​អ្នកឃ្លាំ​មើលនិ​ង​មន្ត្រីរ​ដ្ឋាភិ​បាល​សំ​អាងខុ​សគ្នាពីវិធា​នការពារ​ព្រំដែន ដើម្បីទប់ស្កាត់បរទេសឈ្លានពាន ​ដោ​​​យម្ខាងជំរុញឱ្យដាំដើមត្នោតជា​​​ផ្នែកនៃការទប់ស្កាត់ តែម្ខាងយល់ថា កត្តាចម្បងវាទាល់តែអ្នកកាន់អំណាចមានស្មារតីជាតិនិយមខ្ពស់ រួមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែក្រវ៉ាត់ព្រំដែនទេី​បអាចទប់ស្កាត់បាន។

ក្នុ​ង​ពិធីអបអរសាទររុក្ខ​ទិ​វា​៩កក្កដា ឆ្នាំ២​០​២៣​ អភិ​បាលខេត្តកំ​ពត លោ​ក ម៉ៅ ធនិន​ បាន​អំ​ពាវ​នាវ​​ឱ្យ​​ក​ងក​ម្លាំ​ង​​​​នៅ​​តា​ម​ខ្សែ​បន្ទាត់​​ព្រំដែន​​ក​ម្ពុជា​-វៀ​ត​ណាម​ ជួ​យ​​ដាំ​និង​​ថែទាំ​​ដើ​ម​ត្នោត​ ដោយថាវាជាផ្នែក​​ចូលរួម​​​ការពារ​អត្តស​ញ្ញា​​ណ​ជាតិ ដើម្បី​កុំ​ឱ្យបរទេស​​ឈ្លានពាន ឬ​បន្លំ​យក​ទឹកដី​កំណើត​របស់​ខ្មែរ។

លោកថា៖«យើងដាំនៅលើដងផ្លូវជាប់ជាមួយនឹងខ្សែក្រវ៉ាត់ព្រំដែន[..]ខ្ញុំគ្រាន់តែចង់ជំរាបជូនថាត្នោគឺជាអត្តសញ្ញាណនៃជាតិរបស់យើង។អ៊ីចឹងខ្ញុំសុំឱ្យពុកម៉ែរបស់យើងចូលរួមថែទាំនូវអត្តសញ្ញាណជា​​​តិយើងទាំងអស់គ្នា»

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តកំពត លោក វ៉ាន ធឿន ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហាថា មកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ បានដាំដើមត្នោតបានចំនួន៧៥០០ដើម តាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៥ គីឡូម៉ែត្រ ស្ថិតនៅចំណុចអន្លង់ថ្ងាន់ ភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេ​​ត្ត​​កំពត។

ដោយឡែកអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ម សួរភិរទ្ធិ យល់ថា ដើមត្នោតគ្រាន់តែជារុក្ខជាតិគ្មា​នវិ​ញ្ញា​ណ មិនមែនជារបងដ៏រឹងមាំក្នុងការការពារព្រំដែនទេ។ 

លោកគូសបញ្ជាក់ថា ដើម្បីការពារព្រំដែនបាន រដ្ឋាភិបាលត្រូវមានឆន្ទៈមោះមុតតម្កល់ផលប្រយោជន៍ជាតិជាធំអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ អភិ​វឌ្ឍ​​​ន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងការពារយ៉ាងប្តូរផ្តាច់ទើបការពារបាន។

លោកបន្តថា៖« ​ រឿងដាំដើមត្នោតជារឿងបរិស្ថានមិនមែនជារឿងព្រំដែនទេ គ្មានប្រទេសណាគេធ្វើអ៊ីចឹងទេ»

យ៉ាងណាលោកថា វាជារឿងល្អដែរ ដែលមន្រ្តីរដ្ឋាភិបាលបានគិតគូពីបញ្ហាព្រំដែន តាមរយៈជំរុញឱ្យដាំដើមត្នោតតាមបណ្តោយព្រំដែនជាអត្តសញ្ញាណជាតិ ខណៈបញ្ហាព្រំដែនត្រូវបានគេមើលឃើញថាកំពុងប្រឈមនឹងការគំរាមកំហែង។

លោកថា៖«សំខាន់គឺយើងរក្សាដីព្រំដែនយើងឱ្យវានៅអ៊ីចឹងទៅ មិនបាច់ដាំដើមត្នោតអីទេ រៀបចំតែផ្លូវក្រវ៉ាត់ឱ្យប្រជាព​​លរដ្ឋ មានទឹក មានភ្លើងវាល្អជាងដាំដើមត្នោតផង»

អ្នកឃ្លាំមើលព្រំដែន ដែលបានភៀសខ្លួនទៅរស់នៅប្រទេសន័រវេស លោក ម៉ែន ណាត និយាយថា វិធានការទប់ស្កាត់ការឈ្លានពានទឹកដីពីប្ររទេសជិតខាង បក្សកាន់អំណាចកម្ពុជាត្រូវមានស្មារតីជាតិ និងត្រូវបោះបង្កោលរឹងមាំឱ្យដូចចិននិងរៀតណាម ។

លោកថា៖« អាជ្ញាធរព្រំដែនមានមនសិការ មានស្មារតីជាតិនឹងបានអាចទប់ស្កាត់បាន ទី៣ពង្រឹងមូលដ្ឋានច្បាប់ព្រំដែនឱ្យវារឹងមាំ »

បន្ថែមពីនេះលោកថា ការរក្សាទឹកដីឱ្យបានគង់វង្ស រដ្ឋអំណាចត្រូវពង្រឹងស្មារតីជាតិ គោរពគោលការណ៍អន្តរជាតិ សន្តិសញ្ញាបារាំង ដែលអតីតព្រះមហាក្សត្របានតម្កល់ទុកនៅអង្គការសហប្រជាជាតិនិងត្រូវមា​ន​មនសិកាជាតិពិតប្រាកដ។

លោកថា៖« ចង់ការពារព្រំដែនមែនត្រូវអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ ពង្រឹងច្បាប់ព្រំដែនស្រ​​តាមច្បាប់អន្តរជាតិឆ្នាំ១៩៦០ជាង នោះបានអាចធានាបូរណភាពទឹកដីបាន»

មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដា​​ច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​​លើ​ផែនទីមាត្រដ្ឋាន​ខ្នាត​១/១០០ ០០០​ ដែល​ធ្វើ​នៅ​ច​ន្លោះ​​​​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ ១៩៦៣-១៩៦៩។

ក​ម្ពុ​ជា​មានផ្ទៃដីសរុបទំហំ១៨១០៣៥គីឡូម៉ែត្រការ៉េ។ មាន​ព្រំប្រទល់ដីគោក​ជាប់​ប្រទេស​វៀតណាម​ ១ ២​៧០គីឡូម៉ែត្រ។

យ៉ាង​ណា បើទោះបីការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម នាសម័យទំនើបនេះ រងការរិះគន់ពីអ្នកឃ្លាំមើ​លនិងអ្នកនយោបាយប្រឆាំងថា កម្ពុជាបានខាតបង់ដោយសារការបោះបង្គោលព្រំដែនបច្ចុប្បន្នមិនយកតាមបង្គោលចាស់ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំងក្តី តែយន្តការនៃការបោះបង្គោលព្រំដែននេះមិនត្រូវបានផ្អាកទេ។

ជាងនេះទៅទៀត អ្នកដែលធ្លាប់រិះគន់ មានអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ជាដើម ត្រូវជាប់ពន្ធនាគារច្រើនឆ្នាំក្រោមបណ្តឹងរបស់រដ្ឋាភិបាល។

អំឡុងខែឧសភាឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា ដែលនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងភាគីវៀតណាម បានឯកភាពគ្នាលើការបោះបង្គោលព្រំដែនគោកបាន៩០ភាគរយ ហើយនៅសល់១០ភាគរយទៀត ស្ថិតក្នុងតំបន់ដាក់ដាំនិងដាក់ហូត ក្នុងខេត្តមណ្ឌលគិរី រដ្ឋាភិបាលអះអាងថា ភាគីទាំងពីរនឹងបន្តចរចា ដើម្បីឈានទៅបោះបញ្ចប់។