ព្រះមហាក្សត្របានក្រើនរំឭកឈាមថ្មីរបស់បក្សកាន់អំណាច ដែលដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ឱ្យ​​ព​​ង្រឹងស្មារតីបង្រួបបង្រួមជាតិ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមរបស់ប្រទេស។

សាររបស់ព្រះអង្គ ចំពេលជាង៥ឆ្នាំកន្លងទៅ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិលោកសេរីកា​​ត់​ផ្តាច់ជំនួយដែលជាការឆ្លើយតបទៅនឹងធ្វើឱ្យខូចប្រព័ន្ធប្រ​​​ជាធិបតេ​​យ្យនៅកម្ពុជា ក្រោយបរិបទនយោបាយឈានទៅរំលាយគណប​ក្ស​​ប្រឆាំងមានអ្នកគាំទ្រជាង៤២ភាគរយចេញពីឆាកនយោបាយ ចាប់ពីចុងឆ្នាំ២០១៧ ក្រោមអំណាចតុលាការ ។

ក្នុងពិធីប្រកាសសុពលភាព សភាអាណត្តិថ្មី នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ព្រះ​ករុណា ព្រះ​បាទ​ស​ម្ដេច ​ព្រះបរមនាថ នរោត្ដមសីហមុនី ក្រៅពីមានព្រះរាជបន្ទូល កោតសរសើរដ្ឋាភិបាលអាណត្តិចាស់លើការខំប្រឹងប្រែងធ្វើឱ្យកម្ពុជាមានការអ​​ភិវឌ្ឍ​​ន៍ និងសន្តិភាព ព្រះអង្គក៏បានរំឭករដ្ឋាភិបាលថ្មី របស់បក្សកា​​ន់អំណាច ពីភារកិច្ចដ៏ឧត្តុងឧត្តសម្រាប់ប្រទេសជាតិដែរ ។ 

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា៖«ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភា​ព​​និ​​​ងសាមគ្គីជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវ ព្រហ្មវិហារធម៌៤ គឺមេត្តា ករុ​ណា មុទិតា និង ឧបេក្ខា»

កូនប្រុសច្បង លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់ខ្លួនប្រគល់តំណែងនាយករដ្ឋមន្ត្រីឱ្យសម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ។

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន និយាយថា កន្លងទៅបក្សកាន់អំណាច បានអនុវត្តផ្ទុយពីព្រះរាជបន្ទូល របស់ព្រះមហាក្សត្រ ។ លោកសំអាងថា បក្សកាន់អំណាចតែងតែបង្រ្កាប សកម្មជនបក្សភ្លើងទៀន រហូតបិទផ្លូវមិនឱ្យចូ​​ល​​រួមប្រកួតការបោះឆ្នោ​តសម្រាប់អាណត្តិថ្មីនេះទៀតផង​ ដែលការណ៍នេះលោកថា ជាយុទ្ធសាស្រ្ត បំបែ​កបំ​បាក់សាមគ្គីផ្ទៃក្នុងជាតិ ​។

លោកថា៖ «យើងកត់សម្ភាល់ឃើញអ្នកមានអំណាច តែងតែធ្វើទុក្ខបុកម្និញមកលើថ្នាក់ដឹកនាំ ក៏ដូចជាសកម្ម​​ជន គណបក្សភ្លើងទៀន មិនស្រាកស្រាន្ត។ ហើយអ្វីដែលព្រះអង្គអំពាវនាវ សាររបស់ព្រះអង្គល្អ ប៉ុ​ន្តែគ្រា​​ន់តែថា អ្នកដែលអនុវត្តន៍ មិនបានអនុវត្តន៍ ទៅតាមអ្វីដែលព្រះអង្គអំពាវនាវ»

ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា​ លោក រស់ សុដ្ឋា សង្កេតឃើញថា ការំលោភសិទ្ធិមនុស្ស អំពើអយុត្តិធម៌សង្គម បញ្ហារំលោភដីធ្លីជាដើម នៅតែបន្តកើតមានក្នុងសង្គមកម្ពុជា ក្រោ​ម​​ការដឹកនាំរបស់បក្សកាន់អំណាចជាង៣០ឆ្នាំទៅនេះ។

លោកថា សារអំពាវនាវរបស់ព្រះមហាក្សត្រ  ហាក់បានរំ​​ពឹង​ទៅលើឈាមថ្មី របស់បក្សនេះ ដើម្បីឈានទៅរកការកែប្រែស្ថានភាពនយោបាយក្នុងសង្គមឱ្យបានល្អប្រសើរជាងអាណត្តិមុនៗ។

តែលោកហក់បង្ហាញការព្រួយបារម្ភថា បើការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី បន្តដើរលើគន្លងចាស់ ការឯកភាពជាតិនឹង​មិនកើតឡើងទេ ហើយបញ្ហាក្នុងសង្គមនឹងបន្តចាក់ស្រែះ ។

លោកបន្តថា៖ «ថ្ងៃក្រោយទៅគេដក EBA ទាំងអស់ ហើយរោងចក្របិទទ្វា ហើយការហ៊ុមព័ទ្ធសេដ្ឋកិច្ចអីទៀត គេលែងទិញទំនិញ គេលែងរកស៊ីជាមួយ បញ្ហាកាន់តែធំ។ គេសើរើបញ្ហា ការរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ គេមានវិធានការផ្លូវច្បាប់អន្តរជាតិ ការដាក់ទណ្ឌកម្មលើបុគ្គល ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាល អាហ្នឹងគឺកាន់តែស្មុគ្រស្មាញ »

រដ្ឋធម្មនុញ្ញមាត្រា ៥២ ចែងថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្ដេជ្ញា​រក្សា​ការពារ​ឯករាជ្យ​ អធិបតេយ្យ​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​ រក្សា​ការពារ​ទំនៀមទម្លាប់​ និង​ ប្រពៃណី​ល្អ​របស់​ជាតិ រដ្ឋ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ​ និង​ សុ​​ខុមាលភា​ព​របស់​ប្រជាពលរដ្ឋ។

អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មិនអាចសុំការឆ្លើយតបបានទេគិតត្រឹមថ្ងៃអង្គារ ដោយលោកមិនលើកទូរសព្ទ ខណៈតំណាងរាស្ត្រទាំងអស់ក្នុងសភា ទាំង១២៥រូប ត្រូវចូលស្បថចំពោះមុខព្រះមហាក្សត្រមុនចូលកាន់តំណែង។

ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិ​​សេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្រោយកម្ពុជាបោះឆ្នោតរួចមួយថ្ងៃ សហរដ្ឋអាមេរិក បា​​ន​ប្រកាសផ្ដាច់ជំនួយពីកម្ពុជាលើកកម្មវិធីអភិវឌ្ឍន៍ ជាទឹកប្រាក់ចំនួន១៨លានដុល្លារក្នុងមួយឆ្នាំ ហើយការកាត់នេះ អាចនឹងបន្តទៅឆ្នាំក្រោយទៀត និងរឹតបន្តឹងទិដ្ឋាការប្រឆាំងលើមនុស្សមួយចំនួន ដោយអាមេរិក ​ចាត់ទុ​ក​​ថា ការបោះឆ្នោតនៅកម្ពុជា គឺគ្មានភាពសេរី និងយុត្តិធម៌ ខណៈអាមេរិកបានផ្តាច់ជំនួយពី គ.ជ.ប. ក្រោយមានការរំលាយ និងចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារអំឡុងចុងឆ្នាំ២០១៧ ។

ពាក់ព័ន្ធនឹងលំហនយោបាយនៅកម្ពុជានេះ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បាននិយាយក្នុង​​សេ​​ចក្តីថ្លែ​​ង​​​កា​រណ៍ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៣ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០​​២​​២ និងការបោះឆ្នោតសកលទើបបញ្ចប់ទៅថ្មីៗនេះ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុ​​ត្តិធ​​ម៌​​​​ទេ ​​ដោ​យ​​​ចា​​ត់ទុកជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បឹតលំហនយោបាយ ។

បញ្ហានេះ អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលគោរពតាមសន្ធិសញ្ញាអន្តរជាតិនានា ដោយបើកផ្លូវឱ្យមា​​​នដំណោះស្រាយខាងនយោបាយ និងការគោរពសិទ្ធិមនុស្ស។