អង្គការសង្គមស៊ីវិលដែលធ្វើការ​លើផ្នែកលើកម្ពស់ស្ត្រី ស្នើគណបក្សប្រជាជនកម្ពុជា ផ្តល់ឱកាសដល់​បេក្ខជនបម្រុងជាស្ត្រី ឡើងកាន់តួនាទីជាតំណាងរាស្ត្រ ជំនួសតំណាងរាស្ត្របុរសមួយចំនួន ដែលនឹងត្រូវ​ទៅកាន់តួនាទីក្នុងរដ្ឋាភិបាល ព្រមទាំងបង្កើនចំនួនស្ត្រីឱ្យកាន់តួនាទី​ក្នុងជួររដ្ឋាភិបាលបន្ថែមទៀត​ នៅអាណត្តិទី៧នេះ ដើម្បីគាំពារស្រ្តីក្នុង​សង្គម។

ការស្នើនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី បេក្ខជនស្ត្រី និងស្ត្រីជាប់ឆ្នោតសម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ នីតិកាលទី៧ នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងសន្នីសីទនោះ នាយិកានៃអង្គការសីលការកម្ពុជា លោកស្រី សេង រាសី មានប្រសាសន៍ថា ការស្នើបែបនេះ ក្នុងគោលបំណងជំរុញ​ឱ្យគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោតច្រើន​លើសលុបក្នុងសភា ​បង្ហាញពីឆន្ទៈពិតប្រាកដក្នុងការលើកកម្ពស់ស្រ្តីក្នុងវិស័យនយោ​បាយ។ 

លោកស្រីមានប្រសាសន៍​ថា៖ «ជាការបង្ហាញអំពីឆន្ទៈពិតប្រាកដថាពិតជាចង់ឆ្ពោះទៅរកសមភាពយេនឌ័រមែន[…] ចំនួនស្រ្តីជាតំណាងរាស្រ្តបានថយចុះពី ២៦នាក់ នៅអាណត្តិទី៦ មកត្រឹម១៦នាក់ នៅអាណត្តិថ្មីនេះ»

លោកស្រី​ សេង រាសី បន្តថា ស្រ្តីមាន​បញ្ហាប្រឈម​ជាច្រើន​នៅក្នុង​សង្គមដោយសាររដ្ឋាភិបាល និងតំណាងរាស្រ្តក្នុងរដ្ឋសភាដែល​ភាគច្រើនជាបុរស មិនសូវបាន​ផ្ដោតការ​យកចិត្ត​ទុក​ដាក់​លើគោលនយោបាយ​គាំពារ​ដល់ស្ត្រី។

លោកស្រីបន្ថែមថា បញ្ហាទាំងនោះរួមមាន អំពើហិង្សាក្នុងគ្រួសារ ការបៀតបៀនលើស្រ្តីនៅកន្លែងការងារ ផ្នត់គំនិតសង្គមក្នុងការដាក់បន្ទុកលើស្រ្តីឱ្យបម្រើការងារផ្ទះ កង្វះកិច្ចគាំពារស្រ្តីនិងក្មេងស្រីងាយរងគ្រោះ និងបរិយាកាសថែទាំកូននៅកន្លែងការងារ ដែលតម្រូវឱ្យរដ្ឋាភិបាលមានការការពារជាប្រព័ន្ធ។

អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា ក្រៅពីការដាក់បេក្ខជនឈរឈ្មោះបម្រុងជាស្រ្តី ឱ្យក្លាយជាតំណាង​រាស្រ្តនៅក្នុងរដ្ឋសភានោះ គណបក្សប្រជាជនកម្ពុជា គួរបញ្ចូលស្រ្តីជាសមាជិក​រដ្ឋាភិបាល​ នៅអាណត្តិថ្មីនេះបន្ថែមទៀត ខណៈលោកស្រីមើលឃើញថា ចំនួន​ស្ត្រី​ដែលកាន់តួនាទីជាតំណាងរាស្ត្រ និងនៅក្នុងជួររដ្ឋាភិបាល នៅមានកម្រិតតិចតួចនៅឡើយ។

លោក សិរីលក្ខណ៍ និយាយថា៖ «គួរបង្កើនចំនួនស្រ្តីជាថ្នាក់ដឹកនាំ និងក្នុងតួនាទីសម្រេចចិត្តនៅក្នុងក្រសួងនីមួយៗយ៉ាងហោច ៣៥%ដោយគិតចាប់ពីតួនាទីជាប្រធាននាយកដ្ឋានរហូតដល់រដ្ឋមន្រ្តីនិងឧបនាយករដ្ឋមន្រ្តី»

ជុំវិញករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា បេក្ខជនតំណាងរាស្រ្តបម្រុងជាស្រ្តី អាចក្លាយជាតំណាងរាស្រ្តក្នុងរដ្ឋសភាបាន លុះត្រា​មានការ​លាឈប់ពីតំណាងរាស្រ្តពេញសិទ្ធិ និងតាមលំដាប់លេខរៀងរហូតដល់ឈ្មោះបេក្ខជនតំណាង​រាស្រ្តជាស្រ្តី។ យ៉ាងណា លោក​សង្កត់ធ្ងន់ថា ការដាក់បេក្ខជនតំណាងរាស្រ្តជាស្រ្តីអាចធ្វើឡើងនៅអាណត្តិក្រោយ ដោយសំអាងថាបេក្ខជនឈរឈ្មោះបម្រុងលេខរៀងទី១ ភាគច្រើន​ជា​បុរស។

លោកថា៖ «អ្នកត្រៀមបម្រុងភាគច្រើនមិនមានស្រ្តីនៅលេខរៀងទី១ទេ អ្នកលេខ១ទេដែលជំនួសគេពេលគេស្លាប់ ឬចេញទៅកាន់តួនាទីផ្សេង ហើយចន្លោះកន្លែងហ្នឹងបានគាត់ឡើងមក»។ 

បើតាមលោក សុខ ឥសាន ក្នុងចំណោមតំណាងរាស្រ្តក្នុងរដ្ឋសភាសម្រាប់តំណែង ឧបនាយក​រដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី អាចនៅបន្តកាន់មុខតំណែងជាតំណាងរាស្រ្ត និងសមា​ជិក​រដ្ឋាភិបាលក្នុងពេលជាមួយគ្នាបាន ប៉ុន្តែអ្នកមានឋានៈរដ្ឋមន្រ្តីត្រូវលាលែងពីតំណាងរាស្រ្តក្នុង​រដ្ឋ​សភា។

លោក សុខ ឥសាន ឱ្យដឹងថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា​ជាស្រ្តី ក្នុងអាណត្តិ​ទី៧នេះ មានត្រឹម ១២,៨ភាគរយ ក្នុងចំណោមតំណាងរាស្រ្តជាប់ឆ្នោតសរុប ១២០នាក់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប.) លោក ហង្ស ពុទ្ធា មានប្រសាសន៍​ថា ការផ្លាស់ប្ដូរបេក្ខជនតំណាងរាស្រ្តជាសិទ្ធិរបស់គណបក្សមានអសនៈ​ក្នុង​រដ្ឋសភា។ ទោះជាបែបនេះក្ដី លោក​ជំរុញឱ្យគណបក្សមានអសនៈក្នុងរដ្ឋសភានីតិទី៧នេះ គួរយកចិត្តទុកដាក់ចំពោះការស្នើ​របស់​ក្រុមអង្គការសង្គមស៊ីវិល​ផងដែរ ដើម្បីលើកកម្ពស់ស្រ្តីក្នុងវិស័យ​នយោបាយ។

លោក ពុទ្ធា និយាយថា៖ «ការលើកកម្ពស់ស្រ្តីនៅក្នុងវិស័យនយោបាយ អាចនិយាយបានថាជាការចាំបាច់មួយ ដែលគួរតែគណបក្សនយោបាយទាំងអស់ពិចារណា ពិសេសគណបក្សជាប់ឆ្នោត ពិចារណាលើចំណុចបែបនេះ»

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ឱ្យដឹងថា លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧នេះ​ ​ស្ដ្រី​ដែល​បាន​ក្លាយជាតំណាងរាស្ត្រ​ក្នុង​អាណត្តិ​នេះ​ មាន​ចំនួន ​១​៦​នាក់ ឬស្មើ១២,៨ភាគរយ នៃតំណាងរាស្រ្តសរុប១២៥នាក់ ក្នុងរដ្ឋសភា។

ក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅអាណត្តិទី៧ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះសរុបចំនួន ២៧៤នាក់ ក្នុងនោះមានស្រ្តី ៥៤នាក់។ 

បើរាប់​ចាប់ពីលេខរៀងទី១​ ដល់លេខរៀងទី៥ ទាំង២៥មណ្ឌលរាជធានី-ខេត្ត បង្ហាញថា គណបក្សនេះ បានដាក់បេក្ខជនជាស្រ្តីឈរឈ្មោះចំនួន១២នាក់ប៉ុណ្ណោះ ក្នុងនោះ មានឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ឈរលេខរៀងទី១ នៅមណ្ឌលខេត្តស្វាយរៀង និង​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឈរលេខរៀងទី៥ នៅមណ្ឌលរាជធានីភ្នំពេញ៕