាជាថ្មីម្តងទៀតថា នឹងរំលាយគណបក្សជំទាស់នៅកម្ពុជាមួយនេះចេញពីសង្វៀននយោបាយ ក្រោយពេលលោករកឃើញថា មន្រ្តីបក្សភ្លើងទៀនជាច្រើនរូបមានជាប់ពាក់ព័ន្ធទៅនឹងផែនការគូសបំផ្លាញសន្លឹកឆ្នោតដែលមានលោក សម រង្សី ជាអ្នកនៅពីក្រោយផែនការទាំងនេះ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ការព្រមានរំលាយបក្សភ្លើងទៀនពីលោក នាយករដ្ឋមន្រ្តីហ៊ុន សែន នេះ គឺតែងតែកើតមានជារឿយៗ ដោយលោកចាត់ទុកថា នេះជាការធ្វើទុក្ខបុកម្និញមកលើបក្សជំទាស់។ជាមួយគ្នានេះលោកថា មន្រ្តីបក្សភ្លើងទៀន មិនមានជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដូចការចោទប្រកាន់ពីលោក ហ៊ុន សែន នោះទេ។លោកបន្ថែមថា គណបក្សរបស់លោក គឺបង្កើតឡើងទៅតានផ្លូវច្បាប់ ដែលមានរចនាសម្ព័ន្ធដឹកនាំផ្ទៃក្នុងបក្សត្រឹមត្រូវគោលការណ៍ប្រជាធិបតេយ្យ ដោយគោរពតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កំពូល។
លោកបន្តថា៖ «អ្វីៗដែលលោកនាយករដ្ឋមន្រ្តីចង់រំលាយហើយ ក៏មិនអាចអ្នកណាទប់ស្កាត់ រារាំង ធ្វើអន្តរាគមន៍បានដែរ ការសម្រេចចិត្តរបស់គាត់។គ្រាន់តែចង់បញ្ជាក់ថា គណបក្សភ្លើងទៀន វាមិនមែននៅក្រោមកាបង្គាប់បញ្ជារបស់អ្នកនយោបាយណាមួយក្រៅប្រទេសនោះទេគណបក្សមានលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់នៅក្រសួងមហាផ្ទៃ»។
លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានព្រមានរំលាយគណបក្សភ្លើងទៀនជាថ្មីទៀត ក្រោយពេលលោកអះអាងថា គណបក្សនេះមានលោកសម រង្សី ជាអ្នកនៅពីក្រោយខ្នង។ លោកបន្ថែមថា សមាជិកគណបក្សភ្លើងទៀនជាច្រើនរូបបានសារភាពរួចមកហើយថា ពួកគេពិតជាមានជាប់ទាក់ទងនឹងអ្នកនយោបាយនៅក្រៅប្រទេសពិតមែន ខណៈ សកម្មជនបក្សភ្លើងទៀនជាច្រើនរូបទៀតកំពុងជាប់ចោទពីបទញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល។
លោកបន្តថា៖ «ខ្ញុំគ្រាន់តែបញ្ជាក់ទុកព្រមានជាមុន ប្រសិនបើមេចៅហ្វាយរបស់អ្នកលើកកាំបិទកាប់ខ្ញុំ ខ្ញុំក៏មិនខ្លាចលើកកាំបិទកាប់កូនចៅរបស់អ្នកដែរ។ មូលហេតុងាយយល់ភស្តុតាងមានគ្រប់គ្រាន់ អំពីអ្នកណាខ្លះគេបង្កើតនូវឆាណែល សប្បាយ តេលេក្រាម ខ្ញុំបានចូលទៅខំមិនផ្ទាល់នៅក្នុងហ្នឹង ហើយយើងបានរកមុខសញ្ញាមួយចំនួនដែលចេញមកពីស្រុកក្រៅចូលមកក្នុងបក្សនយោបាយមួយ អញ្ជឹងទេតើបក្សនេះគួរត្រូវបានរំលាយឬអត់?»។
នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក ហ៊ុន សែន មានបំណងកំទេចគណបក្សភ្លើងទៀន ឱ្យរលាយដូចគណបក្សសង្រោះជាតិ។ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ដែលទើបតែបិទបញ្ចប់ទៅថ្មីនេះៗ លោក ហ៊ុន សែន ក៏ធ្លាប់ ប្រមានរំលាយបក្សជំទាស់មួយនេះដែរ ដោយចោទថា ពាក់ព័ន្ធផែនការគូសបំផ្លាញសន្លឹកឆ្នោតចោល។
យ៉ាងនេះក្តី លោក រុង ឈុន បានប្រាប់ Newsroom Cambodia ថា ស្ថានភាពនៅចំពោះមុខនេះ គណបក្សភ្លើងទៀនមិនមានផែនការអ្វី ដើម្បីបន្ថយកម្តៅនយោបាយដែលកំពុងកើតមាននោះទេ។លោកថា មន្រ្តីគណបក្សភ្លើងទៀន នៅតែបន្តសកម្មភាពជាធម្មតាដើម្បីជួបជុំអ្នកគាំទ្របក្សរបស់ខ្លួន នៅតាមមូលដ្ឋាន ក្នុងបំណងផ្សព្វផ្សាយពីគោលនយោបាយបក្ស ដើម្បីចូលរួមប្រកួតប្រជែងនៅអាណត្តិក្រោយៗទៀត។
លោកបន្តថា៖ «គណបក្សភ្លើងទៀននៅតែប្រកាន់ជំហរដើមដដែល មិនរាថយទេ យើងត្រូវចុះជួបជាមួយសកម្មជន ជាមួយអ្នកគាំទ្រ ក៏ដូចជាការពង្រឹង នៅរចនាសម្ព័ន្ធរបស់ខ្លួនតាមបណ្តារាជធានីទាំង២៥ [រាជធានី–ខេត្ត] រហូតដល់ឃុំសង្កាត់មូលដ្ឋានរបស់ខ្លួន ដូចច្នេះយើងអត់មានអីដែលត្រូវបន្ធូបន្ថយ បែបណានោះទេ យើងមិនបានធ្វើអីឱ្យឡើងកម្ដៅដែរ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា វាសនា គណបក្សភ្លើងទៀនអាចនឹងត្រូវបញ្ចប់ប្រសិនបើមានភាគីណាមួយប្តឹងទៅតុលាការជុំវិញបទល្មើសណាមួយដែលខុសច្បាប់។
លោកបន្តថា ការព្រមានរំលាយបក្សភ្លើងទៀនពី លោក ហ៊ុន សែន ហាក់ដូចជាការគំរាមផ្នែកនយោបាយទៅវិញទេ ដែលខុសពីការរំលាយបក្សសង្គ្រោះជាតិ ដែលពេលនោះលោក ហ៊ុន សែន មិនបានបញ្ជេញសារញឹកញាប់ដូចពេលនេះ។
លោកបន្តថា ៖« ការលើកឡើងដដែលៗរបស់អ្នកដែលមានបំណងថា ចង់រំលាយ គណបក្សភ្លទៀនហ្នឹង គឺគាត់អត់រំលាយទេ បើសិនជាគាត់ចង់រំលាយ គឺគាត់អត់និយាយដូចកាលគណបក្សសង្រ្គោះជាតិអ៊ីចឹង! មានន័យថា គណបក្សសង្គ្រោះជាតិអត់មានថារំលាយទេប៉ុន្តែពេលប្តឹងគឺរលាយតែម្តង» ។
គេសង្កេតឃើញថា នៅមុនការបោះឆ្នោតមកដល់ សកម្មជននៅតាមមូលដ្ឋានត្រូវរង់ការគំរាមកំហែង និងយាយីខាងនយោបាយ។ដោយឡែក ក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សជំទាស់នេះ ប្រមាណ ១០នាក់ផ្សេងទៀត ទាំងមុន និងនៅក្រោយការបោះឆ្នោត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការជាបន្តបន្ទាប់។
ភាពប្រឈមទាំងនេះ គេនៅមិនទាន់គិតដល់ គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បិទទ្វារមិនឱ្យចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅអាណត្តិទី៧នេះថែមទៀតនៅឡើយផង៕