ក្រសួងពាណិជ្ជកម្ម​បានប្រកាសថា អនុក្រឹត្យ​ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការជូន​ដំណឹង និង​ការចុះ​បញ្ជី​ការ​រួម​បញ្ចូល​គ្នានៃធុរកិច្ច​​​ត្រូវ​បាន​អនុម័ត និង​ចូលជាធរមាន​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៣​នេះ។

យោងតាមសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ចេញថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២៣ អនុក្រឹត្យ​នោះ ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃទី​១៦ ខែមីនា ក្នុង​គោលបំណងត្រួតពិនិត្យ តាមដាន​ និង​វាយតម្លៃ​លើ​ផល​ប៉ះពាល់​ចំពោះ​ការប្រកួតប្រជែងដែ​លអាចកើតមាន​ឡើង​តាមរយៈ​ការរួម​បញ្ចូល​គ្នានៃធុរកិច្ច ព្រមទាំង​រារាំង​រាល់​ការរួមបញ្ចូល​គ្នា​នៃ​ធុរកិច្ច​ទាំងឡាយ​ណា​ដែល​មិន​អនុលោម និង​អាច​បំពាន​បទប្បញ្ញត្តិ​ជា​ធរមាន។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា តាមរយៈអនុក្រឹត្យ​នេះ កាតព្វកិច្ចសំខាន់ៗ​ពាក់ព័ន្ធនឹង​ការ​រួមបញ្ចូលគ្នានៃ​ធុរកិច្ចចំនួន​បី រួមមាន ការជូនដំនឹងជាមុន​អំពីការ​បញ្ចូលគ្នា​នៃធុរកិច្ច ការជូន​ដំណឹង​ជាក្រោយអអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការ​ចុះបញ្ជីការ​រួមបញ្ចូលគ្នា​នៃ​ធុរកិច្ច។​

លោក ប៉ែន សុវិជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ប្រាប់​ Newsroom​ Cambodia ​ថា ច្បាប់មួយ​ពាក់ព័ន្ធ​នឹង​ការប្រកួតប្រជែងអាច​បើក​ទូទាយ​ទីផ្សារ​ឱ្យ​ភាគី​ដែល​មាន​ភារកិច្ច​ដូចគ្នា​មាន​ឱកាស​អាច​ជជែកគ្នា ដើម្បី​ផ្តល់ជាប្រយោជន៍​ដល់​អតិថិជន៕