ក្រសួងទេសចរណ៍ជំរុញឱ្យអាជីវករកាណូតទេសចរណ៍ដាក់ពាក្យធានាគុណភាពសេវាកាណូតទេសចរណ៍ ដើម្បីធានាថាការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដា។
យោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាព និងការទទួលស្គាល់ស្តង់ដាអប្បបរមា សម្រាប់អាជីកម្មកាណូតទេសចរណ៍កម្ពុជា។ ក្រសួងបន្ថែមថា ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩ ក្នុងនោះផ្តោតលើសូចនាករពីបរិស្ថាន សូចនាករពីការតុបតែងខាងក្នុង សូចនាករពីសុវត្ថិភាព សូចនាករពីសំភារៈប្រើប្រាស់ និងសូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។
ក្រសួងក៏ជំរុញឱ្យអាជីវករកាណូតទេសចរណ៍ទាំងអស់ ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្មពីក្រសួងផងដែរ។
«ក្រសួងទេសចរណ៍នៅតែបន្តលើកទឹកចិត្តអាជីវកម្មកាណូតទេសចរណ៍មកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអាសយដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី ខេត្ត»។
បើតាមក្រសួងទេសចរណ៍ អាជីវកម្មកាណូតទេសចរណ៍ចំនួនពីរនៅក្នុងខេត្តសៀមរាបទើបទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដាអប្បបរមាកាណូតទេសចរណ៍កម្ពុជា ក្នុងគឺនោះរួមមាន សមាគមកាណូតដឹកភ្ញៀវទេសចរណ៍ចុងឃ្នៀស និងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លំាង៕