ព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី​​​ថ្មី​សម្រាប់នីតិកាលទី៧ ទៅ​តាម​ការគ្រោង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​។​

ក្នុងមាត្រា១​នៃព្រះរាជក្រឹត្យចេញ​នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក​ ហ៊ុន ម៉ាណែត ដែលជា​កូន​ប្រុស​ច្បង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី៧​នៃរដ្ឋសភា។​

ក្នុងមាត្រា២​នៃ​ព្រះ​រាជក្រឹត្យ​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «នាយករដ្ឋមន្រ្តី​ដែល​ទទួល​បាន​ចាត់​តាំង​ខាងលើ​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា»។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​​​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី ចាប់​ពី​ថ្ងៃ​ទី​២២ ខែសីហា តទៅ ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តីបន្ត​ពីលោក​៕