ព្រះសង្ឃគង់នៅវត្តសាមគ្គី ក្នុងស្រុកស្នួល ខេត្តក្រចេះ បានអំពាវនាវ រកជំនួយទ្រទ្រង់ការផ្គត់ផ្គង់ចង្ហាន់ប្រគេនព្រះសង្ឃប្រមាណ ១០អង្គ ដែលកំពុងជួបការខ្វះខាត ក្រោយអគ្គីភ័យឆាបឆេះ សាលាឆាន់មួយខ្នងដែលជាឃ្លាំងផ្ទុកសម្ភារៈម្ហូបអហារផង និងកន្លែងសា្នក់នៅ(សឹង)សម្រាប់ព្រះសង្ឃផង។
ព្រះចៅអធិការ វត្តសាមគ្គី ព្រះតេជព្រះគុណ អ៊ឹង រដ្ឋា មានសង្ឃដីកាថា សាលាឆាន់មួយខ្នង សង់ពីឈើ មានទំហំទទឹង ១៥ម៉េត្រ និងបណ្តោយ ២០ម៉ែត្រ ត្រូវបានភ្លើងឆេះខ្ទេចទាំងស្រុងកាលពីវេលាម៉ោង១២ យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ព្រះអង្គបន្តថា កាលពីម៉ោងប្រមាណ៩ និង៣០នាទីយប់មានផ្គររន្ទៈមួយបានកើតឡើងនៅក្នុងវត្ត ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍នោះទេ រហូតដល់ម៉ោង ១២យប់ មានដូនជីនៅវត្តបានឮសំឡេងភ្លើងឆេះ នឹងធំក្លិនឈ្ងៀម ទើបដើរពិនិត្យមើលឃើញមានភ្លើងឆេះចេញពីម៉ាស៊ីនភ្លើងក្នុងសាលាឆាន់តែម្តង។
ប្រភពដដែលបន្តថា អំឡុងពេលនោះ ព្រះសង្ឃ និងអ្នកភូមិ មិនអាចពន្លត់ភ្លើងទាន់ពេលនោះទេ ដោយភ្លើងឆេះលឿនផងនោះ រយៈពេលប្រមាណ១ម៉ោង បណ្តាលឱ្យសាលាឆាន់ដែលផ្ទុកសម្ភារៈជាច្រើនរួមមាន អង្ករ មុង ខ្នើយ ចាន ឆ្នាំង និងម៉ៃក្រូ ជាដើម ត្រូវភ្លើងឆេះខ្ទេចគ្មានសល់នោះឡើយ។ បន្ថែមលើនេះ ម៉ូតូចំនួន១គ្រឿង និងធុងបាសសម្រាប់ចាក់ក្នុងរដូវបុណ្យទានចំនួន ៣ឈុត ព្រមទាំងបច្ច័យមួយចំនួនទៀត ក៏ត្រូវឆេះខូចខាតទាំងស្រុងផងដែរ។
បើតាមព្រះតេជព្រះគុណ អ៊ឹង រដ្ឋា អគ្គីភ័យនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែនៅចំពោះមុខនេះព្រះសង្ឃកំពុងជួបការលំបាក ព្រោះខ្វះខាតចង្ហាន់ប្រចាំថ្ងៃ។
ព្រះអង្គមានសង្ឃដីកាថា៖«បើនិយាយឱ្យចំខ្វះខាតនោះគឺច្រើន សម្រាប់ទៅលើ គ្រឿងឧបភោគ បរិភោគទី១។ ទី២ បញ្ហា គ្រឿងសម្ភារ ដូចជាកន្ទេលភួយមុងខ្នើយ បញ្ហាទី៣ ទាក់ទិនទៅលើ គ្រឿងស្បង់ចីពរ ព្រះសង្ឃអត់មានទេ»។
ប្រភពដដែលឱ្យដឹងទៀតថា ទំហំនៃការខូចខាតវិញនេះសរុបជាថវិកាប្រមាណជាង ២០ ០០០ ដុល្លារអាមេរិក។
ជាមួយគ្នានេះព្រះតេជព្រះគុណ អ៊ឹង រដ្ឋា បានអំពាវនាវរកជំនួយពីសប្បុរសជន ដើម្បីបានថវិកា កសាងសាលាឆាន់ឡើងវិញ និងទ្រទ្រង់ចង្ហាន់ប្រគេនព្រះសង្ឃចំនួន ៧អង្គ ដែលកំពុងគង់ក្នុងវត្តនេះ។
ព្រះអង្គមានសង្ឃដីកាថា៖ «សម្រាប់អាត្មាជាតំណាងឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មាធិការ ក្នុងវត្តសាមគ្តីនេះ មានតែការសំណូមពរចំពោះពុទ្ធបរិស័ទ ញោមញាតិស្រីប្រុស ជិតឆ្ងាយទាំងអស់ ដែលលោកមានកុសលសទ្ធាជ្រះថ្លា ការចូលរួមឱបស្ទបលើកស្ទួយ ជួយឧបត្ថម្ភដល់វត្តសាមគ្គី ដែលស្ថិតនៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកឆ្នួល ខេត្តក្រចេះនេះ ឱ្យបានព្រះសង្ឃហ្នឹង ឆាន់គ្រប់គ្រាន់ផង»។
ជុំវិញករណីនេះ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ លោក ស៊ូ សែ ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ថា លោកបានទទួលដំណឺងពីករណីអគ្គីភ័យនៅវត្តសាមគ្គីនេះរួចហើយ និងកំពុងរៀបចំជំនួយប្រគេនព្រះសង្ឃដែលជួបការលំបាកនៅទីនោះរួចរាល់ហើយដែរ។
លោកបន្តថា៖ «ខ្ញុំបានទទួលព័ត៌មាន អគ្គីភ័យនៅតាម ហ្វេសបុកម្សិលមិញ ដោយឡែកព័ត៌មានពីខាងហ្នឹងអត់មានរាយការណ៍ឱ្យខ្ញុំទេ តែខ្ញុំបានឃើញហើយព័ត៌មានតាមបណ្តាញសង្គម ហ្វេសបុក»។
បើតាម លោក ស៊ូ សែ វត្តអារាមនៅទូទាំងខេត្តក្រចេះ សរុបមានចំនួន ១៧៩វត្ត ក្នុងនោះមានព្រះសង្ឃគង់នៅចំនួន១៤១៧អង្គ។
យ៉ាងនេះក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិមអេង សង្កេតឃើញថា រថយន្តពន្លត់អគ្គីភ័យនៅតាមបណ្តាខេត្ត នៅតាមជនបទ មិនមានគ្រប់គ្រាន់នៅឡើយទេ ដែលលទ្ធភាពក្នុងការគ្រប់គ្រប់ករណីឆាបឆេះកើតឡើងនៅមានការខ្វះខាត។ មួយវិញទៀតលោកបានជំរុញ ឱ្យអាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយពីរបៀបបង្ការខ្លួននៅពេលដែលមានករណីអគ្គិភ័យកើតមានឡើង។
បន្ថែមលើនេះ លោកបានជំរុញឱ្យអាជ្ញាធរពន្លឿនក្នុងការទទួលខុសត្រូវចំពោះជនរងគ្រោះដោយសារគ្រោះធម្មជាតិ ឬអគ្គីភ័យ អំឡុងពេលដែលជនរងគ្រោះកំពុងជួបការលំបាក។
លោកបន្តថា៖ «ចំពោះវត្តសាមគ្តីដែលបានឆេះនេះ ទន្ទឹមនឹងព្រះសង្ឃអត់ទីសម្រាប់គង់ អាស្រ័យអត់ចង្ហាន់អត់អីហ្នឹង អាជ្ញាធរគួរតែជួយដោះស្រាយ ឬក៏ការអំពាវនាវប្រជាពលរដ្ឋអីឱ្យ មានការចូលរួម ជួយទៅដល់ព្រះសង្ឃកុំឱ្យព្រះអង្គដែលមានការលំបាក ខាងចង្ហាន់ជាដើម គួរតែជួយទំនុកបំរុងព្រះអង្គ»។
ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយមាត្រា ៣៥ ចែងថា បុគ្គលគ្រប់រូប មានសិទ្ធិទទួលបានការការពារអាយុជីវិត សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងជំនួយសង្រ្គោះ នៅក្នុងពេលជួបគ្រោះមហន្តរាយ។ បុគ្គលគ្រប់រូបមានសិទ្ធិទទួលបាននូវពត៌មាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះហានិភ័យ វិធីសាស្រ្ត បច្ចេកទេសសម្រាប់ការពារខ្លួន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមបង្ការ ការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្តារឡើងវិញ៕
ចំណែក ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ មាត្រា២៥ ចែងថា រដ្ឋទទួលខុសត្រូវដោះស្រាយទីកន្លែង ជម្រកស្នាក់នៅបណ្តោះអាសន្ន និងដោះស្រាយជីវភាពសង្គម ដោយសារអគ្គិភ័យ៕