កម្ពុជានឹងឡើងការពាររបាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ខ្លួនដែលរួមរឹតដោយការរិះគន់ពីសហគមន៍អន្តរជាតិថារំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅ​ចុង​ឆ្នាំ​នេះ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ច្រាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចហើយ ជុំវិញការថ្លែងការពារក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជា​​តិដែលគ្រោងនឹងដំណើរការ​នៅដើមខែកញ្ញាខាងមុខនេះ ព្រមទាំងអាចឆ្លើយតបទៅលើការរិះគន់ពីវិធានការច្បាប់លើក្រុមមនុស្សមួយចំនួនដែ​លប​ង្ក​ឱ្យអស្ថិរភាពក្នុងសង្គម និងការចោទប្រកាន់ថាការបោះឆ្នោតនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌​​។

លោកបន្តថា៖ «រដ្ឋាភិបាលអនុវត្ត ឧទាហរណ៍ ពាក់ព័ន្ធរបបសារព័ត៌មាន ពាក់ព័ន្ធការបិទវិទ្យុវីអូឌី ពាក់ព័ន្ធនឹងការផ្ដន្ទាទោសបុគ្គលមួយចំនួនដែលប្រើប្រាស់សិទ្ធិសេរីភាពរំលោភបំពានច្បាប់។ រដ្ឋាភិបាលកម្ពុជាធ្វើត្រឹមត្រូវតាមច្បាប់ខ្លួន ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណគឺពង្រឹងនីតិរដ្ឋ»។

គេសង្កេតឃើញថា មិនបាន១០ថ្ងៃស្រួលបួលនៅឡើយផង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអា​​​​ណត្តិទី៧នេះ អង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍ចំនួន២ដង ដោយថ្កោលទោសការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពសេរី និងយុត្តិធម៌។

កាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិបានចេញ​​សេចក្តីថ្លែ​​ង​​​កា​រណ៍របស់ខ្លួន ដោយលើកឡើងថា ចាប់ពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៣ កម្ពុជាត្រូវប្រឈ​​មមុខនឹង​​កា​​​​រចោ​​ទ​​សួ​​រ នៅ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការប្រជាធិបតេយ្យទាក់ទង ដំណើរការរៀបចំកា​​របោះឆ្នោត​​ទាំង​​២លើ​​ក​​រ​​​ប​​ស់​​​ខ្លួន។

តាមរយៈសេចក្តីថ្លែងការណ៍នេះ UN រកឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០​​២​​២ និងការបោះឆ្នោតសកល ដែលទើបបិទបញ្ចប់ទៅថ្មីៗនេះ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុ​​ត្តិធ​​ម៌​​​​ទេ​​។

ប្រភពដដែលរកឃើញថាកម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បឹតលំហនយោបាយ និងពលរដ្ឋ រួមទាំ​ង​​បិទប្រព័ន្ធផ្ស​​ព្វ​ផ្សាយ​ឯករាជ្យ។ជាងនេះទៀត រារាំងគណបក្សប្រឆាំងមិនឱ្យ​ចូលរួមប្រកួតប្រជែងការបោះឆ្នោតសម្រាប់នី​​តិ​​កាលទី៧នេះ។មិនតែប៉ុណ្ណោះ សកម្មភាពរបស់កម្ពុជានេះ បាន​ចបង្កឱ្យបាត់ទំនុកចិត្តក្នុងដំ​​ណើ​​រកា​​របោះឆ្នោតកា​លថ្ងៃទី២​​៣ ខែកក្កដា ឆ្នាំ២០២៣។

អង្គការសហប្រជាជាតិ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា កំណត់ត្រាស្ដីពីសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុ​​​ស្ស​អង្គការសហប្រជាតិពិចារណានៅចុងឆ្នាំ២០២៣ ដែលនឹងជំ​​រុញ​​ឱ្យការបោះឆ្នោតនៅកម្ពុជាចំនួន២លើ​​ក​​កន្លងមកនេះ ក្លាយជាការយកចិត្តទុកដាក់របស់អន្តរជាតិ។

អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលគោរពតាមសន្ធិសញ្ញាអន្តរជាតិនានា ដោយបើកផ្លូវឱ្យមា​​​នដំណោះស្រាយខាងនយោបាយ និងការគោរពសិទ្ធិមនុស្ស។

នៅក្នុងសេចក្ដីថ្លែងការណ៍លើកឡើងថា៖«កំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជានឹងត្រូវបានពិចារណាដោយក្រុ​​​​មប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅចុងឆ្នាំនេះ ដោយនាំយកការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ទៅជាការយកចិត្តទុកដាក់របស់អន្តរជាតិ»។

ដោយឡែក អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ច្រានចោលសេចក្ដីថ្លែងរបស់អង្គការសហប្រជាជាតិទាំងនេះ ក្រោមហេតុផលថា គ្រាន់តែជាការលាបពណ៍មកលើកម្ពុជាតាមការបញ្ជាពីប្រទេសណាមួយដោយសារកម្ពុជាមិនដើរតាមគន្លងប្រជាធិបតេយ្យរបស់ប្រទេសនោះជាដើម។

លោក អ៊ន អះអាងថា ធាតុផ្សំក្នុងរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិនោះ ភា​​គ​ច្រើនយកមកពីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងនៅកម្ពុជា។លោកថ្លែងការពារថា កម្ពុជាមា​​នកា​​រ​​គោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងប្រជាធិបតេយ្យដោយពិតប្រាកដ។

លោកបន្តថា៖ «អ្វីដែលអ្នករាយការណ៍ពិសេសបានលើកឡើង វាជាបរិបទមួយមិនត្រឹមត្រូវ។ វាជាបរិបទមួ​​យ​ក្នុងភូមិសាស្រ្តនយោបាយ វាជាបរិបទមួយក្នុងការបញ្ជាប្រទេសណាមួយមកលើបរិបទនយោបាយកម្ពុជា​​ប៉ុណ្ណោះ។ ពួកទាំងនោះប្រឹងប្រែងក្លែងបន្លំប្រជាធិបតេយ្យកម្ពុជាឱ្យទៅជាកខ្វក់ ខំប្រឹងប្រែងក្លែងបន្លំនី​​តិ​​រដ្ឋកម្ពុជាឱ្យទៅកខ្វក់ក្នុងចេតនាមិនល្អមកលើប្រទេសកម្ពុជា។ហេតុអ្វីប្រទេសទាំងនោះចង់ឱ្យប្រជាជនកម្ពុជាធ្វើការសម្រេចចិត្តតាមការចង់បានរបស់ខ្លួន?»។

ស្របពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិ អំពាវនាវឱ្យរដ្ឋាភិបាលក្នុងអាណត្តិថ្មីរបស់កម្ពុជាត្រូវគោ​​រពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះស្រាយការរំ​​លោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងចាស់ និងថ្មី ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស។

អ្នកវិភាគ ​និងជាសាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ​យល់ថា សហគមន៍អន្តរជា​​តិ​នៅតែមានឥទ្ធិពលលើប្រទេសកម្ពុជា ក្រោមហេតុផលថា ចរន្តសេដ្ឋកិច្ចកម្ពុជាគឺពឹងអាស្រ័យលើការនាំចេញ-ចូលក្នុងនៅលើទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ លោក ថា រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះគួរមានការ​ពិភាក្សាគ្នាជុំវិញការទាមទារទាំងនោះដើ​​ម្បី​​​​ចៀសវាងការដាក់សម្ពាធនានារួមទាំងសេដ្ឋកិច្ច និងការទូតពីសំណាក់សហគមន៍អន្តរជាតិ។

លោកបន្តថា៖ «អន្តរជាតិដឹកនាំដោយអាមេរិកមានឥទ្ធិពលជាងគេ ហើយសម្ព័ន្ធមិត្តអាមេរិកមានឥទ្ធិពលណាស់[លើឆាកអន្តរជាតិ]…កម្ពុជាទទួលអត្ថប្រយោជន៍សេដ្ឋកិច្ចពីសហគមន៍អន្តរជាតិច្រើន ហើយយើងមិនអាចរស់នៅឯកោឬគ្មានការគាំទ្រពីសហគមន៍អន្តរជាតិទេ»

ក្រោយការបោះឆ្នោតភ្លាមៗនៅកម្ពុជា ប្រទេស​ប្រជាធិបតេយ្យធំៗមាន អូស្ត្រាលី អាមេរិក បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប ​​បានចេញ​សេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់​ ដោយបង្ហាញពី​ក្តី​កង្វល់​ស្រដៀង​គ្នា​អំពី​ដំណើរការ​បោះឆ្នោត​​​នៅកម្ពុជាថា​ មិនសេរី និងយុត្តិធម៌ ​ដោយសារ​​គណបក្ស​ប្រឆាំងបា​​ត់​​បង់​​​សិទ្ធចូលរួមនូវក្នុងការបោះឆ្នោតសម្រាប់អាណត្តិនេះ ជាពិសេស​​មានការគាបសង្កត់ គំរាម​កំហែង​ដល់​អ្នកកាសែត សង្គមស៊ីវិល និងការកែប្រែច្បាប់នៅមុន​ពេល​បោះឆ្នោតមកដល់ ដែល​ពួកគេ​លើក​ឡើង​ថា បា​​ន​​​​បង្កឲ្យមានបរិយាកាសនយោបាយមិនអំណោយផល។​​

យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយដោយបដិសេធការលើកឡើ​​​​ងនេះ។ សេចក្ដីថ្លែងការណ៍បន្តថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅ​ប្រកបដោយប្រជាធិបតេយ្យពិតប្រា​​ក​​ដ។ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋខ្មែររាប់លាននាក់បានចូលរួមការបោះឆ្នោត ខណៈអ្នកសង្កេតការណ៍ជាតិចំនួន៩០ ០០០ នាក់ អន្តរជាតិ ៤២២នាក់ និងភ្នាក់ងារគណបក្សនយោបាយចំនួន៦០ ០០០នាក់ ។

ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិ​​សេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ជាក់ស្ដែងថ្មីៗនេះ បន្ទាប់ពីកម្ពុជាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិទី៧រួចមួយថ្ងៃ សហរដ្ឋអាមេរិក បា​​ន​ប្រកាសភ្លាមៗ ពីការផ្ដាច់ជំនួយ និងរឹតបន្តឹងទិដ្ឋាការប្រឆាំងលើមនុស្សមួយចំនួន ដោយអាមេរិក ​ចាត់ទុ​ក​​ថា ការបោះឆ្នោតនៅកម្ពុជា គឺគ្មានភាពសេរី និងយុត្តិធម៌។

នៅឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយពីប្រទេសកម្ពុជាដែរ។ការព្រ​​មា​​​​​​នរបស់សហភាពអឺរ៉ុប តាមរយៈការកាត់ផ្តាច់ប្រពន្ធអនុគ្រោះពន្ធមួយផ្នែកនេះ ដើ​ម្បី​ជំ​រុញឱ្យរដ្ឋាភិបាល​​ស្ដា​​រឡើងវិញនូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕