ក្រសួងទេសចរណ៍កម្ពុជាអះអាងថា ក្រសួងកំពុងសហការជាមួយភាគីពាក់ព័ន្ធស្នើឱ្យអ្នកផលិតវីដេអូម្នាក់មានគណនីយូធូបឈ្មោះ Nigel Ng ឬ Uncle Roger ចេញមុខមកសុំទោសប្រជាជនកម្ពុជាជាសាធារណៈចំពោះការវាយតម្លៃមិនល្អពីអាហារកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ របស់ប្រសួងទេសចរណ៍បានឱ្យដឹងថានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ មានការចុះផ្សាយវីដេអូដែលមានចំណងជើងថា «Uncle Roger Make Adobo» នៅលើ Channel YouTube ឈ្មោះថា Nigel Ng ដោយបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។ ក្រសួងថា ក្រសួងមានការសោកស្តាយជាខ្លាំងក្រោយទទួលបានវីដេអូនេះ ដោយថា បុគ្គល Uncle Roger បានវាយតម្លៃប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាពរបស់កម្ពុជា។
ក្រសួងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះតាមន័យដើមថា៖ «ក្រសួងទេសចរណ៍កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ធ និងស្នើឱ្យបុគ្គលឈ្មោះថា Nigel Ng ឬ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយឡើងវិញជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន»។
ក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា ក្រសួងទេសចរណ៍បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប»។ ជាក់ស្តែង កាលពីឆ្នាំ២០២២សៀវភៅម្ហូបអាហារខ្មែរ The Taste of Angkor បានចងក្រងដោយបរទេសនិងសហប្រតិបត្តិការជាអន្តរជាតិកម្ពុជាបានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស៕