ព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីសម្រាប់នីតិកាលទី៧ ទៅតាមការគ្រោងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្នុងមាត្រា១នៃព្រះរាជក្រឹត្យចេញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានចាត់តាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។
ក្នុងមាត្រា២នៃព្រះរាជក្រឹត្យដដែលបញ្ជាក់តាមន័យដើមថា៖ «នាយករដ្ឋមន្រ្តីដែលទទួលបានចាត់តាំងខាងលើមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា»។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២២ ខែសីហា តទៅ ដោយលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីបន្តពីលោក៕