សហព័ន្ធសហជីពកម្ពុជាឯករាជ្យកំពុងរៀបចំពាក្យបណ្ដឹងប្រឆាំងរោងចក្រវ៉ាយធីស៊ី ដើម្បីជំរុញឱ្យក្រុមហ៊ុ​​ន​​បញ្ជាទិញផលិតផល ពីរោងចក្រមួយនេះ ព្រមទទួលយកថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ និងកម្ម​ករ​​​និ​​​​យោជិកផ្សេងទៀតបាន​​ចូលបម្រើការងារវិញ ខណៈភាគីរោងចក្រ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នៅបន្តប្រកាន់ជំហរមិនទទួលយក ក្បាលម៉ាស៊ីនដឹកនាំ​​ស​​ហ​​ជី​​​​​​​ពមូលដ្ឋាននេះឱ្យចូលធ្វើការវិញទេ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ មួយរយៈពេលចុងក្រោយនេះ។

ប្រធានសហព័ន្ធសហជីពកម្ពុជាឯករាជ្យ លោក សល់ គឹមសាន មានប្រសាសន៍នៅថ្ងៃនេះថា លោកនឹងដា​​ក់​ពាក្យបណ្ដឹ​ងទៅកាន់ក្រុមហ៊ុននៃអ្នកបញ្ជាទិញដូចជា GAP និង Walmart ជាដើម ដែលជាដៃគូរកស៊ីជា​​មួ​​យរោងចក្រ វ៉ាយធីស៊ី ឱ្យជួ​​យ​​អន្តរា​​គ​មន៍ ដោយជំរុញឱ្យភាគីរោងចក្រទទួលយកមន្រ្តីសហជីពចូលធ្វើកា​​រវិញ។

លោក​និយាយថា៖ «យើងកំពុងធ្វើរឿងនេះទៅក្រុមហ៊ុនបញ្ជាទិញ ដើម្បីឱ្យគេទទួលយកគាត់[មន្រ្តីសហជី​​ត្រូវគេបញ្ឈប់ពីការងារ]ចូលធ្វើការវិញ»

យ៉ាងណាលោក គឹមសាន ថា ទាក់ទិននឹងការប្ដឹងផ្ដល់នេះគឺសហជីពរបស់លោក ដាក់ពាក្យបណ្ដឹងតាមរយៈសហព័ន្ធសហជីពចលនាកម្មករដែលស្ថិតក្រោមការដឹកនាំរបស់លោក ប៉ាវ ស៊ីណា ដែលជាស្ថាប័នចេ​​ញ​មុខដាក់បណ្ដឹងដោយផ្ទាល់ទៅក្រុមហ៊ុនបញ្ជាទិញ ដោយសារសហជីពលោកជាសមាជិកសហព័ន្ធសហជីពមួយនេះ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សហព័ន្ធសហជីពកម្ពុជាឯករាជ្យ បានរៀបចំបោះឆ្នោតបង្កើតសហជីពនៅក្នុងរោងចក្រ វ៉ាយធីស៊ី ដែលមានលោក ម៉ាង សុខន ជាប្រធាន ក្រោយពីការបោះឆ្នោតរួច ក៏បានជូនដំណឹងទៅកាន់រោងចក្រស្ដីពីការបង្កើតសហជីព និងក្រសួងការងារ។

ក្រោយមក ក្រសួងការងារ បានសម្រេចទទួលស្គាល់ការចុះបញ្ជីសហជីពកម្ពុជាឯករាជ្យប្រចាំរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយធីស៊ី នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្ពុជាឯករាជ្យម្នាក់ប្រចាំរោងចក្រ វ៉ាយធីស៊ី ដែលត្រូវបានបញ្ឈប់ពីការងារ លោ​​ក ឡេង វ័យ និយាយថា រោងចក្របានបញ្ឈប់លោកក្នុងនាមជាហិរញ្ញិករបស់សហជីពពីការងារកាលពីថ្ងៃ​​ទី៣០​ ខែមិថុនា ឆ្នាំ២០២៣។ 

បុរសវ័យ ២៧ឆ្នាំរូបនេះ បន្តថា ក្នុងចំណោមថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រមានតែលោកទេមិនទាន់ក្លា​​យ​​ជានិយោជិកពេញសិទ្ធិ។ លោកបន្តថា នៅសល់ពេល២ខែទៀតទើបលោកក្លាយជាកម្មករពេញសិទ្ធិ ខណៈលោកបម្រើការងារក្នុងរោងចក្រនេះអស់រយៈពេល១ឆ្នាំ ៨ខែមកហើយ។ក៏ប៉ុន្តែភាគីក្រុមហ៊ុនមិនបន្តកិច្ចសន្យាកា​​​​រងា​​រដែលមានថេរវេលា៣ខែម្ដងទៀត ឱ្យរូបលោកនោះឡើយ។

បើតាមលោក ឡេង វ័យ ឥឡូវនេះរោងចក្របានតម្រូវឱ្យកម្មករថែមម៉ោងជារៀងរាល់ថ្ងៃ ដែលផ្ទុយពីការលើកឡើងដើម្បីបញ្ចប់កិច្ចសន្យាការងាររវាងលោក រួមទាំងកម្មករប្រមាណ៤០នាក់ទៀត។ករណីនេះ លោ​​ក ចាត់ទុកថា ជាទង្វើប្រឆាំងនឹងវត្តមានសហជីពឯករាជ្យក្នុងរោងចក្រ។

លោកបន្តថា៖ «ប៉ុន្តែ[រោងចក្រ]ឥឡូវថែមម៉ោងរហូត។[ដូច្នេះ] ជាការរើសអើងសហជីព» 

ជុំវិញករណីនេះ គេហទំព័រ Newsroom Cambodia ពុំអាចសូមទាន់អាចសុំការឆ្លើយតបពីលោក គង់ កុក ប្រធានរដ្ឋបាលប្រចាំរោងចក្រ ​វ៉ាយធីស៊ី នៅឡើយនោះទេ ដោយទូរសព្ទខលចូល ប៉ុន្តែគ្មានអ្នកទទួល។

ទោះជាយ៉ាងណា ផ្អែកលើលទ្ធផលចរចាគ្នារវាងភាគីក្រុមហ៊ុន និងតំណាងសហជីព ក្រោមការសម្របស​​ម្រួ​​ល​​ពីក្រសួងការងារ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បង្ហាញថា ក្រុមហ៊ុនបានបដិសេធក្នុងការទទួលយកសកម្មជនសហជីព លោក ឡេង វ័យ បម្រើការងារវិញ ដោយសំអាងថា គ្មានការបញ្ជាទិញ។ ស្របពេលជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុន អះអាងថា ករណីកង្វះការបញ្ជាទិញនេះ រោងចក្របានបញ្ឈប់កម្មករមួយចំនួនផ្សេងទៀតមិនមែនមានតែលោក វ័យ ម្នាក់នោះទេ។

គេហទំព័រ Newsroom Cambodia នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានដែរ គិតត្រឹមថ្ងៃពុធនេះ។

ទាក់ទិនករណីភាគីរោងចក្រ បញ្ឈប់សហជីពមូលដ្ឋាននេះ កាលពីខែមិថុនា ឆ្នាំ២០២៣ រោងចក្រកាត់ដេសម្លៀកបំពាក់ ​អេសវ៉ាយអេស​ជី ហ្គាម៉ិន ក្នុង​រាជធានី​ភ្នំពេញ បានបញ្ឈប់អនុប្រធានសហជីពម្នាក់ក្រោយបង្កើតសហជីពឯករាជ្យក្នុងរោងចក្រ។

អង្គការ​ សង់​ត្រាល់(Central) ឱ្យដឹងថា ចាប់​ពី​ខែមករា​ ឆ្នាំ​២០២២ ដល់​ខែ​មិថុនា​ ឆ្នាំ​២០២៣​ មាន​ករណី​បណ្តេញ​កម្មករ​និយោជិក​ចេញពី​ការងារ​នៅ​មុន​ និងក្នុង​អំឡុង​ពេល​ ឬក្រោយ​ពេល​បង្កើត​សហជីព​ចំនួន​ ១​​៥​​ករណី ដែល​ស្មើនឹង​ជាង​ ៧០នាក់ ពួកគេសុទ្ធសឹង​ជា​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព៕