មន្រ្តីសង្គមស៊ីវិលផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ បង្ហាញពីតម្លាភាព​ក​រណី បុរសម្នាក់​បាន​បើករថយន្ត បុកទារកស្លាប់លើស្ពានជ្រោយចង្វារ ក្រោយពេលសមត្ថកិច្ចនៅមិនទាន់អាចនាំខ្លួន​ជនបង្ក មក​ដោះស្រាយតាមផ្លូវច្បាប់នៅឡើយ បើទោះបីជាមាន​ដីកា​បង្គាប់ពីតុលាការក៏ដោយ។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យមនុស្ស​ចំនួន ៣នាក់ រងរបួសធ្ងន់ ក្នុងនោះ មាន​ទារក​អាយុ២ខែម្នាក់ បាន​ស្លាប់ ក្រោយពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានរយៈពេល ៦ថ្ងៃ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ការអូស​បន្លាយពេលនៃការស៊ើបរឿងក្តីនេះ បង្ហាញឱ្យឃើញ​ពីកម្សោយរបស់មន្រ្តីក្នុងការអនុវត្តច្បាប់ ដែលនាំឱ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរក្នុងការរកយុត្តិធម៌ឱ្យជនរងគ្រោះ។ មួយវិញទៀតលោកថា ករណីនេះ គឺមានភស្តុតាងគ្រប់គ្រាន់ រួមទាំងទីលំនៅជាក់លាក់របស់ជនបង្កហេតុថែមទៀតផង ដែលមិនគួរឱ្យមានការរត់គេចខ្លួនបានរាប់ខែ​បែបនេះទេ។

មន្រ្តីសង្គមស៊ីវិលរូបនេះ បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធបង្ហាញពីតម្លាភាពជុំវិញការវិវត្តនៃសំណុំ​រឿង​ក្តី​នេះ ដើម្បីបំបាត់មតិរិះគន់ចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលរងការចោទថា កំពុងអនុវត្តច្បាប់ ដែលមានលក្ខណៈ​ជាស្តង់ដារពីរ។

លោកបន្តថា៖ «ករណីនេះ មានការចាប់អារម្មណ៍ពីសាធារណជនច្រើន អ៊ីចឹងគួតែមានការបង្ហាញថា យ៉ាងហោចណាស់ មួយខែ ឬក៏កន្លះខែ ថាខ្លួនបានធ្វើអី ការស៊ើបអង្កេតហ្នឹងដល់ណា រឿងហ្នឹងយ៉ាងម៉េចហើយ។ បើយើងមើលករណីហ្នឹងមិនមានលក្ខណៈពិបាកដែលគេហៅ [ជនបង្កជា] ជនអនាមិកអីទៅទៀត។ [ករណីនេះ] វាមានអត្តសញ្ញាណ មានអីច្បាស់លាស់ទៅទៀត អ៊ីចឹងមិនគប្បីមានភាពយឺតយ៉ាវក្នុងការអនុវត្តសោះ»

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានសម្រេចចោទប្រកាន់លោក សោម ណូរីទីឃា ដែលបានបើករថយន្តបុកទារកស្លាប់ ពីបទ«បើកបរដោយធ្វេសប្រហេស និងខ្ជីខ្ជា មិនប្រុងប្រយត្នបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ»ប៉ុន្តែជិត ៧ខែមកនេះ ជនបង្កនៅតែមិនទាន់ចូលខ្លួនតាមការបញ្ជារបស់តុលាកានៅឡើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ចាត់ទុកថា អំពើនិទណ្ឌភាពក្នុងសង្គមនឹងកើតមានឡើង បើជនបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ នៅតែអាចគេចចេញពីសំណាញ់ច្បាប់។

យ៉ាងណាក្តី លោកចង់ឃើញអាជ្ញាធរអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានភាពស្មើគ្នាចំពោះមុខច្បាប់ ​ដើម្បីលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកបន្តថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងមិនចង់ឃើញអ្វីជានិទណ្ឌភាពទេ ដែលធ្វើឱ្យជនរងគ្រោះហ្នឹង គាត់រងគ្រោះហើយ គាត់ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារបញ្ហាអយុត្តិធម៌ ឬក៏និទណ្ឌភាពដែលកើតឡើងចំពោះគាត់តទៅទៀត ហើយក៏ដូចជារឿងមួយនាំឱ្យការអនុវត្តច្បាប់ក្នុងប្រទេសយើងហាក់ដូចជាមានការរិះគន់ច្រើន»

ជុំវិញករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា នៅថ្ងៃទី៩ និងទី១០ ខែសីហា ឆ្នាំ២០២៣ មិនអាចសុំការបំភ្លឺបានទេ ដោយលោកបានចុចផ្តាច់ប្រព័ន្ធទូរសព្ទ នៅពេលដែលមានការហៅចូលជាច្រើនលើក។

ចំណែក អធិការនគរបាលខណ្ឌជ្រោយចង្វារ លោក លៀក ចាន់រាបសាបានបដិសេដឆ្លើយតបសំនួរ របស់ Newsroom Cambodia ដោយលោកជំរុញឱ្យទំនាក់ទំនងទៅមន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញវិញ។

លោកថា៖ «ចង់ដឹងព័ត៌មានខលទៅប្រធានការិយាល័យចរាចរណ៍ផ្លូវគោកពីព្រោះករណីនេះ ខាងចរាចរណ៍ផ្លូវគោកគេជាអ្នកដោះស្រាយ។ ខាងខ្ញុំដោះស្រាយគ្រោះថ្នាក់ប៉ះពាល់​អីតិចតួច»

នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក ដេ ម៉ៅ ប្រាប់ Newsroom Cambodia យ៉ាងខ្លីថា សំណុំរឿងក្តីបុកទារកស្លាប់នេះ ធ្លាក់ដល់ដៃតុលាការរួចទៅហើយ ដូចនេះមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់លោកនោះទេ។

លោកបន្តថា៖ «សំខាន់លើតុលាការ បងសួរតុលាកាបានត្រូវថាតើ តុលាការចេញលិខិតបង្គាប់ដើម្បីឱ្យសមត្ថកិច្ចនាំខ្លួនរបៀបម៉េច បើមានលិខិតហ្នឹងសមត្ថកិច្ចគេហ្នឹងអនុវត្តន៍ ព្រោះរាល់សំណុំរឿងគឺនៅតុលាការ»។

ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ប្រាប់ឱ្យ Newsroom Cambodia ទម្លាក់សំនួរតាមប្រព័ន្ទតេលេក្រាម ប៉ុន្តែលោកមិនឆ្លើយតប។

បើតាមសេចក្តីបំភ្លឺរបស់ សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បុកទារកស្លាប់នេះ កើតឡើងដោយរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយ លោក សោម ណូរីទីឃា អាយុ ១៩ឆ្នាំ ក្នុងស្ថានភាពស្រវឺង បានបុកម៉ូតូម៉ាក Honda Scoopy ជិះគ្នា ៣នាក់ នៅលើស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង២ និង ១០នាទីព្រឹក។ ប្រភពដដែល បន្តថា ក្នុងករណីនេះ មានទារកអាយុ ២ខែម្នាក់បានស្លាប់នៅថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២២ ក្រោយពេលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បានរយៈពេល ៦ថ្ងៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក៏ធ្លាប់ប្រតិកម្មម្តងដែរជុំវិញគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដោយលោកមិនគាំទ្រចំពោះអ្នកបើកបរដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន។ 

លោក ស ខេង ក៏បានបង្ហាញការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ  ហើយលោកអះអាងថា កំពុងតាមដានព័ត៌មានជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍នេះ ដើម្បីចាត់វិធានការឱ្យបានសមស្របផងដែរ។

មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ ដដែល ក៏បានចែងថា អ្នកបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ រត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវ ជាដើម គឺត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅ ២៥លានរៀល៕