មេធាវីការពារសិទ្ធិ លោក ថាច់ សេដ្ឋា បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញប្រឆាំង​សាលក្រមតុ​លា​កា​​រ​ជា​ន់​ទាបដែលនៅឃុំខ្លួនកូនក្ដីរបស់ខ្លួនបន្តទៀត បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានបិទ​​បញ្ច​ប់​កា​​រស៊ើបអង្កេតហើយយ៉ាងណាក្តី។

ពាក្យបណ្តឹងដែលចេញកាលពីថ្ងៃទី នៅថ្ងៃទី១៥ ខែសីហា ហើយគេហទំព័រ Newsroom Cambodia ទើប​​ទ​ទួលបាននៅថ្ងៃទី ២១ សីហា នេះឱ្យដឹងថា លោក ជូង ជូងី ក្នុងនាមជាមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋាបានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញរួចរាល់ហើយ។ក្នុងពាក្យបណ្តឹងនោះដោយមើលឃើញថាតុលាការបានបិទបញ្ចប់ការស៊ើបអង្កេតរួចទៅហើយ ហេតុនេះការឃុំខ្លួនបណ្តោះអាសន្នប្រឆាំងលោក ថាច់ សេ​ដ្ឋា មិនមានភាពចាំបាច់អ្វីទៀតនោះទេ។

បន្ថែមលើពាក្យបណ្តឹងនេះ មេធាវីការពារក្ដីឱ្យ លោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី មានប្រសាសន៍ថា សំណុំរឿង លោក សេដ្ឋា ទាំងពីរបទចោទ ត្រូវបានតុលាការបញ្ចប់ការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមកហើយ។លោកបន្តថា ហេតុដូច្នេះតុលាការគ្មានហេតុផលណាមួយក្នុងការបន្តរក្សាការឃុំខ្លួន លោក ថាច់ សេដ្ឋា ក្នុងពន្ធធនាគារទៀតនោះទេ។

បើតាមលោក ជូង ជូងី លោកក៏បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការឃុំក្នុងសំណុំរឿងញុះញង់ដែរ ប៉ុន្តែតុលាការជានទាបមិនទាន់បើកការជំនុំជម្រះនោះទេ។

លោកបន្តថា៖ «យើងទាមទារដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថា មិនមានភាពចាំបាច់ឃុំខ្លួនគា​ត់(លោក ថាច់ សេដ្ឋា) តទៅទៀតពីព្រោះការស៊ើបអង្កេតចប់សព្វគ្រប់អស់ហើយ»។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន រង់ការចោទប្រកាន់ពីបទ «មិន​បាន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»ពាក់ព័ន្ធនឹងចេញមូលប្បទានបត្រ (សែក)ដោ​​យ​គ្មានសាច់ប្រាក់។

បើទោះជាបែបណា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមរក្សាការឃុំខ្លួន លោក ថាច់ សេដ្ឋា ឱ្យនៅដដែល កាលពីថ្ងៃ​​​ទី០៣ ខែសីហា ឆ្នាំ២០២៣ បើទោះបីជាមេធាវីការពារចុងចោទ ព្យាយាមលើកហេតុផលជាច្រើនទាក់ទិននឹងបញ្ហាសុខភាព និងដំណាក់កាលស៊ើបអង្កេតបានបិទបញ្ចប់ ដើម្បីជំរុញឱ្យតុ​​លាការដោះលែង លោក សេដ្ឋា ឱ្យមានសេរីភាពយ៉ាងណាក្ដី។ 

គិតត្រឹមថ្ងៃទី២១ ខែសីហានេះ មានរយៈពេលជាងកន្លះឆ្នាំហើយដែលតុលាការ សម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា ខណៈមេធាវីការពារក្ដី និយាយថា ជីវិតរស់នៅក្នុងពន្ធនាគាររបស់មន្រ្តីជាន់ខ្ពស់បក្សជំទាស់រូបនេះកំពុងប្រឈមមុខនឹងជំងឺជាច្រើនរួមមាន ខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ និងឡើងជាតិអាស៊ីត ដែលតម្រូវឱ្យមានការព្យា​​បាលជាប់ជាប្រចាំ។

លោក ថាច់ សេដ្ឋា ក្រៅពីរងការចោទប្រកាន់ថា ចេញសែកដោយគ្មានសាច់ប្រាក់ហើយ លោកក៏ត្រូវរង់កា​​​​រចោទ​​មួយបទចោទទៀត «ញុះញង់ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម » ​និង«ញុះ​​ញង់​ឱ្យមាន​កា​​រ​​​រើសអើង» ក្នុងពេលដែលលោកចុះជួបពលករនៅប្រទេសកូរ៉េខាងត្បូង។ 

គេហទំព័រ Newsroom Cambodia នៅពុំទាន់អាចសូមការអត្ថាធិប្បាយពី លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​​ បាននៅឡើយទេ ដោយទូរសព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។

ដោយឡែក ភរិយាលោក ថាច់ សេដ្ឋា គឺ ​អ្នកស្រី ​ថាច់ សុខ​បូរ៉ានី បានត្អូញត្អែរថា ជារៀងរាល់ថ្ងៃ អ្នកស្រី ត្រូ​​​វមើលថែក្មេងៗចំនួន៦នាក់ ហើយការចាយវាយប្រចាំថ្ងៃមានការត្បិតត្បៀត ដោយសារត្រូវសន្សំប្រាក់ទុក​​សម្រាប់ទិញថ្នាំឱ្យ លោក សេដ្ឋា ក្នុងពន្ធធនាគារ។

ក្នុងនាមជាស្រ្តីដែលមានមុខរបរលក់ត្រី អ្នកស្រីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងដោះលែងប្ដីរបស់ខ្លួន ដោយអះអាងថា លោក ថាច់ សេដ្ឋា គ្មានបានប្រព្រឹត្តកំហុសឆ្គងនោះទេ។

អ្នកស្រីបន្តថា៖ «សន្សំសំចៃ ដោយសារកូនរៀនរដ្ឋផងអីផល។សព្វថ្ងៃអត់មានអីហួបទេខ្លាច។ អ្នកមីង (អ្នកស្រី សុខបូរ៉ានី) ផ្គត់ផ្គង់សព្វគ្រប់បែបយ៉ាងទាំងអស់ មីងទិញម្ហូបឱ្យពូផង ថ្នាំឱ្យគាត់ផង យកទៅឱ្យគាត់។ សព្វថ្ងៃនេះពិបាកណាស់ និយាយក៏និយាយមិនចេញ ពិបាកនោះពិបាកមែនទែនហ្មង យាយទៅចង់តែយំ តែមិនដឹងប្រាប់អ្នកណា មិនដឹងយាយថាម៉េច» ។

ក្រៅពីការប្ដឹងសុំដោះលែង លោក សេដ្ឋា មេធាវីការពារក្ដី លោក ជូង ជូងី ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូលប្រឆាំងនឹងសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញក្នុងការបន្តឃុំខ្លួនលោក លី​ រី ដែលជាមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដោយទាមទារឱ្យដោះលែងមានសេរីភាពវិញដូចគ្នា។

ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹងសែនករុណា មានសុទិដ្ឋិនិយមថា ប្រសិនបើករណីនេះពុំជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ តុលាការនឹងដោះលែង លោក សេដ្ឋា ឱ្យមានសេរីភាព ដោយសារមេធាវីការពារចុងចោទមានហេតុផលសមរម្យក្នុងការទាមទារឱ្យតុលាការដោះលែងកូ​ន​ក្ដីរបស់ខ្លួន។

បើទោះជាបែបណា ផ្អែកលើការអង្កេតលោក ករុណា យល់ឃើញថាតុលាការថ្នាក់កណ្តាលនេះ ទំនងនឹង​​មិន​ដោះលែងមន្រ្តីជាន់ខ្ពស់បក្សជំទាស់នេះ ទៅតាមការស្នើសុំរបស់មេធាវីការពារសិទ្ធិទេ ព្រោះសាលាឧទ្ធរ​​ណ៍​​​​ភ្នំពេញតែងអនុវត្តជានិច្ច តា​​ម​​​​សាលក្រមរបស់​តុ​​លា​​​ការជាន់ទាប ហើយនឹងនៅ​តែ​បន្តរក្សាការឃុំ លោ​​ក សេដ្ឋា ក្នុងពន្ធធនាគារដដែល។

លោកបន្តថា៖ «ធម្មតាសាលាដំបូងសម្រេចយ៉ាងម៉េច យើងកត់សម្គាល់ថា នៅសាលាឧទ្ធរណ៍តែងតែទៅតាមលំនាំហ្នឹង »។

សាលាដំបូងដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ សីហា បានសម្រេចលើកពេលសវនាការមិនកំណត់ថ្ងៃ ដោយសា​របញ្ហា​​​​​សុខភាពធ្ងន់ធ្ងររបស់លោក ថាច់ សេដ្ឋា។

សវនាការដែលប្រើពេលស្ទើរពេញមួយថ្ងៃនេះ ត្រូវ​​បា​​​នក្រុមអ្នកការពារសិទ្ធិមនុស្ស ចាត់ទុកថា សំណុំ​​រឿង​​ព្រ​​ហ្ម​ទណ្ឌមួយនេះ វាគឺជារឿងក្តីនយោបាយ ហេតុនេះ​​បើ​​ទោះ​​​ជាតុលាការបន្តជម្រះបែបណា ក៏វាសនារប​​ស់មន្រ្តី​ជាន់ខ្ពស់បក្សជំទាស់នេះ នឹងមិនងាច​​រួចផុ​តពី​​កា​​រ​​ចោ​ទប្រកាន់នោះឡើយ៕