សហព័ន្ធសហជីពកម្ពុជាឯករាជ្យកំពុងរៀបចំពាក្យបណ្ដឹងប្រឆាំងរោងចក្រវ៉ាយធីស៊ី ដើម្បីជំរុញឱ្យក្រុមហ៊ុនបញ្ជាទិញផលិតផល ពីរោងចក្រមួយនេះ ព្រមទទួលយកថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ និងកម្មករនិយោជិកផ្សេងទៀតបានចូលបម្រើការងារវិញ ខណៈភាគីរោងចក្រ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នៅបន្តប្រកាន់ជំហរមិនទទួលយក ក្បាលម៉ាស៊ីនដឹកនាំសហជីពមូលដ្ឋាននេះឱ្យចូលធ្វើការវិញទេ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ មួយរយៈពេលចុងក្រោយនេះ។
ប្រធានសហព័ន្ធសហជីពកម្ពុជាឯករាជ្យ លោក សល់ គឹមសាន មានប្រសាសន៍នៅថ្ងៃនេះថា លោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុននៃអ្នកបញ្ជាទិញដូចជា GAP និង Walmart ជាដើម ដែលជាដៃគូរកស៊ីជាមួយរោងចក្រ វ៉ាយធីស៊ី ឱ្យជួយអន្តរាគមន៍ ដោយជំរុញឱ្យភាគីរោងចក្រទទួលយកមន្រ្តីសហជីពចូលធ្វើការវិញ។
លោកនិយាយថា៖ «យើងកំពុងធ្វើរឿងនេះទៅក្រុមហ៊ុនបញ្ជាទិញ ដើម្បីឱ្យគេទទួលយកគាត់[មន្រ្តីសហជីពត្រូវគេបញ្ឈប់ពីការងារ]ចូលធ្វើការវិញ»។
យ៉ាងណាលោក គឹមសាន ថា ទាក់ទិននឹងការប្ដឹងផ្ដល់នេះគឺសហជីពរបស់លោក ដាក់ពាក្យបណ្ដឹងតាមរយៈសហព័ន្ធសហជីពចលនាកម្មករដែលស្ថិតក្រោមការដឹកនាំរបស់លោក ប៉ាវ ស៊ីណា ដែលជាស្ថាប័នចេញមុខដាក់បណ្ដឹងដោយផ្ទាល់ទៅក្រុមហ៊ុនបញ្ជាទិញ ដោយសារសហជីពលោកជាសមាជិកសហព័ន្ធសហជីពមួយនេះ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សហព័ន្ធសហជីពកម្ពុជាឯករាជ្យ បានរៀបចំបោះឆ្នោតបង្កើតសហជីពនៅក្នុងរោងចក្រ វ៉ាយធីស៊ី ដែលមានលោក ម៉ាង សុខន ជាប្រធាន ក្រោយពីការបោះឆ្នោតរួច ក៏បានជូនដំណឹងទៅកាន់រោងចក្រស្ដីពីការបង្កើតសហជីព និងក្រសួងការងារ។
ក្រោយមក ក្រសួងការងារ បានសម្រេចទទួលស្គាល់ការចុះបញ្ជីសហជីពកម្ពុជាឯករាជ្យប្រចាំរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយធីស៊ី នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣។
ថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្ពុជាឯករាជ្យម្នាក់ប្រចាំរោងចក្រ វ៉ាយធីស៊ី ដែលត្រូវបានបញ្ឈប់ពីការងារ លោក ឡេង វ័យ និយាយថា រោងចក្របានបញ្ឈប់លោកក្នុងនាមជាហិរញ្ញិករបស់សហជីពពីការងារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
បុរសវ័យ ២៧ឆ្នាំរូបនេះ បន្តថា ក្នុងចំណោមថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រមានតែលោកទេមិនទាន់ក្លាយជានិយោជិកពេញសិទ្ធិ។ លោកបន្តថា នៅសល់ពេល២ខែទៀតទើបលោកក្លាយជាកម្មករពេញសិទ្ធិ ខណៈលោកបម្រើការងារក្នុងរោងចក្រនេះអស់រយៈពេល១ឆ្នាំ ៨ខែមកហើយ។ក៏ប៉ុន្តែភាគីក្រុមហ៊ុនមិនបន្តកិច្ចសន្យាការងារដែលមានថេរវេលា៣ខែម្ដងទៀត ឱ្យរូបលោកនោះឡើយ។
បើតាមលោក ឡេង វ័យ ឥឡូវនេះរោងចក្របានតម្រូវឱ្យកម្មករថែមម៉ោងជារៀងរាល់ថ្ងៃ ដែលផ្ទុយពីការលើកឡើងដើម្បីបញ្ចប់កិច្ចសន្យាការងាររវាងលោក រួមទាំងកម្មករប្រមាណ៤០នាក់ទៀត។ករណីនេះ លោក ចាត់ទុកថា ជាទង្វើប្រឆាំងនឹងវត្តមានសហជីពឯករាជ្យក្នុងរោងចក្រ។
លោកបន្តថា៖ «ប៉ុន្តែ[រោងចក្រ]ឥឡូវថែមម៉ោងរហូត។[ដូច្នេះ] ជាការរើសអើងសហជីព» ។
ជុំវិញករណីនេះ គេហទំព័រ Newsroom Cambodia ពុំអាចសូមទាន់អាចសុំការឆ្លើយតបពីលោក គង់ កុក ប្រធានរដ្ឋបាលប្រចាំរោងចក្រ វ៉ាយធីស៊ី នៅឡើយនោះទេ ដោយទូរសព្ទខលចូល ប៉ុន្តែគ្មានអ្នកទទួល។
ទោះជាយ៉ាងណា ផ្អែកលើលទ្ធផលចរចាគ្នារវាងភាគីក្រុមហ៊ុន និងតំណាងសហជីព ក្រោមការសម្របសម្រួលពីក្រសួងការងារ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បង្ហាញថា ក្រុមហ៊ុនបានបដិសេធក្នុងការទទួលយកសកម្មជនសហជីព លោក ឡេង វ័យ បម្រើការងារវិញ ដោយសំអាងថា គ្មានការបញ្ជាទិញ។ ស្របពេលជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុន អះអាងថា ករណីកង្វះការបញ្ជាទិញនេះ រោងចក្របានបញ្ឈប់កម្មករមួយចំនួនផ្សេងទៀតមិនមែនមានតែលោក វ័យ ម្នាក់នោះទេ។
គេហទំព័រ Newsroom Cambodia នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានដែរ គិតត្រឹមថ្ងៃពុធនេះ។
ទាក់ទិនករណីភាគីរោងចក្រ បញ្ឈប់សហជីពមូលដ្ឋាននេះ កាលពីខែមិថុនា ឆ្នាំ២០២៣ រោងចក្រកាត់ដេសម្លៀកបំពាក់ អេសវ៉ាយអេសជី ហ្គាម៉ិន ក្នុងរាជធានីភ្នំពេញ បានបញ្ឈប់អនុប្រធានសហជីពម្នាក់ក្រោយបង្កើតសហជីពឯករាជ្យក្នុងរោងចក្រ។
អង្គការ សង់ត្រាល់(Central) ឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ មានករណីបណ្តេញកម្មករនិយោជិកចេញពីការងារនៅមុន និងក្នុងអំឡុងពេល ឬក្រោយពេលបង្កើតសហជីពចំនួន ១៥ករណី ដែលស្មើនឹងជាង ៧០នាក់ ពួកគេសុទ្ធសឹងជាថ្នាក់ដឹកនាំ និងសកម្មជនសហជីព៕