ក្រសួងពាណិជ្ជកម្មបានប្រកាសថា អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការជូនដំណឹង និងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ចត្រូវបានអនុម័ត និងចូលជាធរមាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ចេញថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ អនុក្រឹត្យនោះ ត្រូវបានអនុម័តកាលពីថ្ងៃទី១៦ ខែមីនា ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ចំពោះការប្រកួតប្រជែងដែលអាចកើតមានឡើងតាមរយៈការរួមបញ្ចូលគ្នានៃធុរកិច្ច ព្រមទាំងរារាំងរាល់ការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមិនអនុលោម និងអាចបំពានបទប្បញ្ញត្តិជាធរមាន។
សេចក្តីជូនដំណឹងដដែលបន្ថែមថា តាមរយៈអនុក្រឹត្យនេះ កាតព្វកិច្ចសំខាន់ៗពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃធុរកិច្ចចំនួនបី រួមមាន ការជូនដំនឹងជាមុនអំពីការបញ្ចូលគ្នានៃធុរកិច្ច ការជូនដំណឹងជាក្រោយអអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។
លោក ប៉ែន សុវិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មប្រាប់ Newsroom Cambodia ថា ច្បាប់មួយពាក់ព័ន្ធនឹងការប្រកួតប្រជែងអាចបើកទូទាយទីផ្សារឱ្យភាគីដែលមានភារកិច្ចដូចគ្នាមានឱកាសអាចជជែកគ្នា ដើម្បីផ្តល់ជាប្រយោជន៍ដល់អតិថិជន៕