មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តសៀមរាបបដិសេធថាក្រុមសមត្ថកិច្ចជំនាញនៅមិនទាន់កំណត់មុខសញ្ញាក្រុមរំដោះអ្នកទោសបាននៅឡើយទេ គិតមកដល់ល្ងាចថ្ងៃទី១៧ ខែសីហានេះ ខណៈការស្វះស្វែងរកក្រុមរំដោះអ្នកទោសកំពុងបន្តបង្កើនល្បឿន។
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់គេហទំព័រ Newroom Cambodia នៅថ្ងៃទី ១៧ សីហា នេះថា ក្រុមសមត្ថកិច្ចជំនាញកំពុងបន្តបេសសកម្មរបស់ខ្លួន ដើម្បីឈានទៅកំណត់មុខសញ្ញាក្រុមរំដោះអ្នកទោស។លោកបន្តថា វិធានការនៅចំពោះមុខនេះ ក្រុមកម្លាំងសមត្ថកិច្ចជំនាញ អាចនឹងសម្រេចបានក្នុងរយៈពេលខាងមុខ ប៉ុន្តែលោកមិនបានទម្លាយព័ត៌មានលម្អិត អំពីមុខសញ្ញា និងផែនការដែលសមត្ថកិច្ចអាចឈានទៅគ្រប់គ្រងសភាពការណ៍ទាំងស្រុងនៅឡើយនោះទេ។
លោកបន្តថា៖«ឥឡូវនេះយើងកំពុងតាមចាប់។យើងកំពុងតាមចាប់។យើងអត់អាចនិយាយអីបានទេ។អាហ្នឹងក៏យើងអត់ដឹងថាមានអ្នកឱ្យដៃដែរ។យើងអត់អាចផ្តល់ព័ត៌មានអីបានច្រើនទេ »។
កាសែតក្នុងស្រុកបានរាយការណ៍ នៅថ្ងៃនេះអមដោយរូបភាពជាច្រើនសន្លឹកហើយត្រូវគេចែកចាយនៅលើបណ្តា្ញសង្គម អំពីក្រុមរំដោះអ្នកទោសជនជាតិចិនចំនួន ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ។តាមរយៈសេចក្តីរាយការណ៍នានា បានបង្ហាញថា ក្រុមអ្នករំដោះអ្នកទោសនេះ មានពាក់ស្រោមមុខ និងស្រោមដៃរួច សម្រុកចូលគ្លីនិក រំដោះអ្នកទោសដោយសុវត្ថិភាព ដែលកំពុងព្យាបាលធ្មេញ នៅគ្លីនិកឯកជនមួយកន្លែងឈ្មោះ«ជុំចិន្តា » ស្ថិតក្នុងភូមិសាស្រ្តភូមិតាភុល សង្កាត់ស្វាយសង្គុំក្រុង និងខេត្តសៀមរាប។
ដោយឡែកឆ្មាំពន្ធនាគារចំនួន៤នាក់ ដែលការពារពិរុទ្ធជន ត្រូវបានក្រុមរំដោះអ្នកទោសភ្ជង់នឹងកាំភ្លើង មុននឹងពួកគេឡើងរថយន្តគេចខ្លួន។ក្រោយធ្វើសកម្មភាពរួច រថយន្តម៉ាក Lexus ពណ៌ផ្សែងបារីមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AA-4315 ដែលពួកគេប្រើប្រាស់ធ្វើជាមធ្យោបាយ ត្រូវបានផ្លុងចោល។
នៅក្នុងរថយន្ត សមត្ថកិច្ចនគរបាលប្រមូលបាន កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារៈមួយចំនួនទៀត។
ឆ្លើយតបនឹងចម្ងល់ និងការរិះគន់ពីវិធានការការពារ អ្នកទោសនេះថាអាចនឹងមានផ្ទៃក្នុងផ្តល់សញ្ញា ឬថាតើក្រុមរំដោះអ្នកទោសនេះ អាចដឹងពីផែនការសម្ងាត់នេះដោយរបៀបណានោះ ត្រូវបានស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត អះអាងថា នៅចំពោះមុខនេះ គឺសមត្ថកិច្ចជំនាញ មិនទាន់អាចវិភាគលម្អិតថាតើមានអ្វីនៅពីក្រោយ ហេតុការណ៍នេះនៅឡើយទេ។លោកបន្តថា ជាផែនការគឺធ្វើយ៉ាងម៉េច ស្វែងរកចាប់ខ្លួនក្រុមរំដោះអ្នកទោសឱ្យបានជាមុនសិន។ដោយឡែក ចំពោះរឿងផែនការបញ្ជូនអ្នកទោសចេញក្រៅហើយបែកធ្លាយដំណឹងដោយរបៀបណានោះ គឺនឹងពិនិត្យនៅពេលក្រោយទៀត។
លោកបន្តថា«យើងមិនអាចផ្តល់ព័ត៌មានអ្វីច្រើន ក្រៅពីព័ត៌មានបឋមហ្នឹងនៅឡើយទេ »។
លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានកាសែតដកស្រង់សំដីមកចុះផ្សាយនៅថ្ងៃទី ១៧ សីហា ថាទណ្ឌិតឈ្មោះ Chen hsin han ជាជនជាតិចិនដែលមានអាយុ ៤៥ ឆ្នាំរូបនេះ ត្រូវបានតុលាការផ្ទាន្ទាទោសដាក់ពន្ធនាគារចំនួន ៥០ឆ្នាំ ជាប់ចោទពីបទគ្រឿងញៀន។
អង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលពីដំណើរការនេះ ចាត់ទុកថា នេះជាការអនុវត្តនីតិវិធីដែលមិនមានតម្លាភាពនៅក្នុងសង្គមបច្ចុប្បន្ន បើធៀបនឹងអ្នកទោសមនសិការ សកម្មជនដីធ្លី និងសកម្មជនបរិស្ថានជាដើមដែលសិទ្ធិទទួលបានការព្យាបាលដោយសមរម្យនៅខាងក្រៅ សឹងថាមិនមាននោះទេ។
មន្រ្តីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ចំពោះករណីនេះ វាហាក់ដូចជាមិនទំនងដែលជនទទួលការកាត់ទោសពីបទល្មើសឧក្រិដ្ឋបែរជាមានការការពារ ក្នុងកម្រិតមិនសមាមាតបែបនេះ។ម្យ៉ាងវិញទៀត សេវាទទួលបានការពារព្យាបាលនេះ គឺហាក់គ្មានយុត្តិធម៌ទេ បើធៀបនឹងអ្នកទោសនយោបាយបក្សជំទាស់ និងសកម្មជនសង្គមដទៃទៀត។ពួកគេកម្រទទួលការអនុញ្ញាតដើម្បីអាចបានសេវាព្យាបាលនៅខាងក្រៅ ដូចករណីបែបនេះណាស់។
លោកបន្តថា«ខ្ញុំកត់សំគាល់អញ្ចេះអំពីការព្យាបាលអ្នកទោសខាងក្រៅយើងឃើញហើយបើប្រៀបធៀបអ្នកទោសមនសិការនយោបាយអីផ្សេងៗដូចជាកម្រអនុញ្ញាតិឱ្យទៅព្យាបាលខាងក្រៅណាស់ដូចជាជំងឺបែបហ្នឹងដូចជាជំងឺឈឺធ្មេញឈឺអីនេះវាមិនធ្ងន់ធ្ងរអីនោះទេ។ហើយដោយឡែកបើសកម្មជននយោបាយអីផ្សេងគាត់មានជំងឺហើយសុំព្យាបាលនៅខាងក្រៅតែបែរជាតុលាការមិនអនុញ្ញាត។ប៉ុន្តែបើឧក្រិដ្ឋជនរូបនេះដែលជាឧក្រិដ្ឋជនជួញដូរថ្នាំញៀន អញ្ចឹងវាជាមនុស្សដែលគ្រោះថ្នាក់ប៉ុន្តែហេតុអីបានខាងពន្ធនាគារធ្វេសប្រហែស »។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏ឯកភាពដែរថា បញ្ហានេះអាចការប្រមាថចំពោះភារកិច្ចរបស់សមត្ថកិច្ចឬជាការងារដែលអាចចាត់ទុកថាខ្ជីខ្ជាចំពោះស្ថានការណ៍។ជាងនេះទៀត ករណីនេះអាចរាប់បានថាជាការរៀបចំផែនការដ៏ម៉ត់ចត់ ក្រោមហេតុផលណាមួយ ទើបបានជាការរំដោះអ្នកទោសនៅពេលនេះ អាចប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីកើតឡើង។
លោកបន្តថា៖«ខ្ញុំគិតថារឿងនេះអាចជាការធ្វេសប្រហែសរបស់អាជ្ញាធរ ប្រសិនបើយើងមើលទៅថាគាត់មិនយកចិត្តទុក ឬក៏មិននឹកស្មានថាឧក្រិដ្ឋជនដែលជាជនបរទេសគាត់ហ៊ានមករំដោះអ្នកទោស ពីព្រោះហេតុអីបានយើងថាអញ្ចឹងដោយសារតែនេះគឺជាបទល្មើសដែលកើតឡើងនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។ហើយក៏មិននឹកស្មានក្រុមឧក្រិដ្ឋជនអាចលើកគ្នាមកធ្វើសកម្មភាពអ្នកទោសគ្រឿងញៀនហ្នឹងបាន។នេះជាចំណុចទី១ហើយចំណុចទី២ផែនការហ្នឹងសុទ្ធសឹងតែជាផែនការដែលបានរៀបចំ ហើយគ្រោងទុកយ៉ាងច្បាស់លាស់ដោយទី១គឺមានផែនការនៅក្នុងការស្នើសុំហើយចេញធ្វើព្យាបាលជំងឺនៅខាងក្រៅ »។
គេសង្កេតឃើញថាសព្វថ្ងៃនេះ ប្រទេសកម្ពុជាបានក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសរបស់ជនបរទេស ជាពិសេសជនជាតិចិន។បន្ថែមពីលើនេះ មិនថានៅតាមដងផ្លូវ ឬទីតាំងកម្សាន្តទេ ពួកគេតែងធ្វើសកម្មភាពផ្សេងៗ ដោយកាយវិកាឆ្គាំឆ្គង ឬមានពេលខ្លះរហូតប្រើអំពើហិង្សាក៏មានថែមទៀតផង ដោយមិនព្រួយបារម្ភចំពោះនីតិវិធី និងច្បាប់ទម្លាប់របស់ប្រទេសឡើយ។
ក្រុមអ្នកជំនាញគោលនយោបាយ និងសិទ្ធិមនុស្ស ចាត់ទុកថា ដោយសារការអនុវត្តច្បាប់ មិនសូវមានប្រសិទ្ធិភាពដូច្នេះហើយ ទើបបង្កើតទៅជាទម្លាប់មិនល្អរបស់ពលរដ្ឋ ជាពិសេសជនបរទេស ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលពួកគេអាចធ្វើអ្វីតាមចិត្ត។មិនតែប៉ុណ្ណោះ ក្នុងករណីមានកំហុស អ្នកប្រព្រឹត្តបទល្មើស អាចបង់ការផាក់ពិន័យក្នុងកម្រិតណាមួយ ក្រោមហេតុផលអំពើពុករលួយ ដូច្នេះទោសទណ្ឌទាំងនោះ អាចក្លាយទៅជាគ្មានទោសវិញក៏មានដែរ៕