មន្រ្តីគណបក្សភ្លើងទៀន អំពាវនាវជាថ្មីម្តងទៀតដោយជំរុញឱ្យរដ្ឋាភិបាលក្នុងអាណត្តិថ្មី និងភាគីពាក់ព័ន្ធបន្ធូរបន្ថយស្ថានភាពនយោបាយដែលកំពុងឡើងកម្តៅនៅពេលនេះវិលទៅរកភាពប្រក្រតីឡើងវិញដែលអាចបើកផ្លូវឱ្យគណបក្សជំទាស់មួយនេះបានចូលរួមការបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់ ខណៈលទ្ធផលឆ្នោតសម្រាប់នីតិកាលទី៧នេះ រងការរិះគន់ពីសហគមន៍អន្តរជា តិថាជាការបោះឆ្នោតគ្មានសេរី និងយុត្តិធម៌។
នាយកខុទ្ទកាល័យ នៃគណបក្សភ្លើងទៀន លោក ហុង សុខហួរ ថ្លែងក្នុងសន្នីសិទ្ធកាសែតនៅថ្ងៃទី ៧ កក្កដានេះថា ក្នុងនាមគណបក្សក្រៅរដ្ឋាភិបាល គឺនៅតែបន្តរង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី។លោកបន្តថា ការប្រឹងប្រែងរបស់គណបក្សភ្លើងទៀននេះ គឺក្នុងគោលបំណងដើម្បីអាចឱ្យបក្សជំទាស់នេះ មានលទ្ធភាពបានចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅអាណត្តិបន្ទាប់ទៀតបាន ដូចបក្សនយោបាយដទៃដែរ។
លោកបន្តថា«គោលបំណងនៃសន្នីសិទ្ធកាសែតរបស់យើងគឺចង់បញ្ជាក់ឱ្យសាធារណៈជនបានដឹងអំពីការប្រឹងប្រែងរបស់គណបក្សភ្លើងទៀន នៅក្នុងការចូលរួមបោះឆ្នោតថ្ងៃទី ២៣ កក្កដា ប៉ុន្តែការប្រឹងប្រែងរបស់យើងមិនដូចជោគជ័យដូចយើងបំណងទុកទេ ដោយសារមានបញ្ហារដ្ឋបាលនៃការចុះបញ្ជីនៅ គ.ជ.ប...[...]..ខ្ញុំយល់ថារដ្ឋាភិបាលថ្មីមានឆន្ទៈដោះស្រាយបញ្ហាគណបក្សភ្លើងទៀន ដើម្បីឱ្យបានគណបក្សភ្លើងទៀនបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យ»។
បើតាម លោក ហុង សុខហួរ ក្បាលម៉ាស៊ីនដឹកនាំ គណបក្សភ្លើងទៀនបានព្យាយាមស្វែងរកច្រកចេញ តាំងពីមុនបោះឆ្នោត ដើម្បីបើកផ្លូវឱ្យគណបក្សនេះ បានចូលរួមប្រកួតប្រជែងដែរ ប៉ុន្តែនៅតែគ្មានលទ្ធភាព ក្រោមហេតុផលខុសនីតិវិធី។
ជាថ្មីម្តងទៀត កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់ជាលើកទី២ បន្ទាប់ពីលិខិតស្នើសុំជួបតំណាងក្រសួងមហាផ្ទៃដូចគ្នានេះ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៣ ត្រូវបរាជ័យ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញកាលពីថ្ងៃទី ៣ សីហា បានបង្ហាញការសោកស្តាយដែលក្រសួងមហាផ្ទៃបដិសេធពីបំណងនៃការសុំជួប ដើម្បីឱ្យស្ថាប័នសាមីមួយនេះជួយផ្តល់ដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀន។
គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ និងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
យ៉ាងនេះក្តី ក្រសួងមហាផ្ទៃ តាមរយៈលិខិតជូនដំណឹងមកគណបក្សភ្លើងទៀន ធ្លាប់បញ្ជាក់ថា នៅចំពោះមុខនេះ ក្រសួងមហាផ្ទៃមិនទាន់អាច ទទួលជួបសន្ទនាតាមសំណើរពីគណបក្សជំទាស់នេះបានទេ ដោយត្រូវរង់ចាំក្រោយមានរដ្ឋាភិបាលថ្មីកើតឡើង។
កាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន ក្នុងការចូលរួមប្រកួតប្រជែងបម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ កក្កដា។
ការបិទផ្លូវដោយ គ.ជ.ប នេះ ក្រោយមហេតុផលថា គណបក្សភ្លើងទៀនខ្វះប្រកាសច្បាប់ដើម ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់ពីនីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យ ច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ គាំទ្រចំពោះកិច្ចខិតខំប្រឹងជាថ្មីទៀត របស់ក្បាលម៉ាស៊ីនដឹកនាំ នៃគណបក្សក្រៅរដ្ឋាភិបាលនៅពេលនេះ។លោកចាត់ទុកថា ការតស៊ូមតិតាមនីតិវិធីច្បាប់នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់គណបក្សភ្លើងទៀន។ក្នុងន័យនេះ បើទោះជាលទ្ធផលចេញមកបែបណា តែជាការបង្ហាញឱ្យឃើញពីការព្យាយាមគ្រប់មធ្យោបាយ ដើម្បីជំរុញឱ្យបក្សនេះ មានឱកាសចូលរួមប្រកួតប្រជែង នៅអាណត្តិបន្តបន្ទាប់ទៀត។
លោកបន្តថា«ជារឿងត្រឹមត្រូវហើយដែលគាត់បន្ត ហើយប្រសិនបើគាត់មិនបន្តទេយើងឃើញថាគាត់បោះបង់ចោលគណបក្សមួយហ្នឹងហើយ។ដូចយើងដឹងហើយថាមុនការបោះឆ្នោត២០២៣នេះគឺដោយសារតែលិខិតបទដ្ឋានគតិយុត្តិ ជាពិសេសសំបុត្រកំណើតរបស់គណបក្សភ្លើងទៀនហ្នឹងត្រូវបានដែលហៅថាច្បាប់ដើម ដល់អញ្ចឹងទៅគាត់គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការតស៊ូមតិជាមួយនិងក្រសួងមហាផ្ទៃ។ដូច្នេះជំហរនេះជាជំហរល្អ »។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ គឺគណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រ ៨២.៣០ភាគរយ ដែលអាចទៅគ្រប់គ្រងកៅអីនៅក្នុងរដ្ឋសភាបាន ១២០ អាសនៈ ខណៈដែលគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៥ អាសនៈនៅក្នុងរដ្ឋសភា។
នៅក្រោយការប្រកាសលទ្ធផលឆ្នោតជាផ្លូវការដោយ គ.ជ.ប កាលពីថ្ងៃទី ៥ កក្កដា ឆ្នាំ២០២៣ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ កាលពីថ្ងៃទី ៧ កក្កដា។
យ៉ាងនេះក្តី ការបោះឆ្នោតនៅក្នុងអាណត្តិនេះ ដែលមិនមានវត្តមានបក្សប្រឆាំងចូលរួម បានជំរុញឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនទទួលស្គាល់លទ្ធផលឆ្នោត។ក្រុមប្រទេសលោកខាងលិចទាំងនោះ រួមានសហរដ្ឋអាមេរិក និង UN ជាដើមបង្ហាញការខកចិត្ត និងហ៊ាននិយាយចំៗ ពីដំណើរការបោះឆ្នោតថាគ្មានសេរី និងយុត្តិធម៌ទេ៕