ព្រះមហាក្សត្របានក្រើនរំឭកឈាមថ្មីរបស់បក្សកាន់អំណាច ដែលដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ឱ្យពង្រឹងស្មារតីបង្រួបបង្រួមជាតិ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមរបស់ប្រទេស។
សាររបស់ព្រះអង្គ ចំពេលជាង៥ឆ្នាំកន្លងទៅ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិលោកសេរីកាត់ផ្តាច់ជំនួយដែលជាការឆ្លើយតបទៅនឹងធ្វើឱ្យខូចប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ក្រោយបរិបទនយោបាយឈានទៅរំលាយគណបក្សប្រឆាំងមានអ្នកគាំទ្រជាង៤២ភាគរយចេញពីឆាកនយោបាយ ចាប់ពីចុងឆ្នាំ២០១៧ ក្រោមអំណាចតុលាការ ។
ក្នុងពិធីប្រកាសសុពលភាព សភាអាណត្តិថ្មី នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ក្រៅពីមានព្រះរាជបន្ទូល កោតសរសើរដ្ឋាភិបាលអាណត្តិចាស់លើការខំប្រឹងប្រែងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍ និងសន្តិភាព ព្រះអង្គក៏បានរំឭករដ្ឋាភិបាលថ្មី របស់បក្សកាន់អំណាច ពីភារកិច្ចដ៏ឧត្តុងឧត្តសម្រាប់ប្រទេសជាតិដែរ ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា៖«ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាពនិងសាមគ្គីជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវ ព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និង ឧបេក្ខា»។
កូនប្រុសច្បង លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់ខ្លួនប្រគល់តំណែងនាយករដ្ឋមន្ត្រីឱ្យសម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន និយាយថា កន្លងទៅបក្សកាន់អំណាច បានអនុវត្តផ្ទុយពីព្រះរាជបន្ទូល របស់ព្រះមហាក្សត្រ ។ លោកសំអាងថា បក្សកាន់អំណាចតែងតែបង្រ្កាប សកម្មជនបក្សភ្លើងទៀន រហូតបិទផ្លូវមិនឱ្យចូលរួមប្រកួតការបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះទៀតផង ដែលការណ៍នេះលោកថា ជាយុទ្ធសាស្រ្ត បំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាតិ ។
លោកថា៖ «យើងកត់សម្ភាល់ឃើញអ្នកមានអំណាច តែងតែធ្វើទុក្ខបុកម្និញមកលើថ្នាក់ដឹកនាំ ក៏ដូចជាសកម្មជន គណបក្សភ្លើងទៀន មិនស្រាកស្រាន្ត។ ហើយអ្វីដែលព្រះអង្គអំពាវនាវ សាររបស់ព្រះអង្គល្អ ប៉ុន្តែគ្រាន់តែថា អ្នកដែលអនុវត្តន៍ មិនបានអនុវត្តន៍ ទៅតាមអ្វីដែលព្រះអង្គអំពាវនាវ»។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក រស់ សុដ្ឋា សង្កេតឃើញថា ការំលោភសិទ្ធិមនុស្ស អំពើអយុត្តិធម៌សង្គម បញ្ហារំលោភដីធ្លីជាដើម នៅតែបន្តកើតមានក្នុងសង្គមកម្ពុជា ក្រោមការដឹកនាំរបស់បក្សកាន់អំណាចជាង៣០ឆ្នាំទៅនេះ។
លោកថា សារអំពាវនាវរបស់ព្រះមហាក្សត្រ ហាក់បានរំពឹងទៅលើឈាមថ្មី របស់បក្សនេះ ដើម្បីឈានទៅរកការកែប្រែស្ថានភាពនយោបាយក្នុងសង្គមឱ្យបានល្អប្រសើរជាងអាណត្តិមុនៗ។
តែលោកហក់បង្ហាញការព្រួយបារម្ភថា បើការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី បន្តដើរលើគន្លងចាស់ ការឯកភាពជាតិនឹងមិនកើតឡើងទេ ហើយបញ្ហាក្នុងសង្គមនឹងបន្តចាក់ស្រែះ ។
លោកបន្តថា៖ «ថ្ងៃក្រោយទៅគេដក EBA ទាំងអស់ ហើយរោងចក្របិទទ្វា ហើយការហ៊ុមព័ទ្ធសេដ្ឋកិច្ចអីទៀត គេលែងទិញទំនិញ គេលែងរកស៊ីជាមួយ បញ្ហាកាន់តែធំ។ គេសើរើបញ្ហា ការរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ គេមានវិធានការផ្លូវច្បាប់អន្តរជាតិ ការដាក់ទណ្ឌកម្មលើបុគ្គល ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាល អាហ្នឹងគឺកាន់តែស្មុគ្រស្មាញ »។
រដ្ឋធម្មនុញ្ញមាត្រា ៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ជាតិ រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មិនអាចសុំការឆ្លើយតបបានទេគិតត្រឹមថ្ងៃអង្គារ ដោយលោកមិនលើកទូរសព្ទ ខណៈតំណាងរាស្ត្រទាំងអស់ក្នុងសភា ទាំង១២៥រូប ត្រូវចូលស្បថចំពោះមុខព្រះមហាក្សត្រមុនចូលកាន់តំណែង។
ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ក្រោយកម្ពុជាបោះឆ្នោតរួចមួយថ្ងៃ សហរដ្ឋអាមេរិក បានប្រកាសផ្ដាច់ជំនួយពីកម្ពុជាលើកកម្មវិធីអភិវឌ្ឍន៍ ជាទឹកប្រាក់ចំនួន១៨លានដុល្លារក្នុងមួយឆ្នាំ ហើយការកាត់នេះ អាចនឹងបន្តទៅឆ្នាំក្រោយទៀត និងរឹតបន្តឹងទិដ្ឋាការប្រឆាំងលើមនុស្សមួយចំនួន ដោយអាមេរិក ចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជា គឺគ្មានភាពសេរី និងយុត្តិធម៌ ខណៈអាមេរិកបានផ្តាច់ជំនួយពី គ.ជ.ប. ក្រោយមានការរំលាយ និងចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារអំឡុងចុងឆ្នាំ២០១៧ ។
ពាក់ព័ន្ធនឹងលំហនយោបាយនៅកម្ពុជានេះ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៣ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសកលទើបបញ្ចប់ទៅថ្មីៗនេះ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដោយចាត់ទុកជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បឹតលំហនយោបាយ ។
បញ្ហានេះ អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលគោរពតាមសន្ធិសញ្ញាអន្តរជាតិនានា ដោយបើកផ្លូវឱ្យមានដំណោះស្រាយខាងនយោបាយ និងការគោរពសិទ្ធិមនុស្ស។